សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំដល់កងកម្លាំងរក្សាសន្តិភាពនៅក្រៅប្រទេស ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស ជាមួយប្រជាជន, គោរពទំនៀមទម្លាប់ និងចេះជួយប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ ដែលទាំងនេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ សីលធម៌ សេចក្តីថ្លៃថ្នូរបំផុត, ស័ក្ដិសមជាតំណាងជាតិ និងកងយោធពលខេមរភូមិន្ទ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងរៀបចំពិធីអបអរសាទរខួប ២០ឆ្នាំនៃការបញ្ជូនកងកម្លាំងនៃកងយោពលខេមរភូមិន្ទចូលរួមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។
នៅក្នុងពិធីរៀបចំអបអរសាទរខួប ២០ឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងកម្លាំងរក្សាសន្តិភាពត្រូវចងចាំថា ក្នុងពេលបំពេញបេសកកម្ម កងកម្លាំងរបស់អង្គការសហប្រជាជាតិ, ប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ, និងស្ថិតក្រោមការបង្គាប់របស់មេបញ្ជាការអង្គការសហប្រជាជាតិ ត្រូវយកឱកាសបំពេញបេសកកម្មនេះដើម្បីរៀនសូត្រដកពិសោធន៍, និងស្វែងយល់ស៊ីជម្រៅអំពីរបៀបធ្វើការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ។
ជុំវិញការបំពេញបេសកកម្មរបស់កម្មកងកម្លាំងនៅក្រៅប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស ជាមួយប្រជាជន, គោរពទំនៀមទម្លាប់ និងចេះជួយប្រជាជននៅកន្លែងដែលកងកម្លាំងយើងបំពេញប្រតិបត្តិការ, កន្លងទៅកងកម្លាំងយើងទៅដល់ទីណាបានជួយទំនុកបម្រុង ឧបត្ថម្ភ ចែករំលែកស្បៀងអាហារ ជួយពិនិត្យព្យាបាលជំងឺ និងសង្គ្រោះការពារប្រជាជនមូលដ្ឋាននៅទីនោះផងដែរ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ទាំងនេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ សីលធម៌ សេចក្តីថ្លៃថ្នូរបំផុត, ស័ក្ដិសមជាតំណាងជាតិ និងកងយោធពលខេមរភូមិន្ទ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ, ទាំងគ្រោះថ្នាក់ដែលអាចកើតឡើងពីការប្រយុទ្ធ, ពីការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា, ពីការវាយប្រហារពួនស្ទាក់ និងពីជំងឺឆ្លង និងជំងឺកាចសាហាវនានា។ ត្រូវចេះស្រលាញ់គ្នា, មើលថែគ្នា, យកអាសារគ្នា ដូចពាក្យចាស់លោកពោលថា «នៅផ្ទះម្ដាយទីទៃ, នៅព្រៃម្ដាយតែមួយ»៕ -FN-





