Grand News Asia Close

វិភាគអន្តរជាតិ៖ មជ្ឈិមបូព៌ា, លាហើយអាមេរិកកាំង! សួស្ដី! ចិន?​ 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 248
វិភាគអន្តរជាតិ៖ មជ្ឈិមបូព៌ា, លាហើយអាមេរិកកាំង! សួស្ដី! ចិន?​  វិភាគអន្តរជាតិ៖ មជ្ឈិមបូព៌ា, លាហើយអាមេរិកកាំង! សួស្ដី! ចិន?​ 

 

(រីយ៉ាដ)៖ នៅក្នុងការប៉ុនប៉ងសង្រ្គោះឥទ្ធិពលរបស់សហរដ្ឋអាមេរិកដែលកំពុងថយចុះ នៅក្នុងតំបន់មជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបំពេញដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងសប្ដាហ៍នេះ។ ប៉ុន្តែ ការជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយសមភាគីអារ៉ាប៊ីសាអូឌីត និងប្រទេសក្នុងតំបន់ឈូងសមុទ្រ នឹងក្លាយជាការតស៊ូមួយដ៏លំបាក។

កាលពីខែកក្កដា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចូលរួមកិច្ចប្រជុំកំពូលក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ ក្នុងប្រទេស អារ៉ាប៊ីសាអូឌីត ហើយបានសន្យាថាសហរដ្ឋអាមេរិកនឹងមិនចាកចេញពីតំបន់មជ្ឈិមបូព៌ា ឬក៏ទុកចន្លោះប្រហោងឱ្យរុស្ស៉ី ចិន និងអ៉ីរ៉ង់បំពេញនោះទេ។ តែការ លើកឡើងបែបនេះវាកាន់តែបញ្ជាក់យ៉ាងច្បាស់អ្វីដែលបាន និងកំពុងកើតឡើងទៅហើយ។ ទោះបីជាមានការជំទាស់ពីសហរដ្ឋអាមេរិកក៏ដោយ ក៏កាលពី ឆ្នាំ២០២២កន្លងទៅ បណ្ដាប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅតែជ្រើសរើសការលើកកម្ពស់ទំនាក់ទំនងជាមួយចិន និងអ៉ីរ៉ង់ ខណ​ៈបន្ត រក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយទីក្រុងមូស្គូ។

មែនទែនទៅ រដ្ឋបាលលោកប្រធានាធិបតី បៃដិន បានចេញសេចក្ដីថ្លែងការណ៍ជាច្រើន ដោយបង្ហាញកាយវិការហាក់មិនខ្វល់ឡើយចំពោះកិច្ចព្រមព្រៀងស្ដារ ទំនាក់ទំនងការទូតឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ ក្រោមការសម្របសម្រួលពីចិន។ តែសម្រាប់ក្រុមអ្នកវិភាគ នេះបានបង្ហាញពីការកើនឡើងឥទ្ធិពល ចិន នៅអារ៉ាប៊ីសាអូឌីត និងតំបន់មជ្ឈិមបូព៌ាទាំងមូល។ ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅ សហរដ្ឋអាមេរិកបានបង្កើនការផលិតប្រេង និងឧស្ម័ន រហូត ដល់ធ្វើឱ្យខ្លួនឯងមានឯករាជ្យភាពខាងវិស័យថាមពល ហើយមើលទៅ អាមេរិកប្រហែលជាលែងត្រូវការប្រេងពីអារ៉ាប់ដូចមុនទៀតហើយ។ ប៉ុន្តែ អាមេរិក នៅតែតាំងខ្លួនឯងជាប៉ូលិសក្នុងតំបន់ ពីព្រោះថាមានតែធ្វើបែបនេះទេ ទើបអាចកាត់ផ្ដាច់ចិនពីការផ្គត់ផ្គង់ថាមពលសំខាន់ៗ ជាពិសេសនៅក្នុងករណីមាន ជម្លោះផ្ទុះឡើង ក៏ដូចជាធានាថាមពលសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន។

លោក Blinken កាលពីខែឧសភា បានលើកឡើងថាចិនគឺជាបញ្ហាប្រឈមភូមិសាស្ត្រនយោបាយដ៏ធំបំផុត ដែលសហរដ្ឋអាមេរិកកំពុងប្រឈមនាពេលសព្វថ្ងៃ ដែលមានបំណង និងសមត្ថភាពអាចប្រជែងនឹងចក្ខុវិស័យរបស់អាមេរិក ចំពោះសេរីភាព ការបើកចំហ និងភាពរុងរឿងនៃសណ្ដាប់ធ្នាប់ពិភពលោក។ ក៏ប៉ុន្តែ ភាពផ្ដាច់ការរបស់ចិន ប្រហែលជាផ្ដល់ភាពងាយស្រួល និងស័ក្តិសមជាមួយភាពផ្ដាច់ការនៃបណ្ដាប្រទេសក្នុងតំបន់ ជាជាងប្រជាធិបតេយ្យរបស់អាមេរិក។

ក្រៅតែពីចិន ការបង្កើនវត្តមានរបស់រុស្ស៉ី ក្នុងតំបន់មជ្ឈិមបូព៌ា និងនៅជុំវិញពិភពលោក ក៏កំពុងធ្វើឱ្យសហរដ្ឋអាមេរិកឈឺក្បាលដែរ។ ជាមួយការប្រកាន់ជំហរ មិនច្បាស់លាស់ និងមានពេលខ្លះហាក់ដូចជាត្រូវរ៉ូវជាមួយរុស្ស៉ី រដ្ឋបាលលោក បៃដិន បានបង្កើនការដាក់សម្ពាធយ៉ាងខ្លាំងលើបណ្ដាប្រទេសអារ៉ាប់ អមដោយ ការព្រមានថាការអត់ធ្មត់មានដែនកំណត់។ សហរដ្ឋអាមេរិកថែមទាំងបានព្រមានបណ្ដាប្រទេសទាំងនេះទៀតផង កុំឱ្យជួយរុស្ស៉ីគេចផុតពីទណ្ឌកម្ម ហើយប្រាប់ ឱ្យពួកគេធ្វើការជ្រើសរើសថាតើចង់ឈរនៅខាងណា ឬក៏ចង់ប្រឈមមុខនឹងកំហឹងរបស់សហរដ្ឋអាមេរិក និងក្រុមប្រទេស G7។ តែការព្រមានផង និងការបញ្ចុះបញ្ចូលផង មិនបានទទួលជោគជ័យនោះទេ។

មកទល់នឹងបច្ចុប្បន្ន អារ៉ាប៊ីសាអូឌីត នៅតែបន្តបដិសេធការស្នើសុំពីសហរដ្ឋអាមេរិក ឱ្យបង្កើនការផលិតប្រេងដើម្បីបញ្ចុះតម្លៃប្រេងនៅទីផ្សារពិភពលោក សំដៅ កាត់បន្ថយចំណូលរបស់រុស្ស៉ី។ តែការធ្លាក់តម្លៃប្រេងក៏ធ្វើឱ្យប៉ះពាល់ដល់ប្រភពចំណូលអារ៉ាប៊ីសាអូឌីត រួមទាំងក្រុមប្រទេសអ្នកផលិតប្រេងដទៃដូចគ្នាដែរ។ ការបដិសេធរបស់ទីក្រុងរីយ៉ាដ បានធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃទណ្ឌកម្មលោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ។ មិនត្រឹមតែមិនសា្ដប់តាមអាមេរិក ប៉ុណ្ណោះទេ អារ៉ាប៊ីសាអូឌីតថែមទាំងហ៊ានផ្គើនពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី ខណៈបន្តរក្សាជំហរអព្យាក្រឹតចំពោះសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ ការប្រកាន់ ជំហរបែបនេះរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន ត្រូវបានគេរាយការណ៍ថាធ្វើឱ្យព្រះអង្គកើនឡើងប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងតំបន់។

បើគេនៅចាំមិនភ្លេចទេ កាលពីឆ្នាំមុន ជាការឆ្លើយតបទៅនឹងការគំរាមកំហែងដាក់ទណ្ឌកម្មប្រឆាំងទីក្រុងរីយ៉ាដ ពីសំណាក់លោក បៃដិន អារ៉ាប៊ីសាអូឌីត បានរៀបចំការស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង សម្រាប់កិច្ចពិភាក្សាទ្វេភាគី និងកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ ព្រមទាំងរៀបចំកិច្ចប្រជុំកំពូលអារ៉ាប់-ចិន។ ក្រោយមកទៀត អារ៉ាប៊ីសាអូឌីត បានយល់ព្រមស្ដារទំនាក់ទំនងការទូត ឡើងវិញជាមួយអ៉ីរ៉ង់ ក្រោមការសម្របសម្រួលពីចិន និងចំពេលដែលលោកខាងលិចនាំមុខដោយសហរដ្ឋអាមេរិក កំពុងរឹតបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងនឹង ទីក្រុងតេហេរ៉ង់។ កាន់តែច្បាស់ទៅទៀត ទីក្រុងរីយ៉ាដក៏បានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយស៊ីរី ទាំងដែលសហរដ្ឋអាមេរិកមិនពេញចិត្តផងដែរ។

តែយ៉ាងណាក៏ដោយ ការប្រកាន់យកអាកប្បកិរិយាថ្មីនេះចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក មិនមែនមានតែអារ៉ាប៊ីសាអូឌីតទេ ដោយវាគឺជាការលេចឡើង នូវបាតុភូតថ្មីមួយនៅក្នុងតំបន់តែម្ដង។ ជាឧទាហរណ៍ សូម្បីតែអេមីរ៉ាតអារ៉ាប់រួម ដែលជាសម្ព័ន្ធមិត្តអាមេរិកដែរនោះ បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយ​ចិន លើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្រជាមួយបារាំង និងកំពុងធ្វើការលើការទំនាក់ទំនងជាមួយអ៉ីរ៉ង់ រុស្ស៉ី និងចិន ទាំងដឹងថាការធ្វើបែបនេះអាចនឹងធ្វើឱ្យខូចខាត ដល់ទំនាក់ទំនងជាមួយអាមេរិក។

បាតុភូតថ្មីនេះបានលេចចេញជារូបរាង ខណៈតំបន់មជ្ឈិមបូព៌ាទាំងមូល បាន និងកំពុងធ្វើពិពិធកម្មការចូលរួមជាសកលរបស់ខ្លួន។ តួយ៉ាងដូចជាទំនាក់ទំនង ពាណិជ្ជកម្មជាពិសេស។ នៅចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងតំបន់មជ្ឈិមបូព៌ា និងចិន បានកើនឡើងពី ១៥.២ពាន់លានដុល្លារ ដល់ ២៨៤.៣ពាន់លានដុល្លារ ហើយបើធៀបទៅនឹងរយៈពេលដូចគ្នា ទំហំពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយតំបន់មជ្ឈិមបូព៌ា បានកើនឡើងត្រឹមតែពី ៦៣.៤ពាន់លានដុល្លារ ដល់៩៨.៤ពាន់លានដុល្លារប៉ុណ្ណោះ។ លើសពីនេះទៅទៀត ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាចំនួន ៦ ក្នុងនោះរួមមានអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងអេហ្ស៉ីប សុទ្ធតែបានដាក់ពាក្យស្នើសុំចូលរួមក្នុងក្រុមប្រទេស BRICS ដែលមានសមាជិកដូចជាប្រេស៊ីល រុស្ស៉ី អ៉ីរ៉ង់ ចិន និងអាហ្វ្រិកខាងត្បូង។

ជាការពិតណាស់ ក្រុមអ្នកវិភាគជាច្រើន ជឿជាក់ថាអំណាចយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដែលចាក់ឬសក្នុងតំបន់មជ្ឈិមបូព៌ាអស់រយៈពេលជាង ៣ទសវត្សរ៍ មកនេះនៅតែបន្តមកទល់នឹងសព្វថ្ងៃ។ តែសួរថាតើអំណាចនេះអាចនឹងបន្តទៅ ៣០ឆ្នាំខាងមុខទៀតដែរឬទេ? នៅតំបន់មជ្ឈិមបូព៌ា ប្រទេសភាគច្រើនមិនមែនជា ប្រទេសប្រជាធិបតេយ្យនោះទេ ហើយប្រជាជននៅក្នុងតំបន់ក៏កាន់តែមានទំនោរប្រឆាំងនឹងវត្តមានរបស់សហរដ្ឋអាមេរិក ដែលបានត្រឹមតែទន្ទិញចាំមាត់នូវពាក្យ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តែគ្មានការអនុវត្តជាក់ស្ដែង។ ការយល់ឃើញបែបនេះរបស់ប្រជាជនអារ៉ាប់ នោះគឺដោយសារតែគោលនយោបាយរបស់អាមេរិក ចំពោះបាឡេស្ទីន ដែលគាំទ្រអ៉ីស្រាអែលឱ្យបន្តធ្វើអាណានិគមលើប្រជាជនប៉ាឡេស្ទីន ទោះនេះជាទង្វើខុសច្បាប់ និងបំពានសិទ្ធិមនុស្សក៏ដោយ។ នេះមិនទាន់ រាប់បញ្ចូលទាំងប្រវត្តិធ្វើអន្តរាគមន៍សង្រ្គាមរបស់អាមេរិកនៅអ៉ីរ៉ាក់ អាហ្វហ្កានីស្ថាន និងស៊ីរីផង។

ការស្ទង់មតិមួយកាលពីឆ្នាំ២០២២ ធ្វើឡើងដោយមជ្ឈមណ្ឌលអារ៉ាប់សម្រាប់ការស្រាវជ្រាវ និងសិក្សាគោលនយោបាយ (Arab Center for Research and Policy Studies) មានមូលដ្ឋានក្នុងទីក្រុង ដូហា នៅតាមប្រទេសអារ៉ាប់ចំនួន១៤ បានបង្ហាញថា ៧៨ភាគរយនៃអ្នកត្រូវបានសម្ភាសន៍ជឿថាប្រភពគំរាមកំហែង និងបង្កអស្ថិរភាពធំបំផុតក្នុងតំបន់ គឺសហរដ្ឋអាមេរិក។ បើតាមការស្ទង់មតិនេះដដែល អ្នកត្រូវបានសម្ភាសន៍ ៥៧ភាគរយ ជឿថារុស្ស៉ី និងអ៉ីរ៉ង់ ជាប្រភព គំរាមកំហែង និងបង្កអស្ថិរភាពធំបំផុតក្នុងតំបន់ ខណៈប្រទេសទាំង២នេះក៏មានបាតដៃប្រឡាក់ឈាមក្នុងតំបន់ដែរ រាប់ចាប់ពីស៊ីរី ដល់អ៉ីរ៉ាក់ និងយេម៉ែន។

គួរបញ្ជាក់ថា នៅក្នុងសៀវភៅមួយមានចំណងជើងថា «Grand Delusion: The Rise and Fall of American Ambition in the Middle East» អតីតមន្ត្រីអាមេរិក លោក Steven Simon បានវាយតម្លៃថាសហរដ្ឋអាមេរិកបានចំណាយលុយពី ៥ ដល់ ៧ទ្រីលានដុល្លារ លើការធ្វើសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា ដែលនាំឱ្យប្រជាជនអារ៉ាប់ និងមូស្លីមរាប់លាននាក់បានស្លាប់ ព្រមទាំងបង្កការបំផ្លិចបំផ្លាញដល់សហគមន៍របស់ពួកគេ។ សង្រ្គាមទាំងនោះ ក៏បានសម្លាប់ជីវិត ទាហានអាមេរិករាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់ផងដែរ ស្របពេលអតីតយុទ្ធជនអាមេរិកជាង ៣០,០០០នាក់បានធ្វើអត្តឃាត។

វាមិនមែនជារឿងចៃដន្យទេ ដែលប្រជាជនក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែច្រើន មានការយល់ឃើញអវិជ្ជមានចំពោះសហរដ្ឋអាមេរិក ហើយផ្ដើមគិតថាការកាត់ផ្ដាច់ ឬក៏ការកាត់បន្ថយការចូលរួមរបស់សហរដ្ឋអាមេរិកពីតំបន់ គឺជារឿងចៀសមិនរួច។ បាតុភូតថ្មីដូចដែលបានរៀបរាប់មកនេះ វាក៏នឹងបង្កផលវិបាក និងភាព ស្មុគស្មាញរយៈពេលយូរសម្រាប់ទីក្រុងវ៉ាស៊ីនតោន និងមជ្ឈិមបូព៌ាដែរ ដូច្នេះអ្វីៗនឹងអាស្រ័យថាតើសហរដ្ឋអាមេរិកអាចនឹងផ្លាស់ប្ដូរគោលនយោបាយការបរទេស របស់ខ្លួនដែរឬក៏យ៉ាងណា ឬក៏ថាតើនឹងផ្លាស់ប្ដូរវាដោយរបៀបណា៕ ដោយ៖ Fresh News

អត្ថបទទាក់ទង