Grand News Asia Close

វិភាគអន្តរជាតិ៖ ក្រុមហ៊ូទីយេម៉ែនជានរណា? តើពួកគេអាចវាយប្រហារលើអ៉ីស្រាអែល បានឬទេ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 198
វិភាគអន្តរជាតិ៖ ក្រុមហ៊ូទីយេម៉ែនជានរណា? តើពួកគេអាចវាយប្រហារលើអ៉ីស្រាអែល បានឬទេ? វិភាគអន្តរជាតិ៖ ក្រុមហ៊ូទីយេម៉ែនជានរណា? តើពួកគេអាចវាយប្រហារលើអ៉ីស្រាអែល បានឬទេ?

(វ៉ាស៊ីនតោន)៖ ការភ័យខ្លាចថាសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស អាចនឹងផ្ទុះរាលដាលទៅជាសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ដែលអាច នឹងអូសទាញឱ្យចលនាប្រដាប់អាវុធដទៃលូកដៃប្រឆាំងនឹងអ៉ីស្រាអែល បាន និងកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការភ័យខ្លាចនេះបានលេចចេញ ជាពន្លក នៅពេលចលនាប្រដាប់អាវុធហ៊ូទី (Houthi) គាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានបាញ់មីស៊ីល និងយន្ដហោះដ្រូន ឆ្ពោះទៅ រកអ៉ីស្រាអែល កាលពីថ្ងៃទី១៩ និងថ្ងៃទី៣១ ខែតុលា ព្រមទាំងបានគំរាមទៀតផងថានឹងបន្តបើកការវាយប្រហារជាថ្មី ប្រសិនបើអ៉ីស្រាអែលមិនព្រម បញ្ឈប់សង្រ្គាមកម្ទេចក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សាទេនោះ។

* តើក្រុមហ៊ូទីជានរណា?
ជាផ្នែកមួយនៃកុលសម្ព័ន្ធមានដើមកំណើតចេញពីខេត្ត Saada ស្ថិតនៅភាគពាយព្យនៃប្រទេសយេម៉ែន ហ៊ូទីគឺជាក្រុមអ្នកជឿទៅលើលទ្ធិហ្សៃឌីយ៉ាស (Zaydiyyah) ជាសាខាមួយនៃអ៉ីស្លាមនិកាយស៊ីអ៉ីតដែលមានប្រជាជនយេម៉ែន ២៥ភាគរយនៃប្រជាជនសរុបគោរពអនុវត្តតាម។ នៅបន្ទាប់ពីយេម៉ែន ខាងជើង និងយេម៉ែនខាងត្បូងត្រូវបានបង្រួបបង្រួមជាប្រទេសតែមួយវិញ ក្នុងឆ្នាំ១៩៩០ ក្រុមហ៊ូទីបានចាប់ផ្ដើមធ្វើសកម្មភាពបះបោរដណ្ដើមអំណាច គ្រប់គ្រងប្រទេសយេម៉ែន ហើយរហូតដល់ឆ្នាំ២០១៤ ទើបពួកគេទទួលបានជោគជ័យក្នុងការវាយដណ្ដើមគ្រប់គ្រងរដ្ឋធានី សាណា (Sana’a) ដោយ បង្កទៅជាសង្រ្គាមស៊ីវិលមួយនៅតែបន្តមកទល់នឹងសព្វថ្ងៃ។

ហ៊ូទីបានចាប់ផ្ដើមវាយប្រហារលើអារ៉ាប៊ីសាអូឌីត ក្រោយទីក្រុងរីយ៉ាដ ដឹកនាំក្រុមចម្រុះអារ៉ាប់ធ្វើអន្តរាគមន៍យោធាក្នុងសង្រ្គាមយេម៉ែន នៅឆ្នាំ២០១៥។ ក្រុមអ្នកវិភាគជឿថាហ៊ូទីទទួលបានការបណ្ដុះបណ្ដាល និងអាវុធទំនើបៗក្នុងនោះរួមមានទាំងយន្ដហោះដ្រូន មីស៊ីលបាលិស្ទីគ និងមីស៊ីលគ្រូសពីអ៉ីរ៉ង់ ជាមេកើយ និងក្រុមហេសប៊ូលឡា នៅលីបង់ដែលជាសម្ព័ន្ធមិត្ត និងសុទ្ធសឹងតែកាន់សាសនាអ៉ីស្លាមនិកាយស៊ីអ៉ីតដូចគ្នា។ សហរដ្ឋអាមេរិក បានចាត់ទុក ហ៊ូទីជាក្រុមភេរវករ ប៉ុន្តែបានលុបចោលការចាត់ទុកនេះទៅវិញកាលពីឆ្នាំ២០២១ ដោយបញ្ជាក់ថាការចាត់ទុកហ៊ូទីជាក្រុមភេរវករអាចបំផ្លាញដល់ កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយមនុស្សធម៌ជាមូលដ្ឋានសម្រាប់ការរស់រានមានជីវិតដូចជាស្បៀង និងប្រេងឥន្ធនៈសម្រាប់ប្រជាជនយេម៉ែន។

ចលនាប្រដាប់អាវុធមួយនេះបានបង្ហាញឱ្យគេឯងបានដឹងថាពួកគេមានសមត្ថភាពវាយប្រហារលើគោលដៅហួសព្រំដែនយេម៉ែន តាមរយៈការបាញ់មីស៊ីល និងការវាយប្រហារដោយយន្ដហោះដ្រូនបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ២០១៩ និងសម្លាប់មនុស្ស៣នាក់ ក្នុងការវាយប្រហារលើទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីខែមករា ឆ្នាំ២០២២ រួមទាំងការវាយប្រហារលើឃ្លាំងស្ដុកប្រេងនៃទីក្រុង កំពង់ផែ Jeddah របស់អារ៉ាប៊ីសាអូឌីត នៅខែមីនា ឆ្នាំដដែល។

* តើហ៊ូទីប្រកាសសង្រ្គាមជាមួយអ៉ីស្រាអែល ហើយឬនៅ?
ក្រុមហ៊ូទីបានប្រកាសចាត់ទុកអ៉ីស្រាអែលជា «សត្រូវ» របស់ពួកគេ។ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអង្គារ ទី៣១ ខែតុលាកន្លងទៅនេះ អ្នកនាំពាក្យយោធាហ៊ូទីឈ្មោះ Yahya Saree បានទទួលស្គាល់ថាយោធាហ៊ូទី បានបាញ់មីស៊ីល និងយន្ដហោះដ្រូនតម្រង់ឆ្ពោះទៅកាន់អ៉ីស្រាអែល ដើម្បី បង្ហាញការគាំទ្រដល់ «បងប្អូនរបស់យើង» ដែលកំពុងរងការធ្វើបាបនៅប៉ាឡេស្ទីន។ អ្នកនាំពាក្យហ៊ូទីរូបនេះក៏បានព្រមានដែរថាការវាយប្រហារនឹងបន្តធ្វើ ឡើងជាថ្មី រហូតទាល់តែការឈ្លានពានរបស់អ៉ីស្រាអែលត្រូវបញ្ចប់។

* តើហ៊ូទីមានសមត្ថភាពវាយប្រហារលើអ៉ីស្រាអែល ឬទេ?
ហ៊ូទីបានអះអាងថាពួកគេមានមីស៊ីលដែលអាចបាញ់បានចម្ងាយពី ១៣៥០ ដល់១៩៥០គីឡូម៉ែត ហើយបើវាជាការពិតមែនចម្ងាយបាញ់នេះគឺល្មម គ្រប់គ្រាន់អាចបាញ់ដល់អ៉ីស្រាអែល។ យេម៉ែន និងអ៉ីស្រាអែល ត្រូវបានខណ្ឌចែកពីគ្នាដោយអារ៉ាប៊ីសាអូឌីត ក្នុងចម្ងាយ១៥៨០គីឡូម៉ែត្រ នៅត្រង់ចំណុច ជិតបំផុត។

កាលពីថ្ងៃទី១៩ ខែតុលា យោធាអាមេរិក បានអះអាងថានាវាពិឃាដមួយរបស់ខ្លួនឈរជើងនៅក្នុងតំបន់សមុទ្រក្រហម បានបាញ់ស្ទាក់កម្ទេចមីស៊ីលគ្រូស និងយន្ដហោះដ្រូនជាគ្រឿងដែលបាញ់ឆ្ពោះទៅរកអ៉ីស្រាអែលចេញពីយេម៉ែន។ នៅថ្ងៃទី៣១ ខែតុលា ក្រុមហ៊ូទីបានទទួលស្គាល់ជាលើកដំបូងពីការបាញ់ មីស៊ីលបាលិស្ទីគ និងយន្ដហោះដ្រូនតម្រង់ទៅរកអ៉ីស្រាអែល។ ប៉ុន្តែ យោធាអ៉ីស្រាអែលអះអាងថាមីស៊ីល និងយន្ដហោះដ្រូនទាំងអស់នេះត្រូវបានស្ទាក់ បំផ្លាញដោយប្រព័ន្ធខែលប្រឆាំងមីស៊ីល Arrow។

គួរបញ្ជាក់ថា ជាចំណែកមួយនៃ «បក្សសម្ព័ន្ធចលនាតស៊ូមួយ» គាំទ្រដោយអ៉ីរ៉ង់ ក្រុមហ៊ូទីបានបង្ហាញការគាំទ្រប៉ាឡេស្ទីន ចាប់តាំងពីក្រុមហាម៉ាស បានបើកការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧​ ខែតុលាមក។ ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់ថាអ៉ីរ៉ង់ជាអ្នកបំពាក់អាវុធ ផ្ដល់ហិរញ្ញវត្ថុ និងការបណ្ដុះបណ្ដាលដល់ក្រុមហ៊ូទី ប៉ុន្តែហ៊ូទីបានបដិសេធថាខ្លួនមិនមែនជាកូនចៅរបស់អ៉ីរ៉ង់នោះទេ ហើយថាពួកគេអាចផលិតអាវុធបាន ដោយខ្លួនឯង៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង