Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ជិត២ពាន់នាក់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 1617

នៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា”សរុបចំនួន១៨៣៥ នាក់ ។

តាមការឲ្យដឹងពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដែលជាផ្នែកមួយនៃការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដ៏សំខាន់បំផុតដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងសិស្សវិជ្ជាជីវៈទាំងអស់នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្នុងការបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពបន្តទៀត។

ឯកឧត្តមបន្តទៀតថា នៅមុនឆ្នាំ២០០២, កម្ពុជាពុំមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនោះទេ ដោយនៅពេលនេះ ចៅក្រម, ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ត្រូវបានជ្រើសចេញពីធនធានមនុស្សដែលនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួចបញ្ជូនទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ឬបំពាក់បំប៉នជំនាញរយៈពេលខ្លី មុននឹងត្រូវជ្រើសឱ្យចូលបំពេញការងារនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីនានា។​ ដោយមានជំនួយកិច្ចសហប្រតិបត្តិការពីប្រទេសបារាំង ក្រោមកម្មវិធី “ការគាំទ្រនីតិរដ្ឋ”, ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនេះបានចាប់ផ្តើមដំបូងនៅឆ្នាំ២០០២ តាមរយៈការបង្កើតឱ្យមានជា “សាលាភូមិន្ទចៅក្រម” ដោយអនុក្រឹត្យចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០២។ បន្ទាប់មក នៅឆ្នាំ២០០៥, ក្នុងក្របខណ្ឌកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកតុលាការនេះ ក៏បានអភិវឌ្ឍខ្លួនទៅជា “រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ”។ ចុងក្រោយនេះ, តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៥២០ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣, “រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ” ត្រូវបានប្តូរឈ្មោះមកជា “បណ្ឌិត្យសភា-ភូមិន្ទយុត្តិធម៌កម្ពុជា” ដែលជាផ្នែកមួយនៃការកែទម្រង់ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកច្បាប់ និងតុលាការរបស់កម្ពុជាមួយនេះ សំដៅ ៖ ទី១)-ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី, ទី២)-ពង្រីកសក្តានុពលភាពនៃស្ថាប័ននេះ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីកាន់ការងារច្បាប់ផ្សេងទៀត ក្នុងវិស័យយុត្តិធម៌ ជាពិសេស មន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីរបស់អង្គភាពរដ្ឋបាលតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត និង ទី៣)-លើកកម្ពស់សមត្ថភាពផ្នែកសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយនូវស្នាដៃផ្សេងៗ ដែលជាឧត្តមប្រយោជន៍ដល់វិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។ ដើម្បីអនុវត្តបេសកកម្មបន្ថែមថ្មីនេះ, “សាលាច្បាប់” (Law School) មួយត្រូវបានបង្កើតឡើង ជារចនាសម្ព័ន្ធថ្មីបន្ថែមចំណុះឱ្យបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បច្ចុប្បន្ន, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ និងដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយ ហើយមានរចនាសម្ព័ន្ធចំណុះ រួមមាន៖ សាលាភូមិន្ទចៅក្រមនិងព្រះរាជអាជ្ញា, សាលាភូមិន្ទក្រឡាបញ្ជី, សាលាភូមិន្ទអាជ្ញាសាលា, សាលាភូមិន្ទសារការី, សាលាច្បាប់ និងអគ្គលេខាធិការដ្ឋាន ព្រមទាំងមានក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងគរុកោសល្យមួយ ជាសេនាធិការ។ ដោយឡែក, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក្រោម គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏ស្ថិតនៅក្រោមអាណាព្យាបាលផ្នែករដ្ឋបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានថ្នាក់ដឹកនាំ, មន្ត្រីរាជការ, មន្ត្រីជាប់កិច្ចសន្យា និងគ្រូបណ្តុះបណ្តាល ដែលកំពុងបម្រើការងារសរុបចំនួន ១២១ នាក់ (នារី ២៦ នាក់) ក្នុងនោះ គ្រូបណ្តុះ-បណ្តាល មានចំនួន ៥០ នាក់ (នារី ៩ នាក់) ដែលសុទ្ធសឹងជាឥស្សរជន ដែលជាចៅក្រម ជាព្រះរាជអាជ្ញា និងជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ ដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ក្នុងវិស័យច្បាប់ និងយុត្តិធម៌។

ជាលទ្ធផលការងារ គិតចាប់ពីឆ្នាំ២០០២ រហូតមកទល់បច្ចុប្បន្ន, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ផលិតបានធនធានជាចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី សរុបចំនួន ១ ៩៤៣ នាក់ (នារី ៤៤៥ នាក់ និងមានជនពិការចំនួន ៣ នាក់) ក្នុងនោះរួមមាន៖

-សិស្សចៅក្រមជំនាន់ទី១ ដល់ជំនាន់ទី៩ សរុបចំនួន ៥១០ នាក់ (នារី ៩២ នាក់, និងពិការដៃ ១នាក់)

-សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី១ ចំនួន ៣២ នាក់ (នារី ៥ នាក់ និងពិការជើង ១ នាក់)

-សិស្សក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៧ សរុបចំនួន ៦៥៤ នាក់ (នារី ១៨១ នាក់)

-សិស្សក្រឡាបញ្ជីផ្ទៃក្នុងជំនាន់ទី១ ដល់ជំនាន់ទី៣ សរុបចំនួន ៦៦ នាក់ (នារី ២៤ នាក់)

-សិស្សមន្ត្រីសុក្រឹតការក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៨ សរុបចំនួន ៦១៦ នាក់ (នារី ១២៧ នាក់)

-សិស្សអាជ្ញាសាលាជំនាន់ទី១ ចំនួន ២៨ នាក់ (នារី ២ នាក់)

-សិស្សសារការីជំនាន់ទី១ និងជំនាន់ទី២ សរុបចំនួន ៣៧ នាក់ (នារី ១៤ នាក់ និងពិការជើង ១នាក់)។

ដោយឡែក, សិស្សវិជ្ជាជីវៈទាំងអស់ ទាំងសិស្សចៅក្រម, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី ដែលកំពុងសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានចំនួនសរុប ២៧០ នាក់ (នារី ៨៧ នាក់)។

ក្នុងចំណោមសិស្សវិជ្ជាជីវៈទាំង ១ ៩៤៣ នាក់ ដែលបានបញ្ចប់ការសិក្សានាពេលកន្លងមក មានតែសិស្សចៅក្រមជំនាន់ទី១ ចំនួន ៥៥ នាក់ (នារី ៦ នាក់) និងសិស្សមន្ត្រីសុក្រឹតការក្រឡាបញ្ជីជំនាន់ទី១ ចំនួន ៥៣ នាក់ (នារី ៧ នាក់) ប៉ុណ្ណោះ ដែលបានទទួលសញ្ញាបត្ររួច។

សម្រាប់ពិធីប្រគល់សញ្ញាបត្រនាពេលនេះជាលើកទី២ ដល់សិស្សវិជ្ជាជីវៈទាំងអស់ ចំនួន ១ ៨៣៥ នាក់ (នារី ៤៣២ នាក់) ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២២។បច្ចុប្បន្ន, សិស្សវិជ្ជាជីវៈទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ទាំងសិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី បាននិងកំពុងបំពេញមុខងារជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងជាអាជ្ញាសាលា នៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងជាសារការីនៅតាមមន្ទីរសារការីនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមួយចំនួន កំពុងបំពេញការងាររដ្ឋបាលសាធារណៈផងដែរ។

ទន្ទឹមនឹងការបណ្តុះបណ្តាលដំបូង, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក៏បានអនុវត្តផងដែរនូវកម្មវិធី បណ្តុះបណ្តាលបន្តដល់ចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី ព្រមទាំងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត តាមរយៈកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី, សិក្ខាសាលា និងបទបឋកថានានា សំដៅបន្តពង្រឹង និងលើកកម្ពស់ជាប់ជាប្រចាំ នូវសមត្ថភាពនៃមន្រ្តីវិជ្ជាជីវៈច្បាប់ និងតុលាការ ឱ្យឆ្លើយតបបានទៅនឹងការវិវត្តរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និងវិស័យច្បាប់។

អត្ថបទទាក់ទង