Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាជនខ្មែរពង្រឹងវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិដោយចេះកត្តញ្ញូចំពោះអ្នកមានគុណ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 394
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាជនខ្មែរពង្រឹងវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិដោយចេះកត្តញ្ញូចំពោះអ្នកមានគុណ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាជនខ្មែរពង្រឹងវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិដោយចេះកត្តញ្ញូចំពោះអ្នកមានគុណ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាជនខ្មែរត្រូវពង្រឹងវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដោយចេះកត្តញូចំពោះឪពុក-ម្តាយដែលជាអ្នកមានគុណរបស់ខ្លួន ហើយនៅពេលចាស់ជរាត្រូវមើលថែទាំពួកគាត់ឲ្យបានល្អ ខណៈនៅប្រទេសផ្សេងមនុស្សចាស់ត្រូវបានគេយកទៅទុកនៅមណ្ឌលមនុស្សចាស់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី ដែលបានបញ្ចប់ការសិក្សាសរុបចំនួន ១៨៣៥ នាក់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា នៅប្រទេសផ្សេងៗដូចជា ប្រទេសជប៉ុន មនុស្សចាស់មានចំនួនច្រើនជាងក្មេង ហើយក្មេងមិនមានពេលគ្រប់គ្រាន់សម្រាប់មើលថែទាំ ទើបកូនៗត្រូវយកឪពុក-ម្តាយរបស់ខ្លួន ទៅដាក់នៅមណ្ឌលមនុស្សចាស់។ សម្តេចថា បញ្ហានេះ ជប៉ុនបានយកពលករពីបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងទៅធ្វើការងារនៅមណ្ឌលមនុស្សចាស់ទៀតផង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា អនាគតប្រទេសកម្ពុជា ក៏នឹងមានមនុស្សចាស់ច្រើនជាងក្មេងដែលនឹងវិវត្តទៅដូចប្រទេសជប៉ុនដែរ ដូចនេះគួរពង្រឹងវប្បធម៌នៃការគោរពទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្លួន ដោយប្រជាជនខ្មែរត្រូវមើលថែទាំឪពុក-ម្តាយវិញ នៅពេលដែលពួកគាត់ចាស់ជរា។ សម្តេចតេជោបញ្ជាក់ថា សូមកុំឱ្យដូចពាក្យមួយថា ម៉ែ-ឳ ចិញ្ចឹមកូន ១០នាក់រស់ កូនតែម្នាក់ចិញ្ចឹមម៉ែ-ឳមិនរស់។ ដើម្បីជាភាពកតញ្ញូ កូនៗទាំងអស់ត្រូវតបស្នងសងគុណឳពុក-ម្តាយវិញប្រកបដោយគន្លងធម៌៕

អត្ថបទទាក់ទង