Grand News Asia Close

បាឋកថា របស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំពេញអង្គសភាអង្គរជាតិដើម្បីភាព អត់ឱន និងសន្តិភាព (IPTP) លើកទី១១

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 508


CNV:

[ចាប់ផ្តើមសេចក្តីអធិប្បាយ១]

ថ្ងៃនេះ ដែលខ្ញុំអង្គុយតុមួយម្នាក់ឯង ប្រហែលជាមិនហួសហេតុពេកទេ។ នេះក៏ជាការស្មើភាពដែរ ដោយ​ថាអ្នកទាំងអស់គ្នាអង្គុយស្តាប់ ឯខ្ញុំអ្នកនិយាយ។ បើសិនខ្ញុំទៅនិយាយនៅទីនោះ គឺប្រហែលជាវាត្រឹមត្រូវហើយ ក៏ប៉ុន្តែវាអយុត្តិធម៌បន្តិចសម្រាប់ខ្ញុំ ដោយសារតែខ្ញុំត្រូវនិយាយច្រើន។ គេតម្រូវឱ្យខ្ញុំត្រូវធ្វើបាឋកថាទាក់ទងនឹងបទពិសោធន៍របស់កម្ពុជា។ ដូច្នេះ សូមមានការយោគយល់ដែលខ្ញុំត្រូវអង្គុយនិយាយ ត្រឹមតែ ១ម៉ោង ឬលើស ១ម៉ោងបន្តិច អំពីបញ្ហាដែលមានមកស្ទើរតែកន្លះសតវត្សរ៍ ឬអាចនិយាយថាជាងកន្លះសតវត្សរ៍ផង។ អាចនឹង(មានពេលមិន)មិនគ្រប់គ្រាន់។ ប៉ុន្តែ សូមអធ្យាស្រ័យដោយសារតែបាឋកថាទាក់ទងនឹងបទពិសោធរបស់កម្ពុជាវាវែងបន្តិច បើឱ្យខ្ញុំធ្វើសុន្ទរកថាវាខ្លី។ អញ្ចឹងសូមអធ្យាស្រ័យ។

[ចប់សេចក្តីអធិប្បាយ១]

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមជាគណៈអធិបតី នាឱកាសដ៏វិសេសវិសាលនេះ និងចែករំលែកបទពិសោធដឹកនាំផ្ទាល់របស់ខ្ញុំ ក្នុងការកសាងកម្ពុជាឡើងវិញ ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម ជាពិសេស ក្នុងការរំដោះជាតិ ការផ្សះផ្សាជាតិ ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព ដែលរំដោះប្រទេសដ៏កម្សត់មួយនេះ ឱ្យចាកផុតទាំងស្រុងពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅ និងពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ដោយសម្រេចបានសន្តិភាពពេញលេញ ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំនៅ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ការថែរក្សាបាននូវចីរភាពនៃសន្តិភាព និងវឌ្ឍនភាពសង្គមយ៉ាងឆាប់រហ័ស ដែលប្រជាជនកម្ពុជាទាំងអស់កំពុងក្រេបជញ្ជក់ផ្លែផ្កាសព្វថ្ងៃនេះ។

កាលពីដើមខែកញ្ញាកន្លងទៅនេះ ខ្ញុំបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពី សាកលវិទ្យាល័យដុងហ្គុករ៉ាយស៍ នៅខេត្តខ្យុងសាងបុកដូ នៃរបស់សាធារណរដ្ឋកូរ៉េ។ នៅទីនោះ ខ្ញុំបានចែករំលែកនូវបាឋកថារបស់ខ្ញុំម្តងហើយ ស្តីពី «បទពិសោធរបស់ប្រទេសកម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ដែលខ្ញុំអាចនិយាយបានថា ប្រធានបទថ្ងៃនេះ និងប្រធានបទពេលនោះ មានភាពប្រទាក់ក្រឡាគ្នា ដោយសារនៅកូរ៉េ ខ្ញុំនិយាយក្នុងបរិការណ៍អន្តរជាតិ ប៉ុន្តែនៅទីនេះ ខ្ញុំនិយាយអំពីបរិការណ៍កម្ពុជា។ ជាការពិត ស្ទើរតែពេញមួយជីវិតរបស់ខ្ញុំ ដែលខ្ញុំបានដឹកនាំកម្ពុជាក្នុងឋាន:ជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ ឆ្នាំហើយ បើរាប់បញ្ចូលទាំងការចាប់ផ្តើមតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការកាន់តំណែងជារដ្ឋមន្រ្តីការបរទេស ជាឧបនាយករដ្ឋមន្រ្តីផង គឺជិតកន្លះសតវត្សរ៍។

ជាការពិតយ៉ាងប្រត្យក្សដែលថា នេះគឺជាមេរៀន និងបទពិសោធដ៏កម្រ ដែលខ្លួនខ្ញុំផ្ទាល់បានយកជីវិតដាក់ធ្វើជាដើមទុន។ ហើយនេះ ក៏ជាសេចក្តីប្រាថ្នារបស់ខ្ញុំផងដែរ ក្នុងការចែករំលែកបទពិសោធដឹកនាំនាវាកម្ពុជា ជូនដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅទីនេះ បន្ទាប់ពីខ្ញុំ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកំពុងដឹកនាំប្រទេស បានសម្រេចចិត្តដាក់អម្រែកនៃភារកិច្ចដ៏សំខាន់នេះ ដើម្បីឱ្យអ្នកបន្តវេនជំនាន់ក្រោយទទួលបន្តដឹកនាំ។ ចំណុចខុសគ្នាមួយនៅត្រង់ថា អ្នកបន្តវេនជំនាន់ក្រោយមិនបានហែលឆ្លងសមរភូមិសង្គ្រាមប្រដាប់អាវុធ និងការរំដោះជាតិផ្ទាល់ពីយុគសម័យដ៏ខ្មៅងងឹត និងមហាវិនាសកម្ម ប៉ុន្តែពួកគេមានភារកិច្ចចម្បងៗ ត្រូវបន្តរក្សា ការពារ និងលើកតម្កើងតម្លៃសន្តិភាព បង្កើតសមិទ្ធផល និងស្នាដៃថ្មីៗ ពង្រីកសក្តានុពលអភិវឌ្ឍ និងពូនជ្រុំសាមគ្គីភាព និងឯកភាពជាតិ ដោយបន្តឈរលើបាវចនាជាតិ គឺ «ជាតិ សាសនា ព្រះមហាក្សត្យ» និងបាវចនាបក្ស គឺ «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

(១) សំណួរថា តើបន្ទាប់ពី ហ៊ុន សែន អ្នកដឹកនាំកម្ពុជាជាអ្នកណា ត្រូវបានដោះស្រាយ

ខ្ញុំគួរបញ្ជាក់ត្រង់ចំណុចនេះបន្តិចថា កាលពីឆ្នាំកន្លងផុតទៅ មានការបោះឆ្នោតសកលផុតអាណត្តិទី៦ ចូលអាណត្តិទី៧។ ពួកយើងខ្ញុំដែលមានអាយុកាន់តែច្រើននេះ បានសម្រេចចិត្តចាកចេញពីនីតិប្រតិបត្តិ ផ្ទេរការដឹកនាំទៅកាន់ជំនាន់ថ្មី។ សំណួរពាក់ព័ន្ធដែលថា តើក្រោយ ហ៊ុន សែន (អ្នកដឹកនាំកម្ពុជា)ជាអ្នកណា ត្រូវបានដោះស្រាយរួចហើយៗ ក៏មានស្ថិរភាពរយៈជាងមួយឆ្នាំរួចមកហើយដែរ។ ការខុសគ្នានៅទីនេះ ដូចតែខ្ញុំបានបញ្ជាក់គឺ មួយស្វែងរក និងមួយទៀតខិតខំការពារ និងអភិវឌ្ឍបន្ត។ យើងជំនាន់មុនបានឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលស្វះស្វែងរកសន្តិភាព ហើយសន្តិភាពនេះ យើងបន្តទុកឱ្យជំនាន់ក្រោយរក្សានិងបន្តអភិវឌ្ឍ។ ម្សិលមិញ ខ្ញុំនិយាយនៅក្នុងជំនួបរបស់ខ្ញុំជាមួយនឹងថ្នាក់ដឹកនាំ ICAPP ថា “បើទោះបីខ្ញុំស្លាប់ (ព្រលឹងខ្ញុំ)ទៅដល់ទីកន្លែងណាក៏ដោយ បើសិនជាអ្នកជំនាន់ថ្មីបណ្ដែតបណ្ដោយឱ្យខូចខាតសន្តិភាព ខ្ញុំនឹងមិនអត់ឱនទេ។ ខ្ញុំនឹងរករឿង ទោះបីកើតទៅជាខ្មោច ក៏ខ្ញុំមករករឿងវិញដែរ” … ការធ្វើឱ្យឆេះសង្គ្រាមវាជាការងាយ ប៉ុន្តែការស្វែងរកសន្តិភាពវាគឺជាការលំបាក

[ចប់សេចក្តីអធិប្បាយ២]

សម្រាប់កម្ពុជាវាជាភ័ព្វសំណាងដែលមាន សម្តេចព្រះ នរោត្តម សីហនុ ជា ព្រះបិតាឯករាជ្យជាតិ ដឹកនាំការតស៊ូដើម្បី ឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ និងដឹកនាំការកសាងប្រទេសរយៈពេល ១៦ ឆ្នាំ។ ប្រជាជនកម្ពុជាបានទទួលផលជាវិជ្ជមានពីឯករាជ្យ និងការអភិវឌ្ឍ បើទោះមានការរំខានដោយពួកឧទ្ទាមប្រដាប់អាវុធ ទាំងក្រុមក្រហម ក្រុមខៀវ និងក្រុម ស ក្តី។ នៅគ្រានោះ កម្ពុជាមានសន្តិភាពតែខ្វះស្ថិរភាព ដោយសារក្រុមឧទ្ទាម និងការទម្លាក់គ្រាប់បែកតាមព្រំដែនជាមួយវៀតណាមខាងត្បូង ហើយសន្តិភាពនោះ មានត្រឹមតែរយៈពេល ១៦ ឆ្នាំប៉ុណ្ណោះ កម្ពុជាក៏ត្រូវបានធ្លាក់ចូលទៅក្នុងភ្លក់ភ្លើងសង្គ្រាមសារជាថ្មីម្តងទៀត ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់ សម្តេចព្រះ នរោត្ដម សីហនុ និងការចូលឈ្លានពានពីសំណាក់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង។ តាមរយៈការរៀបរាប់ខាងលើ គេអាចដឹងហើយថា អ្នកដែលបានកើតជំនាន់ខ្ញុំ ពុំមានពេលគ្រប់គ្រាន់ទទួលបានឱកាសសិក្សា និងការសប្បាយក្នុង ភាពជាយុវជននោះឡើយ តែផ្ទុយទៅវិញ ពួកយើងបែរជាក្លាយខ្លួនជាចំណាប់ខ្មាំងនៃសង្គ្រាមម្តងហើយម្តងទៀត ដែលគ្មានផ្លូវផ្សេងសម្រាប់ជ្រើសរើសនោះឡើយ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

ខ្ញុំសូមបញ្ជាក់ជូនថា ពួកយើងខ្ញុំជំនាន់នោះគ្មានជម្រើសទី៣ សម្រាប់ជ្រើសរើសទេ។ បើមិននៅខាងអ្នកធ្វើរដ្ឋប្រហារ ក៏នៅខាងអ្នកតស៊ូ។

[ចប់សេចក្តីអធិប្បាយ៣]

សម្រាប់យើង ចំណុចចាប់ផ្ដើម គឺកើតចេញពីរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ហើយពេលនោះ ខ្ញុំ និងយុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀត បានសម្រេចចិត្តចូលរួមជាមួយកម្លាំងតស៊ូក្នុងព្រៃ តាមការអំពាវនាវរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ ប៉ុន្តែ សុបិននៃការរំដោះជាតិចេញពីការលូកដៃគ្រប់គ្រងពីបរទេសនៅក្រោមរបប លន់ នល់ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ បានប្តូរជំនួសដោយសោកនាដកម្មបង្ហូរឈាម ក្រោមការគ្រប់គ្រងដោយមនោគមវិជ្ជាជ្រុលនិយមរបស់ខ្មែរក្រហម ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសកុម្មុយនីស្តឥតខ្ចោះ ដោយលុបបំបាត់ចោលទាំងស្រុង នូវវណ្ណៈ បានកាប់សម្លាប់អ្នកមានទ្រព្យ អ្នកចេះដឹង និងបំផ្លិចបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ឱ្យរាបសូន្យ ហើយត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣ លាននាក់។

ដោយសារតែទ្រាំមិនបានចំពោះអំពើព្រៃផ្សៃនៃរបប ប៉ុល ពត និងមិនអាចនៅស្ងៀមមើល ប្រទេសជាតិខ្មែរត្រូវរលំរលាយ ខ្លួនខ្ញុំដែលគ្រានោះ ជាមេបញ្ជាការកងវរសេនាធំដែលគ្រប់គ្រង បញ្ជាលើកងទ័ពជាង ២០០០ នាក់ បានសម្រេចចិត្តចាកចេញទៅប្រទេសវៀតណាមផ្សងព្រេងប្រថុយជីវិតជាមួយនឹងជម្រើសចុងក្រោយ ដើម្បីរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ខ្ញុំ និងយុទ្ធមិត្ត ៤ នាក់ បានចាកចេញពីប៉ុស្តិ៍យោធាក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ស្ថិតនៅភាគខាងកើតប្រទេស ដើម្បីឆ្លងដែនទៅប្រទេសវៀតណាម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]

(២) ជម្រើស ៤ ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកខ្មែរក្រហម

ខ្ញុំគួរតែនិយាយត្រង់ចំណុចនេះបន្តិច។ ខ្ញុំមានជំរើសដែលត្រូវធ្វើការជ្រើសរើស។ ខ្ញុំសូមទាក់ទាញការយកចិត្តទុកដាក់ដល់អ្នកបកប្រែ។ (ពាក្យថា)អង្គភាពដែលខ្ញុំគ្រប់គ្រង គឺហៅ រេស៊ីម៉ង់ (regiment)។ ប្រយ័ត្នបកប្រែខុស។ ពេលខ្ញុំជាមេបញ្ជាការនៃកងវរសេនាធំ ដែលមានចំនួនកងទ័ពរហូតទៅដល់ ២០០០នាក់ ខ្ញុំមានជម្រើស៤ នៅពេលនោះ។ ទី១ ប្រើប្រាស់កងទ័ពដែលខ្លួនក្ដាប់ក្នុងដៃបះបោរវាយពួកខ្មែរក្រហមតែម្ដង។ ប៉ុន្តែ នេះមិនមែនជាជម្រើសដែលល្អនោះទេ។ យើងអាចគ្រប់គ្រងតំបន់ខ្លះត្រឹមតែមួយរយៈពេល ដែលខ្ញុំគិតថាបានត្រឹម ៣អាទិត្យ ហើយវាអាចនឹងបញ្ចប់ក្នុងថ្លុកឈាម។ ជម្រើសទី២ គឺដកខ្លួនចេញសិន ហើយឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកនូវការតស៊ូរំដោះជាតិសាជាថ្មី។ ជម្រើសទី៣ គឺមិនធ្វើអ្វីទាំងអស់ ដោយទុកឱ្យពួក ប៉ុល ពត យកទៅសម្លាប់។ ឯជម្រើសទី៤ គឺធ្វើអត្តឃាតខ្លួនឯង

(៣) ចេញទៅវៀតណាមស្វែងរកការចាប់ផ្ដើមរំដោះប្រទេសជាថ្មី

ទីចុងបំផុត ខ្ញុំបានសម្រេចចិត្តជម្រើសរើសយកជម្រើសទី២ គឺឆ្លងទៅប្រទេសវៀតណាម។ ក្នុងអតីតកាល ប្រវត្តិសាស្រ្តបានចងភ្ជាប់បណ្ដាប្រទេសនៅក្នុងក្របខ័ណ្ឌឥណ្ឌូចិន គឺអាណានិគមនិយមបារាំងក៏បានដាក់មកលើទីនេះ។ ពេលនោះ កម្ពុជា វៀតណាម និងឡាវ ក៏ធ្លាប់មានការតស៊ូប្រឆាំងអាណានិគមនិយមបារាំងជា​មួយគ្នា។ ពេលអាមេរិកឈ្លានពានប្រទេសទាំងបីនេះ យើងក៏បានរួមគ្នាទៀតដើម្បីប្រឆាំងនឹងការឈ្លានពាននេះ។ កាន់តែមិនចំម្លែកទេ ពេលដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ លន់ នល់ ក៏ធ្លាប់បានហៅកងទ័ពអាមេរិក និងវៀតណាមខាងត្បូងមកជួយដែរ។ អញ្ចឹងខ្ញុំមានសង្ឃឹម។​ បើទោះបីជានៅ​សល់តែ ១% នៃការយកជីវិតធ្វើដើមទុននេះ ក៏ខ្ញុំសម្រេចចាកចេញទៅប្រទេសវៀតណាម ដើម្បីស្វែងរកនូវការចាប់ផ្ដើមការរំដោះប្រទេសសាជាថ្មី

(៤) ទប់ស្កាត់បានភ្លាមប្រការដែលវៀតណាមចាប់បញ្ជូនអ្នកភៀសខ្លួនខ្មែរទៅវៀតណាមមកឱ្យខ្មែរក្រហម

ច្បាស់ជាមានផែនការជាក់លាក់។ ប្រសិនបើខ្ញុំគ្មានផែនការជាក់លាក់នោះទេ វៀតណាមពិតជាមិនអាចជួយខ្ញុំបានទេ។ ខ្ញុំគួរតែបញ្ជាក់បន្តិចពីតួនាទីរបស់វៀតណាម ក្នុងការរំដោះកម្ពុជានៅពេលនោះ។ ហោចណាស់ ពេលដែលខ្ញុំទៅកាន់ប្រទេសវៀតណាម ខ្ញុំបានទប់ស្កាត់បានភ្លាមនូវប្រការដែលប្រជាជនកម្ពុជាឆ្លងទៅវៀតណាមនៅពេលនោះ ត្រូវបានវៀតណាមបានចាប់បញ្ជូនមកឱ្យខ្មែរក្រហមវិញ។ ពេលដែលខ្ញុំទៅដល់ ខ្ញុំបានលើកសំណើសុំឱ្យវៀតណាមបញ្ឈប់ការចាប់បញ្ជូនជនជាតិកម្ពុជាត្រឡប់មកឱ្យពួក ប៉ុល ពត ដោយហេតុថាពួក ប៉ុល ពត សម្លាប់(អ្នកទាំងនេះ)នៅទល់ដែន។ ខ្ញុំអរគុណបក្សកុម្មុយនីស្ដវៀតណាម រដ្ឋាភិបាលនៃសា​ធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលយកនូវសំណើ ហើយមិនចាប់ប្រជាពលរដ្ឋខ្មែរដែលភៀសខ្លួនទៅវៀតណាមបញ្ជូនមកឱ្យពួក ប៉ុល ពត។ យ៉ាងហោចណាស់ ខ្ញុំបានធ្វើកិច្ចការនេះ ដែលស្រោចស្រង់ជីវិតមនុស្សមិនតិចទេនៅកាលៈទេសៈ(នោះ)។

(៥) លើកសំណើ ៥ចំណុច ទៅមេដឹកនាំវៀតណាម

សូមបញ្ជាក់ថា ឈរលើគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នា វៀតណាមមិនបានទទួលជួយខ្ញុំភ្លាមៗ ទេ … ខ្ញុំបាននិយាយពីចំណុចដែលខ្ញុំបានស្នើសុំ(ទៅកាន់)វៀតណាមនៅពេលដែលខ្ញុំទៅដល់។ (ចំណុចដែលខ្ញុំស្នើសុំ)ទី១ កុំឱ្យវៀតណាមចាប់បញ្ជូនជនជាតិកម្ពុជាត្រឡប់មកវិញ ហើយសូមឱ្យពួកគេក្លាយទៅជាជនភៀសខ្លួន។ ទី២ សុំឱ្យមានការជ្រកកោនខាងនយោបាយចំពោះកម្មាភិបាល យុទ្ធជន ភៀសខ្លួនទៅវៀតណាម។ ទី៣ សូមឱ្យវៀតណាមជួយកសាងកម្លាំងប្រដាប់អាវុធសម្រាប់រំដោះប្រទេស។ ទី៤ សូមជ្រើសរើសជនភៀសខ្លួនដែលរត់ទៅវៀតណាម ដើម្បីកសាងនូវកងកម្លាំងប្រដាប់អាវុធ និងទី៥ សូមឱ្យវៀតណាមបង្កលក្ខណៈឱ្យពួកខ្ញុំបានទៅកាន់ទីកន្លែងជួបជុំជាមួយនឹងក្រុមតស៊ូដទៃទៀត។ នៅពេលនោះ វៀតណាមឈរលើគោលការណ៍នៃការគោរពឯករាជ្យ អធិបតេយ្យភាព និង​មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

(៦) វៀតណាមបានសំរេចជួយកសាងកម្លាំងប្រ​ដាប់អាវុធសម្រាប់សង្រ្គោះជាតិកម្ពុជា

ថ្នាក់ដឹកនាំវៀតណាមមិនបានអនុញ្ញាតតាមសំណើរបស់ខ្ញុំទេ។ ពួក ប៉ុល ពត បានវាយប្រហារទៅលើវៀតណាម។ ខ្ញុំបានប្រាប់ទៅមេដឹកនាំវៀតណាម និងថ្នាក់ដឹកនាំកងទ័ពវៀតណាមថា ប៉ុល ពត នឹងវាយនៅចំ​ណុចនេះៗ។ វៀតណាមមិនបានជឿនោះទេ។ ដូច្នេះហើយ នៅពេលពួកខ្មែរក្រហមវាយទៅលើវៀតណាមៗ ខូចខាតធ្ងន់ធ្ងរ និងមានប្រជាជនស្លាប់យ៉ាងច្រើន។ ក្រោយមក ថ្នាក់ដឹកនាំវៀតណាម នាយអគ្គសេនាធិការកងទ័ពវៀតណាម បាននិយាយជាមួយខ្ញុំថា “ប្រសិនបើវៀតណាមជឿទៅលើអស់លោក វៀតណាមបានត្រៀម​ខ្លួន ប្រហែលជាប្រជាជនវៀតណាមមិនគ្រោះថ្នាក់ដល់ប៉ុណ្ណឹងទេ”។ ខ្មែរក្រហមបានវាយទៅលើវៀត​ណាម។ វៀតណាមបានឃើញច្បាស់នូវសភាពការណ៍អាសន្ន ដែលមិនមែនគ្រាន់តែសម្រាប់ទឹកដីវៀតណាមទេ ប៉ុន្តែក៏សម្រាប់ទឹកដីកម្ពុជាផងដែរ។ ដូច្នេះ វៀតណាមបានសំរេចជួយខ្ញុំក្នុងការកសាងកម្លាំងប្រ​ដាប់អាវុធសម្រាប់សង្រ្គោះជាតិកម្ពុជា ដែលទំហំកងទ័ពនៅពេលនោះមានប្រមាណជាង ១ម៉ឺននាក់, ២៣ វរសេនាតូច ជាមួយនឹង ១០០ក្រុមប្រតិបត្តិប្រដាប់អាវុធ ចូលមកផ្ទៃក្នុងប្រទេស

(៧) ប្រើកម្លាំងពីរគួបគ្នា គឺកងទ័ពកម្ពុជាផ្ទាល់ និងកងទ័ពស្ម័គ្រចិត្តវៀតណាមរំដោះកម្ពុជាពីរបបខ្មែរក្រហម

ខ្ញុំសូមបញ្ជាក់ថា នៅពេលចាប់ផ្ដើមចលនាតស៊ូ ខ្ញុំទើបមានអាយុ ២៥ ឆ្នាំតែប៉ុណ្ណោះ ហើយគឺជាមេដឹកនាំធំជាងគេនៅក្នុងកាលៈទេសៈនោះ។ ប៉ុន្តែ ១ម៉ឺននាក់ មិនអាចនឹងយកឈ្នះកងទ័ពរបស់ខ្មែរក្រហម ដែលចំនួន ១៨ ម៉ឺននាក់បានទេ។ ដូច្នេះ ជម្រើសចុងក្រោយ វៀតណាមសុខចិត្តផ្ដល់នូវជំនួយកងទ័ពសម្រាប់រំដោះកម្ពុជា។ អញ្ចឹងការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម ត្រូវប្រើប្រាស់កម្លាំងពីរគួបផ្សំគ្នា៖ ១ គឺកងទ័ពកម្ពុជា កម្លាំងរបស់កម្ពុជាផ្ទាល់ បើទោះបីថាតិចក៏ដោយ តែយើងមានអង្គការចាត់តាំងខាងនយោបាយ និងមានអង្គការចាត់តាំងខាងយោធា និង ២ គឺការជួយឧបត្ថម្ភនៃកងទ័ពស្ម័គ្រចិត្តវៀតណាម

[ចប់សេចក្តីអធិប្បាយ៤]

ត្រង់ចំណុចនេះ ខ្ញុំសូមរំលឹកគុណសាជាថ្មី និងជានិច្ចនិរន្តរ៍ចំពោះប្រទេសវៀតណាម និងជាពិសេស ចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ដើម្បីរំដោះកម្ពុជាចេញពីក្រញាំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមកំណត់ហេតុប្រវត្តិសាស្ត្រ មិត្តវៀតណាមក៏តែងតែអរគុណកម្ពុជាផងដែរ ក្នុងការដែលប្រទេសកម្ពុជាបានជួយគាំទ្រមិត្តវៀតណាមធ្វើការបង្រួបបង្រួមជាតិ និងបង្រួបបង្រួមទឹកដី ធានាបាននូវអធិបតេយ្យភាព និងឯករាជ្យភាព។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]

មេដឹកនាំវៀតណាមតែងតែលើកចំណុចនេះ ហើយសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គធ្លាប់បានមានព្រះរាជបន្ទូលថា ខ្ញុំជួយវៀតណាមរហូតដល់គេធ្វើរដ្ឋប្រហារទម្លាក់ខ្ញុំ។ អញ្ចឹងទេ នេះជាប្រពៃណី ដែលវាជាកត្តាសត្យានុម័ត ដែលវាបានកើតឡើងនៅក្នុងអតីតកាល។ លន់ នល់ អាចហៅកងទ័ពអាមេរិក អាចហៅវៀតណាមខាងត្បូង(ចូលមកជួយ ដែល)កាលពេលនោះវៀតណាមមិនទាន់មានឯកភាពទេ។ មានវៀតណាមខាងជើងគាំទ្រ ទទួលស្គាល់ព្រំដែនបច្ចុប្បន្នរបស់កម្ពុជា និងវៀតណាមខាងត្បូងនៅជាមួយអាមេរិកក្នុងការទម្លាក់គ្រាប់បែក និងការឈ្លានពានចូលកម្ពុជា។

[ចប់សេចក្តីអធិប្បាយ៥]

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងត្រូវរែកពន់ការកសាងប្រទេសឡើងវិញពីបាតដៃទទេ ដោយដៃម្ខាង យើងត្រូវការពារការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងម្ខាងទៀត យើងត្រូវខិតខំរកស្បៀងអាហារផ្គត់ផ្គង់ដល់ប្រជាជនដែលកំពុងស្រេកឃ្លាន កសាងស្ថាប័នគ្រប់គ្រងជាតិ និងកសាងសេដ្ឋកិច្ចជាតិឡើងវិញ ជាមួយធនធានមនុស្សរបស់យើងត្រូវបានកាប់សម្លាប់ដល់ឫសគល់​។ មិនថាស្ថានភាពក្នុងស្រុកមានភាពលំបាកបំផុត សូម្បីតែស្ថានភាពអន្តរជាតិក៏មិនអំណោយផលដល់យើងដែរ ដោយយើងត្រូវរងនូវការឡោមព័ទ្ធ និងទណ្ឌកម្មយ៉ាងអយុត្តិធម៌ជាទីបំផុត, ទាំងផ្នែកសេដ្ឋកិច្ច នយោ​បាយ និងការទូត។ សហគមន៍អន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលដែលបានរំដោះជាតិនោះទេ ហើយអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមអស់រយៈកាល ១២ ឆ្នាំ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៦]

(៨) ១៩៧០-១៩៧៥ លន់ នល់ កាន់កាប់អាសនៈនៅសហប្រជាជាតិព្រោះគ្រប់គ្រងរដ្ឋធានី ដល់ ១៩៧៩-១៩៩១ សាធារណរដ្ឋប្រជាមានិតកម្ពុជាគ្រប់គ្រងរដ្ឋធានី តែគេមិនអោយកាន់កាប់អាសនៈ

ក្នុងឋានៈជាអតីតរដ្ឋមន្ត្រីការបរទេស ពេលនោះទើបនឹងមានវ័យ ២៧ឆ្នាំ ខ្ញុំបានទទួលរងការឈឺចាប់រហូតមកដល់សព្វថ្ងៃមិនទាន់ចប់ទេ។ ខ្ញុំគួរតែត្រូវរំលេចថា គ្មានស្ដង់ដាមួយទេ ដូចដែលខ្ញុំបាននិយាយកាលពីប្រជុំ ICAPP។ កាលពីឆ្នាំ១៩៧០-១៩៧៥ កៅអីនៅអង្គការសហប្រជាជាតិត្រូវបានរបប លន់ នល់ គ្រប់គ្រង ដោយ​គេយកហេតុផលថា លន់ នល់ គ្រប់គ្រងរដ្ឋធានី។ គេបានបកស្រាយតាមបែបនេះ។ ឆ្នាំ១៩៧៩-១៩៩១ យើងតស៊ូគ្នាដើម្បីដណ្ដើមយកកៅអីនៅអង្គការសហប្រជាជាតិ តែគេបកស្រាយថា រដ្ឋាភិបាលរបស់យើងខុសច្បាប់។ កាលពីមុនគេថា អ្នកកាន់កាប់រដ្ឋធានីជាអ្នកកាន់កាប់កៅអីនៅអង្គការសហប្រជាជាតិ។ តែដល់ក្រោយមក គេថាយើងជាអ្នកខុសច្បាប់។ ក្នុងពេលដែលពួក លន់ នល់ ធ្វើរដ្ឋប្រហារខុសច្បាប់គេចាត់ទុក លន់ នល់ ជាអ្នកស្របច្បាប់នៅអង្គការសហប្រជាជាតិ។ នេះគឺជាមេរៀនពិសោធ នៅត្រូវទាម​ទារការបកស្រាយជាក់លាក់ ព្រោះបកស្រាយទៅតាមអ្នកខ្លាំង បកស្រាយទៅតាមអ្នកដែលចង់បាន វាជាការបកស្រាយមិនមានសុច្ចរិតភាព ឬឥរិយាបទទទួលខុសត្រូវនៃប្រទេសមហាអំណាចនោះទេ។ បើទោះបីថាជារឿងរ៉ាវកន្លងផុតរយៈពេលយូរហើយក៏ដោយ តែយើងមិនអាចបំភ្លេច។ យើងមិនអាច(ធ្វើឱ្យ)ប្រែប្រួលអតីតកាលកើតទេ ក៏ប៉ុន្តែអតីតកាលជាបទពិសោធសម្រាប់យើងនៅក្នុងអនាគតកាលនេះដែរ

[ចប់សេចក្តីអធិប្បាយ៦]

ជាបន្តមកទៀត នៅពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨៥ ខ្ញុំមានអាយុទើបតែ ៣២ ឆ្នាំ ប៉ុណ្ណោះ ដែលជានាយករដ្ឋមន្ត្រីក្មេងបំផុត ក្នុងពិភពលោកនៅពេលនោះ។ ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម ខ្ញុំបានប្រកាសថា មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយចំពោះជម្លោះនៅកម្ពុជា គឺមានតែការចរចា និងដំណោះស្រាយនយោបាយរវាងខ្មែរ និងខ្មែរប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ ក្នុងស្មារតីនេះហើយ ដែលខ្ញុំបានដាក់ចេញនាខែតុលា ឆ្នាំ១៩៨៧ នូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ៖

១). រៀបចំជំនួប សីហនុ-ហ៊ុន សែន

២). ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមពេលនឹងការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ

៣). ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ

៤). ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និងរៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន

៥). រៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីផ្ដល់ការធានាដល់កិច្ចព្រមព្រៀង ដែលនឹងសម្រេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។

មកដល់ត្រង់នេះ ខ្ញុំសូមរៀបរាប់ដំណើររឿងដែលជាសច្ចធម៌ប្រវត្តិសាស្ត្រ ត្រង់ថា ខ្ញុំគឺជាមនុស្សដំបូងគេដែលបង្ហាញពីបំណងជួបជាមួយ សម្តេចព្រះ នរោត្តម សីហនុ ដោយគោលនយោបាយខាងលើ សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការចរចាជាបន្តបន្ទាប់ ដើម្បីស្វែងរកសន្តិភាព។ ជាមួយនឹងស្មារតីនេះ ខ្ញុំតែម្នាក់គត់ គឺជាអ្នកជំរុញឱ្យមានជំនួបលើកដំបូងដែលយើងហៅថា «ជំនួប សីហនុ-ហ៊ុន សែន» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនោះ បានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដឆ្ពោះទៅរក ដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយទូលំទូលាយមួយនៃជម្លោះកម្ពុជា ដែលហៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលត្រូវបានសម្រេចបានដោយសារឆន្ទៈ និងស្មារតីស្នេហាជាតិពិតប្រាកដរបស់ សម្តេចព្រះ នរោត្តម សីហនុ និងខ្លួនខ្ញុំ ហ៊ុន សែន ដែលឆ្នាំ២០២៤ នេះ គឺជាខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

មុននឹងឈានដល់ការសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើងបានខិតខំធ្វើការងារស្នូល ដែលជាមូលដ្ឋានគ្រឹះ និងចម្បង មិនអាចខ្វះបាន។ ពិតណាស់ថា ប្រទេសជាច្រើនបានជួយជ្រោមជ្រែង និងផ្តល់ការគាំទ្រដល់កម្ពុជាពេញទំហឹងដល់ដំណើរការចរចា ដែលមានរយៈពេលជិត ៤ ឆ្នាំ។ ជាឧទាហរណ៍ បារាំង និងឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា សហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ខណៈដែលកិច្ចពិភាក្សាជាច្រើនរបស់យើងត្រូវបានរៀបចំនៅទីនោះ។ រីឯអូស្ត្រាលីវិញ ជំរុញគំនិតផ្តួចផ្តើមរបស់ខ្លួន ក្នុងការដាក់កម្ពុជាជាបណ្តោះអាសន្នក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិក្នុងអំឡុងពេលអន្តរកាល។ ចំណែកបារាំង និងជប៉ុន ខណៈពេលរួមចំណែកដល់កិច្ចព្រមព្រៀងសន្តិភាព បានគាំទ្រយ៉ាងទូលំទូលាយដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ និងអភិវឌ្ឍន៍របស់កម្ពុជា។ ដូចគ្នានេះដែរ ថៃបានជួយយ៉ាងខ្លាំងដល់បុព្វហេតុនេះ និងគាំទ្រការបញ្ជូនជនភៀសខ្លួនកម្ពុជាជាង ៣៧០ ០០០ នាក់ ត្រឡប់មកកម្ពុជាវិញ។ ចំណែកវៀតណាម ការដកកងទ័ពរបស់ពួកគេទាំងស្រុងនៅឆ្នាំ១៩៨៩ ក៏បានដោះស្រាយការជាប់គាំងលើការចរចា ទាក់ទងនឹងអនាគតរបស់ខ្មែរក្រហម និងវត្តមានរបស់កងទ័ពបរទេសផងដែរ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៧]

(៩) កងទ័ពវៀតណាមចាកចេញ ស្រាយទិដ្ឋភាពអន្តរជាតិ និងពន្លឿនសន្ទុះនៅលើតុចរចា

ខ្ញុំសូមបញ្ជាក់លើចំណុចនេះបន្តិច។ ពេលដែលខ្ញុំមកកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំនៅបន្តកាន់តំណែងជារដ្ឋមន្ត្រីការបរទេសផងដែរ។ នៅចុងឆ្នាំ១៩៨៥ មានការប្រជុំរដ្ឋមន្ត្រីការបរទេសមួយនៅឯទីក្រុងហាណូយដែលមានខ្ញុំជានាយករដ្ឋមន្ត្រីផង និងជានាយករដ្ឋមន្ត្រីការបរទេសផង។ វៀតណាមតំណាងដោយឯកឧត្តម ង្វៀង កឺថាច់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស។ ឡាវតំណាងដោយឯកឧត្តម ភូនស៊ី ផាសឺត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះយើងមានការប្រកាសថា នឹងដកកងទ័ពវៀតណាមក្នុងរយៈ ៥ទៅ ១០ឆ្នាំទៀត។ បើសិនយើងអនុវត្តទៅតាមបែបនេះ កងទ័ពវៀតណាមនឹងត្រូវដកនៅឆ្នាំ១៩៩០ ឬរហូតមកដល់១៩៩៥ ឯនោះ បើគិតពីកាលបរិច្ឆេទ ៥ទៅ ១០ឆ្នាំ។ ប៉ុន្តែ កម្ពុជាខ្លួនឯងខិតខំកសាងកម្លាំងឱ្យបានឆាប់ ដើម្បីជំនួសតួនាទីនៃកងទ័ពវៀតណាម។

ទីចុងបំផុត វៀតណាមបានដកកងទ័ពចេញនៅក្នុងខែកញ្ញា ឆ្នាំ១៩៨៩ ដែលផ្ដល់ឱកាសឱ្យកម្ពុជាដោះស្រាយបានបញ្ហាអន្តរជាតិ។ ខ្ញុំសូមបញ្ជាក់ថា បញ្ហាកម្ពុជាមានទិដ្ឋភាពពីរគឹ ទិដ្ឋភាពអន្តរជាតិ និងទិដ្ឋភាពផ្ទៃក្នុង។ ពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជានោះ ទិដ្ឋភាពអន្តរជាតិត្រូវបានដោះស្រាយ។ បញ្ហាដែលនៅសេសសល់គឺអនាគតខ្មែរក្រហម និងការប្រើប្រាស់ទឹកដីនៃប្រទេសផ្សេង និងជំនួយយោធាពីប្រទេសផ្សេងមកកាន់កម្លាំងប្រឆាំងតែប៉ុណ្ណោះ។ វាជាផ្នែកមួយនៃការបង្កើនទម្ងន់ការចរចា។ មុននេះគេនិយាយអំពីបញ្ហាកងទ័ពវៀតណាម ប៉ុន្តែពេលដែលកងទ័ពវៀតណាមចាកចេញ ការចរចារបស់ខ្ញុំត្រូវបានធ្វើនៅក្នុងសន្ទុះដ៏ខ្លាំងនៅលើតុចរចា

[ចប់សេចក្តីអធិប្បាយ៧]

ឆ្លៀតឱកាសនេះ ខ្ញុំសូមរំលឹកថា មូលដ្ឋាននៃដំណើរការចរចា ដែលទទួលបានការគាំទ្រពី ប្រទេសជាមិត្ត ក្នុងសហគមន៍អន្តរជាតិ ដែលសំខាន់ជាងនេះទៀត គឺគំនិតផ្តួចផ្តើម និងកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្មែរផ្ទាល់ក្នុងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់(SNC) សម្រាប់ប្រទេសកម្ពុជា។ ជាទឡ្ហីករណ៍ ក្នុងអំឡុង «ជំនួប សីហនុ-ហ៊ុន សែន»  លើកទីពីរនៅ Saint Germain-en-Laye ក្នុងឆ្នាំ១៩៨៨ ខ្ញុំបានផ្តួចផ្តើមការបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិកម្រិតខ្ពស់ ដែលត្រូវបានពិភាក្សាជាថ្មីម្តងទៀត ក្នុងកិច្ចប្រជុំក្រៅផ្លូវការ Jakarta ជុំទី១ (JIM I) ទោះបីជា នៅពេលនោះមិនសម្រចបាននូវកិច្ចព្រមព្រៀងណាមួយក៏ដោយ។ បន្ទាប់មក នៅខមីនា ឆ្នាំ១៩៩០ ដោយមានការគាំទ្រពី ឧត្តមសេនីយ៍ ឆាវ៉ាលីត យ៉ុងឆៃយុត (Chavalit Yongchaiyudh)។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៨]

ឯកឧត្តម ឆាវ៉ាលីត យ៉ុងឆៃយុត ពេលនោះគឺជាឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីធ្វើមេបញ្ជាការកងទ័ពជើងគោក គាត់ធ្វើជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសថៃ។ គាត់បានជួយទៅក្នុងការបង្កើតរៀបចំឱ្យមានជំនួបរវាងខ្ញុំ ជាមួយសម្តេច នរោត្តម សីហនុ។

[ចប់សេចក្តីអធិប្បាយ៨]

កិច្ចព្រមព្រៀងបង្កើត «ក្រុមប្រឹក្សាជាតិជាន់ខ្ពស់»  ត្រូវបានចុះហត្ថលេខា ដោយគ្រាន់តែធ្វើការកែប្រែចំណងជើងពី «ក្រុមប្រឹក្សាបង្រួបបង្រួមជាតិកម្រិតខ្ពស់» ទៅ «ក្រុមប្រឹក្សាជាតិជាន់ខ្ពស់» SNC។ កិច្ចព្រមព្រៀងផ្លូវការវាងភាគីទាំងពីរ គឺរដ្ឋកម្ពុជាម្ខាង និងម្ខាងទៀត ក្រុមត្រីភាគី បានអនុម័តរូបមន្ត “៦ + ៦” ឬ “៦ + ២ + ២ + ២ = ១២”  ហើយត្រូវបានចុះហត្ថលេខានៅទីក្រុង តូក្យូ ប្រទេសជប៉ុន ដោយមានការគាំទ្រពីជប៉ុនជាម្ចាស់ផ្ទះ និងឧត្តមសេនីយ៍ ឆាវ៉ាលីត យ៉ុងឆៃយុត  ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ។ ទោះជាយ៉ាងណាក៏ដោយ សមាសភាពនៃ «ក្រុមប្រឹក្សាជាតិជាន់ខ្ពស់»  SNC ត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ខណៈដែលកិច្ចប្រជុំ SNC លើកដំបូងត្រូវបានប្រារព្ធឡើងនៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងបាងកក ដែលដឹកនាំដោយព្រឹទ្ធបុរស ចៅ សែនកុសល (Chao Sen Kosal) ដែលត្រូវបានគេស្គាល់ថា ឈុំ  “Chhum”។ នេះ គឺជាផ្នែកសំខាន់បំផុតមួយនៃដំណើរការចរចា ដែលបង្ហាញពីឆន្ទៈ និងភាពសកម្ម និងបុរេសកម្មរបស់កម្ពុជា ក្នុងកាស្វែងរកការកសាង និងការធានាសន្តិភាពសម្រាប់ប្រទេសជាតិ ទោះបីស្ថិតក្នុងកាលៈទេសៈ មានបញ្ហាប្រឈមប៉ុណ្ណាក៏ដោយ។ ត្រឡប់មកនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសវិញ ច្បាស់ណាស់វាជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយើង។ ជាលទ្ធផលនៃការអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ ហើយរាជរដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោតរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC) ក៏បានកាន់កាប់អាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិឡើងវិញ។ កិច្ចព្រមព្រៀងនេះ បានជួយឱ្យកម្ពុជាអនុម័តបានរដ្ឋធម្មនុញ្ញថ្មីឆ្នាំ ១៩៩៣ ដែលគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី។ កម្ពុជាទទួលស្គាល់ និងដឹងគុណជានិច្ចចំពោះសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងប្រទេសជាមិត្តរបស់កម្ពុជា។ យើងក៏ត្រូវផ្តល់យុត្តិធម៌ និងការដឹងគុណដល់ថ្នាក់ដឹកនាំវៀតណាមនាសម័យនោះ ដែលបានជួយដល់ការ កសាងកងទ័ពកម្ពុជា និងការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន មកជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត,  ហើយតាមរយៈការដកកងទ័ពទាំងស្រុងរបស់ខ្លួនពីកម្ពុជានៅឆ្នាំ ១៩៨៩ បានបើកផ្លូវដល់ដំណើរទៅមុខនៃការចរចា ដែលពេលនោះ ត្រូវជាប់គាំងលើបញ្ហាអនាគតរបស់ខ្មែរក្រហម និងវត្តមានកងទ័ពបរទេស។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៩]

(១០) ការកាត់ទោសខ្មែរក្រហមមានន័យថា “កម្ពុជាមានរបបប្រល័យពូជសាសន៍ពិតមែន”

ខ្ញុំសូមគូសរំលេចរឿងប្រវត្តិសាស្រ្ត ដែលមិនត្រូវកាឡៃនោះទេ។ វាជារឿងពិត។ ការកាត់ទោសខ្មែរក្រហមមានន័យថាម៉េច? មានន័យថា កម្ពុជាមានរបបប្រល័យពូជសាសន៍ពិតមែន ទើបមានការកាត់ទោសខ្មែរក្រហម។ អញ្ចឹង យើងមិនត្រូវលេងគណិតវិទ្យាមួយដកមួយស្មើសូន្យទេ។ គេថ្កោលទោសទាំងខ្មែរក្រហម គេថ្កោលទោសទាំងអ្នកវាយខ្មែរក្រហម។ តើជាយុត្តិធម៌ទេសម្រាប់យើង? គេទទួលស្គាល់ថាមានរបបប្រ​ល័យ​​ពូជសាសន៍។ បើមានរបបប្រល័យពូជសាសន៍ តើយើងទុកឲ្យរបបប្រល័យពូជសាសន៍ស្ថិតស្ថេរតទៅទៀត ឬក៏ផ្តួលរំលំវា? កងទ័ពសម្ព័ន្ធមិត្តបានវាយប្រហារ Hitler ដើម្បីអ្វីទៅ? គឺដើម្បីកុំឲ្យពួក fascist Hitler ឈ្លានពានគេឯងទៀត។ អាមេរិកសម្រេចចិត្តទម្លាក់បរមាណូលើប្រទេសជប៉ុន គឺដើម្បីកុំឲ្យ យោធានិយមជប៉ុនបន្តការឈ្លានពានតទៅទៀត។

ហេតុអ្វីបានជាកម្ពុជាមិនអាចធ្វើនូវរឿងមួយដើម្បីសង្រ្គោះអាយុជីវិតមនុស្សតាមរយៈនៃការផ្តួលរំលំរបបខ្មែរក្រហមដោយកម្លាំងកម្ពុជាផង និងកម្លាំងកងទ័ពវៀតណាមផង? ក្នុងពេលនោះ វាច្បាស់ណាស់យើងត្រូវទទួលស្គាល់ការពិត កងទ័ពរបស់អាមេរិកមាននៅជប៉ុន មាននៅកូរ៉េខាងត្បូង មាននៅហ្វីលីពីន និងមាននៅថៃ។ ហេតុអ្វីបានជាគេអាចធ្វើបាន ហេតុអ្វីទៅបានជាកម្ពុជាមិនអាចធ្វើបាន។ តើសុខចិត្តឲ្យមនុស្សស្លាប់តទៅទៀតទេ? បើសិនជាមិនរំដោះក្នុងពេលនោះទេ ទុកត្រឹមតែ ១ ឆ្នាំទៀត ប្រជាជនកម្ពុជាអាចនឹងត្រូវស្លាប់រង្គាល ស្ទើរតែរកមនុស្សមិនបានផង​។ នេះគឺជារឿងពិតនៅក្នុងប្រវត្តិសាស្រ្តរបស់យើង។ តែយ៉ាងណាក៏ដោយ នេះគឺជាការដែលខ្ញុំបង្ហាញនូវអ្វីដែលជារឿងដែលយើងបានឆ្លងកាត់។

[ចប់សេចក្តីអធិប្បាយ៩]

យ៉ាងណាក្តី ជាមួយលទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាននោះ UNTAC បានចាកចេញពីកម្ពុជា ដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ។ ថ្វីត្បិតតែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្តី ខ្មែរក្រហមមិនបានគោរពនោះឡើយ ហើយអង្គការសហប្រជាជាតិ ក៏បរាជ័យក្នុងការបង្ខំឱ្យខ្មែរក្រហមទម្លាក់អាវុធ និងចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យនោះដែរ។ បានសេចក្ដីថា សន្តិភាពពេញលេញដែលជាគោលដៅចំបងបំផុតនៃកិច្ចព្រមព្រៀង មិនត្រូវបានសម្រេចនោះឡើយ។ ទោះបីនៅក្រោយការបោះឆ្នោត និងការបង្កើតរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៣ រួចរាល់ហើយក្តី សង្គ្រាមស៊ីវិលនៅកម្ពុជានៅតែបន្តក្នុងស្ថានភាពដែលកម្ពុជាមានតំបន់ត្រួតត្រាផ្សេងគ្នារវាងភាគីរាជរដ្ឋាភិបាល និងភាគីខ្មែរក្រហម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១០]

(១១) «បរាជ័យដូចកូនកំព្រា ជោគជ័យមានឪពុកច្រើន»

ខ្ញុំសូមគូសបញ្ជាក់ថា បន្ទាប់ពីការចាយប្រាក់អស់ ២០០០លានដុល្លារ អ៊ុនតាក់ បានចាកចេញពីកម្ពុជា ហើយទុកឱ្យកម្ពុជាជាប់ផុងនៅក្នុងសង្គ្រាមនៅឡើយ។ ដូចដែលសម្លាញ់របស់ខ្ញុំម្នាក់ឈ្មោះ កូណូ ​មកពីជប៉ុន … ជាតួអង្គម្នាក់ដែលនៅសេសសល់ បានសរសេរនៅក្នុងសៀវភៅរបស់ខ្លួនក្នុងអារម្ភកថា ថា «បរាជ័យដូចកូនកំព្រា ជោគជ័យមានឪពុកច្រើន»។ វាពិតជាត្រឹមត្រូវណាស់។ ពេលដែលបរាជ័យ គឺគេទុកជារឿងស្ងាត់ស្ងៀម។ ប៉ុន្តែពេលដែលជោគជ័យ គេចេញមកដណ្តើមស្នាដៃ។ សូម្បីតែតួនាទីគន្លឹះរបស់សម្តេច នរោត្តម សីហនុ ក៏គេបំភ្លេចដែរ។ (ដូចយ៉ាងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស) ២៣ តុលា មិនដឹងជាគ្រូចេញមកពីត្រង់ណាទេ(ច្រើនណាស់)។ សូមបញ្ជាក់ ប្រទេសមួយចំនួនដែលបានចុះហត្ថលេខាក្នុងពេលជាមួយគ្នា (ប្រតិបត្តិការ)អង្គការសហប្រជាជាតិនៅជាប់ផុងនៅឡើយ។

(១២) បើគ្មាន សម្តេចព្រះ នរោត្តម សីហនុ ប្រហែលអង្គការសហប្រជាជាតិនៅជាប់ផុងនៅឡើយ

នៅកម្ពុជា អង្គការសហប្រជាជតិបានដកខ្លួនចេញផុត។ អង្គការសហប្រជាជាតិគួរតែដឹងគុណសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាជាតិកម្ពុជា។ ប្រសិន​បើគ្មានព្រះអង្គទេ មកដល់ម៉ោងនេះ ប្រហែលជាអង្គការសហប្រជាជាតិនៅជាប់ផុងនៅឡើយដែរ។ យ៉ាងណាក្តី ព្រះរាជតួនាទីនៃព្រះបិតាជាតិ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានគណបក្សនយោបាយដែលមានអាសនៈក្នុងសភាធម្មនុញ្ញនៅពេលនោះគោរព ទើបយើងបង្កើតបាននូវស្ថានភាពដ៏ល្អប្រសើរ និងការចាកចេញរបស់អង្គការសហប្រជាជាតិពីកម្ពុជា។ យ៉ាងណាក្តី ដូចខ្ញុំបានបញ្ជាក់ សង្រ្គាមមិនទាន់បានបញ្ចប់តាមរយៈ(ការដកខ្លួនចេញរបស់)អ៊ុនតាក់ទេ។ អ៊ុនតាក់ បានដកចេញ ដោយទុកឲ្យនៅកម្ពុជា នៅមានស្ថានភាពស្បែកខ្លាក្នុងផ្ទៃប្រទេសខ្លះ និងជាពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ រហូតទៅដល់ការប៉ុនប៉ងបោះលុយចាយ ដោយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ(ទៀតផង)។

[ចប់សេចក្តីអធិប្បាយ១០]

ត្រង់ចំណុចនេះហើយ ដែលខ្ញុំបានផ្ចុងផ្ដើមឱ្យមាន នយោបាយឈ្នះ-ឈ្នះ និងការចរចារវាង ខ្មែរ និងខ្មែរ នៅឆ្នាំ១៩៩៦ ដើម្បីបង្រួបបង្រួម និងបញ្ចូលភាគីទាំងអស់ទៅក្នុងរាជរដ្ឋាភិបាល ប្រព័ន្ធច្បាប់ និងយោធាតែមួយ ដែលបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាព យូរអង្វែង ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេសជាតិ​។

នយោបាយនេះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយជោគជ័យ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ប៉ុន្តែ ជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធី និងការរំលាយចោលនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១១]

(១៣) នយោបាយឈ្នះឈ្នះ ផ្តល់ដល់អ្នកចុះចូលនូវការធានា  ៣យ៉ាង

ពេលនោះយើងដាក់ចេញនូវការធានា ៣ យ៉ាង ដើម្បី អនុវត្ដនូវនយោបាយឈ្នះឈ្នះ។ ទី១ ធានា អាយុជីវិត និងរូបកាយរបស់គេ។ ទី២ ធានាអាជីព និងមុខរបរ។ ទី៣ ធានានូវកម្មសិទ្ធិរបស់ពួកគេ។ ចំណុចនេះ ខ្ញុំគួរតែនិយាយពីសហការី ខ្ញុំម្នាក់គឺនាយឧត្តមសេនីយ៍ សម្ដេចពិជ័យសេនា ទៀ បាញ់។ ខ្ញុំចេះតែគិតថា ប្រសិនបើគ្មានតួអង្គ ទៀ បាញ់ ទេ តើខ្ញុំអាចនឹងជោគជ័យនៅក្នុងដំណើរការនេះទេ? ខ្ញុំជាអ្នកផ្ដួចផ្ដើមគំនិត និងដឹកនាំដោយផ្ទាល់ ប៉ុន្ដែត្រូវមានតួអង្គដឹកនាំបន្ទាប់។ រឿងនេះវាសំខាន់ណាស់។ មិនមែនអ្នកណាក៏ចេះតែជឿទេ។ ប្រសិនបើមិនធានាបានបញ្ហានេះទេ (កម្ពុជានឹងជួប)គ្រោះថ្នាក់ ហើយសង្គ្រាមមិនទាន់បញ្ចប់ទេ មកដល់ពេលនេះ។ ខ្ញុំក៏គួរតែនិយាយថា យើងក៏មានការគិតខុសដែរ ប៉ុន្ដែយើងក៏ត្រូវកែតម្រូវដែរ។ ក្រុមឧត្តមសេ​នីយ៍បានមកជួបខ្ញុំដល់ផ្ទះ (ដោយ)សុំថា ត្រូវកែសម្រួលការឈរជើងនៃកម្លាំងកងទ័ព ព្រោះតំបន់ផ្ដាច់ខ្លួនទាំង​ឡាយពោរពេញទៅដោយបណ្ដាកងពលរបស់ខ្មែរក្រហម។

អញ្ចឹងទេ នាយអគ្គសេនាធិការ នាយអគ្គសេ​នា​ធិការរងបានជួបជាមួយខ្ញុំ ដែលកាន់តួនាទីជានាយរដ្ឋមន្ដ្រីផង និងជាអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធផង និងប្រាប់ថា “ត្រូវតែមានការកែសម្រួលឲ្យកងពលមួយចំនួនមកឈរនៅខេត្តកណ្ដាល តាកែវ កំពត ស្វាយរៀង ព្រៃវែង កំពង់ចាម ខេត្តខាងក្រោម។ ប្រសិនបើមិនអញ្ចឹងទេគឺពេលដែលមានការបះបោរឡើងវិញដោយប្រដាប់អាវុធ យើងមិនអាចគ្រប់គ្រងបានទេ”។ ខ្ញុំបានប្រាប់ទៅឧត្តមសេនីយ៍ទាំងនេះទៅវិញថា “មិនអាចធ្វើបានទេ”។ ទី១ ប្រសិនបើយើងយកបងប្អូនទាំងនេះ អង្គភាពទាំងនេះ មកកាន់ខេត្តខាងក្រោម ស្មើនឹងយើងក្បត់សន្យាចំណុចទី៣ ស្ដីពីការទទួលស្គាល់នូវកម្មសិទ្ធិ។ ពួកគេមានដីមានធ្លីនៅទីនោះ ហើយមួយទៀតតើយើងរកដីធ្លីឯណានៅខេត្តខាងក្រោមនេះឲ្យពួកគាត់។ វាមានការលំបាក។

ខ្ញុំបានចង្អុលបង្ហាញទៅកាន់ពួកឧត្តមសេនីយ៍ថា “អ្វីដែលសំខាន់ជាងនេះទៅទៀត ពេលនេះប្រសិនបើបងប្អូនទាំងនោះបះបោរឡើងវិញ សង្គ្រាមនឹងស្ថិតនៅក្នុងតំបន់ដដែលទេ គ្មានលើស គ្មានខ្វះ”។ ប៉ុន្ដែ ប្រសិនបើយកអ្នកទាំងអស់នេះមកឈរនៅតាមបណ្ដាខេត្តខាងក្រោម ប្រសិនបើសង្គ្រាមផ្ទុះឡើងវិញគឺផ្ទុះទូទាំងប្រទេសតែម្ដង មិនអាចត្រួតត្រាបានទេ។ អញ្ចឹងចំណុចនៅទីនេះ វាទាក់ទងនឹងបញ្ហានយោបាយផង និងទិដ្ឋភាពក្នុងក្របខណ្ឌយោធាផង។

[ចប់សេចក្តីអធិប្បាយ១១]

ខ្ញុំបានដាក់ចេញនូវ «ការធានា បីយ៉ាង» ដែលបានបញ្ជាក់អម្បាញ់មិញ ខ្ញុំជឿយ៉ាងមុតមាំថា ជារូបមន្តដ៏ស័ក្តិសិទ្ធ ដើម្បីឱ្យក្រុមខ្មែរក្រហមដែលលែងចង់ឃើញការបង្ហូរឈាមរវាង ខ្មែរ និងខ្មែរ សុខចិត្តចុះចូលមករួមរស់ជាមួយនឹងសង្គមជាតិ ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ ដោយទទួលបាននូវសន្តិភាពដែលពួកយើងបានទន្ទឹងរង់ចាំជាយូរមកហើយ។ ខ្ញុំបានដាក់អាយុជីវិតរបស់ខ្ញុំធ្វើជាដើមទុនលើកទី ២ នៅក្នុងការចរចា និងជំរុញការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទម្រាំតែយើងទទួលបានជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ត្រូវបានរំលាយ។ ជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ បានផ្ដល់ឱ្យកម្ពុជា នូវសន្តិភាពពេញលេញ រួមទាំងការឯកភាពជាលើកដំបូង នៅក្នុងប្រវត្ត ៥០០ឆ្នាំ របស់ខ្លួន។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១២]

(១៤) នយោបាយឈ្នះឈ្នះផ្តល់សន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិ ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា

ខ្ញុំកាត់កេរ្តិ៍កាត់ខ្មាសនិយាយរឿងនេះ ប៉ុន្តែយើងមិនគួរលាក់លៀមអតីតកាលដ៏ឈឺចាប់របស់យើងទេ។ ក្នុងប្រវត្តិចយងក្រោយ ៥០០ ឆ្នាំរបស់ខ្លួន ខ្ញុំនិយាយត្រឹមតែ ព្រះបាទ ពញាយ៉ាត នៅក្នុងឆ្នាំ១៤៧០ ប្លាយ នៅចតុមុខនេះប៉ុណ្ណោះ មិននិយាយថយក្រោយបកពីហ្នឹងទេ សួរថាកម្ពុជាមានសន្តិភាពពីពេលណា? ដែនដីកម្ពុជាតែងតែមានតំបន់ត្រួតត្រាច្រើន មិនតិចជាង២ ក្នុងពេលតែមួយ។ ប៉ុន្តែ នយោបាយឈ្នះឈ្នះ បានផ្តល់ឱកាសឲ្យ​កម្ពុជាមានសន្តិភាពជិត ២៧ ឆ្នាំហើយ។ គឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេ នៅក្នុងប្រវត្តិ ៥០០ ឆ្នាំចុងក្រោយរបស់ខ្លួន

ជំនាន់សម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះ នរោត្តម សីហនុ យើងគិតថាពីត្រឹមឆ្នាំ១៩៥៣ មកក៏បាន ១៩៥៤ ក៏បាន ឬ១៩៥៥ ក៏បាន … បន្ទាប់ពីការចាកចេញ ការរំសាយអាវុធដើម្បីរៀបចំការបោះឆ្នោតឆ្នាំ១៩៥៥ ប៉ុន្តែបានតែ ១៦ ឆ្នាំទេ។ ក្នុង ១៦ ឆ្នាំនេះទៀតសោត ក៏មានការរំខានដោយកម្លាំងខ្មែរក្រហម ដោយកម្លាំងខ្មែរខៀវ ដោយកម្លាំងខ្មែរស និងការទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូងនៅតាមព្រំដែន។ ប៉ុន្តែ សម្រាប់សន្តិភាពដែលយើងរកបានមកជិត ២៧ ឆ្នាំនេះ គ្មានការបែងចែកទឹកដី គ្មានកម្លាំងប្រដាប់អាវុធដែលនៅសេសសល់ទេ គឺមានព្រះមហាក្សត្រតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ សភាតែមួយ រដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ។ ពិតមែនតែយើងមានបក្សច្រើន ក៏ប៉ុន្តែយើងគ្មានជម្លោះ​ប្រដាប់អាវុធតទៅទៀតទេ។

សម្រាប់កម្ពុជា សន្តិភាពជារឿងដែលត្រូវការពារ។ កុំនិយាយពីអ្វីផ្សេង។ មុននឹងនិយាយពីអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ បើគ្មានសន្តិភាពមិនអាចធ្វើអ្វីបានទេ។ យើងខ្ញុំទទួលការឈឺចាប់វាលើសពីការគ្រប់គ្រាន់ហើយ។ យើងខ្ញុំអត់ត្រូវការសង្គ្រាមណាមួយឱ្យកើតនៅកម្ពុជាទេ។ ដូច្នេះហើយបានជាសូមការយោគយល់ពីប្រិយមិត្តបរទេស។ នៅពេលដែល ហ៊ុន សែន ប្រើកណ្តាប់ដៃដែកកន្លងទៅ ដើម្បីត្រួតត្រាសភាពការណ៍ កុំឲ្យបដិវត្តន៍ពណ៌កើតឡើងគឺគ្រាន់តែដើម្បីធានាភាពសុខសាន្តរបស់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ យើងមិនត្រូវមើលរំលងនូវបញ្ហាសន្តិភាពនោះទេ។

[ចប់សេចក្តីអធិប្បាយ១២]

រឿងរ៉ាវដែលបានរៀបរ៉ាប់បន្ទាប់ ពីបានស្វែងរកសន្តិភាពហើយ ខ្ញុំក៏បានគិតគូរដោយយកចិត្តទុកដាក់ នៅក្នុងការស្វែងរកយុត្តិធម៌ជូនចំពោះប្រជាជន ជាពិសេស «យុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិត និងសន្តិភាពសម្រាប់អ្នករស់រានមានជីវិត» ដើម្បីជាការផ្សះផ្សាសង្គមជាតិក្រោយជម្លោះ ដោយបង្កើតសាលាក្តីកូនកាត់អន្តរជាតិដំបូងគេ ដែលមានឈ្មោះថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដោយសហការជាមួយ អង្គការសហប្រជាជាតិ ដើម្បីកាត់ក្តីមេដឹកនាំកំពូលនៃរបបខ្មែរក្រហម (មេដឹកនាំ ៥ រូប) ចំពោះ អំពើឃោរឃៅរបស់ពួកគេដែលបានប្រព្រឹត្តប្រឆាំងនឹងមនុស្សជាតិ និងការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាតិ និងពិភពលោក។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៣]

(១៥) “សុខចិត្តឲ្យតុលាការបរាជ័យ តែមិនសុខចិត្តឲ្យប្រទេសកម្ពុជាមានសង្គ្រាមឡើងវិញទេ”

ដូចដែលខ្ញុំបាននិយាយនៅក្នុងប្រជុំ ICAPP ថ្ងៃមុន។ ខាងដៃគូរបស់យើងមានសំណុំរឿងរហូតដល់ទៅត្រូវហៅព្រះមហាក្សត្រយើងខ្ញុំ ហៅប្រធានរដ្ឋសភា ហៅប្រធានព្រឹទ្ធសភា និងអ្នកដឹកនាំដទៃទៀតចូលទៅក្នុងតុលាការ និងបើកទូលាយការកាត់ទោស ដែលរីករាលដាល។ ខ្ញុំបាននិយាយទៅកាន់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ថា “ខ្ញុំសុខចិត្តឲ្យតុលាការបរាជ័យ តែខ្ញុំមិនសុខចិត្តឲ្យប្រទេសកម្ពុជាមានសង្គ្រាមឡើងវិញទេ”។ ពួកគេលំអៀង។ ម្តងទៅគាំទ្រខ្មែរក្រហម ម្តងទៅគាំទ្រឲ្យមានសង្រ្គាម បន្ទាប់ទៅទាមទារកាត់ទោស ដោយគ្មានគិតពីចំណងទាក់ទងរវាងសង្គ្រាមនិងសន្តិភាព រវាងយុត្តិធម៌និងសន្តិភាព រវាងយុត្តិធម៌និងសង្គ្រាមទេ។ មានមនុស្សខ្លះបានគិតត្រឹមតែអ្វីដែលជាការគិត តែគេមិនបានគិតពីផលប្រ​យោជន៍ពិតប្រាកដរបស់យើងទេ។ ដូច្នេះហើយបានជាខ្ញុំតែងតែទូន្មានចំពោះសហការីរបស់ខ្ញុំ និងអំពាវនាវចំពោះប្រជាជនកម្ពុជាថា “អ្វីក៏ដោយ យើងត្រូវគិតថា មានតែយើងទេដែលជាម្ចាស់ប្រទេស គ្មានអ្នកណាស្គាល់យើងជាងយើងទេ”។ ដូច្នេះហើយបានជាយើងត្រូវតែហ៊ានតស៊ូលើបញ្ហាទាំងឡាយដែលជាផលប្រ​យោជន៍របស់យើង ជាមួយនឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយបរទេស។

[ចប់សេចក្តីអធិប្បាយ១៣]

សមិទ្ធផលដ៏ធំធេងរបស់សាលាក្តីនេះ ត្រូវបានបញ្ចប់ និងប្រកាសរួមគ្នាដោយព្រះរាជាណាចក្រកម្ពុជា និអង្គការសហប្រជាជាតិ ក្នុងខែធ្នូ ឆ្នាំ២០២២ ដែលជាសំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបានផ្សះផ្សាសង្គមប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេសជាតិផងដែរ (បច្ចុប្បន្ន គំរូនៃយុត្តិធម៌អន្តរកាលនៅលើឆាកអន្តរជាតិ មិនមានច្រើនទេ សូម្បីតែប្រទេសរ៉ាវ៉ាន់ដា ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៤ ក៏មិនបានកសាងតុលាការកូនកាត់ដូចកម្ពុជាដែរ។ បច្ចុប្បន្នយើងមានឯកសាររឹងជាប្រវត្តិសាស្ត្រ ក៏ដូចជាឯកសារឌីជីថលលើសពី ២ លានទំព័រ ត្រូវបានរក្សាទុកនៅបណ្ណាល័យជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងដកស្រង់អំពីបទពិសោធនៃការប្រឆាំងរបបប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ សម្រាប់មនុស្សជាតិ អ្នកសិក្សាស្រាវជ្រាវ ធ្វើការសិក្សា ក៏ដូចជា ស្ថាប័នយុត្តិធម៌អន្តរជាតិនានា ដែលអាចយកគំរូបានលើសាលាក្តីខ្មែរក្រហមរបស់កម្ពុជា)។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៤]

(១៦) រួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយសំណុំរឿងដ៏ជោគជ័យបំផុតរបស់សាលាក្តីខ្មែរក្រហម

ខ្ញុំសូមយកឱកាសនេះអំពាវនាវមេដឹកនាំដែលអញ្ជើញ​ចូលរួមនៅទីនេះ រួមគ្នាបង្កើតនូវការផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមរយៈការរៀបចំស្ថាប័នផ្សព្វផ្សាយដែលមាននៅកម្ពុជាស្រាប់។ យើងអាចបង្កើតជាបណ្ឌិត្យសភា … ហើយវាមានចែងនៅក្នុងធម្មនុញ្ញនេះហើយស្រេចផងដែរ។ សង្ឃឹមថានឹងមានការរួមចំ​ណែក ដើម្បីបង្កើតឡើងទៅតាមក្របខ័ណ្ឌដែលយើងដកពិសោធន៍ ផ្តល់ការសិក្សា ហើយអ្នកស្រាវជ្រាវ និងអ្នកដែលមានបំណងចង់ដឹងពី(សំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបានផ្សះផ្សាសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេសជាតិផងដែរ) មកស្វែងយល់ សិក្សា ព្រោះមានជាង ២លានទំព័រ។ វាច្រើនណាស់។ អញ្ចឹងយើងអាចនឹងរៀបចំទៅលើបញ្ហាការផ្សព្វផ្សាយលើរឿងនេះ។

[ចប់សេចក្តីអធិប្បាយ១៤]

ក្រៅពីទិដ្ឋភាពនៃការខិតខំកសាងសន្តិភាព ខ្ញុំក៏សូមរំលឹកផងដែរថា ថ្វីត្បិតតែមានការចោទប្រកាន់ថា កម្ពុជានៅទសវត្សរ៍ឆ្នាំ១៩៨០ គ្រប់គ្រងដោយរបបកុម្មុយនីស្ត និងទោះជាមានកងទ័ពវៀតណាមនៅកម្ពុជា ដើម្បីជួយទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត ក៏ដោយ ក៏វៀតណាមបានគោរពដល់ការសម្រេចចិត្តរបស់កម្ពុជាលើគ្រប់វិស័យនៅក្នុងការគ្រប់គ្រងប្រទេស។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៥]

(១៧) ហ៊ុន សែន របស់កម្ពុជា

ចំណុចនេះខ្ញុំគួរនិយាយបន្តិច។ ខ្ញុំគឺជាមនុស្សអភ័ព្វ។ ពេលដែលខ្ញុំទៅដល់ទីក្រុងមូស្គូ គេថាខ្ញុំពួកសេរី។ ខ្ញុំមិនដែលបានចូលរួមក្នុងចំណោមគណៈប្រតិភូពីបណ្ដាប្រទេសដែលហៅថាប្រទេសសង្គមនិយមទេ។ ខ្ញុំតែងទៅចូលរួមក្នុងក្របខ័ណ្ឌប្រទេសតតិយលោក ឬប្រទេសមិនចូលបក្សសម្ព័ន្ធ ដើម្បីចូលជួបសម្ដែងការគួរសមជាមួយមេដឹកនាំសហភាពសូវៀត ព្រោះសូវៀតគេថាយើងមិនមែនពួកសង្គមនិយម។ ដល់ពេលដែលខ្ញុំទៅដល់ប្រទេសបារាំង គេថាខ្ញុំហ្នឹងជាពួកកុម្មុយនីស្ត។ អញ្ចឹងនៅមូស្គូ គេថាខ្ញុំពួកសេរី ដល់នៅប៉ារីសគេថាខ្ញុំកុម្មុយនីស្ត។ ចុងក្រោយបំផុត ខ្ញុំថាអ្នកចង់ថាខ្ញុំថាអីថាទៅ តែខ្ញុំគឺជា ហ៊ុន សែន របស់កម្ពុជា តែប៉ុណ្ណឹង។ រឿងពិតវាអញ្ចឹង។

(១៨) វៀតណាមជួយរំដោះនិងទប់ស្កាត់របបប៉ុល ពត កម្ពុជាសម្រេចចិត្តខាងនយោបាយ សេដ្ឋកិច្ច សង្គម

រឿងគេចោទថាវៀតណាមត្រួតត្រា។ ខ្ញុំសូមបញ្ជាក់។ នៅទីនេះ ឥឡូវមានមេដឹកនាំវៀតណាមនៅទីនេះឬ​ទេ? វៀតណាមមកកាន់កម្ពុជាគឺជួយរំដោះកម្ពុជា និងជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប៉ុល ពត ប៉ុន្តែ ការសម្រេចចិត្តខាងនយោបាយ បញ្ហាសេដ្ឋកិច្ច សង្គម គឺកម្ពុជាធ្វើម្ចាស់។ ខ្ញុំបានប្រាប់ទៅ IMF, World Bank, ADB និងដៃគូអភិវឌ្ឍន៍ដទៃទៀត ពេលដែលខ្ញុំជួបប្រជុំថា “កាលពីមុន ពួកអ្នកបានចោទពួកខ្ញុំថាជាអាយ៉ងរបស់វៀតណាម។ វៀតណាមត្រួត។ ប៉ុន្តែកាលនោះ ខ្ញុំមានសេរីភាពក្នុងការសម្រេចចិត្តគ្រប់យ៉ាងជាងពេលនេះ។ ពេលនេះបើខ្ញុំមិនធ្វើតាមអ្នកឯងទេ អ្នកឯងកាត់ជំនួយខ្ញុំ”។ ប៉ុន្តែ ពេលនោះ សួរឯកឧត្ដម ត្រាន់ ថាញ់ ម៉ាន (Tran Thanh Man) ទៅមើល វៀតណាមនៅធ្វើសហករណ៍នៅឡើយទេ ពេលដែលកម្ពុជាចែកដីធ្លីឲ្យប្រជាជន។ វៀតណាម មិនទាន់ ដូយម៉ឺយ ទេ។ សូវៀត ក៏មិនទាន់ធ្វើ Perestroika ឬ Glasnost ដែរ។ មកដល់សម័យនេះ ខ្ចីលុយធនាគារពិភពលោកដើម្បីកសាងសាលា ត្រូវធនាគារពិភពលោកប្រាប់ថា “ឲ្យខ្ចីតែថាខ្ចីយកទៅប្រើជាអាហារូបករណ៍”។ យើងបានប្រាប់ត្រឡប់ទៅវិញថា “ឯកឧត្ដមអើយ បើខ្ញុំអត់ទាំងមានសាលារៀនផង ឲ្យអាហារូបករណ៍យកមកធ្វើអី”? គ្រាន់តែប៉ុណ្ណឹង គេមិនឲ្យយើងខ្ចីលុយ។ គេបបួលខ្ញុំឲ្យលក់គយ។ ខ្ញុំមិនធ្វើតាម។ មានតួអង្គស្ថាប័នហិរញ្ញវត្ថុ និងដៃគូមួយចំនួនមកបង្ខំខ្ញុំឲ្យលក់គយ។ សួរមេដឹកនាំវៀតណាមទៅ មេដឹកនាំវៀតណាមដែលមកបង្ខំខ្ញុំឲ្យធ្វើអញ្ចឹងឬទេ? វៀតណាមនៅធ្វើសហករណ៍ធ្វើរួមចែកផល។ ខ្ញុំចែកដីឲ្យប្រជាជន កែទម្រង់ដីធ្លី និងឈានចូលសេដ្ឋកិច្ចទីផ្សារតែម្ដង។

(១៩) កែទម្រង់លើមុខព្រួញនយោបាយ និងសេដ្ឋកិច្ច

ថ្ងៃនេះ ប្រជាជនកម្ពុជាក៏នឹងមើលការផ្សាយបន្តផ្ទាល់ចេញពីទីនេះ។ អ្នកខ្លះកើតក្រោយសម័យនោះ ក៏ចង់ដឹងអំពីបញ្ហានេះដែរ។ ខ្ញុំគិតថា បាឋកថារបស់ខ្ញុំនេះ ត្រូវបានចងក្រងដោយការព្រៀងទុក តែខ្ញុំនិយាយក្រៅក៏ច្រើននៅទីនេះ។ ការផ្ទេរពីសេដ្ឋកិច្ចផែនការទៅកាន់សេដ្ឋកិច្ចទីផ្សារ មិនមែនជាបញ្ហាធម្មតាពេកទេ។ ខ្ញុំសូមជម្រាបជូន ជីវិតរបស់ខ្ញុំផុយស្រួយណាស់។ ក្រៅពីឆ្លងកាត់សង្រ្គាម … ជាមួយពួកអាមេរិក វៀតណាមខាងត្បូង និងពួកដែលអាមេរិកគាំទ្រ … ខ្ញុំចូលសមរភូមិ ១០៥ដង របួស ៥លើក និងពិការភ្នែកម្ខាង។ ការយកជីវិតធ្វើដើមទុន ដើម្បី​រំ​​ដោះប្រទេស ហើយចុងក្រោយយកក្បាលខ្ញុំទៅដោះដូរជាមួយនឹងសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ។ ខ្ញុំសូមជម្រាបថា ខ្ញុំធ្វើការកែទម្រង់លើ ២មុខព្រួញ។ មុខព្រួញនយោបាយ ផ្ទេរពីការគិតតែពីវាយ ទៅការចរចាផងនិងវាយផង ដែលវាឈានឆ្ពោះទៅរកការបញ្ចប់សង្រ្គាមតាមរយៈការចរចា។ នេះជាកំណែទម្រង់មួយដ៏ធំ។ កំណែទម្រង់ដ៏ធំទី២ គឺកំណែទម្រង់សេដ្ឋកិច្ច

(២០) ពុះពារជំនះកម្លាំងសង្កត់៣ ដើម្បីនាំប្រទេសមកដល់ស្ថានភាពល្អប្រសើរ

មានកម្លាំងសង្កត់ ៣ ដែលដាក់មកលើខ្ញុំ … ប៉ុន្តែជាភ័ព្វសំណាង ហ៊ុន សែន មិនស្លាប់។ ជីវិតនយោបាយរបស់ ហ៊ុន សែន វាផុយស្រួយហើយនៅក្នុងសង្រ្គាម ប៉ុន្តែវាផុយស្រួយទៅលើជីវិតនយោបាយថែមទៀត។ កំណែទម្រង់នេះ បញ្ហា៣បានកើតឡើង។

ទី១ ផ្ទៃក្នុងខ្លួនឯងមិនទាន់យល់ទេ។ អ្វីទៅចរចា? ហេតុអីបាន ហ៊ុន សែន ត្រូវការចរចា? ដោយហេតុនេះហើយបានជាពេលនោះ ទៀ បាញ់ ដែលត្រូវបានផ្ទេរពីអគ្គសេនាធិការទៅជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីសាធារណការ ត្រូវខ្ញុំយកមកកាន់ជារដ្ឋមន្រ្តីក្រសួងការពារជាតិវិញ។ បើសិនជាកងទ័ពមិនគាំទ្រ យើងធ្វើការចរចាយ៉ាងម៉េចទៅ? ខ្ញុំបានផ្ទេរដំណែងរដ្ឋមន្រ្តីការបរទេសឲ្យទៅមនុស្សម្នាក់ទៀត ប៉ុន្តែរដ្ឋមន្រ្តីការបរទេសនេះមិនអាចគ្រប់គ្រងផ្ទៃក្នុងបានផង មិនយល់កិច្ចការបរទេសផង ខ្ញុំក៏ត្រូវយកត្រឡប់មកវិញនូវដំណែងរដ្ឋមន្រ្តីការបរទេស។ ផ្ទៃក្នុងមិនយល់គឺគ្រោះថ្នាក់ខ្លាំងណាស់។ អញ្ចឹង ខ្ញុំត្រូវចាប់ផ្ដើមធ្វើពីក្រោមឡើងលើ ធ្វើម៉េចឲ្យប្រជាជនទទួលផលពីការចែកដីធ្លីឲ្យប្រជាជន បង្កើតឲ្យមានសេដ្ឋកិច្ចឯកជនឡើង។ ធ្វើពីក្រោមឡើងលើដើម្បីដោះស្រាយបានបញ្ហាផ្ទៃក្នុង។

ទី២ កងទ័ពវៀតណាមនៅកម្ពុជា ក្នុងពេលដែលវៀតណាមមិនទាន់មានកែទម្រង់ទេនៅពេលនោះ មិនទាន់កែទម្រង់។ ឯកម្ពុជាកែទម្រង់។ អញ្ចឹងត្រង់ចំណុចនេះចង្អុលបង្ហាញថា វៀតណាមបានគោរពការសម្រេចចិត្តរបស់យើងខ្ញុំ។

ឯទី៣ ពេលនោះមានតែសហភាពសូវៀត និងប្រទេសនៅ COMECON/CMEA ជាអ្នកជួយចំពោះយើងខ្ញុំ។ បើសិនជាសូវៀតគាត់យល់ថា ហ៊ុន សែន ចូលដល់ដំណាក់កាលសើរើនិយម (សម័យនោះគេនិយាយពី សើរើនិយម) សូវៀតគ្រាន់តែប្រាប់មក សម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម ថាបើទុក ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្រ្តីគឺសូវៀតឈប់ផ្ដល់ជំនួយ ហ៊ុន សែន ងាប់បាត់ហើយ។ ប៉ុន្តែ ជាភ័ព្វសំណាងខ្ញុំធ្វើកិច្ចការងារនេះ ចរចាក៏បាន ហើយកែទម្រង់សេដ្ឋកិច្ចក៏បាន។

អញ្ចឹងឧបសគ្គគ្រោះថ្នាក់៣យ៉ាងដែលដូចជាព្រួញបីបាញ់មកលើ ហ៊ុន សែន ប៉ុន្តែ ហ៊ុន សែន នៅរស់ដល់សព្វថ្ងៃ ហើយដែលបានរួមចំណែកនាំប្រទេសនេះមកដល់ស្ថានភាពមួយដ៏ល្អប្រសើរ។

[ចប់សេចក្តីអធិប្បាយ១៥]

បទពិសោធនៃការកសាងប្រទេសក្រោយសង្គ្រាម គឺជាប្រធានបទមួយដ៏សំខាន់ដែលបណ្តាប្រទេសមួយចំនួនទទួលបានក្រោយមានសន្តិភាពត្រឹមរយៈពេលខ្លី ហើយតែងត្រឡប់ទៅសង្គ្រាមវិញ ដោយសារការស្ដារសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធមិនទាន់ពេលវេលា ការអប់រំមិនបានទូលំទូលាយ ការព្យាបាលជំងឺផ្លូវចិត្តមិនសម្រេចបានទូលំទូលាយ។ ជាឧទាហរណ៍ ក្រោយឧក្រិដ្ឋកម្មនៅកម្ពុជា ប្រជាជនកម្ពុជាលើស ៧០% បានជួបប្រទះនឹងជំងឺផ្លូវចិត្ត តែយើងបានព្យាបាលពួកគេ តាមរយៈ ការគាំពាសង្គមកិច្ច ការអប់រំផ្លូវចិត្ត សាសនា ការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេស ការកែប្រែសេដ្ឋកិច្ចពីសេដ្ឋកិច្ចផែនការមកសេដ្ឋកិច្ចទីផ្សារក្នុងដំណាក់កាល ដែលរដ្ឋខ្លួនឯងកំពុងទទួលទណ្ឌកម្មសេដ្ឋកិច្ចពីគ្រប់ទិសទី តែយើងនៅតែទប់ទល់ដោយជោគជ័យ នូវការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងបានបន្តការកែទម្រង់ដ៏ក្លាហាន។

ទាំងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០ សេដ្ឋកិច្ចរបស់កម្ពុជាមានភាពទន់ខ្សោយ ហើយការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ បានពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើជំនួយរបស់មិត្តបរទេស។ យើងបានខិតខំកែទម្រង់ផ្ទៃក្នុងផង ខិតខំជំរុញសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងតំបន់ និងសកលលោកផង​។ នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ នៅឆ្នាំ១៩៩៨-២០០៣ និងយុទ្ធសាស្ត្រចតុកោណ ចំនួន ៤ ដំណាក់កាល ចាប់ពីឆ្នាំ២០០៣ រហូតដល់ ២០២៣។

យុទ្ធសាស្ត្រត្រីកោណ សង្កត់ធ្ងន់លើ អាទិភាព ៣ គឺ ទី១. ធ្វើសន្តិភាវូបនីយកម្មសំដៅដល់ការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខ និងការកសាងសន្តិភាពក្នុងប្រទេស ទី២. សមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ រួមទាំង ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគ, និងទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការកែទម្រង់អភិបាលកិច្ច ស្ថាប័នប្រព័ន្ធតុលាការ និងការគ្រប់​គ្រងវិស័យសាធារណៈ (ចំណុចយុទ្ធសាស្ត្រ និងការកែទម្រង់សេដ្ឋកិច្ចរបស់យើង គឺផ្អែកលើប្រជាជនជាស្នូល ទើបទទួលបានជោគជ័យ ដោយយើងពង្រីកវណ្ណៈកណ្តាលទន្ទឹមគ្នានឹងការកាត់បន្ថយភាពក្រីក្រ)។

ចាប់ពីអាណត្តិទី៣ ដល់អាណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្តយុទ្ធសាស្ត្រចតុកោណ ដើម្បីប្រែក្លាយជំរុញតួនាទីជា «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា «រាជរដ្ឋាភិបាលនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ ពង្រឹងអភិបាលកិច្ចល្អ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងការតភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។

ទន្ទឹមនឹងការជំរុញការអភិវឌ្ឍផ្ទៃក្នុង យើងក៏បានជំរុញការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើតជាកាលានុវត្តភាពថ្មីៗសម្រាប់ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ខ្ញុំបានដឹកនាំកម្ពុជាចូលក្នុងសមាគមអាស៊ាន នៅឆ្នាំ១៩៩៩ និងបានធ្វើជាប្រធានប្តូរវេន​អាស៊ាន ៣ ដង ពោលគឺ នៅឆ្នាំ២០០២ ២០១២ និង ២០២២។ តាមរយៈអាស៊ាន កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន ជាមួយនឹងដៃគូអន្តរជាតិនានា ហើយយើងបានបង្កើតទំនាក់ទំនងប្រទាក់ក្រឡា តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន។ ទន្ទឹមនេះ កម្ពុជាក៏បានខិតខំដោយជោគជ័យក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ ផងដែរ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៦]

ខ្ញុំសូមបញ្ជាក់នៅទីនេះបន្តិច ប្រសិនបើកម្ពុជាមិនជាប់គាំងក្នុងដំណើរការបង្កើតរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ ២០០៣ ទេ កម្ពុជាចូលអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ២០០៣ មកហើយ។ គេបានអនុម័តឱ្យយើងរួចហើយ ប៉ុន្តែយើងមិនអាចឱ្យសច្ចាប័នបាន ដោយសារតែគណបក្សបាញ់ឆ្នោតនៅកម្ពុជាធ្វើពហិការមិនចូលរួមការប្រជុំ។ ក្នុងពេលនោះ យើងប្រើប្រព័ន្ធ(បោះឆ្នោតមតិភាគច្រើន) ២ភាគ៣។ ដូច្នេះហើយបានជាខិតខំដើម្បីរៀបចំឱ្យមកជាប្រព័ន្ធ ៥០បូក ១ ដើម្បីងាយស្រួលទៅក្នុងដំណើរការនៃរាជរដ្ឋាភិបាល។

[ចប់សេចក្តីអធិប្បាយ១៦]

តាមរយៈការរៀបចំ និងអនុវត្តគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព កម្ពុជាបានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនយ៉ាងសម្បើមអស្ចារ្យ បើយើងពិចារណាដោយប្រៀបធៀបជាមួយប្រទេសដែលងើបពីសង្គ្រាមដំណាលគ្នាជាមួយកម្ពុជា។ យើងបានផ្លាស់ប្ដូរពីសង្គមក្រីក្រ និងងាយមានជម្លោះ ទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និងសុវត្ថិភាព ហើយប្រជាជនយើងចាប់ផ្តើមទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅខាងក្រោម ១០% នៅមុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយយើងក៏កំពុងឈានទៅការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច ដោយពេញលេញនៅឆ្នាំ២០២៩ ខាងមុខ។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ហើយថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និងលំនឹងជីវភាពប្រជាពលរដ្ឋ ទប់ទល់នឹងវិបត្តិ និងគ្រោះមហន្តរាយផ្សេងៗ។ យើងបានប្រែក្លាយពីប្រទេសដែលនៅឯកោ និងទទួលរងទណ្ឌកម្មដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក ក្លាយជាប្រទេស ដែលអាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្មនៅក្នុងរបៀបវារៈសន្តិភាព ទាំងក្នុងតំបន់ និងក្រៅតំបន់ថែមទៀត។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៧]

(២១) ងើបពីភាពឯកោ មកជាប្រទេសមានដៃគូសហប្រតិបត្តិការស្មើមុខស្មើមាត់

ខ្ញុំគួរតែបញ្ជាក់ថា ពីជារដ្ឋមន្រ្តីការបរទេសដែលគេមិនចាប់ដៃ ពីនាយករដ្ឋមន្ត្រីដែលគេមិនចាប់ដៃ ទៅជានាយករដ្ឋមន្រ្តីដែលគេស្វាគមន៍ ខ្ញុំបានប្រាស្រ័យទាក់ទងគ្រប់មហាអំណាចជាសមាជិកអចិន្ត្រៃយ៍ទាំង ៥។ កាលពីឆ្នាំ២០២២​ មេដឹកពិភពលោក ក្នុងនោះមានសមាជិកអចិន្ត្រៃយ៍រហូតដល់៣ ដែលបានចូលមកប្រជុំអាស៊ាន នៅទីនេះ រួមមាន៖ ចិន អាមេរិក និងរុស្សី។ អញ្ចឹងបានសេចក្តីថា យើងបានខិតខំងើបឡើងពីភាពឯកោ ទៅកាន់ជាប្រទេសដែលមានដៃគូសម្រាប់កិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់

[ចប់សេចក្តីអធិប្បាយ១៧]

ផ្អែកលើសមិទ្ធផលកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍមូលធនមនុស្ស។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៨]

សូមអភ័យទោស​សម្តេចនាយករដ្ឋមន្ត្រី ដែលខ្ញុំយករឿងរាជរដ្ឋាភិបាលមកនិយាយ។ ប៉ុន្តែគ្មានការហាមឃាត់ណាមួយសម្រាប់ខ្ញុំមិនឱ្យនិយាយទេ ព្រោះហ្នឹងវាជារឿងរបស់ប្រទេស។

[ចប់សេចក្តីអធិប្បាយ១៨]

យុទ្ធសាស្ត្រនេះ សម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល ជាបន្តបន្ទាប់ ព្រមទាំងត្រូវបានតម្រង់ និងកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស តំបន់ និងសកល និងបទពិសោធនៃការអនុវត្តពីដំណាក់កាលមុនៗ សំដៅសម្លឹងទៅមុខឆ្ពោះទៅដល់ការសម្រេចបានគោលដៅនៃការកសាងជាតិ ដែលជាប្រាថ្នារបស់ប្រជាជនកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៩]

នេះដែលខ្ញុំនិយាយនៅខាងក្នុង ពេលជួបប្រធានគណៈប្រតិភូអម្បាញ់មិញថា កម្ពុជាច្បាស់ជាមិនធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំណូលមធ្យមនោះទេ។ យើងបានឆ្លងកាត់ពីប្រទេសដែលមានប្រាក់ចំណូលទាប មកកាន់ប្រទេសដែលកំពុងមានចំណូលមធ្យមកម្រិតទាប ហើយនឹងសម្រេចឱ្យបាននូវប្រ​ទេសដែលប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយបន្តទៅ ២០៥០ គឺក្លាយខ្លួនទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ នៅសល់ពេល ២៥ឆ្នាំទៀត ដែលយើងអាចនឹងឈានទៅដល់គោលដៅនោះ។

[ចប់សេចក្តីអធិប្បាយ១៩]

តួនាទីរបស់កម្ពុជាសម្រាប់ជាគំរូនៃការផ្តល់កងកម្លាំងរក្សាសន្តិភាព ត្រូវបានកោតសរសើរនៅលើឆាកអន្តរជាតិក្រោមសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ និងកងថែរក្សាសន្តិភាព ស្ត្រីផងដែរ។ បច្ចុប្បន្ននេះ កម្លាំងយើងដែលបានបញ្ជូនមានប្រហែល ១ ម៉ឺននាក់ នៅក្នុង ១០ប្រទេស។ នេះជាចំណែកមួយដែលកម្ពុជាអាចចូលរួមបានក្នុងដំណើរស្វែងរកសន្តិភាព ការសន្ទនា និងការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម និងតួនាទីផ្សេងៗទៀត ជាមួយដៃគូយុទ្ធសាស្ត្ររបស់យើងក្នុងការឆ្លើយតបនឹងវិបត្តិគ្រោះធម្មជាតិ មនុស្សជាតិ និងបាតុភូតផ្សេងៗទៀត ដែលកើតឡើងដោយសារមនុស្ស។ ការកសាងភាពធន់សម្រាប់ឆ្លើយតបនឹងវិបត្តិនានា ក៏ជាចំណុចខ្លាំងរបស់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ  ខ្ញុំសង្ឃឹមថា ការកសាងភាពធន់សេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងការរស់នៅក្នុងបរិការណ៍ភូមិសាស្ត្រនយោបាយក្នុងសណ្តាប់ធ្នាប់ពិភពលោក កម្ពុជាអាចរស់ដោយខ្លួនឯងបានក្នុងភាពឯករាជ្យ និងមានអធិបតេយ្យ។

ជាការពិត  ខ្ញុំនៅមានចំណុចជាច្រើនទៀត ដែលចង់ចែករំលែក  ប៉ុន្តែ ដោយយោងលើកត្តាពេលវេលា ខ្ញុំសូមបញ្ចប់ការចែករំលែកអំពីតថភាពប្រវត្តិសាស្ត្រកម្ពុជាត្រឹមនេះ ហើយសូមផ្តល់នូវសេចក្តីសង្ខេបខ្លីៗទាក់ទងនឹងមេរៀនសំខាន់ៗ ដែលស្រង់ចេញពីដំណើរការដឹកនាំ កសាងសន្តិភាព និងការផ្សះផ្សាកម្ពុជា ដូចតទៅ៖

ទី១. ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិ។ ប្រទេសជាតិមួយត្រូវតែមានភាពជាម្ចាស់លើបញ្ហាជាតិរបស់ខ្លួន។ នៅពេលដែលប្រជាជាតិមួយបាត់បង់ម្ចាស់ការលើជោគវាសនារបស់ប្រទេសខ្លួន ពេលនោះហើយ ដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់ និងគ្រោះមហន្តរាយ។ ដូចគ្នាដែរ ដំណើរការស្វែងរកសន្តិភាពក៏ត្រូវតែចាប់ផ្តើមចេញពីពលរដ្ឋម្ចាស់ប្រទេស ហើយដំណោះស្រាយដែលយូរអង្វែងក៏ទាមទារឱ្យមានការចូលរួមពីប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់និន្នាការនយោបាយផងដែរ មុននឹងឈានទៅសម្រេចបាននូវឯកភាពជាតិ និងកងកម្លាំងប្រដាប់អាវុធជាតិតែមួយ។ ទោះបីជាកម្ពុជាទទួលបានការជ្រោមជ្រែងពីមិត្តបរទេស និងអង្គការសហប្រជាជាតិយ៉ាងណាក្ដី សន្តិភាពយូរអង្វែងមិនអាចកើតឡើងបានទេ ប្រសិនបើម្ចាស់ប្រទេសមិនខិតខំផ្តួចផ្តើម និងកសាងដោយខ្លួនឯង ហើយនេះគឺជាអត្ថន័យពិតប្រាកដនៃ នយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមឡើងដោយជនជាតិខ្មែរ និងចូលរួមអនុវត្ត និងទទួលផលដោយជនជាតិខ្មែរ។

ទី២. សហគមន៍អន្តរជាតិត្រូវតែរួមគ្នាការពារសន្តិភាព ដែលមានស្រាប់ជាជាងស្វែងរក ឬកសាងសន្តិភាពដែលបាត់បង់។ សង្គ្រាម គឺពិតជាបញ្ហាងាយ ប៉ុន្តែ ដើម្បីបញ្ចប់សង្គ្រាម  កម្ពុជាត្រូវការរយៈពេលជិត ៣០ ឆ្នាំ។  យើងទើបតែមានសន្តិភាពពេញលេញចំនួន ២៦ ឆ្នាំ ប៉ុណ្ណោះ តែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំរបស់ខ្លួន។ ប៉ុន្តែ ជាការគួរឱ្យសោកស្ដាយដែលយើងបែរជាទទួលរងការរិះគន់ថា យើងនិយាយតែពីសន្តិភាព បំភិតបំភ័យពីសង្គ្រាមទៅវិញ ហើយយុវជនយើងមួយចំនួនបានភ្លេចនូវគុណតម្លៃនៃសន្តិភាពជាបណ្តើរៗ ហើយខ្លះទៀត ថែមទាំងគិតចង់ទាមទារការផ្លាស់ប្ដូររដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយ។ និន្នាការបែបនេះ គឺជានិន្នាការដ៏គ្រោះថ្នាក់បំផុត ដែលសហគមន៍ អន្តរជាតិទាំងមូលត្រូវចូលរួមបង្ការ ថ្កោលទោស និងទប់ទល់នូវមនោគមវិជ្ជាជ្រុលនិយមបែបនេះ។ យើងត្រូវខិតខំអប់រំប្រជាពលរដ្ឋអំពីគុណតម្លៃនៃសន្តិភាព ពីព្រោះថា នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដោយពិរោះនូវពាក្យថា «សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ» នោះឡើយ។

ទី៣. បើទោះជាសម្រេចបានសន្តិភាពក៏ដោយ ក៏សន្តិភាពមិនស្ថិតនៅគង់វង្សយូរអង្វែងដែរ ប្រសិនបើគ្មានការបង្រួបបង្រួមជាតិ ការផ្សះផ្សា យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ តាមរយៈបទពិសោធរបស់កម្ពុជា យើងត្រូវខិតខំរិះរកវិធីសាស្ត្រនានានៅក្នុងការធានាសន្តិភាពឱ្យបានយូរអង្វែង និងចាក់ឫសរឹងមាំក្នុងសង្គមជាតិ តាមរយៈការផ្សះផ្សា និងបង្រួបបង្រួមជាតិ។ ខ្ញុំចង់គូសរំលេចពីសារៈសំខាន់នៃការជំរុញ «វប្បធម៌សន្ទនា» នៅក្នុងវប្បធម៌នយោបាយរបស់កម្ពុជា ដោយសារតែប្រទេសយើងបានឆ្លងកាត់វដ្តនៃអំពើហិង្សាដ៏កាចសាហាវ ការផ្លាស់ប្តូររបបជាញឹកញាប់ដោយមធ្យោបាយមិនប្រជាធិបតេយ្យ និងការសងសឹកឥតឈប់ឈរ។ ទោះបីជានៅក្រោយពេលដែលកម្ពុជាបានទទួលសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក៏ខ្ញុំនៅតែបន្តអនុវត្ត «វប្បធម៌សន្ទនា» ជាមួយគណបក្សនយោបាយផ្សេងៗ ដើម្បីបង្កើតភាពសុខដុម ពង្រឹងឯកភាពជាតិ និងបណ្តុះលទ្ធិប្រជាធិបតេយ្យ។ យើងទទួលស្គាល់ថា លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រងដែលគោរពភាពចម្រុះ និងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពនៅក្នុងការដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយដោយប្រើសន្លឹកឆ្នោតជាជាងគ្រាប់កាំភ្លើង និងអំពើហិង្សាឬការបះបោរ។

បច្ចុប្បន្ននេះ កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន ប៉ុន្តែ កម្ពុជាលែងមានក្រុមប្រដាប់អាវុធច្រើនទៀតហើយ។ អ្វីដែលសំខាន់នោះ គឺអំពើហឹង្សាក្នុងពេលបោះឆ្នោតបានរលាយ សាបសូន្យតែម្តងពីឆាកនយោបាយកម្ពុជា បន្ទាប់ពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ។ នេះជាតថភាពប្រវត្តិសាស្ត្រនៃនយោបាយកម្ពុជា ដែលបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (នៅលើពិភពលោកពុំមានស្តង់ដានិយមន័យនៃពាក្យប្រជាធិបតេយ្យសម្រាប់អ្វីដែលខ្ញុំយល់ជារួម ក្នុងន័យកណ្តាល គឺថាប្រជាធិបតេយ្យត្រូវមានសន្តិភាពជាបុរលក្ខខណ្ឌ នៅពេលមានសន្តិភាព យើងមានសេរីភាព សាសនា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ ការរៀបចំការបោះឆ្នោតជាទៀងទាត់ យើងគោរពជំនឿរបស់ប្រជាជន ការពារបាននូវសេដ្ឋកិច្ចឯកជនរបស់ប្រជាជន ក្នុងដំណាក់កាលដែលយើងពង្រឹងការអនុវត្តច្បាប់ដើម្បីប្រមូលចំណូលជូនរដ្ឋ រក្សាស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងពង្រីកសក្កានុពលធនធានមនុស្សឱ្យទៅជាមូលធនមនុស្សខ្ពស់ ដើម្បីកសាងខឿនការពារជាតិដ៏រឹងមាំ នោះគឺជាប្រជាធិបតេយ្យដែលកម្ពុជាបាន និងកំពុងធ្វើដំណើរ ហើយកម្ពុជានឹងបន្តធ្វើដំណើរទៅមុខទៀតលើមាគ៌ានេះ)។

ការជំរុញការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានបរិយាប័ន្ន គឺនៅតែជាគោលនយោបាយដ៏ចាំបាច់ សម្រាប់រក្សាសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស។ នៅពេលដែលប្រទេសមានប្រជាជនក្រីក្រច្រើន ពលរដ្ឋគ្មានការងារធ្វើ គ្មានចំណេះដឹង ពលរដ្ឋនឹងងាយជឿលង់ទៅនឹងមនោគមវិជ្ជាជ្រុលនិយម ដែលទាមទារស្វែងរកការទម្លាក់កំហុសទៅលើស្ថាប័ន ឬក្រុមសង្គមណាមួយ ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ។ ដូច្នេះហើយ នេះគឺពិតជាអម្រែកដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះថា ពួកគេពិតជាគ្មានវេទមន្តដើម្បីជប់ឱ្យមានការអភិវឌ្ឍជឿនលឿន ភ្លាមៗលើគ្រប់វិស័យនៅទូទាំងប្រទេសតាមចិត្ត ដែលមជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនចង់បាននោះឡើយ។ រដ្ឋាភិបាលពិតជាត្រូវការការចូលរួម និងយោគយល់ពីប្រជាពលរដ្ឋទូទៅអំពីល្បឿននៃការអភិវឌ្ឍជាតិ នៅពេលដែលប្រទេសជាតិមួយពុំមានមធ្យោបាយ និងធនធានគ្រប់គ្រាន់ដូចប្រទេសជឿនលឿនដទៃទៀត។ ត្រង់ចំណុចនេះ ខ្ញុំក៏ចង់ឱ្យប្រទេសជឿនលឿនយល់ពីការលំបាករបស់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ យើងចង់ឃើញការជួយជ្រោមជ្រែងពីមិត្តរបស់យើង យើងមិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសយើង ដោយកេងចំណេញពីកង្វះខាតសមត្ថភាពស្ថាប័ន និងធនធានរបស់យើង ហើយឆ្លៀតទៅបង្ហោះកំហឹងពលរដ្ឋ និងគាំទ្រមនោគមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។ យើងចង់បានការគាំទ្រជាជាងការបន្តុះបង្អាប់ បន្ទុចបង្អាក់ និងរារាំងជម្រើសនៃមាគ៌ាអភិវឌ្ឍរបស់យើង ដោយមិនបានគិតគូរពីគុណតម្លៃនៃសន្តិភាព ការលំបាក និងសោកនាដកម្មរាប់មិនអស់របស់ប្រជាជាតិខ្មែរនោះឡើយ។

ដូចដែលខ្ញុំធ្លាប់បានថ្លែងផ្ទាល់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ប្រវត្តិសាស្រ្តបានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក ហើយកាន់តែអាក្រក់ជាងនេះ គឺការប្រើយោធាដើម្បីបង្ខំការផ្លាស់ប្តូររបបនយោបាយ ឬប្រព័ន្ធដឹកនាំកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយទេ។ ផ្ទុយទៅវិញ ទង្វើទាំងនេះ តែងតែបាននាំឱ្យមានការស្លាប់ជាច្រើនទៀត បង្កការរងទុក្ខវេទនារបស់មនុស្ស និងបង្កើតជម្លោះសង្គម និងសេដ្ឋកិច្ច។ កម្ពុជា គឺជាគំរូជីវិតពិត និងបានជួបប្រទះសោកនាដកម្មដ៏អាក្រក់បំផុត ហើយគួរឱ្យសោកស្តាយ។ កន្លងទៅថ្មីៗ និងឥឡូវនេះ យើងក៏នៅតែឃើញការលូកដៃជ្រៀតជ្រែកពីខាងក្រៅនៅបណ្តាប្រទេសមួយចំនួន។ ប្រសិនបើព្រឹត្តិការណ៍ថ្មីៗនេះ ដូចជា នៅអាហ្វហ្គានីស្ថាន និងនៅបង់ក្លាដែស ជាដើម គឺជាមេរៀន ដែលត្រូវរៀនសូត្រ មានគុណសម្បត្តិដ៏អស្ចារ្យក្នុងការគោរពបំណងប្រាថ្នារបស់ប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនរបស់ពួកគេក្នុងការកំណត់វាសនាដោយខ្លួនឯង។ មិនថាប្រទេសធំ និង ប្រទេសតូច ពួកគេសុទ្ធតែមានលក្ខណៈពិសេសខុសៗគ្នា នៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ វប្បធម៌ប្រពៃណី របៀបរស់នៅ និងសង្គមនយោបាយ។ ពួកគេមិនគួរត្រូវបានរារាំងដោយការដាក់ទណ្ឌកម្មឯកតោភាគី ការហាមឃាត់ ឬវិធានការសេដ្ឋកិច្ច ឬការបង្ខំផ្សេងទៀតដែលរំលោភច្បាប់អន្តរជាតិ និងគោលការណ៍ ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិឡើយ។

ខ្ញុំសូមជម្រាបជូនថា នៅពេលដែលយើងកំពុងជជែកគ្នានេះ ពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលនៃសណ្តាប់ធ្នាប់ពិភពលោក សង្គ្រាម និងជម្លោះ ដែលកំពុងកើតឡើងនៅតាមតំបន់មួយចំនួន តួយ៉ាងដូចជា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបន្តអូសបន្លាយយ៉ាងរ៉ាំរ៉ៃគ្មាននរណាម្នាក់អាចកំណត់ពេលវេលា ដើម្បីបញ្ចប់សង្គ្រាម។ ជម្លោះនៅមជ្ឈិមបូព៌ាមានលក្ខណៈស្មុគស្មាញក្នុងរូបភាពជាសង្គ្រាមតំបន់ និងអាចរីករាលដាលដល់សង្គ្រាមសាសនា ដែលធ្វើឱ្យមានការជាប់ជំពាក់ជាមួយនឹងសង្រ្គាម កូនអុក (Proxy War) របស់មហាអំណាចសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន សង្គ្រាមអាណានិគមបែបថ្មីនៅអាហ្វ្រិករវាងជនជាតិស្បែកស និងជនជាតិស្បែកខ្មៅ ការគំរាមកំហែងនៃសង្គ្រាមដែលអាចកើតឡើងនៅឧបទ្វីបកូរ៉េ បញ្ហានយោបាយ និងជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា ដែលមិនទាន់អាចរកច្រកចេញបាន និងបញ្ហាសន្តិសុខមិនមែនប្រពៃណីនានា ដែលបានគំរាមកំហែងដល់សន្តិភាព និងការអភិវឌ្ឍរបស់តំបន់ និងពិភពលោក។ លទ្ធផលនៃការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចកាន់តែខ្លាំង ជាពិសេស សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ជាកត្តាសំខាន់ក្នុងការជំរុញបញ្ហាទាំងអស់នេះ ឱ្យកាន់តែរីករាលដាល ផុតពីសង្គ្រាមដណ្តើមភូមិសាស្ត្រនយោបាយទៅជាសង្គ្រាមប្រជែងអរិយធម៌ សង្គ្រាមដណ្តើមឧត្តមភាពនៃបច្ចេកវិទ្យា។ ខ្ញុំជឿជាក់ថា សមាជិកនៃអង្គប្រជុំយើង ពិតជាបានយល់ដឹងអំពីបញ្ហាទាំងអស់នេះ ពីប្រភពព័ត៌មានដ៏សម្បូរបែប ហើយពិតខ្លះ មិនពិតខ្លះ ប៉ុន្តែ សុទ្ធសឹងជាការគំរាមកំហែងពិតប្រាកដ ដែលខ្ញុំនឹងមិនចូលជ្រៅ និងបកស្រាយបន្ថែមលើបញ្ហាទាំងអស់នេះទៀតទេ។

ដូច្នេះ សរុបមកវិញ សម្រាប់ «ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់កម្ពុជា និងកូនចៅជំនាន់ក្រោយ ដើម្បីថែរក្សានូវប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងខិតខំការពារមរតកសន្តិភាពដែលកម្ពុជារកបានដោយលំបាក។  គ្រប់ដំណាក់កាល ប្រវត្តិសាស្ត្រនីមួយៗនៃការផ្លាស់ប្តូររបបនយោបាយ ការផ្លាស់ប្តូរមេដឹកនាំ ការប្រកួតប្រជែងមនោគមវិជ្ជា សង្គ្រាមដណ្តើមអំណាចជាតិសាសន៍ឯង ការប្រល័យពូជសាសន៍ សុទ្ធសឹងជាមេរៀនពិតប្រាកដ ដែលបានកើតឡើងចំពោះប្រទេសដ៏កម្សត់របស់យើង។ បទពិសោធទាំងអស់នេះហើយ ដែលធ្វើឱ្យយើងកសាងបាននូវភាពធន់ក្នុងការឆ្លើយតបទៅនឹងវិបត្តិនានាក្នុងប្រវត្តិសាស្ត្រ ក្នុងការកសាងសន្តិភាព ការផ្សះផ្សា ការអត់ឱន ការបង្រួបបង្រួម ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃសង្គមជាតិរបស់កម្ពុជា និងកសាងបាននូវមូលដ្ឋានគ្រឹះនៃ ប្រជាជាតិ ក្នុងដំណាក់កាលនៃអន្តរកាលនៃការធ្វើសមាហរណកម្មទៅក្នុងសម័យបច្ចេកវិទ្យាទំនើបប្រកបដោយបរិយាប័ន្ន និងតភ្ជាប់នូវអរិយធម៌ថ្មីរុងរឿង និងយូរអង្វែង។

ខ្ញុំសង្ឃឹមថា បាឋកថាថ្ងៃនេះនឹងអាចចូលរួមផ្តល់ជាពុទ្ធិដល់ការយល់ដឹងកាន់តែជ្រាលជ្រៅឡើងពីគុណតម្លៃនៃសន្តិភាព និងការពិបាកនៅក្នុងការកសាងសន្តិភាព បង្រួមបង្រួម និងផ្សះផ្សាជាតិ ក៏ដូចជា ការពិបាកនៅក្នុងការរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែង ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានស្តាប់នូវបាឋកថារបស់ខ្ញុំដោយយកចិត្តទុកដាក់ ដែលអាចជាធាតុចូលសម្រាប់ការ កសាងឯកសារ «ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ហើយខ្ញុំសង្ឃឹមថា សសរស្តម្ភសំខាន់ៗទាំងប្រាំ រួមមាន ១). ការទប់ស្កាត់ជម្លោះ ២). ដំណើរការកសាងសន្តិភាព និងការសម្របសម្រួលល្អ  ៣). យុត្តិធម៌អន្តរកាល ៤). ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥). សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយទៅជាទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាមលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូល។

ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នឹងក្លាយជាទំនិញសាធារណៈមួយ ដែលជាតិសាសន៍ណាក៏អាចយកទៅប្រើប្រាស់បាន នរណាក៏អាចចូលរួមបាន មិនមានការចងលក្ខខណ្ឌនៃកាតព្វកិច្ច ស្របតាមទស្សនវិស័យ និងគោលបំណងទាំងឡាយដែលចែងនៅក្នុង  «វេទិកាកិច្ចប្រជុំកំពូលសម្រាប់អនាគត» របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤។

ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកស្តាប់របស់ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសូមអភ័យទោសចំពោះពេលវេលាដែលបានថ្លែងយូរ ប៉ុន្តែក៏វាមិនទាន់អស់នៅឡើយដែរ។

ជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជួបតែសំណាងល្អ និងជោគជ័យរៀងៗខ្លួន៕

អត្ថបទទាក់ទង