ផ្សាយបន្តផ្ទាល់ ៖ សម្តេចតេជោ អញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
នៅរសៀលថ្ងៃចន្ទ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
សូមរំលឹកថា នៅដើមអាណត្តិនីមួយៗ រាជរដ្ឋាភិបាល តែងបានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត សំដៅគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទីលើកកម្ពស់ការដឹកនាំ សម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងការអនុវត្តការងារក្រុមការងារពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួង ស្ថាប័ននានាឡើយ។ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ននីមួយៗនៅតែមានតួនាទី និងការទទួលខុសត្រូវស្របតាមគោលការណ៍ច្បាប់ដដែល។ ទន្ទឹមនេះ ក្រុមការងារក៏ពុំមានតួនាទីចាត់ចែងកិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានាឡើយ។
ក្រុមការងារត្រូវដឹកនាំជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានា ឱ្យលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលបានកំណត់។
ក្នុងករណីមានបញ្ហាប្រឈមដែលមិនអាចដោះស្រាយបាន ក្រុមការងារត្រូវជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ និងធ្វើការតាមដាន ត្រួតពិនិត្យអំពីលទ្ធផលនៃការដោះស្រាយដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត នីតិកាលទី៦នេះ ក្រុមការងារគ្រប់ថ្នាក់បានរៀបចំវេទិកាសាធារណៈនៅទូទាំងប្រទេស បានច្រើនជាងក្នុងនីតិកាលទី៥ ចំនួន ៧,៤០២លើក (១០ ៤២១លើក/៣,០១៩លើក) មានប្រជាពលរដ្ឋចូលរួមច្រើនជាងអាណត្តិទី៥ ចំនួន ៦៧៧,៧០៩នាក់ (១,០៥៤,៤៣០នាក់/៣៧៦,៧២១នាក់)។
ជាមធ្យមភាគ អ្នកចូលរួមក្នុងវេទិកាសាធារណៈ១លើក មានចំនួនប្រមាណ១១៣នាក់ នៅអាណត្តិទី៦ ប្រៀបធៀបនឹងអាណត្តិទី៥ មានអ្នកចូលរួម ១២៥នាក់។
វិស័យអភិវឌ្ឍន៍ជនបទ វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យគ្រប់គ្រងរដ្ឋបាលដីធ្លី វិស័យធនធានទឹក និងឧតុនិយម វិស័យអប់រំ យុវជន និងកីឡា និងវិស័យសាធារណការ និងដឹកជញ្ជូន មានប្រមាណ ៦៤ភាគរយ នៃបញ្ហាទាំងអស់ ជាវិស័យនាំមុខច្រើនជាងគេ។
វិស័យអភិវឌ្ឍន៍ជនបទ វិស័យគ្រប់គ្រងរដ្ឋបាលដីធ្លី វិស័យសាធារណការ និងដឹកជញ្ជូន វិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យធនធានទឹក និងឧតុនិយម ការផ្ដល់សេវាគ្រប់ប្រភេទ និងអភិបាលកិច្ច និងវិស័យអគ្គិសនី ប្រមាណ៧១ភាគរយ ជាវិស័យដែលនាំមុខច្រើនករណីជាងគេនៅក្នុងនីតិកាលទី៦នេះ។
លទ្ធផលជារួមនៅអាណត្តិទី៦ ក្រុមការងារគ្រប់ថ្នាក់បានដោះស្រាយ បានចំនួន ២០,៩៨៩ករណី (ស្មើ៥៨ភាគរយ) ដែលមានចំនួនសរុប ៣៦,៣៤០ករណី រីឯបញ្ហាចំនួន ១០,០៦៣ករណី (ស្មើ២៨ភាគរយ) កំពុងមានវិធានការដោះស្រាយ និងបញ្ហានៅសេសសល់ ៥,២៨៩ករណី (ស្មើ១៤ភាគរយ) ផ្ញើមកថ្នាក់ជាតិ កំពុងមានវិធានការដោះស្រាយឆ្លើយតប ធៀបនឹងអាណត្តិទី៥ ក្រុមការងារគ្រប់ថ្នាក់បានដោះស្រាយចំនួន ៥,៩២១ករណី ក្នុងចំណោម ១១, ៧២៤ករណី (ស្មើ៥១ភាគរយ) រីឯបញ្ហាប្រឈមចំនួន ៤,០០៨ករណី (ស្មើ ៣៤ភាគរយ) កំពុងមានវិធានការដោះស្រាយ និងបញ្ហានៅសេសសល់ចំនួន ១,៧៩៣ករណី (ស្មើ១៥ភាគរយ) បានផ្ញើមកថ្នាក់ជាតិ ដើម្បីមានវិធានការឆ្លើយតប។
ក្នុងរបាយការណ៍បានបង្ហាញថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានធ្វើការសម្របសម្រួល និងសហការល្អ ជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទទួលបានលទ្ធផលជាវិជ្ជមាន ដោះស្រាយបញ្ហាជាកង្វល់ សំណូមពរ និងសំណើរបស់មូលដ្ឋានបានច្រើន ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវកែលម្អជាអាទិ៍៖
១៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត នៅមានការយឺតយ៉ាវ ក្នុងការប្រមូលចងក្រងទិន្នន័យ ឬរបាយការណ៍ ផ្ញើមកលេខាធិការដ្ឋាន ក.រ.ម.ឱ្យបានទៀងទាត់តាមកាលកំណត់។
២៖ ការដោះស្រាយបញ្ហាប្រឈម ជាសំណើ សំណូមពរ ឬទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ ក្រុមការងារនៅមានការយឺតយ៉ាវក្នុងការដោះស្រាយ ឆ្លើយតបជូនប្រជាពលរដ្ឋវិញ។
៣៖ សមាជិកក្រុមការងាររាជរដ្ឋាភិបាលមួយចំនួនមានការខ្វះខាតមធ្យោបាយ (ប្រាក់បេសកកម្ម និងបងឥន្ធនៈជាដើម) សម្រាប់ចុះមូលដ្ឋានឱ្យបានទៀងទាត់តាមកាលបរិច្ឆេទ។
៤៖ លេខាធិការដ្ឋាន ក.រ.ម. ខ្វះមធ្យោបាយសម្រាប់ចុះបំពេញបេសកកម្មក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលាណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្ត និងការចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីលទ្ធផល និងសកម្មភាពការងារដល់ថ្នាក់ក្រោមជាតិ៕