Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួយកម្មករ កម្មការិនីជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 840
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួយកម្មករ កម្មការិនីជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួយកម្មករ កម្មការិនីជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

 

នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​សម្លៀកបំពាក់​ចំនួន៧, ផលិតស្បែកជើងចំនួន២, ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន២ និងផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេសជប៉ុន។ល។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តកំពង់ឆ្នាំងនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។សម្តេចតេជោបានមានប្រសាសន៍ថា បេសកកម្មជំនួបជាមួយកម្មករនិយោជិត ក្នុងគោលបំណង ពិនិត្យមើលចាប់តាំងពីបញ្ហាតូចរហូតដល់បញ្ហាធំ ដើម្បីដោះស្រាយជូនដល់កម្មករ កម្មការិនី ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះគោលនយោបាយ និងក្របខណ្ឌគតិយុត្តិដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងទៅ។ជាថ្មីម្តងទៀត សម្តេចតេជោបានបញ្ជាក់ទៀតថាគ្រប់រោងចក្រសហគ្រាសទាំងអស់ដែលមានជនមានពិការភាពត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល១៥នាទីដូចស្រ្ដីមានផ្ទៃពោះដែរ។

សម្តេចតេជោ ហ៊ុន សែន នៅតែបន្តបញ្ជាក់ពីតម្លៃនៃសន្ដិភាព  ដែលសន្តិភាពនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងអស់នៅលើសកលលោក ខណៈដែលប្រទេសមួយចំនួនមិនមានសន្តិភាព គឺមានសង្គ្រាមហែកហួរគ្នា គឺធ្វើឲ្យបាត់បង់អ្វីៗទាំងអស់ ជាពិសេសបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះជាបន្តបន្ទាប់ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការទាក់ទងដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋ។ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តណែនាំឱ្យមានការ យកចិត្តទុកដាក់ក្នុងការអនុវត្តការដោះស្រាយបញ្ហានានា ដើម្បីផលប្រយោជន៍របស់កម្មករ កម្មការិនី នៅនឹងមូលដ្ឋាន ដោយមិនត្រូវរង់ចាំតែក្រសួងការងារ ឬក្រសួងពាក់ព័ន្ធនៅ ថ្នាក់ជាតិនោះឡើយ។

ពាក់ព័ន្ធរឿងនយោបាយ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចបានប្រាប់ឯកអគ្គរាជទូតខ្មែរប្រចាំ​ប្រទេសបារាំងឲ្យជួយអន្តរាគមន៍ ដល់ពលរដ្ឋខ្មែរម្នាក់នៅបារាំង បន្ទាប់ពីចាញ់បោកអតីតមេបក្សប្រឆាំងរហូតដល់មានបញ្ហាជាមួយអាជ្ញាធរបារាំង។សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងរៀបចំខ្សែវីដេអូមួយ ហើយនឹងផ្សព្វផ្សាយជាសាធារណៈ ដើម្បីបកអាក្រាតពីទង្វើទុច្ចរិតរបស់មេដឹកនាំនយោបាយកំពុងរត់ចោលស្រុកម្នាក់ដែលបានបោកប្រាស់អាជ្ញាធរបារាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សមាជិកក្រុមប្រឆាំងណាដែលចាកចេញ ពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ហើយមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា សម្ដេចនឹងលើកលែងទោសឱ្យ។  លើកលែងតែជនក្បត់ជាតិបីជំនាន់ម្នាក់គត់តែប៉ុណ្ណោះ ដែលសម្ដេចមិនលើកលែងទោសឲ្យជាដាច់ខាត។

ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ហើយបានបិទបញ្ចប់កាលពីយប់មិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំទាំងការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម១២ ដែលជាមោទនភាពសម្រាប់ខ្មែរទាំងមូល ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍អាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បន្ថែមពាក់ព័ន្ធទៅនឹងម្ចាស់បុរី ថា សុំឱ្យម្ចាស់បុរីទាំងអស់មានការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ដែលមានភាពយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះ។ ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានប្រកាសលើកទឹកចិត្តអោយមានការរឹបអូសផ្ទះសម្បែងបុគ្គលប្រឆាំងណាក៏ដោយដែលធ្វើតាមនយោបាយ អាក្រក់របស់ជនក្បត់ជាតិ ៣ជំនាន់ មានចេតនាមិនបង់ប្រាក់ទៅម្ចាស់បុរី។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៤៧៦នាក់ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕

អត្ថបទទាក់ទង