ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានចំនួនពីរ ជម្រាបជូនជនរួមជាតិជ្រាប៖
ទី១៖ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗចំពោះជនភៀសសឹក៖
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានសម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួនជិត ៣ ០០០ គ្រួសារ ដែលកំពុងស្នាក់នៅតាមជំរុំសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ពួកគេ ជាពិសេសបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលធ្វើឱ្យពួកគេជួបការលំបាក។ អំណោយមនុស្សធម៌ទាំងនោះ ដែលជារួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផង ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយៈកាកបាទក្រហមកម្ពុជា នឹងត្រូវយកទៅចែកជូនផ្ទាល់ដៃដល់បងប្អូនប្រជាជនភៀសសឹកទាំងនោះនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិនិងប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើគ្រួសារវីរយុទ្ធជនពលី វីរយុទ្ធជនរងរបួស វីរយុទ្ធជនដែលឈរជើងនៅជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។
ក្នុងដំណើរអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋភៀសសឹកកាលពីពេលកន្លងទៅនេះ សម្តេចបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ក្នុងការដោះស្រាយសម្រាប់ទាំងបងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញបាន ទាំងបងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ និងទាំងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។
សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យពួកគេអាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបានដោយផ្តល់ជូនទាំងសុវត្ថិភាព និងការជួយស្តារជីវភាពរបស់ពួកគេ។ រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង ៩២% ហើយបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ ម៉ឺននាក់។
សម្រាប់បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល រាជរដ្ឋាភិបាលបានផ្តល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែងដើម្បីជួយបងប្អូនអាចរស់នៅក្នុងបរិយាកាសល្អប្រសើរ និងរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញបាននាពេលខាងមុខ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលបានរងការខូចខាត មានដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន សាលារៀន វត្តអារាម បណ្តាញទឹកស្អាត ភ្លើងអគ្គិសនី និងបណ្តាញទូរគមនាគមន៍ ជាដើម ក្រុមការងារចំពោះកិច្ចបាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះដើម្បីរាជរដ្ឋាភិបាលស្តារឡើងវិញឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង។
ទន្ទឹមនឹងដៃម្ខាងដោះស្រាយបញ្ហាជូនពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀតរាជរដ្ឋាភិបាលក៏បាននិងកំពុងខិតខំយ៉ាងខ្លាំងនិងយ៉ាងសកម្មលើនយោបាយការទូតដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
ទី២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏សូមជម្រាបជូនជនរួមជាតិជ្រាបផងដែរថា រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងបណ្តាប្រទេសដែលមានសង្គ្រាមនៅមជ្ឈឹមបូព៌ា និងបានអំពាវនាវឱ្យភាគីជម្លោះមានការអត់ធ្មត់ជាអតិបរមា។ បណ្តាស្ថានឯកអគ្គរាជទូតកម្ពុជាទាំងអស់ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ាបានទទួលការណែនាំឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋនិងនិស្សិតកម្ពុជាទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទាក់ទង ដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន។
ជាក់ស្តែង ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទួគីយេ និងគូវ៉ែត បានចេញសេចក្តីអំពាវនាវដល់និស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងបានទាក់ទងជាប្រចាំជាមួយប្រធានក្រុមនិស្សិតហើយបានប្រាប់ឱ្យពួកគេរក្សាការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងត្រៀមខ្លួនជានិច្ចក្នុងករណីមានអាសន្ន ដោយត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរនៃប្រទេសដែលខ្លួនកំពុងស្នាក់នៅ។
សូមបញ្ជាក់ជូនថា នៅប្រទេសអ៊ីស្រាអែល មាននិស្សិតខ្មែរសរុបចំនួន ២៣៩ នាក់កំពុងសិក្សានៅទីនោះ ក្នុងនោះនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ១៥៣ នាក់ និងសាលាកសិកម្មព្រែកលាបចំនួន ៨៦ នាក់។ ចំណែកនៅប្រទេសគូវ៉ែត មាននិស្សិតខ្មែរ ២៧ នាក់។ ក្រៅពីនោះ ក៏មានពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងស្នាក់នៅ ធ្វើការ ឬធ្វើដំណើរកម្សាន្តក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ាផងដែរ។
ថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហានេះ។ រហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៌មាន ស្តីពី ប្រជាជនខ្មែរទទួលរងគ្រោះដោយសារសង្គ្រាមនេះនៅឡើយទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបញ្ជាក់ថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ និងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមាដើម្បីជៀសវាងកំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព៕
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប!
សូមអរគុណ!





