Grand News Asia Close

វិភាគអន្តរជាតិ៖ មនុស្សដែលគេមិនរំពឹងទុក អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 1064
វិភាគអន្តរជាតិ៖ មនុស្សដែលគេមិនរំពឹងទុក អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ វិភាគអន្តរជាតិ៖ មនុស្សដែលគេមិនរំពឹងទុក អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

 

(សិង្ហបុរី)៖ នៅបន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា គណបក្ស Move Forward កំពុងប្រឈមមុខនឹងឧបសគ្គធំៗ ជាច្រើនដែលសុទ្ធសឹងជារនាំងពាំងផ្លូវ ក្នុងដំណើរឆ្ពោះទៅរកតំណែងជានាយករដ្ឋមន្ត្រី។ បញ្ហាធំៗទាំងនោះរួមមានការខ្វះខាតការគាំទ្រពីសមាជិកព្រឹទ្ធសភា ភាពមិនច្បាស់លាស់នៃបេក្ខជននាយករដ្ឋមន្ត្រី និងជម្លោះផ្ទៃក្នុងនៅក្នុងក្រុមចម្រុះ។ លើសពីនេះទៅទៀត គណបក្សភឿថៃ ដែលជាគណបក្សទទួលបាន អាសនៈរដ្ឋសភាច្រើនជាងគេលំដាប់ទី២ ក៏កំពុងសម្លឹងមើលឱកាសត្រួសត្រាយផ្លូវឱ្យបេក្ខជនរបស់ខ្លួនកា្លយជានាយករដ្ឋមន្ត្រីផងដែរ។

បច្ចុប្បន្ន គណបក្ស Move Forward ក្ដាប់អាសនៈនៅក្នុងដៃចំនួន ១៥១ នៅក្នុងចំណោមអាសនៈទាំង ៥០០ នៃរដ្ឋសភា គួបផ្សំជាមួយនឹងអាសនៈចំនួន ៣១២ នៃរដ្ឋាភិបាលចម្រុះមាន ៨គណបក្សចូលរួម និងអាចបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនដ៏មានស្ថិរភាពមួយ។ ក៏ប៉ុន្តែ​ នេះមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះរដ្ឋាភិបាលនេះមានតែដងខ្លួន តែនៅខ្វះក្បាលម៉ាស៊ីនដឹកនាំ។ ដើម្បីធានាឱ្យបាននូវតំណែងជានាយករដ្ឋមន្ត្រី មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ចាំបាច់ត្រូវតែប្រមូលឱ្យបាននូវសំឡេងគាំទ្រយ៉ាងតិច ៣៧៦ ពីសម័យប្រជុំរួមនៃរដ្ឋសភាមានសមាជិក ៥០០រូប និងសមាជិកព្រឹទ្ធសភា ២៥០រូប ដែលសុទ្ធសឹងជាមនុស្សរបស់យោធាថៃ។

* រនាំងពាំងផ្លូវសម្រាប់លោក Pita Limjaroenrat

ការប្រមូលឱ្យបាននូវសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភា គឺជាឧបសគ្គមួយដ៏ធំ និងដ៏លំបាក ហើយភាពលំបាកនេះមានមួយផ្នែកធំគឺដោយសារតែ គោលនយោបាយ និងការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់គណបក្ស Move Forward ក្នុងការធ្វើវិសោធនកម្មមាត្រា ១១២ មានចែងពីច្បាប់ប្រមាថព្រះចេស្ដា ដែល ត្រូវបានសមាជិកព្រឹទ្ធសភាថៃមួយចំនួនធំចាត់ទុកថាជាការគំរាមកំហែងដល់របបរាជានិយមថៃ និងអំណាចរបស់យោធាផ្ទាល់តែម្ដង។

លោក Pita ត្រូវប្រមូលឱ្យបានសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាយ៉ាងហោច ៦៤រូប ដើម្បីមានវាសនាអង្គុយកៅអីនាយករដ្ឋមន្ត្រី។ ប៉ុន្តែមកទល់នឹងពេលនេះ មានសមាជិកព្រឹទ្ធសភាត្រឹមតែ ២០នាក់ប៉ុណ្ណោះបានបង្ហាញទំនោរបោះឆ្នោតគាំទ្ររូបលោក។ កាន់តែយ៉ាប់ជាងនេះទៅទៀត នោះគឺបញ្ហាភាពស្របច្បាប់នៃ តំណែងជានាយករដ្ឋមន្ត្រីរបស់លោក Pita ដ្បិតលោករងការចោទប្រកាន់ថាបានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV ចាប់តាំងពីខែមីនា ឆ្នាំ២០១៧។

គណៈកម្មការរៀបចំការបោះឆ្នោតថៃ ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តមួយនៅពាក់កណ្ដាលខែកក្កដាខាងមុខ ថាតើមានភស្តុតាងគ្រប់គ្រាន់អាចបញ្ជូន សំណុំរឿងរបស់លោក Pita ទៅកាន់តុលាការធម្មនុញ្ញដែរឬក៏យ៉ាងណា? គេនៅចាំបានថាកាលពីឆ្នាំ២០១៧ តុលាការធម្មនុញ្ញថៃបានហាមឃាត់អ្នកដែលមាន ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ មិនឱ្យកាន់តួនាទីជាសមាជិកសភាបាននោះទេ។ លោក Pita អាចនឹងត្រូវបានគេដកហូតសមាជិកភាពសភា ប្រសិន បើតុលាការធម្មនុញ្ញ សម្រេចថាលោកបានបំពានលើបម្រាមនេះ។ ចូរកុំភ្លេចដែរថាគណបក្ស Future Forward ដែលជាគណបក្សដើមរបស់គណបក្ស Move Forward ត្រូវបានតុលាការធម្មនុញ្ញថៃរំលាយចោលកាលពីឆ្នាំ២០២០ ដោយចោទថាបានបំពានច្បាប់បោះឆ្នោតតាមរយៈការទទួលកម្ចីខុសច្បាប់។ ចំណែក មេដឹកនាំគណបក្ស Future Forward គឺលោក Thanathorn Juangroongruangkit និងមន្ត្រីជាន់ខ្ពស់បក្សមួយចំនួនទៀតត្រូវបានហាមឃាត់ពីនយោបាយ រយៈពេល ១០ឆ្នាំ និងត្រូវបានដកហូតសមាជិកភាពសភា ផងដែរ។

* តើនរណា ត្រូវអង្គុយកៅអីប្រធានរដ្ឋសភា?

បន្ថែមពីលើភាពមិនច្បាស់លាស់ខាងលើ, គណបក្សភឿថៃ និងគណបក្ស Move Forward កំពុងមានការខ្វែងគំនិតគ្នាថាតើនរណាស័ក្តិសមនឹងតំណែងជា «ប្រធានរដ្ឋសភា»។ គណបក្សភឿថៃ បានទទូចថាថ្នាក់ដឹកនាំរបស់ខ្លួន គឺលោក Chonlanan Srikaew គួរតែទទួលបានតំណែងជាប្រធានរដ្ឋសភា។ លោក Chonlanan Srikaew មានអាយុ ៦២ឆ្នាំ គឺជាវេជ្ជបណ្ឌិតម្នាក់ និងជាសមាជិករដ្ឋសភាប្រចាំខេត្ត Nan ភាគខាងជើងប្រទេសថៃ ដែលជាប់ឆ្នោតចំនួន ៦លើក រួចមកហើយ។

ការទាមទាររបស់គណបក្សភឿថៃ ត្រូវបានគេមើលឃើញថាជាការព្យាយាមទាញយកសម្បទានមួយចំនួនពីគណបក្ស Move Forward ជាថ្នូរនឹងការគាំទ្រ លោក Pita ជានាយករដ្ឋមន្ត្រី។ មិនតែប៉ុណ្ណោះ ភឿថៃថែមទាំងធ្លាប់បញ្ជាក់ច្បាស់ៗទៀតផងថាប្រធានរដ្ឋសភា គឺជាមនុស្សយុត្តិធម៌ និងអព្យាក្រឹត ដែលនេះ ហាក់ដូចជាការឆ្លើយតបទៅនឹងការអះអាងរបស់ Move Forward ថាខ្លួនត្រូវការតំណែងប្រធានរដ្ឋសភា ក្នុងគោលបំណងជំរុញរបៀបវារៈច្បាប់ ក្នុងនោះរួមមានទាំងការធ្វើវិសោធនកម្មមាត្រា ១១២ និងជួយសម្រួលដល់ការតាក់តែងរដ្ឋធម្មនុញ្ញថ្មីណាមួយ។

* ផែនការហ្គេមដ៏ធំរបស់ភឿថៃ

ផែនការហ្គេមដ៏ធំមួយរបស់គណបក្សភឿថៃ នឹងកំណត់ថាគណបក្សមួយណា នៅក្នុងចំណោមគណបក្សប្រឆាំងធំទាំង២នេះនឹងដណ្ដើមបានតំណែង នាយករដ្ឋមន្ត្រី។ បើមិនមានការគាំទ្រពីគណបក្សភឿថៃ ដែលមានអាសនៈនៅក្នុងដៃ ១៤១ទេ នោះក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward នឹងមិន អាចមានសង្ឃឹមយកតំណែងនាយករដ្ឋមន្ត្រីឱ្យលោក Pita បាននោះទេ ហើយក៏មិនអាចបង្កើតរដ្ឋាភិបាលមានស្ថិរភាពមួយនោះដែរ។ ម្យ៉ាងវិញទៀត ផ្ទុយពី Move Forward ដែលបដិសេធដាច់អហង្ការមិនធ្វើការ ឬរួមដៃជាមួយគណបក្សដែលធ្លាប់មានចំណងមេត្រីភាពជាមួយយោធា គណបក្សភឿថៃ មានភាពបន់បែនច្រើនជាង ទៅតាមកាលៈទេសៈ។ ភឿថៃអាចមានជម្រើសច្រើន ដូចជាការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយទៀតជាមួយគណបក្សដទៃដូចជា Bhumjaithai (មាន ៧១អាសនៈ) Democrat Party (មាន ២៥អាសនៈ) Chatthaipattana (មាន១០អាសនៈ) ឬក៏អាចរួមដៃជាមួយគណបក្ស Palang Pracharath (មាន៤០អាសនៈ)។

ដូច្នេះនៅក្នុងករណីដែលបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់លោក Pita ត្រូវបានបដិសេធ ឬក៏រដ្ឋាភិបាលចម្រុះរបស់ Move Forward ដួលរលំ នោះភឿថៃ នឹងចាប់យកឱកាសស្នើដាក់បេក្ខជនណាម្នាក់ ក្នុងចំណោមបេក្ខជនទាំង៣ របស់ខ្លួនសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ បេក្ខជនទាំង៣នាក់នេះ ក្នុងនោះរួមមាន អ្នកនាង Paetongtarn Shinawatra ជាកូនស្រីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន សេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin និងលោក Chaikasem Nitisiri។ នៅក្នុងចំណោមបេក្ខជនទាំង៣រូបនេះ លោក Srettha ជាអតីតនាយកប្រតិបត្តិ CEO ក្រុមហ៊ុន Sansiri ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយក្នុង ប្រទេសថៃ និងមានប្រវត្តិមកពីគ្រួសារអភិជន មើលទៅជាជម្រើសអាចទៅរួច ដោយសារតែលោកត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ សូម្បីតែនៅក្នុង ចំណោមសមាជិកព្រឹទ្ធសភា។ ទោះបីជាមានទំនាក់ទំនងយូរអង្វែងជាមួយគ្រួសារត្រកូល ស៊ីណាវ៉ាត់ ជាពិសេសជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យ៉ីងឡាក់ក៏ពិតមែន តែអាជីពនយោបាយរបស់លោក Srettha ទើបតែចាប់ផ្ដើមជាផ្លូវការនៅពេលដែលលោកទទួលបានតំណែងជាប្រធានទីប្រឹក្សារបស់ អ្នកនាង Paetongtarn តែប៉ុណ្ណោះ។

* ការប្ដេជ្ញាចិត្តរបស់លោក Srettha ចំពោះភឿថៃ

លោក Srettha បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។ លោកសុខចិត្តផ្ទេរភាគហ៊ុននៅក្នុងក្រុមហ៊ុន Sansiri ទៅឱ្យកូនស្រីរបស់លោក និងបានបោះបង់ចោលតំណែងទាំងអស់នៅក្នុងក្រុមហ៊ុន។ Sansiri គឺជាក្រុមហ៊ុនមួយត្រូវបានចុះបញ្ជីក្នុងផ្សារភាគហ៊ុនថៃ Stock Exchange of Thailand ដោយមានមូលធនសរុប ២៧.៤ពាន់លានបាត ឬស្មើនឹងជាង ៧៩០លានដុល្លារ។ ខណៈលោកបដិសេធចូលរួមក្នុងការវេទិកា តស៊ូមតិលើគោលនយោបាយ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Srettha បានរក្សាទំនាក់ទំនងយ៉ាងល្អជាមួយអ្នកគាំទ្រនៅលើ Twitter និងបាន ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជាមួយអតីតមេដឹកនាំក្រុមអាវក្រហម លោក Nattawut Saikua ជាពិសេសនៅពេលដែលអ្នកនាង Paetongtarn ដកខ្លួនចេញពីការធ្វើយុទ្ធនាការដោយសារការសម្រាលកូន។

គណបក្សភឿថៃ ក៏ហាក់ធ្លាប់បានឆ្លើយតបដោយផ្ដល់ការគាំទ្រដល់លោក Srettha ដែលបានប្រកាសជាសាធារណៈពីការត្រៀមលក្ខណៈរបស់លោក សម្រាប់ តំណែងជានាយករដ្ឋមន្ត្រីផងដែរ នៅឯយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ នៅក្នុងទីក្រុងបាងកក និងខេត្ត Nonthaburi។ ការប្រកាសរបស់លោក Srettha នៅពេលនោះដែរបានបញ្ជាក់ឡើងវិញពីជំហរតាំងតែពីដំបូងថាលោកនឹងមិនទទួលយកតំណែងផ្សេងនោះទេ។

* មិនមែនជាជម្រើសទី១របស់ភឿថៃ

មិនមានភាពប្រាកដប្រជាទេថាលោក Srettha នឹងក្លាយជាជម្រើសទី១របស់ភឿថៃ។ អ្នកនាង Paetongtarn ដែលជាអ្នកជំនាន់ក្រោយនៃត្រកូលស៊ីណាវ៉ាត់ ត្រូវបានគេមើលឃើញថាគឺជាជម្រើសរបស់គណបក្សសម្រាប់តំណែងជានាយករដ្ឋមន្ត្រី ខណៈលោក Srettha មិនធ្លាប់កាន់តំណែងណាមួយនៅក្នុង នយោបាយទេ។ តែ កាលៈទេសៈមើលទៅដូចជាអំណោយផលដល់លោក Srettha ជាងអ្នកនាង Paetongtarn។ នៅត្រង់ចំណុចនេះ ដោយសារតែបរាជ័យ ក្នុងការបោះឆ្នោត វានឹងបង្ខំឱ្យគណបក្សភឿថៃ ត្រូវធ្វើសម្បទានណាមួយដើម្បីសម្រួលដល់ការបង្កើតរដ្ឋាភិបាលចម្រុះ។ អ្នកនាង Paetongtarn ប្រហែលជា នឹងមិនត្រូវបានទទួលស្គាល់ដោយសមាជិកព្រឹទ្ធសភានោះទេ ហើយក៏ទំនងជាមិនអាចធ្វើជាដៃគូក្នុងក្រុមចម្រុះដែលមានមូលដ្ឋានគាំទ្រអ្នកអភិរក្សនិយម បាននោះដែរ ពីព្រោះអ្នកនាងមានឈាមរបស់លោក ថាក់ស៊ីន។

ដោយឡែក លោក Srettha វិញ ឋានៈជាអ្នកក្រៅរបស់លោកត្រូវបានគេចាត់ទុកថាជា «ចំណុចខ្សោយ» ដោយមើលទៅលោកមិនទទួលបានការគាំទ្រពេញ ទំហឹងពីគណបក្ស ឬក៏ការជឿទុកចិត្តពីលោក ថាក់ស៊ីន ឡើយ។ ប៉ុន្តែ ចំណុចខ្សោយនេះអាចជារឿងល្អក៏ថាបាន ពីព្រោះវាអាចក្លាយជាស្ពានរវាងក្រុមចម្រុះ ដឹកនាំដោយគណបក្សភឿថៃ និងក្រុមអ្នកអភិរក្សនិយមក្នុងប្រទេសថៃ។ តែយ៉ាងណាកដ៏ដោយ ​​ឱកាសជោគជ័យរបស់លោក Srettha នឹងត្រូវបានកំណត់ ដោយព្រឹទ្ធសភាថាតើពួកគេពេញចិត្តរូបលោក ឬក៏មនុស្សណាម្នាក់ផ្សេងទៀតដែលគេមិនរំពឹងទុក ដើម្បីដឹកនាំប្រទេស៕ Fresh News

អត្ថបទទាក់ទង