វិភាគអន្តរជាតិ៖ ហេតុអ្វីកាបូប Dior បង្កភាពវឹកវរនៅក្នុងនយោបាយកូរ៉េខាងត្បូង?
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កំពុងតស៊ូដើម្បីអាយុជីវិតនយោបាយរបស់លោក បន្ទាប់ពីការប៉ុនប៉ងបំបែកភាពជាប់គាំងនៅក្នុងសភា តាមរយៈការដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក រយៈពេលខ្លី ធ្វើឱ្យជីវិតនយោបាយរបស់លោកកាន់តែស្រពេចស្រពិល។ ការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកគឺជាព្រឹត្តិការណ៍មួយនៅក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតដែលបានធ្វើឱ្យលោក Yoon ធ្លាក់កូដស្ទើរដល់បាត រហូតដល់ធ្វើឱ្យរូបលោកត្រូវប្រឈមមុខនឹងនីតិវិធីចោទប្រកាន់ដកតំណែងនៅឯសភាជាតិ។
ព្រឹត្តិការណ៍មួយដែលបានធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងបង្វែរការខឹងសម្បារប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Yoon នោះគឺកាបូបដ៏ប្រណិតមួយម៉ាក Dior ដែលគេផ្ដល់ជាអំណោយទៅឱ្យភរិយារបស់លោក គឺលោកស្រី Kim Keon Hee ក្រោមកាលៈទេសៈមួយបង្កជាការសង្ស័យ។ រឿងអាស្រូវកាបូបម៉ាក Dior បានកើតឡើងតាំងពីឆ្នាំ២០២២ ហើយត្រូវបានទម្លាយឱ្យដឹងជាសាធារណៈកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបង្កជាភាពវឹកវរក្នុង នយោបាយកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០២៤។ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានសម្រេចឱ្យលោកស្រី Kim រួចផុតពីការចោទប្រកាន់ព្រហ្មទណ្ឌ បើទោះជាគណបក្សប្រឆាំងបាននិយាយថាកាបូបនោះគឺជាសំណូក និងអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យក៏ដោយ។ ទាំងលោក Yoon និងភរិយាបានអះអាងថាមិនបានប្រព្រឹត្តខុសអ្វីទេ ហើយថាអំណោយនោះជាផ្នែកមួយនៃផែនការដែលគេរៀបចំឡើងដើម្បី បង្ខូចកេរ្តិ៍ឈ្មោះអ្នកទាំង២។
* ហេតុអ្វីកាបូប Dior បង្កជាព្យុះនយោបាយនៅកូរ៉េខាងត្បូង?
បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង វីដេអូត្រូវបានថតទុកដោយគ្រូគង្វោលម្នាក់ឈ្មោះ Choi Jae-young ដែលបានព្យាយាមបន្ទន់គោលជំហរដ៏តឹងរ៉ឹងរបស់លោក Yoon ចំពោះកូរ៉េខាងជើង បានបង្ហាញពីកាបូបម៉ាក Dior មួយដែលត្រូវបានគេទិញក្នុងតម្លៃ ៣លានវ៉ុន ឬស្មើនឹងជាង ២២៥០ដុល្លារ។ ដោយប្រើប្រាស់កាមេរ៉ាបង្កប់ក្នុងនាឡិកាដៃមួយ លោក Choi ក្រោយមកទៀត បានដើរចូលទៅក្នុងការិយាល័យមួយដែលត្រូវបានគេជឿថាជា ការិយាល័យផែនការរបស់លោកស្រី Kim និងបានបង្ហាញថង់ដាក់អីវ៉ាន់មួយដែលត្រូវបានរាយការណ៍ថាមានកាបូបម៉ាក Dior មួយនៅក្នុងនោះ។ លោក Choi ហុចថង់នោះទៅឱ្យលោកស្រី Kim ហើយបើតាមវីដេអូថតទុក ហាក់បង្ហាញថាលោកស្រីបានទទួលយកកាបូបនោះ។ វីដេអូនេះត្រូវបានបង្ហោះនៅឆ្នាំ២០២៣ នៅលើគេហទំព័រមួយមាននិន្នាការឆ្វេងនិយមដែលតែងតែមានទស្សនៈប្រឆាំងគោលនយោបាយរបស់លោក Yoon។ ច្បាប់ នៅកូរ៉េខាងត្បូង បានហាមប្រាមមន្ត្រីសាធារណៈ និងស្វាមីភរិយារបស់ពួកគេពីការទទួលយកអ្វីដែលមានតម្លៃលើសពី ៧៥០ដុល្លារ។
* អ្វីទៅជាផលវិបាក?
រឿងអាស្រូវកាបូប បានធ្វើឱ្យគេចងចាំឡើងវិញនូវរឿងអាស្រូវមួយដែលគេស្គាល់ជាភាសាអង់គ្លេសថា «pay-to-play» ដែលមនុស្សប្រើប្រាស់អំណាចនយោបាយដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ រឿងអាស្រូវកាបូប ក៏បានជំរុញផងដែរឱ្យមានការជជែកវែកញែកថាតើលោកស្រី Kim ជាអ្នកធ្វេសប្រហែលដោយធ្វើឱ្យផ្ទុះរឿងអាស្រូវដោយខ្លួនឯង ឬក៏ លោកស្រីត្រូវបានគេកំណត់ជាគោលដៅដោយសារតែជាភរិយារបស់លោកប្រធានាធិបតី កូរ៉េខាងត្បូង។ កាលពីខែកក្កដា ឆ្នាំ២០២៤ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានសួរចម្លើយលោកស្រី Kim អស់រយៈពេល១២ម៉ោងពាក់ព័ន្ធនឹងរឿងអាស្រូវកាបូប។ ក្រោយការសួរចម្លើយ ក្រុមមេធាវីរបស់លោកស្រីបានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Yonhap ថាលោកស្រីបានឆ្លើយសំណួរដោយភាពស្មោះត្រង់ និងប្រាប់តែការពិត។ ក្រុមរដ្ឋអាជ្ញាមិនបានរកឃើញភស្តុតាងបញ្ជាក់ថាលោកស្រី Kim បានផ្ដល់អ្វីទៅវិញ ជាថ្នូរនឹងការទទួលបានកាបូប នោះទេ។ លោក Yoon វិញក៏បាននិយាយក្នុងបទសម្ភាសន៍មួយដែរថា «វាជារឿងសំខាន់ដែលត្រូវគូសបន្ទាត់មួយឱ្យច្បាស់ថារឿងអាស្រូវបែបនេះនឹងមិនកើតឡើងជាថ្មីដាច់ខាត»។
ប៉ុន្តែពាក្យសម្ដីប៉ុន្មានម៉ាត់របស់លោក Yoon មិនអាចធ្វើឱ្យកំហឹងពាក់ព័ន្ធនឹងកាបូបម៉ាក Dior សាបរលាបនោះទេ ហើយគូប្រជែងនយោបាយរបស់លោក Yoon នៅតែបន្តប្រើប្រាស់រឿងអាស្រូវកាបូបវាយប្រហារលើ ប្រធានាធិបតីស្ទើរពេញមួយឆ្នាំ២០២៤។ រហូតដល់កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅនេះ លោក Yoon បានធ្វើឱ្យកូរ៉េខាងត្បូងទាំងមូលចលាចលាអស់ជាច្រើនម៉ោង ដោយសម្រេចចិត្តប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក នៅទូទាំងប្រទេស មុនដកចេញវិញនៅព្រឹកថ្ងៃទី៤ ខែធ្នូ ក្រោយមានការជំទាស់ពីសភា។ ឥលូវ លោក Yoon កំពុងប្រឈមនឹងការដំណើរការនីតិវិធីចោទប្រកាន់ដកតំណែង និងការអំពាវនាវឱ្យចុះចេញពីតំណែង។
* តើមានភាពចម្រូងចម្រាសអ្វីទៀត ដែលលោក Yoon និងលោកស្រី Kim បានប្រឈម?
នៅពេលលោក Yoon ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី លោកស្រី Kim ធ្លាប់បានធ្វើការសូមទោសក្នុងឆ្នាំ២០២១ សម្រាប់ការបំប៉ោងការបញ្ជាក់ការសិក្សា នៅពេលលោកស្រីដាក់ពាក្យសុំងារជាសាស្ត្រាចារ្យ។ ក្រសួងអប់រំ កូរ៉េខាងត្បូង បានបើកការស៊ើបអង្កេត និងរកឃើញថាលោកស្រីបានកុហកថាមានសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ចមកពីសាកលវិទ្យាល័យ Seoul National University។ នេះបើតាមសេចក្ដីរាយការណ៍របស់ ទូរទស្សន៍ KBS។ បក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូងក៏បានចោទប្រកាន់លោកស្រី Kim ដែរថាបានក្លែងបន្លំភាគហ៊ុនក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១។
ប៉ុន្តែ លោកស្រី Kim និងការិយាល័យប្រធានាធិបតីបានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថាជាការចោទប្រកាន់មានបង្កប់ចេតនានយោបាយ។ គណបក្សប្រឆាំងថែមទាំងបានចោទប្រកាន់ទៀតផងថាលោក Yoon និងលោកស្រី Kim ធ្វើសកម្មភាពលូកលាន់កិច្ចការបោះឆ្នោតដោយខុសច្បាប់ តែលោក Yoon និងលោកស្រី Kim នៅតែប្រកែកថាមិនបានធ្វើខុស៕ ប្រភព៖ Fresh News