Grand News Asia Close

សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រង់ប្រសាសន៍ 378
សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២ សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២

CNV:

ឯកឧត្តម ជុង អ៊ុយុង (Chung Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP
ឯកឧត្តម មុស្សាហ៊ីត ហូសេន សាយ៉េត (Mushahid Hussain Sayed) សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងអង្គប្រជុំ!
ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២ នាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះកិច្ចខិតខំប្រឹងប្រែង​ក្នុង​ការរៀបចំកិច្ចប្រជុំរបស់យើងនាពេលនេះ​និងការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស​នយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនាឱកាសនេះ។

គណបក្សប្រជាជនកម្ពុជា មានមោទនភាពដែលជាគណបក្សកាន់អំណាច តាមរយៈការបោះឆ្នោតយ៉ាងទៀតទាត់ ហើយគណបក្សយើងមានកិត្តិយសដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់​ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ មហាសន្និបាត ICAPP លើកទី១២ នាពេលនេះ នឹងធ្វើការប្រមូលផ្តុំ​កម្លាំង​របស់​គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការលើក​កម្ពស់សន្តិភាព និងការផ្សះផ្សា តាមរយៈ ១) ការទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ច​សម្រប​សម្រួលល្អ (Good Offices) ៣) យុត្តិធម៌អន្តរកាល ៨) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតប​ចំពោះបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥) សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព​ក្នុង​ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរបស់អង្គការ ICAPP ក្នុងការតភ្ជាប់​ជាមួយនឹងអង្គការអន្តរជាតិសំខាន់ៗ និងបណ្តាញគណបក្ស នយោបាយនៅអឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក ក៏ដូចជាគណបក្សនយោបាយ ដែលមានសមានចិត្តបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹងគណបក្សនៅអាស៊ី។ មហាសន្និបាត ICAPP លើកទី១២ ក៏បានដាក់បញ្ចូលកិច្ចប្រជុំតុមូលនៃគណបក្សនយោបាយអន្តរតំបន់ ក្រោម​ប្រធានបទ «តួនាទីគណបក្សនយោបាយក្នុងការកសាង សន្តិភាព និងការផ្សះផ្សា ដែលមានការ​អញ្ជើញ​ចូលរួម​ពីតំណាងមកពីគណបក្ស នយោបាយនៅតំបន់អាហ្វ្រិក អឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដើម្បីលើកកម្ពស់កិច្ច សន្ទនា និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនមកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដែលនឹងចូលរួម​ចំណែកដល់ការលើកកម្ពស់តួនាទី និងសាមគ្គីភាពរបស់គណបក្ស នយោបាយ និងភាគីពាក់ព័ន្ធ ក្នុងការកសាង​សន្តិភាព ជំរុញការផ្សះផ្សា និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនាមជាគណបក្សដឹកនាំមួយនៅក្នុងអង្គការ ICAPP គណបក្សប្រជាជនកម្ពុជា បានគាំទ្រដល់ការពង្រីក​ដៃគូ​សហប្រតិបត្តិការរបស់ ICAPP ជាពិសេសតាមរយៈក្រុម ប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាមធ្យោបាយ​សំខាន់ក្នុងការតភ្ជាប់របៀងវប្បធម៌ខុសៗគ្នា រវាងសមាជិកគណបក្សនយោបាយ ICAPP ក៏ដូចជាស្ថាប័ន​នៃ​អង្គការសហប្រជាជាតិ ដូចជា អង្គការយូណេស្កូ ជាដើម។ ក្នុងន័យនេះ យើងបានដាក់បញ្ចូលកិច្ចប្រជុំក្រុម​ប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌ សម្រាប់ការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា ដោយសង្ឃឹមយ៉ាងមុតមាំថាការ ពង្រឹងកិច្ចសហប្រតិបត្តិការរបៀងវប្បធម៌ ជាមួយនឹងគណបក្ស​នយោបាយដែលមាននិន្នាការនយោបាយខុសៗគ្នា មានសារៈសំខាន់ណាស់ដើម្បីជំរុញការតភ្ជាប់ជាមួយនឹង​បណ្តាប្លុកប្រទេសផ្សេងៗ ដោយផ្អែកលើវប្បធម៌នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅ​មក និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីការរួមរស់ជាមួយគ្នាដោយសន្តិភាព អធិបតេយ្យស្មើភាព វឌ្ឍនភាពនៃបច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌សន្ទនា និងវិបុលភាពសេដ្ឋកិច្ច (3M4Peace) ឱ្យបានល្អ។

គណបក្សប្រជាជនកម្ពុជា ក៏យកចិត្តទុកដាក់ខ្ពស់ចំពោះវេទិកាយុវជន ICAPP និងវេទិកាស្ត្រី ICAPP និង​សេរីភាព​សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្នុងន័យនេះ យើងបានដាក់បញ្ចូលកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី​៧ ក្រោមប្រធានបទ “ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព” ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ក្នុងការតភ្ជាប់កិច្ចសហ ប្រតិបត្តិការរវាងគណបក្ស នយោបាយ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលក្តីកង្វល់រួមមួយរបស់ពិភពលោកបច្ចុប្បន្ន។

ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវ និងអង្គប្រជុំទាំងមូល!
បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជាមានភាពនឹងនរល្អ ដែលផ្តល់ភាពអនុគ្រោះ ដល់ការអភិវឌ្ឍលើគ្រប់​វិស័យ និងការកែលម្អជីវភាពប្រជាជន។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន​កម្ពុជា ដែលមានខ្ញុំជាប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានលើក​កម្ពស់សាមគ្គីភាព ឯកភាពជាតិ ការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ធានាឱ្យប្រទេសជាតិ រក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ​សណ្តាប់ធ្នាប់សង្គមយ៉ាងរឹងមាំ និងធានា ដំណើរការអភិវឌ្ឍលើគ្រប់វិស័យបន្តទៀត។ សន្តិភាព ស្ថិរភាព​នយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនត្រូវបាន ការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល។ ទិសស្លោក “អរគុណសន្តិភាព ខ្ញុំស្រឡាញ់សន្តិភាព មាន សន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់” បានក្លាយជាស្មារតីសង្គមដ៏ខ្លាំងក្លា រស់រវើក ក្នុងការការពារ រាល់សមិទ្ធផលសង្គមជាតិ និងដំណើរទៅមុខរបស់ជាតិ។ ដូច្នេះ កម្ពុជាសង្ឃឹមថាកម្ពុជានឹងអាចចូលរួមចំណែក ចែករំលែកអំពីបទពិសោធរបស់កម្ពុជា ក្នុងដំណើរកសាង ថែរក្សា និងលើកកម្ពស់សន្តិភាព និងការផ្សះផ្សា​ទៅ​កាន់ពិភពលោកទាំងមូល។

ក្នុងស្មារតីនេះ ខ្ញុំសូមជម្រាបជូនថា មហាសន្និបាត ICAPP លើកទី១២ នឹងមានការអនុម័តលើឯកសារសំខាន់ៗ ចំនួន ៤ រួមមាន៖ ១-សេចក្តីប្រកាសសន្តិភាពទីក្រុងភ្នំពេញ, ២-សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំក្រុមប្រឹក្សា​វប្បធម៌​អាស៊ីលើកទី៣, ៣-សេចក្តីថ្លែងការណ៍នៃវេទិកាសារព័ត៌មានលើកទី៧, និង ៤-សេចក្តីថ្លែងការណ៍ស្តីពី​លទ្ធផល​នៃកិច្ចប្រជុំតុមូលនៃគណបក្សនយោបាយអន្តរតំបន់។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ និងគណៈ​កម្មការអចិន្ត្រៃយ៍ ICAPP និងមហាសន្និបាត ICAPP លើកទី ១២ នឹងគាំទ្រខ្លឹមសារ និងសេចក្តីថ្លែងការណ៍ទាំង​អស់នេះ ដែលគណបក្សប្រជាជនកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានដាក់ស្នើដើម្បីចូលរួមលើកកម្ពស់សន្តិភាព និងការផ្សះផ្សា ក្នុងតំបន់ និងសកល។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអញ្ជើញ ឯកឧត្តម លោកជំទាវ និងអង្គប្រជុំទាំងមូល ចូលរួមក្នុងសម័យប្រជុំពេញ​អង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IFTP) ដែលរដ្ឋសភាកម្ពុជារធ្វើជាម្ចាស់ផ្ទះ ដែល​នឹងប្រព្រឹត្តទៅក្រោយមហាសន្និបាត ICAPP លើកទី១២ មួយថ្ងៃ ពោលគឺថ្ងៃទី ២៣-២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​ចូលរួមជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា ព្រម​ទាំ​ង​ចូលរួម​គាំទ្រដល់ការអនុម័តធម្មនុញ្ញសន្តិភាពសកលះ៖ ដើម្បីមនុស្សជាតិ និងភពផែនដី ដែលនឹងក្លាយ​ជាក្របខ័ណ្ឌ​អន្តរជាតិមួយ បង្កើតឡើងដើម្បីពង្រឹងនូវសាមគ្គីភាព និងភាពជាដៃគូសកល ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងភាពរុងរឿងសម្រាប់មនុស្សជាតិ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ និងអង្គប្រជុំទាំងមូល មានសុខភាពល្អ និងសម្រេចជោគជ័យ​គ្រប់ភារកិច្ច និងសូមជូនពរឱ្យមហាសន្និបាត ICAPP លើកទី១២ សម្រេចបានលទ្ធផលជោគជ័យ និងប្រកប​ដោយ​ផ្លែផ្កា។

សូមអរគុណ!

អត្ថបទទាក់ទង