Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1013


CMF:

  • ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងសមាជិក សមាជិកា រាជរដ្ឋាភិបាល
  • គណៈធិបតី ភ្ញៀវកិត្តិយស ឧទ្ទេសាចារ្យ អាចារ្យអាចារិនី លោកយាយ លោកតា អង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេស លើកទី១១» ដែលជាការជួបជុំដើម្បីអបអរសាទរនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥, ព្រមទំាងដើម្បីវាយតម្លៃសមិទ្ធកម្ម, ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅកែលម្អ, កំណត់វិធានការ  ដោះស្រាយ និងផែនការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យក្លាយទៅជាកម្លាំង សីលធម៌សង្គមខ្មែរដ៏ពិតប្រាកដ និងជាសសរស្តម្ភ នៃសុខដុមជំនឿសាសនានៅកម្ពុជា។

ការរៀបចំឱ្យមានពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេស ជារៀងរាល់ឆ្នាំនេះ, បានកំពុងឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និងតួនាទីរបស់អាចារ្យ-អាចារិនីនៅក្នុងសង្គមខ្មែរ ស្របតាមទិសស្លោក  «អាចារ្យល្អ វប្បធម៌រីកចម្រើន សហគមន៍រុងរឿង។ អាចារ្យ-អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និងទំនៀមទម្លាប់, ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន, អប់រំកុមារ និងយុវជន, សាបព្រោះបណ្តុះគុណធម៌, សីលធម៌ និងសុជីវធម៌ និងជាតំណភ្ជាប់ រវាងព្រះពុទ្ធសាសនា, គ្រួសារ, សហគមន៍ និងសង្គម របស់ជនជាតិខ្មែរ។

ក្នុងន័យនេះ, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអាចារ្យ-អាចារិនី ទាំងអស់នៅទូទាំងប្រទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងប្រឹងប្រែងថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ជនជាតិខ្មែរ។ ទន្ទឹមនេះ, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ដែលបានខិតខំបំពេញតួនាទីភារកិច្ច ប្រកបដោយស្មារតីបុរេសកម្ម, អន្តរសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ សម្របសម្រួល និងជំរុញការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា និងថែរក្សាសុខដុមជំនឿសាសនានៅកម្ពុជា, ជាពិសេស​ ការដាក់ចេញនូវប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល» ដើម្បីជំរុញការប្រើប្រាស់បណ្តាញសង្គម សម្រាប់ការរៀន, ការបង្រៀន និងការផ្សព្វផ្សាយព្រះធម៌។

ខ្ញុំសូមយកឱកាសនេះ, លើកទឹកចិត្តដល់អាចារ្យ-អាចារិនីទូទាំងប្រទេស សូមបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវសីលធម៌, គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់, ព្រមទាំងបន្តចូលរួមថែរក្សា ការពារ និងផ្សព្វផ្សាយព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីចូលរួមចំណែកកសាងសង្គមកម្ពុជា ប្រកបដោយសាមគ្គីភាព, សុខដុមរមនា និងវិបុលភាព។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

អាចារ្យគឺជាអ្នកដឹកនាំផ្លូវចិត្ត ជាអ្នកបង្ហាត់បង្រៀន និងជាសសរទ្រូង ក្នុងការភ្ជាប់រវាងវត្តអារាមនិងពុទ្ធសាសនា។ ជាទូទៅ បើយើងទៅវត្ត (ដើម្បី)បានស្តាប់ផ្ទាល់ពីព្រះសង្ឃគឺទាល់តែយើងចូលទៅក្នុងថ្វាយបង្គំព្រះ។ ប៉ុន្តែ អាចារ្យកាន់មេក្រូនៅក្រៅ ហើយក៏មិនសូត្រតែធម៌អមជាមួយព្រះសង្ឃទេ តែ(ក៏បានផ្សព្វផ្សាយ)ការអប់រំទូទៅ(ផងដែរ)។ ខ្ញុំចាំថា កាលនៅពីក្មេង ទៅ(វត្ត) យើងអត់ចូលទៅ(ព្រះវិហារ)ទេ។ លោកយាយលោកតា អ្នកម្ដាយចូលទៅអុជធូប(ក្នុងវិហារ រីឯ)ក្មេងៗលេងនៅក្រៅ។ ទោះជាយ៉ាងណា យើងបានស្តាប់អាចារ្យអប់រំណែនាំ(នៅខាងក្រៅតាមរយៈមេក្រូ)។ អាចារ្យមានតួនាទីសំខាន់នៅក្នុងការរៀបចំពិធីបុណ្យសាសនា មង្គលការ។ ខ្ញុំសូមគាំទ្រដល់ឯកឧត្តម ចាយ បូរិន ចំពោះការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលស្តង់ដារួម។

ព្រឹកមិញ មុនចេញមក គ្រួសារខ្ញុំ(បានផ្តាំ)ថា «បងថ្ងៃនេះទៅជួបជាមួយអាចារ្យ/រិនី។ ខ្ញុំសួរបងមួយមើល តើគេដុតធូបបាយសីពីក្រោមឡើងលើ ឬពីលើចុះក្រោម?»។ រឿងហ្នឹងខ្ញុំធ្លាប់លើក។ ខ្ញុំបានចម្លើយ៣។ ជាបទពិសោធផ្ទាល់របស់ខ្ញុំ។ ខ្ញុំប្រាប់គាត់ថា តើអូនចង់បានចម្លើយច្បាស់លាស់ ឬចម្លើយការទូត? ព្រោះខ្ញុំបានចម្លើយទាំង៣។ មកដល់ម៉ោងនេះ (នៅតែ)មិនដឹងថាចម្លើយមួយណា(ត្រូវ)ផង។ ថ្ងៃមួយ ពេលព្រឹក មានការបញ្ចុះ​បឋមសិលាកសាងអគារសាលារៀននៅស្ទឹងត្រង់។ (ក្នុងពិធី)រៀបចំបាយសី អាចារ្យ​ថា ត្រូវតែដុតពីក្រោមឡើងលើដាច់ខាត។ គាត់ពន្យល់ហេតុផលថា ធម្មតាយើងឡើងទៅឋានសួគ៌ យើងមិនដែលឡើងពីលើមកមុនទេ។ យើងត្រូវឡើងជាជំហានពីក្រោមទៅលើ។ ទទួល។ ចប់ពីហ្នឹង ខ្ញុំទៅមេមត់ដើម្បីបញ្ចុះបឋមសិលាកសាងអគារគណបក្ស។ អាចារ្យល្ងាចនោះថា “ត្រូវតែដុតពីលើចុះមកក្រោម”។ ខ្ញុំថា ទេ! ព្រឹកមិញអាចារ្យបានពន្យល់ច្បាស់ថាពីក្រោមឡើងលើ។

ខ្ញុំពន្យល់គាត់។ គាត់ថា មិនអញ្ចឹងទេ។ យើងធ្វើអី្វក៏ដោយ ត្រូវថ្វាយព្រះមុន បានអ្នកក្រោមព្រះ(ធ្វើតាម)ក្រោយ។ រឿងហ្នឹង ប៉ុន្មានឆ្នាំក្រោយ ខ្ញុំនៅមិនអស់ចិត្តទៀត។ (ក្រោយមកទៀត) ក្នុងកម្មវិធីមួយ ខ្ញុំបានសុំសួរសម្តេចសង្ឃ(មួយអង្គ)។ “ព្រះតេជព្រះគុណ! តើយើងអុជ(ធូបបាយសី)ពីលើទៅក្រោម ឬពីក្រោមឡើងលើ? ព្រោះមានអាចារ្យ២នាក់ បានពន្យល់ដោយមានទឡ្ហីករណ៍រៀងៗខ្លួន។ ព្រះអង្គថា “មិនអីទេ! ពីក្រោមក៏បាន ពីលើក៏បាន ឲ្យតែឆេះទាំងអស់”។ រឿងហ្នឹងអញ្ចឹង។ មិនមែនតែរឿងអុជធូបបាយសីទេ។ មានរឿងខ្លះ គិតថា អត្ថន័យ(ក្នុងការ)ប្រតិបត្តិអត់ត្រូវគ្នា។ ពិបាក(ក្នុងការដំណើរការពិធី)។ ឧ. ពិធីមង្គលការ តាមទម្លាប់អ្នកត្រូវចូលទៅចងដៃពីឆ្វេងទៅស្តាំ។ ប៉ុន្តែ នៅកន្លែងការខ្លះ អាចារ្យខ្លះថា អត់អីទេ ចូលតាមហ្នឹងចេញតាមហ្នឹងទៅជិត។

មានមួយរឿងទៀតនោះ(គឺស្តីអំពីធម៌) យំកិញ្ចិ។ ធម្មតាធម៌ យំកិញ្ចិ ព្រះអង្គ​ថា យើងចេញអធិដ្ឋាន ដេញរបស់ស្អីៗដែលអាក្រក់ (ត្រូវ)ចាក់(ទឹក)ចូលទៅក្នុង(ផ្តិលអ្វីមួយ) ហើយយកទឹកទៅចាក់ចោល … ម្តងនោះ នៅបន្ទាយទាហាន។ អាចារ្យ​គាត់ឲ្យ យំកិញ្ចិ (ចាក់ទឹក)ចូលទៅក្នុងផ្តិលរួម ហើយយកទឹកហ្នឹងកូរ​ប្រោសព្រំឲ្យទាហាន។ អញ្ចឹង ខ្ញុំអត់យល់ថាមួយណា(ត្រឹមត្រូវ)។ អ្វីដែលខ្ញុំចង់និយាយនោះ គឺចាំបាច់ត្រូវមានស្តង់ដា សង្គតិភាព ព្រោះវប្បធម៌តែមួយ ជាតិតែមួយ ទំនៀមទម្លាប់តែមួយ។ បើក្លាយ ក្លាយទៅជាមួយគ្នា កុំឲ្យក្លាយមួយឆ្វេង មួយស្តាំ បកស្រាយខុសគ្នា។ បើមិនអញ្ចឹងទេ យកអាចារ្យ២នាក់ទៅរៀបពិធីមួយ រវល់តែអាចារ្យអត់ត្រូវគ្នា ការរៀបចំនឹងមិនអាចដំណើរការបាន។ ខ្ញុំឯកភាពទៅលើការ(រៀបចំស្ដង់ដារួមមួយ) ព្រោះអាចារ្យដើរ​តួនាទីសំខាន់ក្នុងការថែរក្សាទំនៀមទម្លាប់។ទំ​នៀមទម្លាប់មានភាពច្បាស់លាស់ណាស់ ដែលត្រូវបន្តអនុវត្ត ហើយពុទ្ធបរិស័ទ អ្នករៀបពិធីជឿអាចារ្យ ព្រោះពេលរៀបពិធី អត់មានព្រះសង្ឃមករៀបទេ។

ភាគច្រើនអាចារ្យអ្នករៀបមុន។ ដល់ម៉ោងព្រះសង្ឃនិមន្តមក។ រាល់ពិធីទាំងអស់ មិនថា មង្គលការ ពិធីបុណ្យសាសនា យើងត្រូវស្តាប់(អាចារ្យ)។ ខ្ញុំឯកភាព(និង)គាំទ្រ ហើយទន្ទឹមនឹងអបអរសាទរចំពោះសមិទ្ធផលដែលយើងបានធ្វើ សូមពង្រឹងបន្តទៀត។ ការធានា(ឱ្យមានស្តង់ដាសង្គតិភាព)នេះសំខាន់ ព្រោះបើសិនជាក្លាយ ត្រូវប្រយ័ត្នបំផុត។ ប្រយ័ត្នក្លាយតាម YouTube។ នៅក្នុងវិស័យវប្បធម៌ ក្លាយតាម YouTube ហ្នឹងគ្រោះថ្នាក់។ ថ្ងៃមុន ជាមួយលោកជំទាវ ភឿង សកុណា យើងបាននិ​យាយគ្នាអំពីរឿងប្រពៃណី រឿងសម្លៀកបំពាក់ប្រពៃណីអី ដែលស្រដៀងគ្នា(នឹងប្រទេសជិតខាង)។ អញ្ចឹង​ត្រូវ(មានការ)បណ្តុះ​បណ្តាល។ ឧទាហរណ៍ថា ភ្នួង ត្រូវបង្រៀនឲ្យគាត់យល់ថា ស្អីស្បៃរបស់យើង ស្អីស្បៃរបស់អ្នកជិតខាង។ របស់បន្តិចៗ ហ្នឹង ប្រយ័ត្នគាត់មិនដឹង។ គាត់មើល YouTube ឃើញថាហ្នឹងស្អាត និងថោក ក៏ទិញមក។ បើមិនអញ្ចឹងទេ អ្នកជិតខាងគេអរគុណដែលយើងបានប្រើស្បៃគេ។

ក្នុងសាសនាដូចគ្នា។ ប្រយ័ត្នក្លាយ។ ពិធីមង្គលការខ្មែរយើងវែង។ គេធ្វើខ្លីទេ។ ទាញតែស្អីមកដាក់លើក្បាលហ្នឹង ចប់បណ្តោយ។ (រីឯយើង)សូមធ្វើឲ្យមានក្រឹត្យក្រម។ ឥឡូវស្រួល ខ្ញុំគាំទ្រការប្រើឌីជីថលក្នុងការបង្ហាញ។ មិនចាំបាច់ចូលរៀនក្នុងថ្នាក់។ មេរៀនដែលរៀនក្នុងថ្នាក់នេះអាចបង្ហោះតាម(បណ្ដាញសង្គម) ដើម្បីរៀនបានទាំងអស់គ្នា។ រំលឹកជាប្រចាំ។ ទំនៀមទម្លាប់ក្លាយពីមួយជំនាន់ទៅមួយជំនាន់។ វាប្រែ។ សូម្បីតែពិធីមង្គលការ យើងថាពីដើម ទាល់តែថ្ងៃការ បានឲ្យកូនកម្លោះចូលនៅក្នុងផ្ទះ។ មុនថ្ងៃការ គេធ្វើរោងមួយដេកនៅក្រៅផ្ទះ។ មិនមាន Pre-wedding ដូចឥឡូវទេ។ វាក្លាយ។ ប៉ុន្តែក្លាយក្នុងទ្រង់ទ្រាយមួយដែលយើងគ្រប់គ្រង។ ជួនកាល (ក៏មានការធ្វើ)ទំនើបកម្ម។ កាលមុនការ ៣, ៤, ឬ៥ថ្ងៃ។ អញ្ចឹងពិធីមានច្រើន។ ឥឡូវ បើសិនជា​កាត់ ត្រូវឲ្យឯកភាពគ្នាថា កាត់អ្វីខ្លះ ទុកពិធីណាខ្លះសំខាន់ មុនក្រោយយ៉ាងម៉េច។ អញ្ចឹង ពេលរៀបគ្រប់កន្លែងទៅវាទៅជាអញ្ចឹងព្រោះសង្គមប្រែប្រួល។

បច្ចុប្បន្ន មិនមាននរណាមានពេលរៀបការ ៣ថ្ងៃកន្លះទេ។ ឥឡូវគេក្លាយមកត្រឹមតែពាក់កណ្តាលថ្ងៃផង។ កន្លែងខ្លះ ព្រឹកការ ថ្ងៃជប់លៀង ចប់។ យើងត្រូវទទួលស្គាល់ថា ការប្រែប្រួលនេះគឺប្រែប្រួលតាមសង្គម។ ប៉ុន្តែ ប្រែប្រួលយ៉ាងណា(ក៏ដោយ ក៏)ត្រូវមានក្រឹត្យក្រម មានការគ្រប់គ្រងច្បាស់លាស់ ដើម្បីកុំឲ្យបាត់អត្តសញ្ញាណ។ ជាពិសេស ដែលបារម្ភបំផុតគឺការ Copy អត្តសញ្ញាណខុស។ ទំនៀមទម្លាប់(ខ្មែរ)ធំណាស់។ ពិភពលោកប្រែប្រួល បច្ចេកវិទ្យាធ្វើឲ្យមនុស្សដូចគ្នាអស់ហើយឥឡូវ។ កូនខ្មែរភ្នែកខៀវដែរ ព្រោះគាត់ពាក់ Lens។ គាត់ហូប Burger ដូចនៅអឺរ៉ុប។ ប៉ុន្តែមានអ្វីមួយដែលមិនអាចឲ្យជាតិមួយ (ប្រែទៅជាអ្វីដែល)គេថាដូច(តែ)គេដូច(តែ)ឯង ទៅជាលែងមានអី្វច្បាស់លាស់។ (អ្វីនោះក៏គឺ)ជាអត្តសញ្ញាណជាតិ វប្បធម៌និងទំនៀមទម្លាប់ហ្នឹងឯង

អញ្ចឹង អាចារ្យ-អាចារិនី ដើរតួនាទីសំខាន់។ ដូចខ្ញុំនិយាយក្នុងពិធីសាសនា យើងអត់ទាន់ប្រែទេ។ បើសិនជាបងប្អូនខ្លះកាន់សាសនាផ្សេង អញ្ចឹងក៏តាមគេទៅ។ ប៉ុន្តែ សម្រាប់(អ្នកកាន់)សាសនាព្រះពុទ្ធ ពីមួយជំនាន់ទៅមួយ​ជំនាន់ យើងត្រូវថែប្រពៃណី និងទំនៀមទម្លាប់។ ទី២ តួនាទីសំខាន់របស់អាចារ្យ គឺការអប់រំសីលធម៌ រក្សាទម្លាប់ប្រពៃណី ផ្សព្វផ្សាយ រក្សាសុខដុមនីយកម្ម។ ការអប់រំសីលធម៌ គុណធម៌ ជាកិច្ចការសំខាន់ និងកាន់​តែ​មានសារៈសំខាន់ នៅក្នុងសង្គមដែលកាន់តែទំនើប កាន់តែសម្បូរ។ បានន័យថា (ក្នុង)សង្គម(ដែលប្រឈមនឹងការ)ក្លាយ(អត្តសញ្ញាណ)។ (ម៉ោងរោទិ៍) … ជំនាន់ឌីជីថល មាន់រងាវខុសម៉ោង។

យើងមិនអាចហាមឃាត់ បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ យុវជន មិនឲ្យមើលកុនបរទេស រៀនស្រាវជ្រាវពីវប្បធម៌បរទេស មិនឲ្យប្រជាជនយើងនៅតែអភិរក្សគ្រប់ជ្រុងនោះទេ។ អញ្ចឹង ប្រជាពលរដ្ឋយើងទទួលយកការប្រែប្រួលទៅតាមសម័យទំនើប។ វានឹងប្រែប្រួលទៅលើតម្រូវការ។ ពីមុនត្រូវការតែកង់មួយ។ ឲ្យតែមានកង់មួយ ទៅ រួចហើយ។ មិនដូចនោះទេ។ (ក្រោយមក)ត្រូវការម៉ូតូ ព្រោះធ្វើដំណើរឆ្ងាយត្រូវការដឹក។ កាលពីមុនឲ្យតែមានទូរស័ព្ទធម្មតា ដូចជា N ចុចពិល ក៏បានដែរ។ ឥឡូវអត់ទេ។ ត្រូវតែមានស្មាតហ្វូន។ កន្លែងខ្លះគេបង្រៀនតាមអនឡាញ(អី ត្រូវការប្រើ)។ អញ្ចឹងទៅ (មិនមាន)មិនកើត។ វាត្រូវមានតម្រូវការ។ អ្វីដែលយើងមានថ្មីនេះ វាបើកច្រកដើម្បីឲ្យយើងជួប និងទទួលយកនូវការអប់រំ។ ការឲ្យតម្លៃក៏ខុសគ្នាដែរ។

កាលពីមិនទាន់អភិវឌ្ឍន៍ ការឲ្យតម្លៃនៃសង្គមអភិវឌ្ឍមួយ(មានកម្រិតមួយផ្សេង ដូចជា)យើងតែងតែថា ការសាមគ្គីឯកភាពក្នុងភូមិ រកត្រីបានមកចែកគ្នាហូប។ មានកម្មវិធីអី ចែកគ្នាទៅ។ ឥឡូវ ម្នាក់ៗរវល់រៀងៗខ្លួន។ កន្លែងខ្លះរហូតដល់មានការប្រកួតប្រជែងទៀត។ កន្លែងដែលកាលមុនធ្លាប់តែ(មានសកម្មភាព)កសិកម្ម ឥឡូវក្លាយជាទេសចរណ៍។ អ្នកជិតខាងត្រូវប្រកួតគ្នាទាក់ទាញ។ តម្រូវការនេះមានការវិវត្ត។ តើមានប៉ុន្មាននាក់ដែលនៅភ្នំពេញ តែមិនស្គាល់អ្នកជិតខាង? ប្រហែលជាច្រើន។ រឿងហ្នឹង យើងថាអាក្រក់ឬល្អ វាអាស្រ័យទៅតាមការប្រែប្រួល។ ពីមុនមួយភូមិ ព្រឹកឡើងទៅស្រែចំការ ថ្ងៃមកដល់ផ្ទះជាមួយគ្នា។ ឥឡូវ បើអ្នកនៅក្នុងខុនដូវិញ គឺអត់ស្គាល់អ្នកជិតខាងផង។ មួយជាន់ហ្នឹង ៤-៥ units អត់ស្គាល់គ្នាផង ព្រោះចេញទៅធ្វើការម៉ោងខុសគ្នា។ ពេលខ្លះឮតែមាត់ហ្នឹង។ អើតមើលតែតាមប្រឡោះបន្តិចទៅ អត់ហ៊ានទាំងចេញទៅជួបទៀត។ នេះគឺជាការប្រែប្រួលនៃសង្គមទំនើប។

ទោះជាយ៉ាងណាក៏ដោយ មនុស្សត្រូវតែមានការប្រទាក់ក្រឡា ការប្រាស័យទាក់ទងគ្នា ការគោរពគ្នា ទោះ​បីជាតម្រូវការ ការឲ្យតម្លៃសម្ភារ ការឲ្យតម្លៃអ្វី (ធ្វើឱ្យមាន)ការប្រែប្រួលក៏ដោយ។ (វាជា)មូលដ្ឋានគ្រឹះនៃគុណធម៌ សីលធម៌។ បើមិនអញ្ចឹងទេ សង្គមយើងនឹងមានការពិបាក (ដោយសារតែ)ការរស់នៅជាមួយគ្នា មិនមានការជួយគ្នា។ ហេតុនេះហើយ អ្នកខ្លះជក់តែនឹងរឿង Like និង Share។ ឃើញមនុស្សដួលម៉ូតូ មិនរត់ទៅជួយទេ។ “បងប្អូនជួយផង មានការដួលម៉ូតូមួយ” តែគាត់នៅឈរថតហ្នឹង។ អារម្មណ៍ផ្ដោតទៅលើការទទួលបាន Like និងShare/ចែករំលែកព័ត៌មាន តែគាត់ខ្លួនឯងដែលអាចជួយបាន ជួនកាលភ្លេចក្នុងចំណុចហ្នឹង។

ខ្ញុំចង់បញ្ជាក់ថា យើងមិនអាចទប់នូវការអភិវឌ្ឍបានទេ ប៉ុន្តែអ្វីដែលយើងអាចទប់និងជួយទប់បាន គឺការកែប្រែនូវអត្តចរិតនិងឥរិយាបថមនុស្សនៅក្នុងការប្រើប្រាស់សម្ភារទាំងនោះគឺតម្លៃក្នុងខ្លួន។ មានមួយលាន Page, មានមួយលានកុន, មួយលាន Facebook យើងអាចផ្សាយខ្លួនឯងពេលណា? តើយើងចង់បានស្អី? តើយើងសុខចិត្តធ្វើស្អីគ្រប់បែបយ៉ាងដើម្បីបាន Like និងView ឬទេ? ព្រោះ Facebook គេឲ្យលុយ។ អញ្ចឹងយើងសុខចិត្តបង្ហាញលិចបង្ហាញកើត បាត់បង់សីលធម៌ ជេរគ្នា ឲ្យតែមានការទាក់ទាញឬទេ? បាត់អត្តសញ្ញាណរបស់យើងឬទេ? ឬមួយក៏វាត្រូវមានតម្លៃណាមួយថា ទោះបីជា Facebook ឬ Social Media ឲ្យលុយប៉ុន្មាន ក៏យើងមិនត្រូវធ្វើអាហ្នឹង? តម្លៃក្នុងខ្លួនសំខាន់

តើតម្លៃក្នុងខ្លួនបានមកពីណា? បានមកពីការអប់រំគ្រប់កន្លែង ជាពិសេសនៅសាលារៀន និងនៅផ្ទះ ក្រៅពីនោះអាចថានៅវត្ត នៅទីកន្លែងមួយចំនួន ដូចជា អាចារ្យ-អាចារិនី តាមពិធីផ្សេងៗ អាចជួយអប់រំបាន។ ពេលដែលសង្គមយើងកាន់តែសម្បូរបែប មនុស្សកាន់តែរវល់រៀងៗខ្លួន តម្រូវការប្រកួតប្រជែងកាន់តែកើនឡើងខ្លាំង ត្រូវការអ្នកណែនាំរំលឹកជាប្រចាំថា កុំឲ្យទៅ “ផុតជើងពីដី” នាំបាត់អត្តសញ្ញាណរបស់យើង។ ហេតុនេះហើយ ការដើរតួនាទីអប់រំតម្លៃសីលធម៌នេះសំខាន់ណាស់។ ខ្ញុំចាំថា កាលឆ្នាំ២០០០ កាលហ្នឹងអត់ទាន់មាន Facebook ទេ។ រឿងកើតនៅអាមេរិក។ មិនមែនបង្អាប់អាមេរិកទេ។ នេះរឿងពិត។ កាលហ្នឹងមនុស្សមើលទូរទស្សន៍ច្រើន។ ឥឡូវគេមិនសូវមើលទេ។ មានម្នាក់បង្កើតកម្មវិធីមួយគឺថារកអ្នកដែលអត់ស្គាល់អីទាំងអស់ ឬអ្នកអត់មានផ្ទះនៅ ហើយប្រាប់ថា “សូមអ្នកឯងធ្វើកាយវិការឆ្កួត។ បើធ្វើឆ្កួតហើយគេសើចច្រើន នឹងឲ្យ​លុយ”។

អញ្ចឹង មានមនុស្សធ្វើឆ្កួត ធ្វើលីលា ដើម្បីបានគេឲ្យលុយ។ ម្នាក់មួយនោះនិយាយថា “Only in America, being silly pays!” បានន័យថា “មានតែនៅអាមេរិកទេ ដែលគ្រាន់តែធ្វើឆ្កួត ក៏បានលុយដែរ”។ តែយើងមិនចង់ដូចអញ្ចឹងទេ។ ឥឡូវសម័យ Facebook វាធ្វើឲ្យមនុស្សតាមគ្នា។ ឥឡូវវាចេញទូទាំងពិភពលោកតែម្ដង រួមទាំងនៅកម្ពុជាយើងផងជាពិសេសសម័យក្មេងៗក្រោយ។ ខ្ញុំក៏ក្មេងដែរ Generation X តើ។ យើងទើប X តើ។ គ្រាន់តែស្កូវបន្តិច។ តែលាបសក់វិញ ចូល Generation Y ហើយ។ តែអត់ដល់ Z ទេ។ ឥឡូវ គេជិតចេញ Alpha មួយទៀតហើយ។ ខ្ញុំថាវិវត្តលឿនដូចជំនាន់កូវីដដែរ។ មាន អូមីក្រុង Alpha អី។ ឥឡូវមនុស្សក៏មានជំ​នាន់ដែរ មាន Alpha ចេញ Beta អីឡើង។

ពីមួយជំនាន់ទៅមួយជំនាន់នៃការវិវត្តប្រែប្រួល ដែលយើងគិតថា ការធ្វើទំនើបកម្មក្រៅខ្លួន សម្ភារៈ ការបង្កើតអីផ្សេងៗ របកគំហើញអីផ្សេងៗ របស់មនុស្សជាការចាំបាច់ ប៉ុន្តែដាច់ខាតមនុស្សត្រូវតែរក្សា(តម្លៃ)ក្នុងខ្លួន។ អញ្ចឹង ទាំងអាចារ្យ ទាំងការបណ្ដុះបណ្ដាលអាចារ្យ-អាចារិនី ទាំងក្នុងវិស័យសាសនា ទាំងនៅសាលារៀន ដែលខ្ញុំថា សាលារៀនមិនមែនជាថ្នាលគ្រាន់តែបណ្ដុះចំណេះដឹង តែសំខាន់បណ្ដុះឥរិយាបថ ព្រោះសាលាគឺអាចរក្សាបាន និងបង្កើតនូវទម្លាប់ (ត្រូវតែបង្កើតនូវផ្នត់គំនិត)។ ទម្លាប់ហ្នឹងហើយគឺផ្នត់គំនិតនោះ។ គេធ្លាប់សួរខ្ញុំថា តើយើងដូរផ្នត់គំនិតមនុស្សយ៉ាងម៉េច? ខ្ញុំថា ដើម្បីដូរផ្នត់គំនិតមនុស្សគឺដូរទម្លាប់។ យកអីដូរទម្លាប់? គឺយកច្បាប់ យកគោលការណ៍ យកការអប់រំណែនាំ រួមទាំងបទបញ្ជាផ្ទៃក្នុង។ យើងធ្លាប់តែគេងងើបម៉ោង ៩-១០ មិនបត់ភួយ។ ដាក់ចូលក្នុងសាលាទាហានមួយខែ ចេញមកវិញ ងើបម៉ោង៥ ដឹងតែបត់ភួយ ព្រោះរាល់ថ្ងៃតែមិនធ្វើត្រូវថ្មោង។ អញ្ចឹង យូរៗទៅស្វ័យប្រវត្តិ។ ផ្នត់គំនិតនឹងដូរ ត្បិតដឹងតែមិនអាចស្ពឹកដល់ម៉ោង៧ ទៀតទេ។ ម៉ោង៥ ត្រូវងើប។ នេះគឺជាការអប់រំ ថែទាំនិងបណ្ដុះផ្នត់គំនិត(ស្តីពី)ទំនៀមទម្លាប់នេះឯង។

ការធានាសីលធម៌ និងគុណធម៌។ អ្នកខ្លះថា “និយាយតែពីសីលធម៌ និងគុណធម៌។ តើហ្នឹងបានលុយឬអី? គុណ​ធម៌ និងសីលធម៌ ស៊ីបានឬអី?”។ ស៊ីមិនបានទេ។ សុំទោស។ ហ្នឹងប្រើពាក្យងាយ។ វាពិបាកនិយាយ បើថា សីលធម៌ គុណធម៌ ញ៉ាំមិនបាន ដូចមិនសម ព្រោះគេនិយាយអញ្ចឹង។ គេនិយាយឌឺ ទាល់តែប្រើពាក្យហ្នឹង។ ខ្ញុំថា សីលធម៌ គុណធម៌ បង្កើតនូវការទទួលខុសត្រូវ និងភាពស្មោះត្រង់។ វាជាតម្លៃធំណាស់។ មិនថាអ្នកនៅក្នុងវិស័យធុរកិច្ច មិនថាក្នុងវិស័យរដ្ឋ មិនថាក្នុងនយោបាយ ឬមួយក៏សង្គមកិច្ច ការទទួលខុសត្រូវ និងការស្មោះត្រង់នេះសំខាន់ … យើងមានជម្រើសច្រើនណាស់ ហេតុអ្វីបានជាយើងត្រូវធ្វើបែបនេះ?

ឧទាហរណ៍៖ ក្នុងវិស័យធុរកិច្ច អត់មាននរណាសរសើរថា “គាត់ហ្នឹងរកស៊ីមានបាន គាត់ផ្តួល Partner គាត់រហូត”។ ចប់(សេចក្តី)បាត់។ តែបើថា គាត់មាន ហើយស្រួល ជាមនុស្សរកស៊ីស្មោះត្រង់។ យើងអត់ពិបាក។  Shop មួយ បើថាកុម្ម៉ង់ទៅ មើលទៅម្ហូបដូចស្រស់ស្រាយ មកដល់ស្រស់ស្រាយដែរ។ ដូចគ្នា។  កុំឲ្យតែខាងក្នុងប៉ុនណាណី ដល់ចេញមក កូនចានតូច។ ហ្នឹងគេថត Zoom។ ហ្នឹងរឿងTuna និងTrout អីនោះ? បើសិនជាយើងបាត់ភាពស្មោះត្រង់តែម្តង យើងខូចខ្ទេចទាំងអស់ ហើយបាត់ទាំងអស់នៅក្នុងធុរកិច្ច ព្រោះអត់មាននរណាសរសើរមនុស្សថា “ពូកែណាស់ គាត់រកមានបានច្រើនណាស់ ប៉ុន្តែដៃគូណាក៏លែងហ៊ានធ្វើការជាមួយគាត់ដែរ ព្រោះគាត់លេងស៊ីខ្សែលើ កាប់គេកាប់ឯង …” នោះទេ។ ប៉ុន្តែបើថា “អ្នកហ្នឹង ការងារគាត់ស្រួល ធ្វើការជាមួយគាត់ទុកចិត្តបាន កុំពិបាក” ជួនកាលបង់ថ្លៃបន្តិចទៅ តែយើងកុំពិបាក។ កុំឱ្យថា “បង់នៅនេះថោក ប៉ុន្តែរបស់យើងទៅដល់ពិបាក”។

អ្វីដែលខ្ញុំនិយាយថ្ងៃនេះ គឺពាក់ព័ន្ធជាមួយនឹងអាចារ្យ-អាចារិនី។ ពិតណាស់ អាចារ្យ-អាចារិនី ផ្តោតទៅលើការអប់រំភ្ជាប់រវាងសាសនា ជាមួយនឹងការប្រតិបត្តិប្រចាំថ្ងៃ ប៉ុន្តែប្រធានបទដែលខ្ញុំចង់លើកនេះ គឺអំពីគុណតម្លៃនៃសីលធម៌ គុណធម៌ ដែលអប់រំមនុស្សឲ្យមានការស្មោះត្រង់ និងការទទួលខុសត្រូវ។ សកម្មភាពរបស់មនុស្សនេះហើយដែលពាក់ព័ន្ធជាមួយអ្នកដទៃ។ យើងមិនអាចរស់ក្នុងសង្គមលើកោះតែម្នាក់ឯងទេ។ អញ្ចឹង ត្រូវប្រ​ទាក់ក្រឡាជាមួយអ្នកដទៃ។ សូម្បីតែជិះម៉ូតូមក ក៏យើងត្រូវជិះជិតអ្នកដទៃ ឬមួយក៏ឆ្លងកាត់ភ្លើងក្រហម។ បើយើងមិនគោរព គឺអាចបង្កបញ្ហាគ្រោះថ្នាក់ … ធ្វើការងារក្នុង bureau មួយជាមួយមិត្តភក្តិ ជាមួយដៃគូ ប្រកួតប្រជែងគឺដៃគូ។

​ការអប់រំសីលធម៌ក្នុងសង្គមយើងគឺជាកិច្ចការសំខាន់។ ទន្ទឹមនឹងការវិវត្ត ការប្រែប្រួលនៃការចង់បាន យើងត្រូវបណ្ដុះនូវតម្លៃក្នុងខ្លួន ដើម្បីសម្រេចថាតើអ្វីដែលយើងចង់បានពិតប្រាកដ។ តើអ្វីដែលយើងចង់បានហ្នឹង យកវាតាមរបៀបណា? ព្រោះមិនមែនតែសម្រេចគោលដៅទេ តែសម្រេចតាមរបៀបណា? បើយើងចង់បានជោគ​ជ័យដោយឱ្យសម្រេចគោលដៅ តែយើងប៉ែងជើងគេគ្រប់គ្នា យើងស៊ីខ្សែលើ ធ្វើបាបគេ ហ្នឹងយើងបង្កើត(នូវភាពអគុណធម៌ និងអសីលធម៌) … តែបើយើងចង់បានសម្រេចគោលដៅដែរ ប៉ុន្តែទៅជាមួយគេជា​មួយឯង ទៅស្របតាមក្បួនខ្នាត យើងធ្វើឱ្យរីកចម្រើន អភិវឌ្ឍខ្លួនឯង ហ្នឹងគឺជាតម្លៃធំ ហ្នឹងហើយការរក្សាសុខដុមនីយកម្មរបស់យើង។

​គ្រប់ការងារទាំងអស់ មិនថាជាកម្មករនៅកន្លែងសំណង់មួយ(ឬអ្វីមួយទេ) បើមិនសហការគ្នានៅកន្លែងធ្វើការ មើលបំណាំគ្នាចុះឡើង កេងកម្លាំងឈ្លោះគ្នា ធ្វើ(អោយការងារ)មិនស្អាត … ​ធ្វើជា Manager បើមិនគ្រប់គ្រងអោយមានសុខដុមនីយកម្មនៅកន្លែងការងារ វានឹងមានបញ្ហា។ ធ្វើជាអ្នក Business ធ្វើជាអ្នកដឹកនាំអង្គការ ត្រូវធ្វើការងារទាំងអស់គ្នា។ នេះខ្ញុំមិននិយាយពីវិស័យសាសនាផងទេ។ អញ្ចឹង Standard ការបណ្តុះបណ្តាល អាចារ្យ-អាចា​រិនី គឺយើងចង់បានសង្គតិភាពផ្លូវចិត្ត។ អញ្ចឹងបានន័យថាម៉េច? បើចង់ឱ្យការអប់រំរបស់យើងទៅអ្នកដទៃបានល្អប្រសើរ (ត្រូវ)ចាប់ផ្តើមពីខ្លួនយើង។ ចាប់ផ្តើមពីអ្នកដែលទៅបង្រៀនគេ។

មិត្តភក្តិខ្ញុំម្នាក់ទៅបង្រៀន។ គេចាត់តាំងឱ្យឡើងថ្នាក់មិនជក់បារីនាំឱ្យខូចសួត។  តែអ្នកចាត់តាំងអត់ដឹងថា ម្នាក់ហ្នឹងជក់បារីឈ្ងុយ។ ចេញពីថ្នាក់ ចប់ភារកិច្ច មកអង្គុយអុចបារី។ សិស្សសួរ “អូ! អញ្ចឹងទេ?”។ គេថាអនុវត្តទ្រឹស្តី ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យធ្វើ។ ត្បិតគាត់បាននិយាយប្រាប់ថា ថតខូចសួតខូចអី ប៉ុន្តែគាត់បែរជាជក់បារី … ចំណុចនេះសំខាន់ណាស់ ដែលខ្ញុំបានលើកនេះ។ ឥឡូវសួរត្រឡប់មកវិញ ទៅតាមការវាយតម្លៃថាតើ សីលធម៌ និងគុណធម៌ ដែលបង្កើតការស្មោះត្រង់ហ្នឹង ថាវាស៊ីមិនបាន ឬ​យកទៅហូបអត់បាន។ វាមិនមែនដូចសាច់ជ្រូក សាច់គោ។ យកទៅលក់ អត់បានទេ ព្រោះរបស់ហ្នឹង មានតម្លៃដែលមិនអាចវាស់បាន ឬមួយចេញជារូបភាព(អោយឃើញទេ) … ប៉ុន្តែនេះគឺជាសីលធម៌ គឺជាតម្លៃដែលបង្កើតតម្លៃ។ បង្កើតតម្លៃខ្លួនឯងនិងបង្កើតតម្លៃឱ្យអ្នកដទៃ។

ក្នុងឆាកនយោបាយ ឬមួយសង្គម ខ្ញុំបានសាកល្បង … ម្សិលមិញនេះ បានប្រាប់ ឯកឧត្តម នេត សាវឿន រត់ម៉ារ៉ាតុង (ប្រជុំតជាប់គ្នាពីដោយ)ចាប់ផ្តើមពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៨:៣០យប់ បិទបញ្ចប់។ នំប៉័ងមួយកំណាត់ជាមួយកាហ្វេមួយកែវ។ (ត្រលប់)ដល់ផ្ទះ ទើបដឹងខ្លួននៅខ្លាំងដែរ។ ព្រឹកឡើងប្រជុំជាមួយឯកឧត្តម សំអាល់ ដើម្បីគិតមើលរឿងការកំណត់ដីនៅតំបន់អង្គរ ដើម្បីរក្សាការអភិរក្ស និងសង្គតិភាពនៃការវិវត្តប្រជាពលរដ្ឋ។ តែបិទចុងក្រោយពីរ។ ​ទីមួយ ជួបជាមួយអ្នកវិភាគសង្គមជើងចាស់ម្នាក់។ បន្តិចទៀត សំណួរដែលគាត់សួរខ្ញុំ វាពាក់ព័ន្ធជាមួយរឿងគុណធម៌ក្នុងនយោបាយដែរ។ ​បន្ទាប់មក ជួបសេដ្ឋីអត់លុយម្នាក់។ បន្តិចទៀតខ្ញុំនឹងប្រាប់ហើយ សេដ្ឋីអត់លុយម្នាក់ … សេដ្ឋីខ្សត់លុយ។

​ខ្ញុំជួបជាមួយអ្នកវិភាគសង្គម អ្នកនយោបាយជើងចាស់ម្នាក់។ គាត់សួរខ្ញុំ។ យើងជជែកគ្នាច្រើនរឿង។ គាត់សួរដេញដោលរឿងប្រទេសជាតិ រឿងសេដ្ឋកិច្ច រឿងសង្គម ព្រំដែនអីផ្សេងៗ។ គាត់ត្រឡប់មកសួរខ្ញុំពីរ។ ​សំណួរទីមួយ … មានបញ្ញវន្តនៅក្រៅប្រទេសនៅក្នុងប្រទេសច្រើន ដែលមិននៅក្នុងរដ្ឋាភិបាល … ចង់ជួយជាគំនិត ចង់ជាយោបល់ទៅលើប្រធានបទមួយចំនួនដែលគេចាប់អារម្មណ៍។ តើខ្ញុំទទួលឬអត់? ​ខ្ញុំ(បានតប)ថា ខ្ញុំមិនដែលមិនទទួលទេ បើមានហេតុផលត្រឹមត្រូវ។ សូមកុំតែមកជេរ គឺមិនស្តាប់ទេ។ បើវិភាគច្បាស់លាស់ ផ្អែកលើមូលដ្ឋានត្រឹមត្រូវ អត់ចាំបាច់ស្រប(គំនិតគ្នា)ទេ។ ខ្ញុំចង់បាននូវចំណុចខ្វះខាតដើម្បីពង្រឹង។ ហ្នឹងល្អជាងចំណុចស្រប។ ចំណុចស្រប ខ្ញុំដឹងហើយ។ គោលនយោបាយខ្ញុំដាក់ ខ្ញុំដឹងទិសដៅ ហើយខ្ញុំក៏ចង់បានការវាយតម្លៃមួយ។ អញ្ចឹងស្វាគមន៍ទាំងអស់។

​ការអប់រំ ការបើកចិត្ត ការទទួលយក និងការគោរពគ្នាទៅវិញទៅមក គឺជាការសំខាន់ មិនថានាយករដ្ឋមន្ត្រីជា​មួយនិងអ្នកស្រាវជ្រាវធម្មតាទេ ត្រូវតែយើងបើកចំហ ការអប់រំសីលធម៌នៃសុខដុមនីយកម្ម ដែលអាចារ្យផ្សព្វផ្សាយ។ បើនិយាយមានហេតុផលជាមួយខ្ញុំៗ និយាយ(ជាមួយ) តែបើជេរខ្ញុំៗ អត់ស្តាប់ទេ។ ស្តាប់ធ្វើអី? នាំតែក្តៅឆេវ។ អញ្ចឹង អ្នកដែលបង្កើតកំហឹងខ្លួនឯង ចេញមកជេរយើងឱ្យយើងក្តៅ ឱ្យយើងបរាជ័យ កុំស្តាប់តែម្តង។ ឱ្យឆេះខ្លួនឯងទៅ។ តែបើនិយាយមានហេតុផល មិនចាំបាច់ស្រប ដាក់មក(ថាតើ)គោលនយោបាយខ្ញុំដោះស្រាយយ៉ាងម៉េច? តើមានបញ្ហាយ៉ាងណា? កន្លែងណា ខ្ញុំពន្យល់បាន។ យើងជជែកគ្នា។

​អញ្ចឹង យើងទទួល។ កុំស៊ីអារម្មណ៍ជាមួយខ្ញុំ។ ខ្ញុំអត់លេងទេ។ បើជាអ្នកវិភាគ មានទឡ្ហីករណ៍ឱ្យច្បាស់។ បើសិនជាមានអ្នកសង្គម ប្រជាពលរដ្ឋ ខ្ញុំស្តាប់។ គាត់ដាក់សារតាម Facebook ខ្ញុំទទួល។ កន្លែងណាយើងធ្វើបាន យើងធ្វើ។ ​យើងមានឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់។ ថ្ងៃមុនទើបជួប ៣៥គណបក្សមក។ គាត់ប្រាប់ គាត់តំណាងគណបក្សផ្សេង តែគាត់មកប្រជុំដាក់របាយការណ៍ជាប្រចាំមកខ្ញុំ។ ក្រៅពីប្រជុំ ៦ខែ របាយការណ៍ជាប្រចាំ ខ្ញុំពិនិត្យមើលពាក់ព័ន្ធវិស័យណា ខ្ញុំចារឯកភាព ហើយខ្ញុំបញ្ជូនទៅឱ្យរដ្ឋមន្ត្រីក្រសួងនោះដើម្បីយកធាតុផ្សំហ្នឹងទៅពិនិត្យដោះស្រាយ … កន្លែងណាគាត់ប្រើបាន គាត់យកទៅ។ ហ្នឹងគេជួយយើងហើយ។

​រាជរដ្ឋាភិបាលត្រូវការការទុកចិត្តពីប្រជាពលរដ្ឋ។ ទុកចិត្តម៉េច? ទាល់តែយើងដឹងថាគាត់ចង់បានអី។ ជួន​កាលយើងទៅសួរ អត់ប្រាប់ទេ។ ថ្ងៃមុន ខ្ញុំឱ្យរដ្ឋមន្ត្រី ឯកឧត្តម ឆាយ ឫទ្ធិសែន ទៅសិក្សាកន្លែងស្ពានមួយ ដែលប្រជាជនចង់សង់។ តែខ្ញុំឱ្យគិតមើលឱ្យច្បាស់។ កន្លែងហ្នឹងមានចំណុចវិជ្ជមាននិងអវិជ្ជមាន។ បើសិនជាសង់ស្ពាន ការឆ្លងកាត់វាបាន ប៉ុន្តែវាអាចបង្កើតនូវហានិភ័យ ការទន្ទ្រាននៅខាងមុខ ហើយបាត់សេដ្ឋកិច្ចអ្នកនៅកន្លែងនេះ។ ​អញ្ចឹង ឯកឧត្តម ឆាយ ឫទ្ធិសែន ទៅស្រាវជ្រាវជាមួយឯកឧត្តម ហួត ហាក់ ហើយនរណាម្នាក់ទៀតដូចបីនាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន ថាបីនាក់ … ខ្ញុំថា បងឯងដាក់កម្លាំងសម្ងាត់ទៅសិក្សាមើលយ៉ាងម៉េចត្រង់ហ្នឹង?

​ដល់ខ្ញុំសួរគាត់ថាគាត់ទៅខ្លួនឯង។ ខ្ញុំថា ហ្អាក ទៅស្រាវជ្រាវសម្ងាត់រដ្ឋមន្ត្រីចេញ? គាត់ថាគេអត់ស្គាល់ទេ … ខ្ញុំថា មិនអាចទេ។ តែរដ្ឋមន្ត្រីចុះទៅមានឡាន ៣-៤ ទៅហើយ មានតៃកុងបើកអីគេសង្ស័យហើយ។ គាត់ថាទៅតែ ៣នាក់ បើកឡានខ្លួនឯង។ ទៅមើលទៅ អ្នកនៅហ្នឹងថា ចង់បានស្ពាន។ ភាគច្រើនអ្នកចង់បានស្ពាន ដល់យើងសិក្សាទៅគឺអ្នកទៅពីក្រៅជាទេសចរ។ ដល់យើងបញ្ជូនក្រុមមួយ ដើរតួជា NGO ចុះស្រាវជ្រាវតំបន់ហ្នឹង ទៅសួរអ្នកកន្លែងហ្នឹងដដែល ប្រជាជនមួយចំនួនគាត់បារម្ភ។ គាត់ថា រាល់ថ្ងៃរស់នៅហ្នឹង បានគេមកឆ្លងសាឡង់ឆ្លងអីទៅ គេមកចូលហាងកាហ្វេខ្ញុំ បើសិនជាធ្វើស្ពាន ប្រហែលជាគេទៅហួសមកហួសអស់ហើយ។​នេះគឺជាការក្តាប់នូវព័ត៌មានឱ្យច្បាស់ ថាតើយើងចង់ធ្វើស្អីនៅកន្លែងនោះ?

​ជួនកាលផលិតផលខ្លះមិនចាំបាច់ទេ តែដាក់មួយទៅវាគ្រប់ តែយើងត្រូវដោះស្រាយការឆ្លងគាត់តាមកម្រិតណា? តើគាត់កង្វល់អី? ថាអាហ្នឹងវាថ្លៃរឿងដឹកជញ្ជូន ឬមួយក៏ថ្លៃរឿងសាឡង់ឬយ៉ាងម៉េច? គាត់ចង់បានអីពិតប្រាកដ? ហើយតើយើងធ្វើទៅ តើវាធ្វើឱ្យខ្ទេច កន្លែងហ្នឹងវាមានព្រៃ ស្រាប់តែទៅធ្វើមិនស្រួល ឥឡូវឮតែចង់ធ្វើស្ពាន មានអ្នកទៅកាប់ទន្ទ្រានព្រៃហ្នឹងបាត់ហើយ បន្តិចទៀតអស់ហើយ! អញ្ចឹងអ្នកនៅហ្នឹងគាត់ភ័យ។ អញ្ចឹងអាស្រ័យទៅលើការប្រមូលព័ត៌មាន … នេះគឺជាគុណធម៌នយោបាយដែលយើងត្រូវបង្កើត។

​ទីពីរ គាត់សួរខ្ញុំថា៖ ​ឃើញសម្តេចនិយាយរឿងទីមួយថាស្វាគមន៍(ចំពោះអ្នកមានគំនិតចូលរួមអនុវត្តវប្បធម៌សន្ទនា) … ចុះចំពោះអ្នកនយោបាយដែលមាននិន្នាការបក្សផ្សេង តើសម្តេចព្រមធ្វើការងារសម្រុះសម្រួល វប្បធម៌សន្ទនា(ជាមួយទេ)។ ខ្ញុំហៅគាត់ពូ។ ខ្ញុំបានប្រាប់ថា “​ពូមើល! គណបក្សប្រជាជនបង្រួបបង្រួមប្រ​ទេស នយោបាយឈ្នះៗ មិនមែនដោយការបិទច្រកទេ តែដោយនយោបាយបង្រួបបង្រួម ដោយសារវប្បធម៌​សន្ទនា។ ប៉ុន្តែ (ដើម្បី)វប្បធម៌សន្ទនា(អាចអនុវត្តបានជោគជ័យ) ទាល់តែមានការស្មោះត្រង់​ប្រកាន់គុណធម៌និងគោរពគ្នាទៅវិញទៅមក។ កុំចាប់ដៃគ្នានៅភ្នំពេញ ទៅដល់បារាំងជេរ … ទ្វារបើក … ខ្ញុំប្រាប់ថា៖ ធ្វើការរួមគ្នាតាមនយោបាយឈ្នះឈ្នះ។ យើងមានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ធ្វើការរួចទៅហើយ។

ថ្មីៗនេះ យើងទទួលប្អូនស្រី កឹម មនោវិទ្យា ដែលត្រឡប់មកវិញនិងធ្វើការ(ជាមួយគ្នា)។ ខ្ញុំតែងតាំងគាត់ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី ដើម្បីធ្វើការងារខាងក្រៅ។ គាត់មានទំនាក់ទំនងច្រើន។ (ដូចជា)រឿងព្រំដែនដែលយើងកំពុងមានជាមួយប្រទេសជិតខាង តើយើង(ត្រូវ)ប្រកាន់ទេ? ​បើគាត់មក​ជួយធ្វើការ​ Lobby ការទូតជាដើម? ឱ្យតែគាត់មកធ្វើការដោយស្មោះត្រង់ជាមួយយើង ដើម្បីបុព្វហេតុជាតិពិតប្រាកដ យើងស្វា​គមន៍ទាំងអស់។ ខ្ញុំសួរគាត់ថា៖ “តើការបង្រួមបង្រួមជាតិមាននិយមន័យយ៉ាងម៉េច?” វាអាស្រ័យទៅលើ(រូបភាពនៃ)ការបង្រួមបង្រួមជាតិដែល(ការកំណត់)និយមន័យឱ្យ។ បើថានិយមន័យ “បង្រួមបង្រួមជាតិ” ទាល់​តែអ្នកហ្នឹងស្របជាមួយខ្ញុំ ក្រៅពីហ្នឹងក្បត់ជាតិ គឺមិន(មែនជាអ្វីដែលយើងចង់បាន)ទេ។

(ទីមួយ) ឥឡូវមើល ក្រុមមួយចំនួនដែលស្រែកថារដ្ឋាភិបាលមិនព្រមបើកចំហទ្វារដើម្បីបង្រួមបង្រួមជាតិ ប៉ុន្តែពួកគាត់ជេរ(រដ្ឋាភិបាល)រាល់ថ្ងៃ។ ទីពីរ ឱ្យតែនរណាមកធ្វើការជាមួយយើង(រដ្ឋាភិបាល) គឺសុទ្ធតែលក់ក្បាល លក់ឧត្តមគតិ។ ​ចង្អៀតបែបនេះ តើអ្វីទៅហៅថា និយមន័យនៃការបង្រួមបង្រួមជាតិ ឬមួយក៏គុណធម៌នយោបាយ និងការគោរពគ្នាទៅវិញទៅមក។ ​ខ្ញុំបានបញ្ជូនសារទៅអស់លោក(ដែលប្រកាន់និយមន័យបែបចង្អៀត ដែល)ប៉ុន្មានថ្ងៃនេះ ឃើញ(ស្រែកថា)ត្រកូល កឹម និងត្រកូល ហ៊ុន ត្រកូលអីអស់តម្លៃហើយ។

ក្រែង(ពួកលោក)ចង់បានការសន្ទនាតាមទស្សនៈធ្វើសកម្មភាពដើម្បីប្រទេសជាតិ តាមវិធីសាស្ត្រនិយាយគ្នាឬ? ក្រែងចង់បានការឯកភាពជាតិក្នុងដំណាក់កាលដែលមានការឈ្លានពានឬ? ពេលយើងបើកច្រកទទួល ទៅជារឿងអីផ្សេង។ ​ឃើញលិខិតមានណាមួយបណ្ដេញចេញនិងចោទប្រកាន់ផ្សេងៗ។ ខ្ញុំប្រាប់គាត់ថាឱ្យមានឆន្ទៈពិតប្រាកដ។ និយមន័យឱ្យទូលំទូលាយ គោរពគ្នាទៅវិញទៅមក ​កុំមកជេរខ្ញុំថាអត់បើកច្រក។ អ្នកឯងជេរខ្ញុំរាល់ថ្ងៃ ហើយថាប្រាប់មិនព្រមទទួល។ ទទួលស្អី បើគ្រាន់តែលូកដៃទៅ ទះកំផ្លៀងរហូត។ មិនព្រមស្ដាប់។ មួយថ្ងៃៗ ឮតែមេដឹកនាំចោលម្សៀត លាលែងទៅ។ (នោះគឺ)ខ្លួនឯងបិទច្រក មិនធ្វើការជាមួយគេ។

ធ្លាប់ម្ដងទៅ ញូវយ៉ក ប្រជុំ UN។ កាលខ្ញុំឡើង(ធ្វើជានាយករដ្ឋមន្ត្រី)ដំបូង ទៅអានសុន្ទរកថា។ មានគេដឹកនាំបាតុកម្ម។ ថាអត់ទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់ តែពេលជាមួយគ្នាគេថាហេតុអីរដ្ឋាភិបាលមិនព្រមនិយាយក្នុងស្មារតីខ្មែរតែមួយ។ អត់ទទួលស្គាល់ខ្ញុំ ហើយមកបបួលខ្ញុំទៅអង្គុយនិយាយ។ កាលទៅអូស្ត្រាលី ចង់ជួប (ប៉ុន្តែ)ខ្ញុំថា “បើជួបអត់ជេរ បើជេរអត់ជួប”។ ​ណាត់ខ្ញុំជួប ប៉ុន្តែលើកបាតុកម្មជេរនៅខាងក្រៅ។ ​ឥឡូវឈប់ជេរហ្នឹងមើល។ មានរឿងអីចូលមកនិយាយគ្នាស្រួលបួល។ ខ្ញុំ(ក៏ធ្លាប់)រស់នៅអាមេរិក បារាំង អង់គ្លេស។ បើគេចង់មាន Dialogue ចង់មានកិច្ចសន្ទនា គេអត់លើកបដាជេរទេ។ គេលើកទូរស័ព្ទនិយាយគ្នា។ គេណាត់គ្នានិយាយ។ ​មកនិយាយ(រកដំណោះស្រាយ)។ ខ្ញុំអត់ខ្លាចទេ។ ខ្ញុំមិនថា ខ្ញុំធ្វើត្រូវទាំងអស់ទេ ប៉ុន្តែខ្ញុំប្រកាន់ជំ​ហរថាអ្វីដែលខ្ញុំជ្រើសរើសធ្វើ គឺធ្វើដើម្បីប្រទេសជាតិ។ បើមកនិយាយលើកជាបញ្ហា លើកជាមតិយោបល់ជួយគ្នាដើម្បីដោះស្រាយគឺទទួល តែបើមកគ្រាន់តែ (ដើម្បីស្រែកថា)ចុះចេញទៅ ចោលម្សៀត (តើអោយទទួលដូចម្តេច) …

យូរៗ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយក្នុងកម្មវិធី ក៏ថានិយាយប៉ប៉ាច់ប៉ប៉ោចអត់ប្រយោជន៍។ ​យូរៗ មិនបាច់និ​យាយអីទាំងអស់។ គ្រាន់តែចុះជួបជាមួយកម្មករ ជួបជាមួយប្រជាជនក្នុងពិធីសម្ពោធអ្វីមួយ អ្នកខ្លះថានាយករដ្ឋមន្ត្រីដណ្ដើមការងាររដ្ឋមន្ត្រីក្រសួងអប់រំអស់ហើយ។ គ្រាន់តែខ្ញុំចុះទៅមើលនៅក្នុងផ្សារ ចុះទៅតេទឹកពុះ អ្នកខ្លះថាដណ្ដើមការងាររដ្ឋមន្ត្រីទេសចរណ៍ហើយ។ ចង់ឱ្យខ្ញុំនៅអង្គុយផ្ទះធ្វើនាយករដ្ឋមន្ត្រីជើងដប់? ដល់ពេលអញ្ចឹងជេរទៀត។ នាយករដ្ឋមន្ត្រីអត់ក្ដាប់ការងារបាន មិនព្រមចុះដល់គោលដៅ ប៉ុន្តែពេលដែលចុះទៅ ថាឯងអួត។ ចុះបើអត់ប្រាប់ ថាយើងអត់ធ្វើអី ដល់ប្រាប់ ថាអួតសម្ដែង។ ​ស្អីក៏ត្រូវ(ពួកគាត់បកស្រាយបំពាន)ដែរ …។

បើយើងនិយាយអំពីគុណធម៌នយោបាយ ការអប់រំផ្លូវចិត្តឱ្យមានការអត់ធ្មត់ ការឯកភាពជាតិ ការព្រមទទួលនូវមតិ ខ្ញុំទទួល។ កូនឯកឧត្តម កឹម សុខា ចូលមក (ប៉ុន្តែ)គាត់នៅបក្សផ្សេង។ គាត់មាននិន្នាការផ្សេង។ ឥឡូវ(កូនគាត់)ចូលមកធ្វើប្រេសិតរបស់ខ្ញុំ។ ខ្ញុំអត់បានតែងតាំងគាត់ជារដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលទេ។ ជាប្រេ​សិត វាត្រូវមាន title ដើម្បីមានទម្ងន់ទៅធ្វើការជាមួយគេនៅក្រៅប្រទេស។ ​គាត់ចង់ជួយយើងក្នុងការងារទាក់​ទងវិនិយោគ បូកជាមួយនឹងរឿងព្រំដែន។ ហ្នឹងបញ្ជាក់តែម្ដង កុំឱ្យថាប្រេសិតពិសេសធ្វើអី។ គាត់មានទំនាក់ទំ​នងច្រើន។ ឥឡូវគាត់យកទំនាក់ទំនង យកពេលរបស់គាត់មកធ្វើការរួមគ្នា ជាជាងស្រែកតែជេរអត់ប្រយោជន៍ បំផ្លាញកិត្តិយសជាតិយើង។ ខ្ញុំស្វាគមន៍។ ហ្នឹងហើយហៅស្មារតីនៃវប្បធម៌សន្ទនា និងការបង្រួមបង្រួមជាតិ។ ​ខុសពីអ្នកខ្លះ ជេរយើងថាផ្តាច់ការ អត់បើកឱកាសឱ្យអ្នកមាន(សមត្ថភាព)ចូល ដល់គេហៅចូល (ក៏តាំងលើកហេតុនេះហេតុនោះជា)បញ្ហា។ ​ ឥឡូវថា អ្នកហ្នឹងទៅធ្វើការជាមួយអ្នកផ្តាច់ការ នឹងក្លាយទៅជាអ្នកផ្តាច់ការពិភពលោក។ ចប់(និយាយ)ហើយ។

ចប់តែគ្នាឯងទៅ។ កម្ពុជានៅតែដើរ។ អាចារ្យនៅតែបណ្ដុះបណ្ដាលថ្មី។ ចប់កូវីដ-១៩ មានពិធីរៀបការកាន់តែច្រើន។ អាចារ្យ ឃុន នៅទីនេះ។ ថាកម្មវិធីរបស់ខ្ញុំរវល់ តែអាចារ្យ ឃុន រវល់ជាងខ្ញុំទៀត។ យើងដឹងហើយ … គ្រាន់តែជំនាន់កូវីដ-១៩ហ្នឹង អាចារ្យក៏ដាច់ពោះដែរ។ (ឥឡូវនេះ)ដំណើរការ(ជាតិ)នៅតែទៅ។ យើងមានបញ្ហាព្រំដែនត្រូវបន្តដោះស្រាយ រក្សាលំនឹងជីវិតប្រជាជន ពង្រឹងជាតិគ្រប់វិស័យ រួមទាំងសីលធម៌ គុណធម៌ ដើម្បីជាតិយើងរឹងមាំ។ ​ពង្រឹងជាតិយើងខ្លាំង ហ្នឹងហើយការពារជាតិ ការពារអធិបតេយ្យភាពទឹកដី។ ការដោះស្រាយគ្រប់មធ្យោបាយ គ្រប់គ្នា គ្រប់កម្លាំងសរុប រួមទាំងអ្នកដែលមាននិន្នាការផ្សេងដែលចូលរួមសាមគ្គីខ្ញុំឯកភាព។ ពេលដែលយើងប្រយុទ្ធគ្នាការពារទឹកដីនៅក្រៅប្រទេស ប្រជាជនខ្មែរនៅក្រៅប្រទេស ក្នុងប្រទេស អត់គិតថាអ្នកណា(ជាអ្នកណា)ទេ គឺយើងរួមគ្នានៅជាមួយកងទ័ព។ ហ្នឹងហើយដែលយើងចង់បាន។

​យើងទាំងអស់រួមគ្នា។ មានអ្នកនយោបាយមួយនោះកាន់មេក្រូស្រែក “ខ្ញុំស្នេហាជាតិ”។ ប៉ុន្តែ ចេញមកជេរទា​ហានយើង សុទ្ធតែទាហានយើងបាញ់រ៉ុក្កែតទៅសម្លាប់ប្រជាជនស៊ីវិលគេ។ យើងមានបាញ់ទៅទីនោះឯណា។ ហ្នឹងភាសារបស់គេចោទយើង(ទេតើ)។ នេះជាអ្នកនយោបាយជាន់ខ្ពស់មួយរូប(ដែល)ទៅនិយាយ(ពាក្យអស់ទាំងហ្នឹង)។ ​គឺជាអ្នកនយោបាយប្រឆាំង។ ​ជេរថា កងទ័ពយើងគ្មានវិន័យ គ្មានរបៀប (ប៉ុន្តែការពិត)គ្នាក្រាញននៀលនៅទីនោះ។ នេះឬស្មារតីស្នេហាជាតិ និងបង្រួមបង្រួមជាតិ(របស់អ្នកនយោបាយប្រឆាំងជាន់ខ្ពស់)? ​ការដែលធ្វើនយោបាយផ្អែកលើគំនុំហ្នឹងហើយ ដែល(ធ្វើឱ្យ)គុណធម៌សីលធម៌នយោបាយធ្លាក់ចុះ។ ផ្អែកតាមការបើកចិត្ត នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ អ្នកដែលចូលមក មានទាំងអ្នកធ្លាប់ធ្វើផែន​ការសម្លាប់គាត់ពីទសវត្សរ៍ឆ្នាំ១៩៨០ ជាងមក … កាលនៅវាយគ្នា ត្រីភាគីស្អីៗ សុទ្ធតែធ្វើផែនការសម្លាប់គ្នាទាំងអស់ហ្នឹង ដើម្បីយកឈ្នះរៀងៗខ្លួន។ តែក្រោយចូលមក (យើង)​អត់មានគុំ អត់មានចាប់យកទៅបាញ់ទៅអីទេ លើកលែងតែមេដឹកនាំប៉ុន្មាននាក់ដែល UN (ធ្វើការវិនិច្ឆ័យ) … ក្រៅពីហ្នឹងគឺយើងសុខដុមនីយកម្ម។

ខ្ញុំឆ្លើយប្រាប់គាត់ថា ខ្ញុំមិនគ្រាន់តែនិយាយទេ គណបក្សប្រជាជនបានធ្វើហើយ។ ខ្ញុំកំពុងតែធ្វើ ហើយនឹងបន្តធ្វើទៀត។ បើអ្នកចូលមក(មានបំណងបរិសុទ្ធថា)ធ្វើការជាមួយ ជជែកជាមួយ (អ្នក)មិនបាច់ចូលបក្សប្រជាជនទេ។ ឱ្យតែមក និងឯកភាពគ្នាធ្វើការបម្រើជាតិដូចគ្នា កុំជេរ កុំវាយប្រហារគ្មានហេតុផល(គឺយើងទទួលធ្វើការជាមួយបាន)។ (សូមកុំតែ)មួយថ្ងៃៗ អង្គុយជេរថាគេអត់កំណើត គ្រាន់បើតែខ្លួនឯង។ ខ្ញុំសួរគាត់ដែលអ្នកវិភាគ និងជាអ្នកនយោបាយផង ថាគាត់មានទំនាក់ទំនងជាមួយអ្នកដែលជេររាល់ថ្ងៃយ៉ាងម៉េច? គេថាអ្នកទាំងនោះវិភាគយូរៗ វាអស់ប្រធានបទ។ យូរៗ ជើងលែងជាប់ដី។ យូរៗ នៅប៉ុន្មានពាន់គីឡូខាងក្រៅប្រទេស ដឹងច្បាស់ពីយុទ្ធសាស្ត្រយោធាជាងមេទ័ព ជាងឯកឧត្តម កែវ ធី មេទិស, ឯកឧត្តម ស្រី ឌឹក, ឯកឧត្តម ឥត សារ៉ាត់ ផងថា កន្លែងណាត្រូវវ៉ៃ ក​ន្លែងណាអត់ត្រូវវ៉ៃ។

សុទ្ធតែយុទ្ធសាស្ត្រខុស។ ជើងដប់នៅក្រៅប្រទេសសោះ។​ ការសាមគ្គីឯកភាពជាតិ ត្រូវយល់កាលៈទេសៈ ហើយត្រូវបង្កលក្ខណៈគាំទ្រដល់កងទ័ពរបស់យើង។ បើចង់ឱ្យគេបើកទ្វារ អ្នកឯងបើកមុនទៅ។ បើចង់មកចាប់ដៃ ទ្វារខ្ញុំបើក ដៃខ្ញុំលា ប៉ុន្តែបើអ្នកឯងទះកំផ្លៀងខ្ញុំរាល់ថ្ងៃហ្នឹង តើឱ្យខ្ញុំចំណាយពេលទៅ(ចាប់ដៃជាមួយ)ទេ នៅពេលដែលមានប្រជាជនរាប់រយរាប់ពាន់នាក់ទៀត បញ្ញវន្តមួយគរគោកទៀតស្ម័គ្រចិត្តមក(ចាប់ដៃធ្វើការ?)។ យើងទៅជួបគេ។ យើងធ្វើជាមួយគេ មិនគ្រាន់បើជាង។ បើរវល់នៅអង្គុយសំពះអង្វរឱ្យអ្នកឯងឈប់ទះកំផ្លៀងខ្ញុំ វាខាតពេលអត់ប្រយោជន៍។ វប្បធម៌សន្ទនា ការបង្រួបបង្រួមជាតិ សុខដុមនីយកម្ម ដែលទាក់ទងជាមួយហ្នឹង អាចារ្យ-អាចារិនីរបស់យើង មិនមែនតែក្នុងការរស់នៅប្រចាំថ្ងៃទេ ប៉ុន្តែវានៅគ្រប់វិស័យ ទាំងការរកស៊ី ទាំងឆាកនយោបាយ គ្រប់កិច្ចការទាំងអស់។ ការទទួលខុសត្រូវ ការបើកទឹកចិត្តនិងការទទួល។

ប៉ុន្តែ អ្នកខ្លះមិនហ៊ានទេ ព្រោះជេរខ្លាំងពេក។ ជេរខ្លាំងពេកមិនមែនខ្លាចចូលមកដោយសារខ្ញុំ រដ្ឋាភិបាលចាប់ រដ្ឋាភិបាលអីទេ គឺខ្លាចពួកគេខ្លួនឯងហ្នឹងឯង។ ឱ្យតែហ៊ានមកចាប់ដៃ ថតរូបជាមួយហ្នឹង គឺគេថាលក់ក្បាលបាត់ហើយ។ ខ្លាចរឿងហ្នឹងជាង។ មានមួយគរគោកផ្ញើសារមកខ្ញុំ ជជែករឿងការងារ តែសូមថា សម្ដេចកុំបង្ហាញសារខ្ញុំ ព្រោះតែដឹងគេជេរខ្ញុំថាក្បត់ជាតិហើយ។ សម្រាប់ខ្ញុំ ការបញ្ចេញមតិមានហេតុផល។ ខ្ញុំក៏អ្នកសិក្សា ខ្ញុំមានហេតុផលរបស់ខ្ញុំ។ ស្ដាប់ទាំងអស់។ អញ្ចឹងដូចគ្នាតែទេ។ តាមសារទៅវិញ ឆ្លើយជាមួយសំណួររបស់អ្នកវិភាគ ក៏ដូចជាសារទៅប្រជាពលរដ្ឋ អ្នកនយោបាយផ្សេងៗ រាជរដ្ឋាភិបាល គណបក្សប្រជាជនអត់មានបិទទ្វារទេ សម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដ ជាមួយរាជរដ្ឋាភិបាល ឬជាមួយគណបក្សប្រជាជនកម្ពុជាក្នុងនាមជាដៃគូ ជាតិខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិ យើងស្វាគមន៍ អត់មានបដិសេធទេ។​និយាយមានហេតុផល។ កុំចាំបាច់ស្រប។ ឱ្យតែមានហេតុផលច្បាស់លាស់។

គណបក្សទាំង៣៥ ដែលជាដៃគូ រាល់របាយការណ៍ដែលគាត់សរសេរមកខ្ញុំ មិនមែនសរសេរលើកជើងរដ្ឋាភិបាលទេ។ គាត់សរសេរពីចំណុចខ្សោយក្នុងវិស័យនេះឬនោះ ដើម្បីយើងយកជាធាតុផ្សំទៅឱ្យ(ស្ថាប័នពាក់ព័ន្ធពិចារណា)។ ខ្ញុំមិនបានជេរថា គណបក្សនេះ/នោះ(ចេះតែ)រិះគន់ (ដូច្នេះ)ឈប់ទទួលនោះទេ។ យើងចារប្រគល់ទៅឱ្យក្រសួង-ស្ថាប័នពិនិត្យ​មើល ដើម្បីកែសម្រួលតាមលទ្ធភាពដែលអាចធ្វើបាន។ នេះវប្បធម៌នៃការសន្ទនាដោយស្មោះត្រង់។ គណបក្សនយោបាយមិនមែនបង្កើតមកដើម្បីហែកហួរគ្នាទេ ប៉ុន្តែដើម្បីរួមគ្នា តំណាងប្រជាពលរដ្ឋដែលមានទស្សនៈរៀងៗខ្លួនធ្វើការ។ រដ្ឋាភិបាលគឺបើកចំហដើម្បីទទួល។ យើងមើលមិនគ្រប់ជ្រុងជ្រោយទេ។ យើងឆ្លុះកញ្ចក់បាន តែអត់មាននរណាមើលខ្នងឱ្យយើង កញ្ចក់មើលអត់បានទេ។ លើកលែងតែមានកញ្ចក់ស្អីដូចនៅបន្ទប់គេមាន ៣៦០ដឺក្រេ។ ហ្នឹងក៏ងាកចង់បាក់កដែរ។ អញ្ចឹង វាត្រូវឱ្យមានអ្នកផ្សេងជួយមើលពីក្រោយខ្នងប្រាប់យើងផង ហើយក៏មិនមែនគ្រប់សមហេតុផលទាំងអស់ដែរ។

កន្លែងខ្លះត្រូវជូនទៅគាត់វិញដើម្បីឱ្យគាត់បានជ្រាប។ កន្លែងខ្លះយើងពន្យល់អត់បានច្បាស់ ក្រសួង-ស្ថាប័នក៏ធ្វើលិខិតជូនទៅគាត់។ ហ្នឹងដើម្បីចែកគ្នា។ ហ្នឹងហើយហៅសន្ទនានោះ។ អ្នកឯងលើកបញ្ហា ជួយផ្តល់យោ​បល់ពីដំណោះស្រាយផង។ អញ្ចឹង ខ្ញុំស្ដាប់បានទាំងបញ្ហា ខ្ញុំទៅពិនិត្យមើល។ បើសិនជាពិត ខ្ញុំជួយដោះស្រាយ ហើយប្រាប់ទៅអ្នកឯង។ បើយោបល់ខាងដៃគូរបស់យើងមានថាដោះស្រាយយ៉ាងម៉េចបាន? ព្រោះគាត់នៅកៀកជាមួយប្រជាជន។ ជួនកាលប្រជាជនអត់ប្រាប់មកយើងទេ។ ដូចខ្ញុំនិយាយអញ្ចឹង ថាមានវត្តមានមន្ត្រីទៅ គាត់ថាចង់បាន ព្រោះនៅហ្នឹងគេចង់បាន។ អត់ហ៊ានប្រាប់បញ្ហាកង្វល់។ ដាក់ម្នាក់ដើរតួជា NGO គេប្រាប់ថា អត់ទេ! គាត់ព្រួយជាងគេគឺបាត់ឆ្នាំងបាយគាត់។ យើងយកមក(ពិនិត្យ)គ្រប់ជ្រុងជ្រោយហ្នឹង … នេះហើយវប្បធម៌សន្ទនា ដែលបង្កើតសុខដុមនីយកម្ម។

ដូច្នេះ ខ្ញុំបើកចំហ ប្រកាសចំហតែម្ដង។ គាត់សួរម្សិលមិញ។ ឥឡូវខ្ញុំបញ្ជាក់។ មានអ្នកបញ្ញវន្តផ្សេងៗសួរថា យើងបើកទទួលវប្បធម៌សន្ទនា ទទួលយោបល់របស់គេ(ឬទេ)? យើងស្វាគមន៍ទាំងអស់។ មិនស្រួលអ្នកខ្លះស្ដាប់ប៉ុណ្ណឹង យកទៅ(បកស្រាយបំភ្លៃ)ថា “ហ៊ុន ម៉ាណែត ដាក់អន្ទាក់ចាប់លលកទៀតហើយ”។ យូរៗគិតពីអ្នកដែលដូរឈ្មោះ ដូរទស្សនៈ ឬមួយដូរវិធីសាស្ត្រចូលរួមនយោបាយ សុទ្ធតែក្លាយទៅជាសត្វលលក។ បើ(និយាយពី)ខ្លួនឯងវិញ សុទ្ធតែជាអ្នកប្រជាធិបតេយ្យ សុទ្ធតែអ្នកបើកចំហ តែទស្សនៈនោះចង្អៀតចង្អល់។ គេជាមនុស្ស … គេ(ក៏)ជាអ្នកស្នេហាជាតិ(ដែរ)។ គ្រាន់តែដូរភ្លាម ក៏ក្លាយទៅជាលលកបាត់ ក្លាយទៅជាអស់តម្លៃបាត់ លែងនិយាយរក ថ្កោលទោស។ ហ្នឹងជារឿងគុណធម៌នយោបាយ។

​ម្សិលមិញខ្ញុំជួបជាមួយមហាសេដ្ឋីខ្សត់លុយ។ ចង់ដឹងនរណាមហាសេដ្ឋីខ្សត់លុយទេ? ​គាត់ឈ្មោះ អ៊ុក វណ្ណដេ ស្គាល់ទេ? ឮសូរ “សាលាដូង” ទេ? នៅភ្នំគិរីរម្យដែលមានបញ្ហា? អ្នកដែលចុះតាមខេត្ត ចៅហ្វាយខេត្តមួយៗប្រហែលស្គាល់ហើយ។ ឡានរបស់គាត់មួយ ឥឡូវឃើញចង់ជ្រុះកង់ហើយ? គាត់បើកបណ្ណាល័យចល័ត។ ប្អូនប្រុស អ៊ុក វណ្ណដេ។ ប៉ុន្មានថ្ងៃនេះ មានសារមួយថា គេបណ្ដេញគាត់ចេញពីគិរីរម្យ បិទសាលា ១៤ថ្ងៃ ស្អីនោះ។ ប្រហែលជាដឹងហើយ … ខ្ញុំសូមបញ្ជាក់អញ្ចេះ។ តាមពិតខ្ញុំចាប់អារម្មណ៍ជាមួយប្អូនយូរហើយ តាំងពី​សាលាសំរាមប៉ុន្មានឆ្នាំមកហើយ។ ចុងក្រោយ ពេលគាត់ចេញទៅ ខ្ញុំត្រូវណាត់គាត់ជួប។ ពេលចេញសៀវភៅនេះ ចង់មើល យើងអាចជួយផ្តល់សៀវភៅស្អីខ្លះ។ តែវាចេះតែជាន់។ ណាត់ម្ដងណា ក៏គាត់នៅខេត្តនេះខេត្តនោះ។ ដល់ចុងក្រោយផ្ទុះសង្គ្រាម ក៏អត់បានជួបទៅ។

​ម្សិលម្ង៉ៃមួយហ្នឹង ខ្ញុំនិយាយត្រង់អត់លាក់លៀម ទោះបីឥឡូវរវល់ក៏លួចកសាងក្រេឌីតដែរ។ ជូនប្រពន្ធទៅលេងគិរីរម្យ … មួយថ្ងៃមុននោះ គាត់ចុះទៅចែកផ្ទះដែលសង់ឱ្យយោធិនពលីនៅព្រៃវែង។ ប៉ុន្មានថ្ងៃទៀតទៅសៀមរាប។ អញ្ចឹងរវល់រៀងៗ ខ្លួន។ អញ្ចឹង សល់ថ្ងៃអាទិត្យមួយ ហើយកូនស្រីក៏នៅ។ គាត់ចង់(រួមដំណើរជុំគ្នា)មុនកូនត្រលប់ទៅមហាវិទ្យាល័យ។ បើកទៅលេងគិរីរម្យ។ ថ្ងៃមុន ទៅតេទឹកពុះហ្នឹង អភិបាលខេត្តថា មនុស្សច្រើន។ ឃើញរូបតាម(បណ្តាញសង្គម)នេះ ក៏ចង់ទៅមើល។ ចៃដន្យបើកកាត់មុខសាលាហ្នឹង ក៏ថា “អូ! សាលានេះធ្លាប់ឃើញតាម Facebook”។ ពីរថ្ងៃក្រោយ ក៏វាឃើញរឿងហ្នឹងកើតឡើង។ ​អ្វីដែលខ្ញុំចង់លើកនោះ មិនមែនរឿងសាលាហ្នឹងទេ។ ខ្ញុំចង់លើកពីបុគ្គលម្នាក់ដែលប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ការស្មោះត្រង់ មានឆន្ទៈជួយមនុស្ស ហើយពុះពារធ្វើការ ទោះបីមិនមានលុយមិនមានអីច្រើនទេ។

ជិត ១០ឆ្នាំមុន គាត់ទៅគិរីរម្យ។ ឃើញក្មេងៗសុំទានមួយចំនួន។ សាលារៀនយើងមានបឋមសិក្សាគិរីរម្យមួយនៅទីនោះ។ រៀនម៉ោងក៏មានតិច។ គាត់មានគំនិតថា ចង់ឱ្យក្មេងៗជិត ១០០នាក់នៅទីនោះ មាន(កន្លែង)បំ​ប៉ន។ កន្លែងហ្នឹងដូចជាឃើញក្រសួងធ្លាប់ទៅដែរ។ ឃើញរៀបចំ។ អញ្ចឹងក៏ខ្ចីដីរបស់បរិស្ថានឧទ្យានគិរីរម្យនៅទីនោះ ក៏បានធ្វើ(សាលា)។ ដោយសារជារឿងផលប្រយោជន៍ដល់សហគមន៍ (ភាគីម្ចាស់)ក៏អនុញ្ញាតឱ្យធ្វើទៅ។ ក៏កៀរគរធនធានសប្បុរសជនក្នុងនិងក្រៅប្រទេស ពុះពារកសាងបានហើយ ក៏ពុះពារមួយទៀត។ ខ្ញុំសួរពុះពារលំបាកបំផុតគឺសុំឪពុកម្ដាយឱ្យកូនមករៀន។ ព្រោះឪពុកម្ដាយត្រូវឱ្យកូនទៅជួយការងារផ្សេងក្រៅម៉ោងរៀន ដើម្បីឱ្យមករៀនកុំព្យូទ័រ រៀនបំណិនបន្ថែម។ គាត់ត្រូវទៅបង្ហាញ។ ដំបូងមិនសូវមានអ្នកឱ្យមកទេ។ តែឃើញកូនចូលរៀន មានគេថាកើនចំណេះលទ្ធផលល្អនៅសាលាបឋមអីបន្ថែម ពួកគាត់ក៏ឱ្យចូលមករៀន។

​ប៉ុន្តែ អ្នកនេះអត់មានលុយទេ។ មានតែចិត្ត និងការតស៊ូ។ ទាំងអស់ហ្នឹងចេញមកពីណា? គឺទ្រព្យមហាសាល។​ ដែលខ្ញុំនិយាយនេះគឺទ្រព្យទឹកចិត្ត និងសកម្មភាពដែលគាត់ចែកទៅឱ្យកូនចៅប្រជាពលរដ្ឋនៅទីនោះ។ ដោយ​សារ​ទឹកចិត្តនិងឆន្ទៈរបស់គាត់ ទ្រព្យខ្លួនឯង លើកតម្លៃខ្លួនឯង បានសប្បុរសជនជឿទុកចិត្តលើគាត់ ជួយគាត់។ នេះដែលគេថា សីលធម៌ គុណធម៌ ស៊ីអី បានអីស៊ី អត់ទេ! បើយើងគិតតែពីជ្រុងទ្រព្យសម្បត្តិ គិតតែពីជ្រុងលុយកាក់ គិតតែពីជ្រុងស្អីភាពហ៊ឺហា។ ហ្នឹងយើងគ្មានទេ។ ប៉ុន្តែ បើយើងគិតពីការគោរព ការស្រឡាញ់ នេះហើយទ្រព្យដែលគាត់បង្កើត ឥរិយាបថដែលគាត់មាន។ គាត់ដោះស្រាយបញ្ហា ហើយខ្ញុំជួបមនុស្សច្រើននៅក្នុងសង្គម ទាំងតូចទាំងធំ។ រឿងទ្រព្យ អត់សំខាន់ប៉ុន្មានទេ។ អ្នកមានឡាន Lamborghini ល្អ អ្នកស្រឡាញ់ អ្នលមានលទ្ធភាព អ្នកធ្វើ។ អ្វីដែលសំខាន់គឺទឹកចិត្ត។ មិនមែនថា អ្នកមានទាំងអស់ អត់មានទឹកចិត្តទេ ហើយក៏មិនមែនអ្នកដែលអត់ទាំងអស់ សុទ្ធតែមានទឹកចិត្តនោះដែរទេ។

ប៉ុន្តែ អ្វីដែលខុសគ្នាគឺក្រៅពីតម្រូវការរបស់គាត់ៗ បានផ្តល់​ទៅសង្គម។ មិនថាអ្នកតូច អ្នកធំ អ្នកមាន អ្នកក្រ នេះគឺជាឥរិយាបថ។ គ្មានអីខុសទេ ដែលមនុស្សម្នាក់ខិតខំរកស៊ី ហើយរីកចម្រើននោះ។ មើលអ៊ំស្រីជាម្តាយ(ម្នាក់) ជាអ្នកបង្កើតក្រុមហ៊ុន ជីប ម៉ុង។ ចេញពី ប៉ុល ពត មកកូន ៥នាក់។ មេម៉ាយចិញ្ចឹមកូន។ គាត់តស៊ូមក​រហូត​ដល់រីកប៉ុណ្ណេះ។ ឥឡូវមានដល់ចៅដល់អី។ គ្មានអីខុសទេ។ គាត់រកស៊ីដោយសុច្ចរិត បង្កើតការងារនៅក្នុង​(សង្គម)នេះ។ យើងចង់ឱ្យ(គាត់)រីកចម្រើនអញ្ចឹង ហើយគាត់ក៏(បាន) ជួយសង្គមច្រើន។ ប៉ុន្តែនេះ ខ្ញុំយកជ្រុងដែលសីលធម៌ គុណធម៌ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ បង្កើតតម្លៃ(និង)បង្កើតឧត្តមប្រ​យោជន៍(មកនិយាយ)។ គាត់(វណ្ណដេ)អត់លុយ ឡានខូច តែជិះឡានតាមខេត្តទៅជួយ។ ពេលខ្លះ ខេត្តមានចិត្តល្អជួយប្រេងសាំងខ្លះឱ្យទៅ។ ទោះដេកផ្លូវក៏ដោយ គាត់សប្បាយចិត្តនៅពេលដែលឃើញការផុសផុលអានសៀវភៅ។ (នេះជា) អ្វីដែលគាត់ចង់ធ្វើ។

គាត់បានពុះពារពីដីអត់មានអីទាំងអស់ ទៅជាកន្លែងដែលបណ្តុះបណ្តាល ដែល(សិស្ស)១៥០នាក់ជាងចូលមកទទួលបានបំណិន(ជីវីត ធ្វើឲ្យជីវិតមាន)គុណភាពឡើង។ អញ្ចឹងការអប់រំ បណ្តុះបណ្តាលគុណធម៌ សីលធម៌ គឺបែបនេះ។ នៅពេលដែលអស់អីទាំងអស់ តែអត់អស់ចិត្តនោះទេ។ ប៉ុន្តែ ពេលដែលយើងបាត់បង់សីលធម៌ គុណធម៌ ការទទួលខុសត្រូវ (ទោះបី) យើងមានអ្វីទាំងអស់ តែ(ប្រៀបដូចជា)គ្មានអ្វីទាំងអស់។ បានន័យថាម៉េច? យើងមានទ្រព្យសម្បត្តិ មានស្អីទាំងអស់ តែយើងបាត់បង់មនុស្សដែលយើងស្រឡាញ់ទាំងអស់ ព្រោះយើងរវល់តែកាច់កុងរកតែឈ្នះ។ យើងមានទាំងទ្រព្យ ការគោរពនិងការស្រឡាញ់ (ទើបគុណភាពជីវិតយើង) លេខមួយ។ បង្កើតសមិទ្ធផលជាគុណប្រយោជន៍សម្រាប់ខ្លួនយើង និងអ្នកដទៃ វាអត់ចាប់ផ្តើមពីទាល់តែយើងមានលុយប៉ុន្មានទេ។ (វា)ចេញពីតម្លៃនៃភាពស្មោះត្រង់ ទើបសប្បុរសជនដែលមានលទ្ធភាព ផ្ញើលុយពីក្រៅប្រទេសមកឱ្យ (សប្បុរសជន)ក្នុងប្រទេសឱ្យលុយ ជួយបើកសាលានេះ។

នេះជាការងារពិត ដែលមិនមែនគ្រាន់តែនិយាយទ្រឹស្តីទេ។ ខ្ញុំទៅភ្ជាប់ជាមួយកត្តាជាក់ស្តែង។ រឿងដែលខ្ញុំលើកជាឧទាហរណ៍ដែលខ្ញុំជួបម្សិលមិញ យើងទាញយកមក(ផ្គូគ្នា)។ ម្នាក់និយាយពីរឿងនយោបាយ ពីគុណធម៌នយោបាយ ពីការបង្រួបបង្រួមជាតិ ពីការទុកចិត្ត ការស្មោះត្រង់ជាមួយគ្នា ពីផ្លូវដែលវប្បធម៌សន្ទនាត្រូវដើរ។ (យើង)គោរពគ្នា កុំចេះតែជេរមើលងាយ។ កុំថ្ងៃណាក៏(រដ្ឋាភិបាល)អត់កំណើត គ្មានមាយាទ ចុះចេញទៅ។ អត់និយាយជា​មួយ។ តែបើចូលមកនិយាយ មិនបាច់(ទាល់តែ)ចូលជាមួយគណបក្សប្រជាជនកម្ពុជាទេ។ (ធ្វើជា)ដៃគូទៅ។ ខ្ញុំអត់សុំឱ្យគណបក្សទាំង៣៥ជាដៃគូ ឬបក្សប៉ុន្មានចូលមកទេ។ យើងធ្វើជាវប្បធម៌សន្ទនាតាមរយៈឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ទេ។

ការរៀបចំទាំងអស់នេះផ្អែកទៅលើមូលដ្ឋាននៃគុណធម៌ វប្បធម៌របស់យើង ដែលជាការប្រទាក់ក្រឡានយោ​បាយនៅក្នុងសង្គម។ ឥឡូវចង់បញ្ជាក់បន្តិច រឿងនេះវាអញ្ចេះទេ។ កន្លងទៅមានការយល់ច្រឡំ ហើយចោទឧកញ៉ា ជឹង សុភាព ហៅ យាយភូ ថាទៅដេញកន្លែងគាត់(វណ្ណដេ/សាលាដូង)។ រឿងពិតវាយ៉ាងអញ្ចេះ។ ឧក​ញ៉ា ជឹង សុភាព អត់ដឹងអីទេ។ គេជេរគាត់តាម Facebook។ រឿងនេះ(កាលពី)២០១៧ វណ្ណដេ ចង់ធ្វើកន្លែង(សាលា)។ គាត់ទៅទាក់ទងមន្ត្រីបរិស្ថាននៅទីនោះស្នើសុំខ្ចីដី (ព្រោះជា)ដីរដ្ឋទេ នៅជើងភ្នំ។ កន្លងទៅថាមានធ្វើ Resort ខ្លះ។ ប៉ុន្តែមិនមែនជាដីឯកជនទេ។ ដីឯកជនរបស់រដ្ឋដែលជួលក្នុងរយៈពេលមួយ។ នៅតែជាកម្មសិទ្ធិរបស់រដ្ឋទាំងអស់។ កន្លងទៅ គាត់មានធ្វើផ្ទះគ្រូផ្ទះអីអញ្ចឹងទៅ។ វាជាន់លើដីរបស់កងទ័ព ឬដីដែលអនុ​ក្រឹត្យប្រគល់ឱ្យជាតំបន់ប្រវត្តិសាស្ត្រយោធា។ ក្រសួងការពារជាតិបានរៀបចំ(តំបន់)ប្រវត្តិសាស្ត្រយោធាហ្នឹងប៉ុន្មានកន្លែងឯណោះនៅទូទាំងប្រទេសដើម្បីរំលឹកពីគុណតម្លៃនៃគ្រប់ភាគីទាំងអស់។ សំខាន់ឱ្យកូនចៅប្រ​ជាពលរដ្ឋនៅចងចាំនូវតម្លៃនៃសន្តិភាព។

កន្លែងខ្លះវា(ជាអតីតតំបន់)តស៊ូស្វិតស្វាញណាស់រវាងភាគី ដូចនៅគិរីរម្យហ្នឹង … នៅហ្នឹង(ដូចជា) ឯកឧត្តម កែវ ពង្ស ឬអី? … កាលខ្ញុំនៅពីក្មេង ឱ្យតែជិះដល់ម្តុំពេជ្រនិលហ្នឹង គឺអាយកូមពីខ្មែរក្រហមហៅចូលមកហើយថា “អញឃើញឡានឯង។ អញបាញ់កម្ទេច”។  ពូខ្ញុំនៅក្នុងឡានក៏តទៅវិញ។ (នៅពី)ក្មេង យើងថា “តិចបាញ់មែនទៅ”។ មិនមែនជិះដូចសព្វថ្ងៃ មានផ្លូវល្បឿនលឿនអីនោះទេ។ ​កន្លែងនោះ អត់មានមនុស្សទេ។ យើងយកមនុស្សទៅដាក់។ ជាកន្លែងវាយគ្នានិងជាកន្លែងស្លាប់ច្រើន។ នៅភ្នំស្រួចនៅអីនេះសុទ្ធតែជាកន្លែងដែលមណ្ឌល​សុខភាព មិនមែនគ្រាន់តែសំរាប់ទៅព្យាបាលអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ទេ។ កាលណោះ លីសពទាហានយកមកលាងឈាមនៅហ្នឹងបន្ទាប់ពីស្លាប់នៅសមរភូមិ។ អញ្ចឹងបានរក្សាទុក។ អញ្ចឹងក៏វាជាន់គ្នាកន្លែងហ្នឹងទៅ។ កន្លងទៅក៏មានការជូនដំណឹងអញ្ចឹងមែន។ អញ្ចឹងគោលការណ៍នេះយើងត្រូវមើល(ឡើងវិញ)។

​ជាដំណោះស្រាយ ម្សិលមិញបានជួបមានឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថានមកដែរ ជាមួយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តមកជាមួយគ្នា។ ខ្ញុំទូរស័ព្ទទៅមេយោធភូមិភាគទី៣ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ប្រាប់ថាឱ្យផ្អាកការរុះរើកន្លែងផ្ទះគ្រូហ្នឹង ទុកឱ្យគេដំណើរការរៀនសូត្រ (ព្រោះ)តែគ្រូអត់ផ្ទះនៅ តើអ្នកណាបង្រៀន? អត់ទាន់ប្រញាប់ទៅណាទេ។ ពេលជាមួយគ្នា ឱ្យក្រសួងបរិស្ថានជាមួយខេត្ត ចាត់តំណាងជំនាញចុះជាបន្ទាន់ទៅមើលស្ថានភាពជាក់ស្តែងដើម្បីមើលព្រំអីទៅ។ យើងរកដំណោះស្រាយ។ គោលដៅគឺរកដំណោះស្រាយដើម្បីឱ្យមានចីរភាពនឹងនរយូរអង្វែងឱ្យសាលានេះបន្តបងៀន ឲ្យសិស្សជាង ១៥០នាក់(បានរៀនបន្ដ ហើយ)នៅឆ្នាំក្រោយៗ អាចកើនឡើង ២-៣ រយនាក់ ដើម្បីបានផលពីការចូលរួមរបស់សាលាដូងតទៅទៀត។ (យើង)អត់ឱ្យបិទទៅណាទេ។ គ្រូក៏ដូចគ្នាដែរ។ យើងនឹងរៀបចំឱ្យបានស្រួលបួល ដើម្បីកុំឱ្យមានបញ្ហា។ ឱ្យមានចីរភាព។

ប៉ុន្ដែ ខ្ញុំប្រាប់ថាឱ្យខ្ចីដីហ្នឹងសម្រាប់តែធ្វើសាលាហ្នឹងទេ។ ប្រយ័ត្នឱ្យខ្ចីដី(ហើយ) បិទសាលាទៅបើក Resort។ អត់ទេ! គាត់មានធ្វើផ្ទះមួយ គេហៅ Homestay ហ្នឹង សម្រាប់យកលុយចិញ្ចឹមសាលា។ ទាក់ទងនឹងការងារមនុស្សធម៌ អត់មានពង្រីកអីទៀតទេ។ យើងធ្វើបាន។ អញ្ចឹង ខ្ញុំសូមបញ្ជាក់ជូនមហាជន ទី១.(រឿងនេះ)អត់ទាក់ទងជាមួយឧកញ៉ា ជឹង សុភាព ទេ។ គាត់អត់ដឹងទេ។ (នេះជា)ដីប្រវត្តិសាស្ត្រយោធា។ ទី២. យើងបានឱ្យគោលការណ៍ហើយ អត់មានការរុះរើ(សាលា)ទៅណាទេ។ បន្តរៀនធម្មតា។ ក្រសួងបរិស្ថាននិងខេត្តនឹងចុះទៅដើម្បីពិនិត្យព្រំឱ្យបានច្បាស់ រៀបចំសម្រួល។ ឥឡូវគាត់នៅអត់មានប្លង់រឹងទេ។ មានតែការអនុញ្ញាតក្រៅផ្លូវការរបស់មន្ត្រីបរិស្ថានតាំងពី២០១៧។ អញ្ចឹងគាត់នៅស្រៀវឆ្អឹងខ្នង។ អញ្ចឹងបានថា កុំឱ្យមានទំនាស់ សូមចុះពិនិត្យមើល ដើម្បីដោះស្រាយ ធ្វើម៉េចធានាចីរភាពនិងនិរន្តរភាពដែលសាលាអាចជួយទៅបាន។

​សាលានេះបំពេញថែម ហើយឲ្យទៅមើលសាលាបឋមសិក្សាលើនោះផង។ នៅហ្នឹងមានសិស្ស ១០០នាក់ គ្រូនៅហ្នឹងមាន ៣នាក់ ប៉ុន្តែដោយសារគាត់ធ្វើដំណើរ ៣០គីឡូម៉ែត្រចុះឡើង ពេលខ្លះពិបាកបកចុះឡើង។ ខ្ញុំថាឱ្យមើលៗ បើថាម៉េចៗ ធ្វើផ្ទះ(នៅ)ហ្នឹង។ យើងអត់ធ្វើអីខូចបរិស្ថានទេ។ ផ្ទះឈើ ដែលយើងរៀបចំជូនគាត់ កុំឱ្យពិបាកចុះមកក្រោមឡើងលើ ៣០គីឡូម៉ែត្រ។ ពីកន្លែងលក់សំបុត្រហ្នឹងឡើងទៅ។ ខ្ញុំធ្លាប់ដើរលើហ្នឹងដូច ២ដង នាំទាហានទៅហាត់។ ឡើងទៅដល់លើ យើងសួរអ្នកកំពង់ស្ពឺថាជិតដល់នៅ? គាត់ថាជិតដល់ហើយ។ ជិតដល់ហ្នឹង ចង់ ៥ដង។ “ជិតដល់ហើយ!” ដើរធ្លាក់អណ្តាត។ សួរម្នាក់ទៀត “ជិតដល់នៅបង?” … “ជិតដល់ហើយ!”។ អញ្ចឹងឆ្ងាយ … សម្រាប់សាលានោះ ជជែកជាមួយគ្រួសារទៅ ក៏បានប្រាប់ឯកឧត្តម សេង ទៀង … ខ្ញុំឲ្យឯកឧត្តម ហ៊ុន ស៊ីថា ដាក់បញ្ចូលក្នុងបញ្ជីមណ្ឌលដែលយើងឧបត្ថម្ភប្រចាំខែ គឺមួយខែផ្តល់ថវិកា ៥លាន អង្ករ ១តោនទៅសាលាហ្នឹង។

ខ្ញុំប្រាប់ហើយ បើកពីខែ ៩ហ្នឹងទៅ ដើម្បីជួយ(ដល់សាលា) ព្រោះគាត់ផ្តល់អាហារឱ្យគ្រូផងឱ្យសិស្សរៀងរាល់ថ្ងៃសុក្រផង។ ផ្តល់ទៅដើម្បីឱ្យ(សាលា)ដំណើរការ(បានល្អ) ព្រោះ​គាត់ធ្វើការពិតប្រាកដ។ គាត់ជួយរដ្ឋាភិបាលវិញទេដើម្បីបំប៉នចំណេះដឹងដល់ក្មួយៗនៅទីនោះ។ អញ្ចឹង(យើង)រួមគ្នាធ្វើ។ យើងអត់មានចង្អៀតចង្អល់ទេ។ កុំឱ្យតែថា “អេ! រដ្ឋាភិបាលបិទសិទ្ធិសេរីភាព NGO …” តែគេធ្វើត្រូវ យើងឱ្យគេធ្វើហើយ។ ការគ្រប់គ្រងដោយចីរភាពត្រូវតែធ្វើ។ អ្វីដែលជាគុណប្រយោជន៍ឱ្យសហគមន៍ ធ្វើទៅ យើងជួយទៅ។ រឿងប៉ុណ្ណឹងទាក់ទងរឿង “សេដ្ឋីខ្សត់លុយ” … ឥឡូវ មិនស្រួលទៅណាគេហៅសេដ្ឋីខ្សត់លុយហើយ។ រៃអង្គាសលែងបានហើយ។ ឡើងសេដ្ឋីហើយ។ នៅកំពង់ឆ្នាំង មានឃុំមួយគេហៅ “ឃុំសេដ្ឋី”។ ខ្ញុំទៅឃុំហ្នឹងកាលខ្ញុំនៅរៀន។ ចុះទៅចែក(អំណោយ)។ កាលណោះគ្រោះមហន្ដរាយ។ ឃុំសេដ្ឋី តែជីវភាពកន្លែងហ្នឹងរាងលំបាក។ តែឥឡូវប្រហែលជាព្រោះខុសគ្នា។ ចង់មើល២០០៦ អីមកវា ២០ឆ្នាំទៅហើយ …

យើងអត់ដឹង អត់ចាប់អារម្មណ៍ថា អ្នកឱរ៉ាល់ អ្នកខ្នងផ្សារគឺអ្នករលាក់កងជើង។ គេថាអ្នករលាក់កងជើងគឺជាកន្លែងដែលក្រីក្រជាងគេបំផុត។ ដល់ខ្ញុំទៅតេទឹកពុះ ហើយបង្ហួសទៅតាសាល ទៅមើលទំនប់បាយនៅហ្នឹង បានជួបអ្នកឆ្មាំនៅកន្លែងហ្នឹងពីរនាក់ ម្នាក់មកពីខ្នងផ្សារ។ ខ្ញុំសួរថាចុះមកយ៉ាងម៉េចទៅ? គាត់ថា គាត់មកនៅនេះប៉ុន្មានជិត ១០ឆ្នាំហើយ តាំងពីទំនប់ទើបបើក។ ទំនប់ឥណ្ឌា ទំនប់តាសាល។ ឥឡូវ គាត់ចង់ទៅវិញ។ ថាម៉េចបានចង់ទៅវិញ? ថានៅនោះគេដូចធូរធារជាង។ អ្នករលាក់កងជើង។ ខ្ញុំថាឯងទៅជួយមួយថ្ងៃ អត់ដឹង។ អត់ស្គាល់ភូមិសាស្ត្រ។ ជីវភាពប្រែប្រួល។ ពីមួយកន្លែងទៅមួយកន្លែង។ នេះដែលយើងចង់បាន។ ការចូលរួមធ្វើម៉េចឲ្យសហគមន៍ ឲ្យគ្រប់វិស័យទាំងអស់ចូលគ្នា មិនថាវិស័យឯកជន ឬអង្គការសង្គមស៊ីវិលយើងជួយគ្នា។ នេះហើយគុណធម៌ នេះហើយសីលធម៌នៃការសាមគ្គីឯកភាពជាតិ នេះហើយគឺជាការអនុវត្តប្រពៃណីវប្បធម៌ក្នុងការសន្ទនានោះ។ មិនមែនសន្ទនាក្នុងនាមនយោបាយទេ គឺសន្ទនាជាមួយប្រជាពលរដ្ឋ សន្ទនាជាមួយសហគមន៍ ចង់ធ្វើអី ទៅនិយាយជាមួយគាត់ទៅ។ គាត់ចង់បានអីប្រាកដ។ និយាយគ្នាឲ្យច្បាស់។ បើឲ្យទៅថែ បើឲ្យអត់ថែ ខ្ញុំអត់ឲ្យ។ និយាយត្រង់ទៅវិញទៅមកហ្មង។ អត់មានស្អីផ្ការីកគ្រប់រដូវអីទេ … យើងធ្វើឲ្យ តែគាត់មានសមត្ថភាពគ្រប់គ្រងអត់?

ថ្ងៃមុននៅតេទឹកពុះ សួរ​ប្អូនម្នាក់នោះថាចង់បានអី? ថាចង់បានទំនើបជាងគេបំផុត។ ខ្ញុំថា អូខេឲ្យ ប៉ុន្តែចេញថ្លៃភ្លើងខ្លួនឯងណា។ អញ្ចឹងមិនបាច់ទេ។ ពួកយើងទៅមើលតេទឹកពុះ កន្លែងហ្នឹងល្អ។ ប៉ុន្តែយើងទៅមើលហ្នឹង ខ្ញុំសួរថា ក្រៅពីកន្លែងតេទឹកពុះហ្នឹង សហគមន៍មានអីទៀតដែលអាចភ្ជាប់គ្នាបាន? គាត់ថា នៅហ្នឹងមានរបាំជនជាតិ មានកន្លែងផ្នូរជនជាតិ។ គាត់ថាអ្នកទៅហ្នឹងភាគច្រើនសុទ្ធតែចាស់ៗ បើអាចបណ្តុះគាត់ចេះម៉ាស្សាអីល្អ … ទៅដល់ ពួកគាត់ជិះឡានមកពីកំពង់ឆ្នាំង។ ខ្ញុំទៅថ្ងៃមុន មានមកពីបាត់ដំបងមកអី។ អញ្ចឹងគាត់មានម៉ាស្សា​ហ្នឹង។ យើងរៀបឲ្យគាត់ទៅ ហើយបណ្តុះបណ្តាលគាត់ទៅ។ គាត់ចង់បាន។ ឧទាហរណ៍អញ្ចឹង … យើងរៀបឲ្យចប់។ សួរផ្ទះគាត់ប៉ុន្មានខ្នង? ថាមាន ៣០០គ្រួសារ។ ចុះអាចប៉ុន្មាននាក់ចង់បើកកន្លែងផ្ទះទទួលភ្ញៀវ Homestay ព្រោះអ្នកខ្លះគេចង់ទៅ? គាត់ចង់រកស៊ី … តែគាត់អត់ចេះ។ ឲ្យបង្រៀនគាត់មក។

ខ្ញុំថាឥឡូវមានជម្រើសពីរ។ ទី១ យកក្រុមហ៊ុនឯកជនទៅវិនិយោគនៅហ្នឹង។ យើងអាចផ្តល់សេវាអីមួយចំនួនជាកម្លាំងពលកម្ម អត់សូវហត់។ ក្រុមហ៊ុនគេទទួលខុសត្រូវនៅក្នុងការចំណេញខាត។ ទី២ រកស៊ីខ្លួនឯង តែហត់ ធ្វើម្ចាស់។ គាត់ថាគាត់យកទី២។ អញ្ចឹងយើងជួយ។ ស្អីដែលគាត់ចង់បាន យើងនិយាយឲ្យច្បាស់។ ចង់បានទំនើបបំផុត ចេញថ្លៃម៉ាស៊ីនត្រជាក់ខ្លួនឯង។ ដំបូងគ្រាន់តែឮស្ប៉ា គាត់ស្រមៃឃើញស្ប៉ានៅភ្នំពេញ គាត់ថាដាក់អាហ្នឹងមាន Jacuzzi មានម៉ាស៊ីនត្រជាក់ ដាក់មកស្អាត ព្រោះធ្លាប់ឃើញ Facebook។ ខ្ញុំថា តិចរត់ថ្លៃអគ្គិសនីអត់រួច? អញ្ចឹង គាត់ថាយកធម្មតា ខ្យល់ធម្មជាតិ។ រៀបចំតូប បង្អួចធម្មតា យ៉ាងច្រើនដាក់កង្ហារជា​មួយ​សូឡា។ អញ្ចឹង គេចូលចិត្តផង។ ការសន្ទនា បើយើងដឹងកង្វល់ដោះឲ្យចេញ។ អ្វីដែលបារម្ភបំផុត អ្នក Design ខ្លួនឯងគិតថាអ្វីដែលគេចង់បាន។ ទៅសួរគេទៅ គេចង់បានអី? ឲ្យគេចូលរួម។ ទោះបីយើងជានាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី ជាអភិបាលខេត្ត ក៏ដោយទៅស្តាប់គាត់សិន។ ប្រយ័ត្នយកទៅឲ្យ គាត់អត់ព្រម ហៅអត់មានភាពជាម្ចាស់។ គាត់អត់ចង់បាន គាត់អត់ទទួលខុសត្រូវ គាត់អត់ថែទេ ព្រោះមកបង្ខំខ្ញុំយក។ ខ្ញុំទទួលយកតែធ្វើខ្លួនឯងទៅ … នេះហើយគឺជារបស់រួម ហើយយើងត្រូវធ្វើការអប់រំ ការរុញប្រពៃណីវប្បធម៌ និងការបណ្តុះបណ្តាលនូវចរិយាធម៌គ្រប់កន្លែងទាំងអស់បន្តទៀត។ ខ្ញុំសូមលើកទឹកចិត្ត ចំពោះក្រសួងធម្មការ និងសាសនា ខិតខំជំរុញការបណ្តុះបណ្តាលឲ្យបានកាន់តែច្រើន។ ខ្ញុំជឿថាការបណ្តុះបណ្តាលត្រូវឲ្យមានបរិមាណ និងគុណភាព ឯ​គិតគូរការរៀបចំសមាគមមានហើយ។ អាចជាសមាគមដើរតួនាទីជួយក្នុងការថែរក្សា ការអនុវត្តឬមួយចលនាក្នុងការជួយគ្នាយ៉ាងណា។ ប៉ុន្តែ ការស្រាវជ្រាវបន្ថែម ការរៀបចំក្របខណ្ឌប្រតិបត្តិ ការឯកភាពគ្នា ដើម្បីទំនៀមទម្លាប់របស់យើងអាចរស់បានយូរអង្វែងគឺជាកិច្ចការសំខាន់។

[ចប់សេចក្តីអធិប្បាយ ១]

ក្នុងគោលបំណងដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម, លើកស្ទួយការអភិរក្ស និងជំរុញការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងលើកកម្ពស់តម្លៃ និងសីលធម៌អាចារ្យ-អាចារិនី, ខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួនដល់ ក្រសួងធម្មការ និងសាសនា ដូច-ខាងក្រោម ៖

ទី១. ត្រូវបន្តចូលរួមពង្រឹង និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ប្រកបដោយ ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និងស្របតាមការវិវត្តនៃសង្គម ព្រមទាំង សិក្សាដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការសម្រាប់អភិវឌ្ឍ វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម ឱ្យក្លាយជាកម្លាំងសីលធម៌សង្គមខ្មែរដ៏ពិតប្រាកដ និងសសរស្តម្ភនៃសុខដុមជំនឿសាសនា ជារៀងរហូត។

ទី២. ត្រូវជំរុញយុទ្ធនាការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដល់អាចារ្យ-អាចារិនី ឱ្យបានទូលំទូលាយ ដើម្បីបន្តដោះស្រាយ «វិបត្តិអាចារ្យខ្មែរ», បំបិទ «គម្លាតជំនាន់» ដែលអាចបង្កជាវិបត្តិអាចារ្យនាពេលខាងមុខ, អភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ, ក៏ដូចជា បំពេញតម្រូវការរបស់ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស។ ជាមួយនេះ, ត្រូវបង្កើនចំនួន និងសមត្ថភាពរបស់ឧទ្ទេសាចារ្យ, ព្រមទាំង កែលម្អឯកសារសិក្សា និងមុខវិជ្ជាបង្រៀន ដើម្បីធានាគុណភាព, ប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយនៃការបណ្តុះបណ្តាល សំដៅបំពេញតម្រូវការពិតប្រាកដ នៃការរៀបចំពិធីកម្មសាសនា និងពិធីមង្គលនានា នៅក្នុងប្រទេស។

ទី៣. ត្រូវពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំវគ្គបណ្តុះបណ្តាល តម្រ​ង់​ទិសដល់ប្រតិបត្តិករ ដើម្បីឱ្យការរៀបចំពិធីកម្មសាសនា និងពិធីមង្គលផ្សេងៗ ស្របតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។ ក្នុងពិធីកម្មសាសនានានា, អាចារ្យ-អាចារិនី សូមយកឱកាសនោះ ដើម្បីអប់រំសីលធម៌, សុជីវធម៌ និងកតញ្ញុតាធម៌ ដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន និងកុមារ, ព្រមទាំង ណែនាំឱ្យយុវជនចៀសឆ្ងាយពីអំពើអបាយមុខនានា។

ទី៤. ត្រូវបន្តសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខដុមជំនឿសាសនានៅកម្ពុជា តាមរយៈ ការគោរព, ការយោគយល់, ការសន្ទនា និងកិច្ចសហការរវាងសាសនា ដោយផ្តោតលើការរួមគ្នាលើកកម្ពស់សីលធម៌, សាមគ្គីភាព, សន្តិភាព និងសុខដុមរមនាក្នុងសង្គម ដើម្បីឱ្យគ្រប់សាសនាក្លាយជាកម្លាំងវិជ្ជមាន ក្នុងការរួមចំណែកកាន់តែសកម្មដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។

ទី៥. ពិធីបុណ្យបែបព្រះពុទ្ធសាសនា, ទាំងមង្គល និងអវមង្គល, និងពិធីកម្មតាមបែបប្រពៃណីទំនៀមទម្លាប់បុរាណក្តី សុទ្ធសឹងតែបង្កប់ទៅដោយគោលគំនិត គតិបណ្ឌិត និងទស្សនវិជ្ជាអប់រំ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ អាស្រ័យហេតុនេះ, អាចារ្យអាចារិនី មិនត្រូវកែច្នៃកិច្ចពិធីទាំងនោះ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យខុសពីទម្រង់ដើមនៃក្បួនច្បាប់ពីបុរាណ, ព្រមទាំង កាត់បន្ថយពិធីកម្មបែបជំនឿអរូបី ដោយត្រូវផ្តោតលើខ្លឹមសារអប់រំ ឱ្យស្របទៅនឹងពិធីកម្មបែបព្រះពុទ្ធសាសនា និងពិធីមង្គលបែបប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ។

មុននឹងបញ្ចប់, ខ្ញុំសូមចូលរួមអបអរសាទរថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងធម្មការ និងសាសនា ចំពោះការសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងឆ្នាំ ២០២៥ ហើយក៏សូមលើកទឹកចិត្តឱ្យក្រសួងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកកិច្ចសហការជាមួយក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍវិស័យធម្មការ និងសាសនានៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅរក្សាអត្តសញ្ញាណជាតិ តាមរយៈ សាសនា, វប្បធម៌, ប្រពៃណី និងទំនៀមទម្លាប់។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ឧទ្ទេសាចារ្យ អាចារ្យ-អាចារិនី និងអង្គពិធី, សូមទទួលបាននូវសិរីសួស្តី វិបុលសុខ និងជោគជ័យតាមភារកិច្ចរៀងៗខ្លួន ហើយសូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]

ក្នុងឱកាសនេះដែរក៏ជូន គណៈកម្មការរៀបចំអង្គពិធីសំណេះសំណាលអាចារ្យ-អាចារិនីទូទាំងប្រទេសលើកទី១១ ថវិកា ២០លានរៀល។ ជូនអាចារ្យ-អាចារិនី ក្នុងកម្មវិធី ១,០០០នាក់ ម្នាក់ៗថវិកា ២០ម៉ឺនរៀល។ ជូន​វិទ្យា​​ស្ថានជាតិអប់រំ ថវិកា ១០លានរៀល និងក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា ៣លានរៀលផងដែរ។ សូមអរគុណ។

[ចប់សេចក្តីអធិប្បាយ ២]

អត្ថបទទាក់ទង