Grand News Asia Close

លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយ:លោក លី សាម៉េត និងលោក ឡាច សំរោង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ 260
លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយ:លោក លី សាម៉េត និងលោក ឡាច សំរោង លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយ:លោក លី សាម៉េត និងលោក ឡាច សំរោង

(ភ្នំពេញ)៖ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារពាក់ព័ន្ធករណីរត់ការចង់ធ្វើអភិបាលខេត្ត អស់ប្រាក់៥៧ម៉ឺនដុល្លារ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៧៣០៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទមានខ្លួនឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស អាយុ ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ព្រមទាំងជនត្រូវចោទចំនួន ២នាក់ទៀត គឺ១.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និង២.ឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនផងដែរថា ដំណើររឿងដែលនាំឱ្យមានការចោទប្រកាន់នេះ គឺឈ្មោះ ឡាយ វិសិដ្ឋ បានយកប្រាក់ចំនួន ៥៧០,០០០ដុល្លារ ទៅឱ្យឈ្មោះ លី សាម៉េត និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបានតំណែងជាអភិបាលខេត្ត។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕

អត្ថបទទាក់ទង