Grand News Asia Close

«រដ្ឋបាល Biden គាំទ្រអង្គការដែលរៀបចំផែនការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 546
«រដ្ឋបាល Biden គាំទ្រអង្គការដែលរៀបចំផែនការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា» «រដ្ឋបាល Biden គាំទ្រអង្គការដែលរៀបចំផែនការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា»

អត្ថបទផ្សាយលើគេហទំព័រ The Sunday Guardian: ថ្ងៃទី10/11/2024 :

យោងតាមព័ត៌មាន និងឯកសារ, មូលនិធិ Open Society របស់អ្នកជំនួញដ៏ចម្រូងចម្រាស គឺលោក George Soros ក៏បានចូលរួមជាមួយក្រុមដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកសារនិងបណ្តាញទំនាក់ទំនងផ្ទៃក្នុងដែលបានចែករំលែកព័ត៌មានជាមួយ The Sunday Guardian បានបង្ហាញ និងអះអាងថា «បដិវត្តន៍ពណ៌ដែលស្រដៀងគ្នានឹងអ្វីដែលបានឃើញនៅបង់ក្លាដែស ត្រូវបានប៉ុនប៉ងនៅពេលថ្មីៗនេះ និងនៅតែបន្តប៉ុនប៉ងនៅក្នុងប្រទេសកម្ពុជាដោយមានការគាំទ្រពីសង្គមស៊ីវិលនិងរដ្ឋាភិបាលដែលមានមូលដ្ឋាននៅអាមេរិក។ យោងតាមសារអ៊ីម៊ែលផ្ទៃក្នុង, របាយការណ៍និងឯកសារដែលបានចែករំលែកជាមួយ The Sunday Guardian «ភ្នាក់ងារចម្រុះដែលមានទីតាំងនៅអាមេរិកនិងនៅប្រទេសដទៃទៀត ដោយមានការសហការជាមួយក្រុមប្រឆាំងនៅកម្ពុជាបានប្រើប្រាស់បញ្ហាទាក់ទងនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បីវាយប្រហាររដ្ឋាភិបាលកម្ពុជា និងអនុវត្តប្រតិបត្តិការរយៈពេលវែងដើម្បីដករដ្ឋាភិបាលដែលកំពុងកាន់អំណាចចេញពីតំណែងនិងលើកបន្តុបតួអង្គដែលគាំទ្រដោយអាមេរិកនៅកម្ពុជា»។

«អំពីសាវតា»
រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ត្រូវបានដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាអនុប្រធានបក្សប្រជាជនកម្ពុជា។ លោកបានស្នងតំណែងបន្តពីឪពុកគឺលោក ហ៊ុន សែន ដែលបច្ចុប្បន្នគឺជាប្រធានព្រឹទ្ធសភា។ លោក ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាពីឆ្នាំ1985 ដល់ឆ្នាំ1993 និងពីឆ្នាំ1998 ដល់ឆ្នាំ2023 និងជាប្រមុខរដ្ឋាភិបាលដែលបានកាន់អំណាចយូរជាងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ បច្ចុប្បន្ន លោកក៏ជាប្រធានបក្សប្រជាជនកម្ពុជាផងដែរ។កាលពីថ្ងៃទី02 ខែសីហា លោក ហ៊ុន ម៉ាណែត បាននិយាយថា «ប្រជាជនកម្ពុជា គួរតែមានការប្រុងប្រយ័ត្នក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល» ដោយលោកបានលើកឡើងអំពីបាតុកម្មនៅបង់ក្លាដែសដែលបានធ្វើឱ្យមេដឹកនាំប្រទេសនេះត្រូវលាលែងពីតំណែងនិងរត់ចេញពីប្រទេស។លោកបានបន្តថា «ខ្ញុំមិនចង់ឃើញស្ថានការណ៍បែបនេះកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ ជាពិសេសនៅភ្នំពេញ»។ ការតវ៉ាមិនអាចប្រែក្លាយទៅជាព្រឹត្តិការណ៍ទ្រង់ទ្រាយធំបានទេ ដោយសាររដ្ឋាភិបាលកម្ពុជាបានដឹងមុនអំពីរឿងនេះ។ ក្រោយមក នៅថ្ងៃទី20 ខែកញ្ញា លោក ហ៊ុន ម៉ាណែត បានប្រកាសថា «កម្ពុជានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)» និងបានបញ្ជាក់ថា «វិធានការនេះមានគោលបំណងដកអាវុធចេញពីក្រុមប្រឆាំងនិងដើម្បីរក្សាសន្តិភាព និងសាមគ្គីភាព»។ មន្ត្រីដែលបានដឹងអំពីការវិវត្តទាំងនេះបាននិយាយប្រាប់ The Sunday Guardian ថា«លោក ហ៊ុន ម៉ាណែត បានសម្រេចចិត្តដកការចូលរួមរបស់កម្ពុជា ចេញពីCLV ដោយសារលោក មិនចង់ឱ្យការតវ៉ាបន្តកើតមានដែលអាចបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត»។ ប្រភពផ្លូវការបានឱ្យដឹងថា «រហូតមកដល់ពេលនេះ លោកបានជៀសវាងការបង្ហាញពីធាតុចូលនិងព័ត៌មានដែលបញ្ជាក់ថា ក្រុមប្រឆាំងនឹងរដ្ឋាភិបាលទាំងនេះ ត្រូវបានផ្តល់មូលនិធិដោយអង្គភាពដែលមានមូលដ្ឋាននៅអាមេរិក បូករួមទាំងមូលនិធិ Open Society ដ៏ល្បីល្បាញរបស់លោក George Soros»។ CLV បានទទួលការយកចិត្តទុកដាក់ បន្ទាប់ពីក្រុមប្រឆាំងទាំងក្នុងនិងក្រៅប្រទេសបានចាប់ផ្តើមចោទប្រកាន់ថា «កិច្ចព្រមព្រៀងនេះអាចធ្វើឱ្យកម្ពុជាប្រគល់ទឹកដីទៅឱ្យវៀតណាម» និងបានប្រើវាដើម្បីអំពាវនាវឱ្យមានការតវ៉ាដ៏ធំ រួមនឹងការផ្តួលរំលំរដ្ឋាភិបាល។ លោក ហ៊ុន សែន គឺជាអ្នកផ្តួចផ្តើមគំនិតផ្ទាល់ឱ្យមានកិច្ចព្រមព្រៀង CLV-DTA នេះនៅក្នុងឆ្នាំ1999 ដើម្បីអភិវឌ្ឍខេត្តចំនួន 4 របស់កម្ពុជា គឺរតនគិរី ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី តាមរយៈការពង្រឹងការតភ្ជាប់ផ្នែកដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចជាមួយឡាវនិងវៀតណាម។ កិច្ចសហប្រតិបត្តិការបានចាប់ផ្តើមជាផ្លូវការនៅក្នុងឆ្នាំ2004។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យមានលំហូរដោយសេរីនៃប្រជាពលរដ្ឋនៅក្នុងខេត្តទាំងនេះទៅកាន់ប្រទេស2ផ្សេងទៀតសម្រាប់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគ។ អ្នកដែលប្រឆាំងនឹងកិច្ចព្រមព្រៀងបានអះអាងថា «ការផ្តល់សម្បទានដីកសិកម្មរាប់ទសវត្សរ៍ទៅឱ្យវិនិយោគិនវៀតណាម និងឡាវនឹងធ្វើឱ្យបាត់បង់ការគ្រប់គ្រងទឹកដីកម្ពុជាមួយផ្នែកធំ»។ នៅពេលដែលការតវ៉ានៅថ្ងៃទី18 ខែសីហា នៅតែមិនអាចកើតឡើង មូរ សុខហួរ បានបង្ហោះ នៅលើបណ្តាញ X ថា «CLV គឺជាការបិទបាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការបណ្តេញប្រជាជនចេញពីដីធ្លី និងការកេងប្រវ័ញ្ចធនធានធម្មជាតិដើម្បីផលប្រយោជន៍បរទេស»។ មូរ សុខហួរ ស្ថិតក្នុងចំណោមបុគ្គល និងក្រុមដែលត្រូវបានគេដាក់ឈ្មោះថាជា «អ្នកដែលញុះញង់ឱ្យមានការតវ៉ាដោយទទួលបានមូលនិធិពីភ្នាក់ងារអាមេរិកទាំងដោយផ្ទាល់ ឬដោយប្រយោល»។ មូរ សុខហួរ បានសរសេរថា «ការបន្តធ្វើអន្តោប្រវេសន៍ខុសច្បាប់ដោយជនជាតិវៀតណាមចូលទៅក្នុងខេត្តចំនួន4 របស់កម្ពុជា និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមលើសេដ្ឋកិច្ចនៅក្នុងតំបន់ អាចធ្វើឱ្យខេត្តទាំងនោះ ក្លាយទៅជាអាណាចក្រដែលគ្រប់គ្រងដោយវៀតណាម»។

គណនី «ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» (KMD) ដែលបានចាប់ផ្តើមនៅឆ្នាំនេះនៅក្នុងខែមីនា និងបានចុះឈ្មោះក្នុងរដ្ឋ Massachusetts របស់អាមេរិក មានបំណងដើរតួជាបក្សប្រឆាំងដ៏ពិតប្រាកដដើម្បីទប់ទល់នឹងបក្សប្រជាជន។ យោងតាមអង្គការសិទ្ធិមនុស្ស រួមទាំងអង្គការលើកលែងទោសអន្តរជាតិ «ប៉ូលិសកម្ពុជាបានចាប់ខ្លួនអ្នកប្រឆាំងដោយសារមតិផ្ទុយរបស់ពួកគេចំពោះគោលនយោបាយរបស់រដ្ឋាភិបាល»។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ «មនុស្សយ៉ាងតិច94នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីចុងខែកក្កដា ឆ្នាំ2024 ដោយសារការរិះគន់ជាសាធារណៈអំពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម»។ យោងតាមអង្គការលើកលែងទោស «អ្នកដែលត្រូវបានចាប់ខ្លួនជាច្រើននាក់ត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការក្បត់និងការញុះញង់» ដោយសារតែការបញ្ចេញទស្សនៈរបស់ពួកគេលើ CLV ឬការរៀបចំការតវ៉ាដោយសន្តិវិធី។

«ការចោទប្រកាន់»
យោងតាមការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជា «សកម្មភាពវិទ្ធង្សនាជាបន្តបន្ទាប់ ត្រូវបានគ្រោងទុកជាជំហានដំបូង នៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយដើម្បីញុះញង់ឱ្យមានបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន តាមរយៈការបង្កឱ្យមានភាពចលាចលស៊ីវិល»។ ឯកសារផ្ទៃក្នុងនិងឯកសារពាក់ព័ន្ធនឹងការ ស៊ើបអង្កេតដែលបានចែករំលែកជាមួយ The Sunday Guardian បានបង្ហាញថា «ក្រុមប្រឆាំងនឹងរដ្ឋាភិបាលត្រូវបានបន្តផ្តល់មូលនិធិដោយអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅអាមេរិក ដូចជា NDI, ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID), មូលនិធិ Open Society (OSF) ដែលមានទំនាក់ ទំនងជាមួយក្រុមប្រឆាំងនឹងរដ្ឋាភិបាលដែលរួមមាន KMD (ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ), បក្ស CNRP ដែលដឹកនាំដោយ មូរ សុខហួរ និង សម រង្ស៊ី ក្នុងគោលបំណងផ្តួលរំលំរបបដឹកនាំនៅកម្ពុជាបច្ចុប្បន្ន និងបង្កើតរដ្ឋាភិបាលដែលគាំទ្រអាមេរិក»។ ពេលនេះ សម រង្ស៊ី កំពុងរស់នៅទីក្រុងប៉ារីសនៃប្រទេសបារាំង។ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញនិងមិនលំអៀងដែលមានមូលដ្ឋាននៅទីក្រុង Washington DC ដែលមានគោលបំណងគាំទ្រ និងពង្រឹងស្ថាប័នប្រជាធិបតេយ្យនៅទូទាំងពិភពលោក។ ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1983 វាគឺជាវិទ្យាស្ថានស្នូលមួយក្នុងចំណោមវិទ្យាស្ថានស្នូលទាំង4 នៃមូលនិធិជាតិដើម្បីប្រជាធិបតេយ្យ (National Endowment for Democracy-NED) រួមជាមួយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI), មជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ (CIPE) និងមជ្ឈមណ្ឌលសាមគ្គីភាព។ ការចូលរួមរបស់ស្ថាប័ននេះនៅក្នុងការដកតំណែងរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina ដែលបានធ្វើឱ្យអំណាចត្រូវបានផ្ទេរទៅឱ្យលោក Muhammad Yunus ក៏ត្រូវបានកត់ត្រាដោយ The Sunday Guardian ផងដែរ។ ឯកសារបានបង្ហាញថា «អាមេរិកបានអនុវត្តផែនការដើម្បីបណ្តេញលោកស្រី Hasina»។ មន្ត្រីមួយចំនួនមានការសង្ស័យថា «ខណៈដែលការតវ៉ានៅថ្ងៃទី18 ខែសីហា ត្រូវបានទប់ស្កាត់បក្សប្រឆាំងនៅកម្ពុជា នឹងមិនចុះចាញ់ឡើយហើយនឹងបន្តព្យាយាមធ្វើបាតុកម្មនៅក្នុងអំឡុងពិធីបុណ្យអុំទូក»។

ក្នុងចំណោមបុគ្គលផ្សេងទៀតដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនដើម្បីរារាំងការតវ៉ាថ្ងៃទី18ខែសីហា រួមមាន ហៃ វណ្ណនិត ដែលបានសារភាពថាបានចូលរួមនៅក្នុងផែនការរបស់ មូរ សុខហួរ ដើម្បីញុះញង់ឲ្យមានអំពើហិង្សាការរំលោភបំពានលើសន្តិភាព ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល និងការញុះញង់ប្រជាជនឱ្យធ្វើបាតុកម្មក្នុងគោលបំណងបំផ្លាញរដ្ឋាភិបាលនិងប្រឆាំងនឹង CLV តាមរយៈបណ្តាញសង្គម Facebook និង Telegram។ ហៃ វណ្ណនិត គឺជាប្អូនប្រុសរបស់សកម្មជនកម្ពុជាដ៏ល្បីឈ្មោះ ហៃ វណ្ណា ដែលរស់នៅប្រទេសជប៉ុន។ ហៃ វណ្ណនិត បានទទួល អាហារូបករណ៍ Fulbright និងធ្លាប់ជាមន្ត្រីរាជការ មុនពេលត្រូវបានចាប់ខ្លួន។ ហៃ វណ្ណា គឺជាប្រធានចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុនដែលមាន ទំនាក់ទំនងជិតស្និទ្ធជាមួយបក្សសង្គ្រោះជាតិរបស់ សម រង្ស៊ី។ កាលពីខែមុន ហៃ វណ្ណា ដែលរស់នៅជប៉ុនបានសុំទោសលោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត ចំពោះតួនាទីរបស់លោកនៅក្នុងការរៀបចំការតវ៉ានៅក្នុងចំណោមពលករខ្មែរនៅក្រៅប្រទេសកាលពីខែសីហានៅប្រទេសជប៉ុន កូរ៉េខាងត្បូង កាណាដា និងអូស្ត្រាលី។ ហៃ វណ្ណា បាននិយាយនៅក្នុងវីដេអូរយៈពេល 2 នាទីដែលបានបង្ហោះលើ Facebook ថា «បាតុកម្មបានបង្កឱ្យមានភាពចលាចលនិងត្រូវបានជំរុញដោយក្រុមជ្រុលនិយមដូចជា សម រង្ស៊ី ជាដើម»។ យោងតាមព័ត៌មាន និងឯកសារ «មូលនិធិ Open Society (OSF) របស់ George Soros ក៏មានជាប់ពាក់ព័ន្ធជាមួយក្រុមដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាផងដែរ»។

ឯកសារថតចម្លងនៃការឆ្លើយឆ្លងតាមអ៊ីមែលរវាងសមាជិកជាន់ខ្ពស់នៃមូលនិធិ Kurawal ដែលជាអង្គការដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតាដែលមានគោលបំណងលើកកម្ពស់គុណតម្លៃស្ថាប័ន និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅឥណ្ឌូណេស៊ីនិងក្រៅប្រទេសជាមួយនឹង មូរ សុខហួរ អតីតអ្នកនយោបាយកម្ពុជានិងជាបេក្ខជនទទួលពានរង្វាន់ណូបែលសន្តិភាព និងជាប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យបានបង្ហាញថា «នៅខែកក្កដាឆ្នាំ2014 មូលនិធិ OSF បានផ្តល់មូលនិធិជាសម្ងាត់ចំនួន55,000ដុល្លារដល់ មូរ សុខហួរ តាមរយៈមូលនិធិ Kurawal របស់ឥណ្ឌូណេស៊ី»។ អ៊ីមែលដំបូងទាក់ទង នឹងរឿងនេះត្រូវបានផ្ញើនៅថ្ងៃទី1 ខែកក្កដា ម៉ោង6.41 ល្ងាច ដោយ មូរ សុខហួរ ទៅកាន់សមាជិកនៃមូលនិធិ Kurawal ជាមួយនឹងប្រធានបទ «ការបន្តគម្រោងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលបានលើកឡើងអំពីផែនការលម្អិតដែល មូរ សុខហួរ និងអង្គការរបស់លោកស្រីនឹងធ្វើជាមួយមូលនិធិដែលពួកគេបានទទួល។ អ៊ីមែលបានសរសេរថា «សូមអរគុណសម្រាប់ការផ្ទៀងផ្ទាត់លក្ខខណ្ឌសម្រាប់ការបន្តគម្រោង។ ការតស៊ូមតិសំខាន់ៗនឹងបន្តរហូតដល់ចុងឆ្នាំ2024 ដោយក្នុងនោះ រួមមានដូចខាងក្រោម៖
នៅអាមេរិក:
-ការធានាបាននូវការអនុម័តច្បាប់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសភាអាមេរិក;
-ការធ្វើការជាមួយតំណាងជាប់ឆ្នោតនៅក្នុងរដ្ឋសំខាន់ៗរបស់អាមេរិកស្តីពីការគាបសង្កត់ឆ្លងកាត់ព្រំដែន;
-ការប្រមូលផ្តុំជនភៀសខ្លួនកម្ពុជាដើម្បីគាំទ្រចលនាខ្មែរដើម្បី ប្រជាធិបតេយ្យនិងដើម្បីចូលរួមក្នុងសកម្មភាពប្រជាធិបតេយ្យ។
នៅអាស៊ីប៉ាស៊ីហ្វិក:
-ការតស៊ូមតិជាមួយរដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ដើម្បីឱ្យមានការដោះលែងអ្នកទោសនយោបាយ និងការបង្ហាញអំពីស្ថានភាពសិទ្ធិមនុស្ស ;
-ការប្រមូលផ្តុំសហគមន៍ខ្មែរនៅប្រទេសជប៉ុន កូរ៉េខាងត្បូងឱ្យចូលរួមនៅក្នុងចលនាខ្មែរដើម្បីប្រជាធិបតេយ្យ និងចូលរួមនៅក្នុងសកម្មភាពប្រជាធិបតេយ្យ។
-ការធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅអឺរ៉ុប:
-ការតស៊ូមតិឱ្យសភាសហភាពអឺរ៉ុបចេញសេចក្តីសម្រេចស្តីពីកម្ពុជា;
-ការជំរុញឱ្យមានការដាក់ទណ្ឌកម្មគោលដៅដោយសហភាពអឺរ៉ុបប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់
របស់រដ្ឋាភិបាលកម្ពុជាចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនិងការប្រព្រឹត្តអំពើពុករលួយ។
អ៊ីមែលបានសរសេរទៀតថា «ខ្ញុំចង់បន្តប្រើប្រាស់ថវិកាដែលនៅសល់រហូតដល់ចុងឆ្នាំ2024។ សូមអរគុណចំពោះការពិចារណារបស់អ្នក»។

ការឆ្លើយតបទៅនឹងអ៊ីមែលនេះ ត្រូវបានផ្ញើដោយសមាជិកនៃមូលនិធិ Kurawal នៅថ្ងៃទី4 ខែកក្កដា ដែលមានខ្លឹមសារថា «សូមអរគុណចំពោះការអត់ធ្មត់របស់អ្នកនៅក្នុងការរង់ចាំការឆ្លើយតបរបស់ខ្ញុំ។ Kurawal អាចបន្តគម្រោង និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់លុយរបស់មូលនិធិ OSF។ មូលនិធិដែលអ្នកទទួលបានគឺ$50,000 ជាមួយនឹងទឹកប្រាក់ដែលនៅសេសសល់ចំនួន $5,000 គ្រោងនឹងផ្ទេរក្នុងខែធ្នូ ឆ្នាំ2024។ ចំពោះថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមអ្នកអាចប្រើប្រាស់ជំនួយ $50,000 សម្រាប់សកម្មភាពទាំងឡាយណាដែលគាំទ្រដល់ការតស៊ូមតិរបស់អ្នកបូករួមទាំងការបង្កើតខ្លឹមសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងសម្រាប់សកម្មភាពប្រជាធិបតេយ្យ។ តើអ្នកអាចបញ្ជាក់បានទេ ថា តើការរៀបចំនេះអាចទទួលយកបានទេសម្រាប់ការបន្តកិច្ចសហការរបស់យើង?»

ដូចគ្នានេះដែរដើម្បីបញ្ឈប់ការតវ៉ានៅថ្ងៃទី18 ខែសីហា ក្រុមអ្នកស៊ើបអង្កេតកម្ពុជា បានចាប់ខ្លួនសមាជិក16នាក់នៃកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ដែលជាអង្គការមួយនៅក្នុងប្រទេសកម្ពុជាដែលមានគោលបំណងផ្តល់អំណាចដល់យុវជនក្នុងការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពួកគេ។ បើតាមការលើកឡើងរបស់មន្ត្រីសន្តិសុខកម្ពុជា «កម្មវិធី YRDP បានទទួលមូលនិធិពីទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ជាយូរណាស់មកហើយ» និងត្រូវបានចោទប្រកាន់ថាបានបណ្តុះបណ្តាលប្រជាជននៅតាមមូលដ្ឋាន ជាពិសេសយុវជនឱ្យធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលដោយប្រើប្រាស់បញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គម»។ យោងតាមឯកសារផ្សេងទៀត «កម្មវិធី YRDP បច្ចុប្បន្នកំពុងធ្វើការជាមួយអង្គការ COMFREL និង CENTRAL លើគម្រោង USAID ECCS (ការផ្តល់អំណាចដល់សកម្មជននិង បណ្តាញសង្គមស៊ីវិលកម្ពុជា) ដែលនឹងដំណើរការចាប់ពីខែតុលា ឆ្នាំ2023 ដល់ខែកញ្ញា ឆ្នាំ2028»។ ឯកសារក៏បានបង្ហាញផងដែរថា «តំណាងនៃក្រុមទាំងនេះដែលស្ថិតនៅកម្ពុជាបានជួបគ្នាដោយមានការគាំទ្រពីNDI ដើម្បីពិភាក្សាអំពីផែនការសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី18 ខែសីហា»។ យោងតាមរបាយការណ៍ «NDI បានផ្តល់មូលនិធិដល់ក្រុមចំនួន8 ដែលរួមមាន CENTRAL, COMFREL, YRDP ជាមួយនឹងទឹកប្រាក់ជិត 100,000 ដុល្លារដើម្បីអនុវត្តសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា»។ ឯកសារដែលមានទាក់ទងនឹងការផ្តល់រង្វាន់ចំនួន 98,291ដុល្លារដល់ អង្គការ CENTRAL សម្រាប់គម្រោងរយៈពេល 9ខែ ដែលចាប់ផ្តើមពីថ្ងៃទី01 ខែមេសា ឆ្នាំ2024 ដល់ថ្ងៃទី 31 ខែធ្នូ ក៏មានជាប់ទាក់ទងផងដែរទៅនឹងរបៀបដែល NDI បានគាំទ្រការបង្កើតក្រុមសម្របសម្រួលស្នូល (CCG) ដើម្បីគាំទ្រដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងតស៊ូមតិគាំទ្រលទ្ធិប្រជាធិបតេយ្យនៅគ្រប់អង្គការសង្គមស៊ីវិលកម្ពុជាដែលពាក់ព័ន្ធ ក្រោមកម្មវិធីគណនេយ្យភាពនយោបាយ ការរួមបញ្ចូល និងការគាំទ្រ (PAIRS)។ យោងតាមឯកសារនោះ «ក្រុម CCG បានកើនឡើង ដោយគ្របដណ្តប់លើអង្គការសរុបចំនួន 8 ដែលរួមមាន CENTRAL, COMFREL, YRDP និងអង្គការក្រៅរដ្ឋាភិបាលចំនួន 8 ផ្សេងទៀតដែលបានរួមគ្នាបង្កើតនូវគម្រោងថ្មីនេះ»។ យោងតាមឯកសារផ្ទៃក្នុង «គម្រោងនេះចែកចេញជា 2 ដំណាក់កាល។ ដំណាក់កាលទី1 ផ្តោតលើការវាយតម្លៃលើអង្គការសង្គមស៊ីវិលកម្ពុជាដើម្បីស្វែងយល់ពីព័ត៌មាន និងចំណង់ចំណូលចិត្តរបស់ពួកគេក្នុងការចូលរួមនៅក្នុងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងប្រធានបទនៃការតស៊ូមតិផ្នែកអភិបាលកិច្ចដែលទាក់ទងនឹងកម្ពុជារួមនឹងប្រធានបទដែលពួកគេយល់ថាមានសារៈសំខាន់បំផុតក្នុងការដោះស្រាយ និងសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយបញ្ហា»។ ដំណាក់កាលទី2 នឹងផ្តល់នូវកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពដល់អង្គការដែលបង្ហាញការចាប់អារម្មណ៍»។ របាយការណ៍បានឱ្យដឹងទៀតថា «ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការគំរាមកំហែងណាមួយចំពោះអំណាចរបស់ពួកគេ រដ្ឋាភិបាលកម្ពុជា និងបក្សប្រជាជនកម្ពុជា បានបង្កការបំផ្លាញជាប្រព័ន្ធចំពោះសេរីភាព និងបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងសង្គមស៊ីវិលធ្លាក់ចុះខ្សោយ»។ ករណីគំរាមកំហែងជាច្រើនបានកំណត់គោលដៅលើគណបក្សប្រឆាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការក្រៅរដ្ឋាភិបាលនិងសកម្មជន។ ស្ថានការណ៍មានភាពកាន់តែយ៉ាប់យ៉ឺននៅពេលលោក ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីថ្មី។ យុទ្ធនាការនេះដែលបានប្រើប្រាស់ការយាយីផ្លូវច្បាប់ និងដែលបានបណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនឹងជះឥទ្ធិពលរយៈពេលវែងលើកម្ពុជា ដែលចាំបាច់ត្រូវតែផ្លាស់ប្តូរជាបន្ទាន់។ សង្វៀននយោបាយបច្ចុប្បន្នបាននាំមកនូវឱកាសសម្រាប់សង្គមស៊ីវិលក្នុងការពង្រឹងបណ្តាញរបស់ខ្លួន, ការកសាងសម្ព័ន្ធមិត្ត និងការបង្កើតមធ្យោបាយសម្រាប់ប្រជាជនដើម្បីពិភាក្សានៅកម្រិតមូលដ្ឋានដើម្បីជំរុញដំណើរការនយោបាយប្រកបដោយសមធម៌»។

គោលបំណងនៃគម្រោងរួមមាន៖ ទី(1) ការបង្កើនតម្រូវការសាធារណៈសម្រាប់ដំណើរការនយោបាយដែលតំណាង និងគោរពសិទ្ធិរបស់ប្រជាជនកម្ពុជាគ្រប់រូប, ទី(2) ការជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំ និងទី(3) ការខិតខំបណ្តុះស្មារតីតស៊ូនិងកម្លាំងតស៊ូ ដើម្បីយុត្តិធម៌នៅក្នុងសហគមន៍។ យោងលើព័ត៌មានលម្អិតដែលបានចែករំលែកជាមួយ The Sunday Guardian «បន្ថែមពីលើក្រុមទាំងអស់នេះ អង្គការមួយផ្សេងទៀត ដែលមានឈ្មោះថា LI (Liberty International) គឺជាកម្លាំងមួយនៅពីក្រោយការឃុបឃិតរបស់ក្រុមរបស់សម រង្ស៊ី ប្រឆាំងនឹងកិច្ចព្រមព្រៀង CLV ដែលមិនត្រឹមតែបានផ្តល់ ការណែនាំសម្រាប់ការតវ៉ាប៉ុណ្ណោះទេ តែថែមទាំងបានបញ្ជូនសមាជិក2នាក់ ដែលមានបទពិសោធន៍ផ្នែកបដិវត្តន៍ពណ៌ឱ្យមកកម្ពុជាដោយផ្ទាល់ទៀតផង ដើម្បីដឹកនាំប្រតិបត្តិការទាំងមូល»។ នៅថ្ងៃទី10 ខែសីហា ឆ្នាំ2024 យោងតាមឯកសារ និងធាតុចូលដែលទទួលបានពីការសួរចម្លើយ មនុស្សដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកម្ពុជា «លោក Jeffrey Epstein ដែលជាសមាជិកនៃអង្គការCANVAS ដែលមានមូលដ្ឋាននៅទីក្រុង Belgrade នៃប្រទេសស៊ែប៊ី បានផ្តល់ប្រាក់ចំនួន 50,000 អឺរ៉ូដល់ Federix Oldsen (ជាពលរដ្ឋអាមេរិក) និងAndrew Butstama (ជាពលរដ្ឋស្លូវ៉ាគី) ដែលពួកគេទាំង 2 គឺជាសមាជិករបស់អង្គការ LI នៅក្នុងប្រទេសន័រវេស ដើម្បីឱ្យ ពួកគេធ្វើដំណើរមកកម្ពុជា»។ បុរសទាំង 2 នាក់ត្រូវបានបញ្ជូនមកកម្ពុជាដើម្បីណែនាំ និងប្រមូលព័ត៌មានអំពីគម្រោងធ្វើបាតុកម្មដ៏ធំ ប្រឆាំងនឹងរដ្ឋាភិបាលនៅ ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី18 សីហា។ បុរស 2 នាក់នេះ ត្រូវបានអាជ្ញាធរកម្ពុជាចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌នៅអ៊ុយក្រែននៅក្នុងឆ្នាំ2004-2005។

អង្គការ CANVAS ត្រូវបានប្រទេសជាច្រើនចាត់ទុកជាអង្គការដែលតែងជំរុញឱ្យជនស៊ីវិលបង្កការរំខាន។ អង្គការនេះត្រូវបានចុះក្នុងបញ្ជីជាអង្គការភេរវកម្មដោយអារ៉ាប់រួមនៅឆ្នាំ2014។ នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ The Sunday Guardian អង្គការ CANVAS បាន បដិសេធថា «ខ្លួនមិនមានជាប់ពាក់ព័ន្ធ នឹងសកម្មភាពណាមួយនៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះទេ និងមិនដែលទទួលបានមូលនិធិណាមួយពី Jeffery Epstein ទេ»។ អង្គការ CANVAS បានលើកឡើងថា «យើងមិនបានធ្វើការជាមួយ NDI, IRI ឬ អង្គការរបស់អាមេរិកផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាទេ»។ ក្នុងឆ្នាំ2011 ការឆ្លើយឆ្លង រវាងអង្គការនេះជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Stratfor ដែលមានមូលដ្ឋាននៅអាមេរិក ត្រូវបានចុះផ្សាយដោយ WikiLeaks ដែលក្រោយមក វាត្រូវបានចោទប្រកាន់ថាបានដើរតួជាចារកម្មរបស់រដ្ឋាភិបាលអាមេរិក។ The Sunday Guardian បានផ្ញើអ៊ីមែលទៅកាន់អង្គការ LI, មូរ សុខហួរ, មូលនិធិ Kurawal, អង្គការ COMFREL, CENTRAL និងកម្មវិធី YRDP ដើម្បីសុំការឆ្លើយតបរបស់ពួកគេ តែគ្មានការឆ្លើយតបណាមួយត្រូវបានទទួលពីពួកគេទេ បើគិតរហូតដល់ពេលដែលរបាយការណ៍នេះត្រូវបានផ្ញើទៅកាន់សារព័ត៌មាន។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃការចុះផ្សាយរបស់កាសែតThe Sunday Guardian:

https://sundayguardianlive.com/top-five/biden-administration-backed-organisations-plotting-colour-revolution-in-cambodia

អត្ថបទទាក់ទង