សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចមិត្តភាព និងជាផ្លូវការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទស្សនាសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ស៊ី ឈុនតាវ អនុប្រធានប្រតិបត្តិសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនាសាលាគណបក្សរបស់ឯកឧត្តម នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេច។ ឯកឧត្តម បានលើកឡើងថា សម្ដេចតេជោ គឺជាមិត្តចាស់ មិត្តល្អ ចំពោះបុព្វហេតុជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិន និងកម្ពុជា។
ឯកឧត្តម ស៊ី ឈុនតាវ បានជម្រាបជូន សម្ដេចតេជោ និងគណៈប្រតិភូ ពីប្រវត្តិនៃការបង្កើតសាលាគណបក្សនេះ ដោយបានគូសបញ្ជាក់ថា សាលានេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៣ និង ជាសាលាបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ អប់រំទ្រឹស្តី មនោគមវិជ្ជា គោលនយោបាយ ជាពិសេស គំនិតរបស់ថ្នាក់ដឹកនាំកំពូលចិន ដូចជា គំនិតរបស់ ឯកឧត្តម ម៉ៅ សេទុង តេង ស៊ាវភីង និង គំនិងរបស់ឯកឧត្តម ស៊ី ជិនពីង ស្តីពីសង្គមនិយមសម័យថ្មី និង ការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំសម្រាប់កម្មាភិបាលបក្ស និងជាធនាគារខួរក្បាល (Think tank) នៃការសិក្សាស្រាវជ្រាវដ៏កំពូល និងសំខាន់មួយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។
ឯកឧត្តម ស៊ី ឈុនតាវ ក៏បានគូសរំលេចផងដែរថា កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ក្នុងឱកាសប្រារព្ធខួបទី ៩០ឆ្នាំ នៃការបង្កើតសាលាគណបក្សនេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលជាអគ្គលេខាធិការគណបក្សកុម្មុយនិស្តចិន បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ដែលបានផ្ដោតសំខាន់ទៅលើអាទិភាពជាពិសេសលើការកសាងនិងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់គណបក្ស។
ឯកឧត្តម ស៊ី ឈុនតាវ ក៏បានធ្វើបទបង្ហាញអំពីរបៀបរបបបណ្ដុះបណ្ដាល និងការសិក្សា ស្រាវជ្រាវកម្រិតខ្ពស់របស់សាលាគណបក្ស ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងស្ថាប័នជាដៃគូចំនួន ១៦៤ប្រទេស រួមទាំងកម្ពុជាផងដែរ និងអង្គការអន្តរជាតិចំនួន ២១ផ្សេងទៀត។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ឯកឧត្តម ស៊ី ឈុនតាវ ចំពោះការទទួល សម្ដេច និងគណៈប្រតិភូ យ៉ាងកក់ក្ដៅ នៅសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននាពេលនេះ និងបានស្ដាប់យ៉ាងយកចិត្តទុកដាក់ អំពីតួនាទី ភារកិច្ច គោលដៅនៃការបណ្ដុះបណ្ដាល និងរចនាសម្ព័ន្ធរបស់សាលាគណបក្សនេះផងដែរ។
សម្ដេចតេជោ បានធ្វើការកោតសរសើរចំពោះការបណ្ដុះបណ្ដាលមន្ត្រីគណបក្សថ្នាក់ជាតិ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយ សម្ដេចក៏បានចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវជូនថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេស សម្រាប់កិច្ចការរៀបចំមហាសន្និបាតរបស់គណបក្ស កម្មវិធីបង្រៀន ការបោះពុម្ពជាសៀវភៅ និងអត្ថបទសម្រាប់ធ្វើការផ្សព្វផ្សាយ…។ល។
លើការសិក្សាស្រាវជ្រាវនេះ សម្ដេចតេជោ បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជាមួយនឹងគណបក្សប្រជាជនកម្ពុជា តាមរយៈការបញ្ជូនកម្មសិក្សាការីរបស់កម្ពុជា មកសិក្សានៅសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមចិននេះ និងការបញ្ជូនគ្រូឧទ្ទេស ព្រមទាំងអ្នកជំនាញរបស់ចិន ទៅធ្វើបទបង្ហាញនៅកម្ពុជាផងដែរ។
ឆ្លៀតឱកាសនេះផងដែរ សម្ដេចតេជោ បានអញ្ជើញ ឯកឧត្តម ស៊ី ឈុនតាវ អនុប្រធានប្រតិបត្តិសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ទៅបំពេញទស្សនកិច្ចនៅកម្ពុជាពេលខាងមុខតាម ពេលវេលាសមស្រប។
ឯកឧត្តម ស៊ី ឈុនតាវ បានសម្ដែងនូវការរីករាយ និងទទួលយកការអញ្ជើញរបស់ សម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។ ឯកឧត្តម ក៏បានឆ្លើយតបផងដែរថា សាលាគណបក្សរបស់ឯកឧត្តម រីករាយនឹងទទួលសិក្ខាកាមនៃគណបក្សប្រជាជនកម្ពុជា ហើយ នឹងបញ្ជូនអ្នកជំនាញការ និង សាស្ត្រាចារ្យទៅបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តម ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចពិភាក្សា និងការផ្លាស់ប្ដូរយោបល់ជាមួយ សម្ដេចតេជោ ហើយជាថ្មីម្ដងទៀត ឯកឧត្តម បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ សម្ដេចតេជោ និងគណៈប្រតិភូ នៅសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនិស្តចិននាពេលនេះ គឺជាការយកចិត្តទុកដាក់ដ៏ធំធេង របស់ សម្ដេចតេជោ ក្នុងការបណ្ដុះបណ្ដាលមន្ត្រីគណបក្ស និងការសិក្សាស្រាវជ្រាវ។
ជាចុងបញ្ចប់ ឯកឧត្តម ស៊ី ឈុនតាវ បានគោរពជូនពរ សម្ដេចតេជោ និងគណៈប្រតិភូ សូមបានប្រកបដោយជោគជ័យក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ៕