Grand News Asia Close

ក្រុមហ៊ុន Zhengzhou Chen’s Sun បង្ហាញចំណាប់អារម្មណ៍វិនិយោគលើដំណាំធុរេននៅកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 211
ក្រុមហ៊ុន Zhengzhou Chen’s Sun បង្ហាញចំណាប់អារម្មណ៍វិនិយោគលើដំណាំធុរេននៅកម្ពុជា ក្រុមហ៊ុន Zhengzhou Chen’s Sun បង្ហាញចំណាប់អារម្មណ៍វិនិយោគលើដំណាំធុរេននៅកម្ពុជា

 

នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះជំនួប លោកស្រីប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា លោកស្រីធ្លាប់មកទស្សនាប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថា កម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម ជាពិសេសគឺឧស្សាហកម្មផ្លែឈើ (ដំណាំធុរេន)។ ដូច្នេះ លោកស្រីប្រធានក្រុមហ៊ុនមានចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំធុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ដែលនេះនឹងចូលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន នៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើការវិនិយោគខាងវិស័យកសិកម្ម ជាពិសេសដំណាំធុរេន នៅកម្ពុជា និងបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើផលិតផលកសិកម្មច្រើនប្រភេទ ដែលវិនិយោគិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។ សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុន ឱ្យចេញលទ្ធផលជាក់ស្ដែង ក្នុងពេលដ៏ខ្លីខាងមុខ៕

អត្ថបទទាក់ទង