Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស​ មានប្រវត្ដិពាក់ព័ន្ធគ្នាឬយ៉ាងណា ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 202
អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស​ មានប្រវត្ដិពាក់ព័ន្ធគ្នាឬយ៉ាងណា ? អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស​ មានប្រវត្ដិពាក់ព័ន្ធគ្នាឬយ៉ាងណា ?

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថាពេលនេះបើនិយាយអំពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាទ្បេស្ទីន ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដែលបានឈានចូលដល់សប្តាហ៍ទីប្រាំមួយ ដោយក្រុមហាម៉ាស បានចូលលុកលុយសម្លាប់ជនជាតិអ៊ីស្រាអែលប្រមាណ១៤00 នាក់ ហើយអ៊ីស្រាអែលបានវាយប្រហារសងសឹកវិញដោយបានសម្លាប់ជនជាតិប៉ាទ្បេស្ទីន ជាង១ម៉ឺននាក់។

នេះបង្ហាញឲ្យឃើញថា អ៊ីស្រាអែល លែងជាជំរុំដែលមានសន្តិភាពទៀតហើយ។ ព្រោះថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវបានរាប់បញ្ចូលជាអធិបតីលើការបរាជ័យផ្នែកការពារសន្តិសុខដ៏ធំបំផុតតែមួយគត់នៅក្នុងប្រវត្តិនៃការកកើតរដ្ឋអ៊ីស្រាអែល ចាប់ពីឆ្នាំ១៩៤៨មក ព្រោះបានធ្វើឲ្យខូចដល់តក្កវិជ្ជាទាំងមូលនៃការកាន់តំណែងដ៏យូររបស់គាត់ជាមេដឹកនាំរបស់ប្រទេសនេះ។

ទន្ទឹមនឹងស្ថានភាពសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស ដែលកំពុងប្រយុទ្ធគ្នាយ៉ាងសាហារឃោរឃៅនេះផងដែរ មានការចោទជាសំនួរថា តើសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស​ មានប្រវត្ដិពាក់ព័ន្ធគ្នាឬយ៉ាងណា?

ចំពោះបញ្ហាចោទសួរទាំងនេះ លោក រ័ត្ន សណ្ដាប់ បានរៀបរាប់ថា បើយើងងាកមកពិនិត្យអំពីសាវតាររវាងគូភាគីនៃសង្រ្គាមទាំងពីរនេះ យើងឃើញថា អ៊ីស្រាអែល និងក្រុមហាម៉ាស ធ្លាប់មានទំនាក់ទំនងយ៉ាងជិតសិទ្ធិជាមួយគ្នាកាលពីទសវត្សរ៍ឆ្នាំ ១៩៧០ ។ ដោយហេតុថា នាពេលនោះ រដ្ឋអ៊ីស្រាអែលបានផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ដល់ក្រុមហាម៉ាស់ ។ ព្រោះក្នុងទស្សនរបស់អ៊ីស្រាអែល នាពេលនោះយល់ថា ការជួយដល់ក្រុមហាម៉ាស ដោយផ្ទាល់គឺដើម្បីបំបែកកម្លាំងរបស់ប៉ាទ្បេស្ទីនដែលដឹកនាំដោយចលនា PLO -អង្គការរំដោះប៉ាឡេស្ទីន ។ PLO -ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ហើយបានក្លាយជាតំណាងនៃចលនាជាតិរបស់ប៉ាឡេស្ទីន ដែលជារណសិរ្សជាតិដ៏ធំមួយ នៃចលនាតស៊ូនយោបាយដ៏ពេញនិយម ។

ក្រោយមកនៅក្នុងកិច្ចប្រជុំកំពូលអារ៉ាប់នៅឆ្នាំ ១៩៧៤ ក៏បានទទួលស្គាល់ PLO ជា “តំណាងតែមួយគត់ និងស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន” ហើយចាប់តាំងពីពេលនោះមក PLO បានតំណាងឲ្យប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិ។

ចំពោះការគាំទ្ររបស់អ៊ីស្រាអែលដល់ក្រុមហាម៉ាស គឺជាការប៉ុនប៉ងដោយផ្ទាល់ដើម្បីបំបែកកម្លាំង និងបន្ថយឥទ្ធិពលនៃការគាំទ្រដល់ PLO ដ៏រឹងមាំ ខាងនយោបាយ ដោយប្រើប្រាស់ជម្រើសសាសនាដែលប្រកួតប្រជែងគ្នា។ ក្រុមហាម៉ាស បានវិវត្តន៍ចេញពីកោសិការនៃក្រុមភាតរភាពមូស្លីម ដែលបានបង្កើតឡើងមានការវិវត្តជាបន្តបន្ទាប់” រហូតដល់ឆ្នាំ១៩៦៧ សង្គ្រាម​ដែល​អ៊ីស្រាអែល​បាន​ទទួល​ជ័យជម្នះ​យ៉ាង​អស្ចារ្យ​លើ​ សត្រូវ​ប្រទេសអារ៉ាប់​ ហៅថា សង្គ្រាមប្រាំមួយថ្ងៃ ។

បន្ទាប់ពីឆ្នាំ១៩៦៧ ផ្នែកដ៏អស្ចារ្យនៃភាពជោគជ័យរបស់ក្រុមហាម៉ាស គឺដោយសារតែការតស៊ូគាំទ្រនិងការយកចិត្តទុកដាក់របស់ពួកគេដល់ជនភៀសខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប។ មូលដ្ឋានគ្រឹះនៃភាពជោគជ័យនៃចលនាហាម៉ាស គឺជាហេដ្ឋារចនាសម្ព័ន្ធសង្គម សាសនា វប្បធម៌ ដើម្បីសម្រាលដល់ការលំបាករបស់ជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួនធំ ដែលបង្ខាំងនៅក្នុងជំរុំ ។ ឥទ្ធិពលហាម៉ាស បានរីកចម្រើនខ្លាំងទៅៗក្លាយជាឥទ្ធិពលនយោបាយ ដំបូងនៅក្នុងតំបន់ Gaza Strip បន្ទាប់មកនៅ West Bank ។ បើពោលឲ្យខ្លី គឺអ៊ីស្រាអែល បានជួយក្រុមហាម៉ាស ដោយផ្ទាល់ ដើម្បីជាសមតុល្យទៅនឹង PLO -អង្គការរំដោះប៉ាឡេស្ទីន ។ ដោយក្រុម Hamas បានធ្វើសកម្មភាពដោយប្រើអំពើហិង្សាតស៊ូប្រដាប់អាវុធ និងមិនត្រូវបានទទួលរងនូវការគាបសង្កត់នោះទេ រហូតទទួលបានភាពរឹងមាំនៅក្នុងតំបន់Gaza ហើយបន្ទាប់មកនៅតំបន់ West Bank ។ និយាយរួមទៅ អ៊ីស្រាអែល ពិតជាផ្តល់មូលនិធិដល់ក្រុមហាម៉ាសនាពេលនោះដើម្បីប្រឆាំងដល់ PLO ។

ជាសរុបលោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា រហូតមកដល់ខែធ្នូឆ្នាំ១៩៨៧ ចលនាក្រុមហាម៉ាស បានក្លាយជាអង្កការចាត់តាំងនយោបាយ យោធា និងសង្គមផ្សេងៗដើម្បីប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែលនៅតំបន់ West Bank តំបន់ Gaza និង East Jerusalem ។ គោលបំណងរបស់ក្រុមហាម៉ាសគឺកំទេចអ៊ីស្រាអែល និងការបង្កើតសង្គមអ៊ីស្លាមនៅប៉ាឡេស្ទីនជាប្រវត្តិសាស្ត្រ។ ចាប់ពីពេលនោះ ក្រុមហាម៉ាស់ បានបង្កើតប្រព័ន្ធប្រឆាំងការស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល នឹងបានកំចាត់ចោលភ្នាក់ងារសម្ងាត់របស់អ៊ីស្រាអែល ។

ផ្ដើមចេញពីយុទ្ធសាស្រ្ដនេះ អំពើហិង្សាភេរវកម្មនិយមបានក្លាយជាគោលការណ៍សំខាន់របស់ក្រុមហាម៉ាស់ ។ បន្ទាប់មកនៅខែមេសា ឆ្នាំ១៩៩៣ ក្រុមហាម៉ាស់បានធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាដដ៏គួរឲ្យភ្ញាក់ផ្អើល គឺប្រាំខែមុនពេលមេដឹកនាំ PLO ដឹកនាំដោយលោក Yasser Arafat និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Yitzhak Rabin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Oslo ។ កតិកាសញ្ញាប្រវត្តិសាស្ត្រកំណត់ផ្នែកខ្លះនៃតំបន់ West Bank និង Gaza ហៅថា អាជ្ញាធរប៉ាឡេស្ទីន (PA)។ ក្រុមហាម៉ាស់បានថ្កោលទោសកិច្ចព្រមព្រៀងនេះ ។ នៅឆ្នាំ១៩៩៧ សហរដ្ឋអាមេរិក បានកំណត់ក្រុមហាម៉ាស ថាជាអង្គការភេរវកម្ម ដ៏រឹងរូសនិងគ្រោះដ៏ថ្នាក់។ ដូច្នេះសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាសប៉ាទ្បេស្ទីន នាពេលនេះគឺមិនខុសពីបុរសម្នាក់បានយកភ្លើងទៅដុតសក់លើបុរសម្នាក់ហើយបន្ទាប់មកបុរសម្នាក់នោះ បានយកញញួរទៅវាយលើបុរស នោះវិញទេ ៕

អត្ថបទទាក់ទង