Grand News Asia Close

វិភាគអន្តរជាតិ៖ អ៉ីស្រាអែល និង Hezbollah មួយជំហានដើរទៅរកសង្រ្គាម?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 842
វិភាគអន្តរជាតិ៖ អ៉ីស្រាអែល និង Hezbollah មួយជំហានដើរទៅរកសង្រ្គាម? វិភាគអន្តរជាតិ៖ អ៉ីស្រាអែល និង Hezbollah មួយជំហានដើរទៅរកសង្រ្គាម?

(ហ្ស៊េរុយសាឡិម)៖ ចាប់តាំងពីសង្រ្គាមក្នុងតំបន់ហ្កាហ្សា ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក ចលនាប្រដាប់អាវុធ Hezbollah មានមូលដ្ឋានក្នុងប្រទេសលីបង់បានបង្ហាញសាមគ្គីភាព ជាមួយក្រុមហាម៉ាស តាមរយៈការធ្វើសកម្មភាពយោធា។ Hezbollah បានបាញ់មីស៊ីល គ្រាប់រ៉ុក្កែត និងកាំភ្លើងធំ រួមទាំងដ្រូនមានបំពាក់គ្រឿងផ្ទុះ ឆ្លងចូលព្រំដែនភាគខាងជើង របស់អ៉ីស្រាអែល ស្ទើរតែរៀងរាល់ថ្ងៃ ជាហេតុជំរុញឱ្យអ៉ីស្រាអែលចាត់វិធានការឆ្លើយតបវិញ ក្នុងនោះរួមទាំងការវាយប្រហារតាមផ្លូវអាកាសដែលបានសម្លាប់មេបញ្ជាការ និងក្រុមអ្នកប្រយុទ្ធ Hezbollah ជាច្រើននាក់។ បច្ចុប្បន្ន ការបាញ់ផ្លោងដាក់គ្នាបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងពីហានិភ័យនៃការផ្ទុះសង្រ្គាម បើទោះជាក្រុមអ្នកវិភាគយល់ថាអ៉ីស្រាអែល និង Hezbollah មានហេតុផលរៀងៗខ្លួន ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមផ្ទុះឡើងក៏ដោយ។

* តើ Hezbollah ជានរណា?
Hezbollah ត្រូវបានបង្កើតឡើងដោយចលនាអ្នកកាន់សាសនាអ៉ីស្លាមនិកាយស៊ីអ៉ីត ក្នុងប្រទេសលីបង់ នៅឆ្នាំ១៩៨២ ជាការឆ្លើយតបទៅនឹងការគ្រប់គ្រងរបស់អ៉ីស្រាអែល លើភាគខាងត្បូង របស់លីបង់នៅពេលនោះ។ ចលនានេះត្រូវបានបង្កើតឡើងដោយចង់យកគំរូតាមបដិវត្តន៍អ៉ីស្លាមឆ្នាំ១៩៧៩ ក្នុងប្រទេសអ៉ីរ៉ង់ ដែលមានអ្នកកាន់និកាយស៊ីអ៉ីតភាគច្រើន ហើយ Hezbollah ក៏ទទួលឥទ្ធិពលយ៉ាងខ្លាំងពីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ផងដែរ។ ដោយសារតែបានផ្ដាច់ខ្លួននៅដាច់ដោយឡែកពីយោធាលីបង់ Hezbollah អាចវាយប្រហារលើគោលដៅនានា ដោយមិនតម្រូវ ឱ្យលីបង់ទាំងមូលធ្វើអន្តរាគមន៍ដែរនោះទេ។ អ៉ីស្រាអែល និង Hezbollah ធ្លាប់ប្រយុទ្ធក្នុងសមរភូមិកន្លងមកដែរ ក្នុងនោះរួមទាំងសង្រ្គាមកាលពីឆ្នាំ២០០៦។ កាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅនេះ នៅពេលដែលអ៉ីរ៉ង់បើកការវាយប្រហារលើអ៉ីស្រាអែល Hezbollah បានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុក្កែត និងមីស៊ីល ដើម្បីធ្វើតេស្ដលើប្រព័ន្ធការពារដែនអាកាស អ៉ីស្រាអែល។

* តើ Hezbollah ទទួលបានការគាំទ្រពីអ៉ីរ៉ង់ដោយរបៀបណា?
បើតាមក្រសួងការបរទេសអាមេរិក អ៉ីរ៉ង់បានផ្ដល់ការគាំទ្រ Hezbollah ជាមួយមូលនិធិមួយផ្នែកធំរបស់ខ្លួន រួមទាំងការបណ្ដុះបណ្ដាល អាវុធ គ្រឿងផ្ទុះ ក៏ដូចជាការគាំទ្រខាងនយោបាយ និងការទូត។ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាចលនាប្រដាប់អាវុធមួយនេះក៏មានប្រភពចំណូលពីសកម្មភាពស្របច្បាប់ និងខុសច្បាប់ដែរ ដូចជាការរត់ពន្ធគ្រឿងញៀន និងលាងលុយជាដើម។ Hezbollah ធ្លាប់បាននិយាយថារាល់ប្រភពចំណូលរបស់ខ្លួនគឺបានមកពីអ៉ីរ៉ង់ ហើយបានបដិសេធម្ដងហើយម្ដងទៀតថាមិនមានជាប់ពាក់ព័ន្ធនឹង ការរត់ពន្ធគ្រឿងញៀននោះឡើយ។

* អី្វទៅជាភាពខុសគ្នារវាង Hezbollah និងហាម៉ាស?
Hezbollah បានរីកចម្រើនធំធាត់ជាលំដាប់ រហូតដល់ក្លាយជាចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុតមួយ ក្នុងតំបន់មជ្ឈិមបូព៌ា នាពេលបច្ចុប្បន្ន ដោយមានអ៉ីរ៉ង់ជាខ្នងបង្អែក។ សម្រាប់អ៉ីរ៉ង់ Hezbollah ពិតជាមានសារៈសំខាន់ ពីព្រោះថាមេដឹកនាំនៃចលនានេះបានជួយតេហេរ៉ង់ ក្នុងការគ្រប់គ្រងលើបណ្ដាញចលនាប្រដាប់អាវុធរបស់អ៉ីរ៉ង់នៅក្នុងតំបន់ ក្នុងនោះរួមមានទាំងក្រុមហ៊ូទី នៅយេម៉ែន។ ធៀបទៅនឹងហាម៉ាស Hezbollah មានក្រុមអ្នកប្រយុទ្ធច្រើន បទពិសោធន៍ក៏ច្រើន និងឃ្លាំងអាវុធធំ និងល្អប្រសើរជាងឆ្ងាយ។ Hezbollah បានអះអាងថាខ្លួនមានក្រុមអ្នកប្រយុទ្ធ ១០០ ០០០នាក់។ តែយោធាអ៉ីស្រាអែលបានវាយតម្លៃថា Hezbollah មានក្រុមអ្នកប្រយុទ្ធសកម្ម ចន្លោះពី ២០ ០០០នាក់ ដល់ ២៥០០០នាក់ និងបម្រុងរាប់ម៉ឺននាក់ទៀត។ រីឯក្រុមហាម៉ាស វិញ មានក្រុមអ្នកប្រយុទ្ធជាង ៣០ ០០០នាក់ ក្នុងតំបន់ហ្កាហ្សា នៅមុនសង្រ្គាមផ្ទុះឡើង ខណៈអ៉ីស្រាអែលអះអាងថាបានសម្លាប់អ្នកប្រយុទ្ធហាម៉ាសជាង ១៥០០០នាក់ក្នុងសង្រ្គាមសព្វថ្ងៃ។

ចារកម្មអ៉ីស្រាអែល បាននិយាយថាឃ្លាំងអាវុធរបស់ក្រុម Hezbollah មានគ្រាប់រ៉ុក្កែត និងមីស៊ីលច្រើនជាង ៧០ ០០០គ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីលមានបំពាក់ ប្រព័ន្ធកំណត់គោលដៅជាក់លាក់។ ចារកម្មអ៉ីស្រាអែល នៅមុនសង្រ្គាមហ្កាហ្សាផ្ទុះឡើងធ្លាប់បានវាយតម្លៃថាក្រុមហាម៉ាស​ និងចលនាប្រដាប់អាវុធដទៃទៀតក្នុងតំបន់ហ្កាហ្សាមានគ្រាប់រ៉ុក្កែត និងមីស៊ីលរយៈចម្ងាយខ្លី ១០ ០០០គ្រាប់។ ក្រុមអ្នកប្រយុទ្ធរបស់ Hezbollah ទទួលបានបទពិសោធន៍ប្រយុទ្ធដ៏សំខាន់ អំឡុងសង្រ្គាមស៊ីវិលនៅស៊ីរី ដោយពួកគេបានប្រកៀកស្មាគ្នាប្រយុទ្ធ ជាមួយកងកម្លាំងអ៉ីរ៉ង់ និងរុស្ស៉ី ដើម្បីជួយកងកម្លាំងរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad យកឈ្នះលើក្រុមឧទ្ទាម។ ការចូលរួមប្រយុទ្ធនេះពិតជាមានសារៈសំខាន់បំផុតចំពោះ Hezbollah ដ្បិតថាស៊ីរីនៅក្រោមការដឹកនាំរបស់លោក Assad គឺជាផ្លូវមួយដ៏សំខាន់ក្នុងការដឹកជំនួយយោធាពីអ៉ីរ៉ង់ដែលមិនមានព្រំដែនជាមួយលីបង់នោះទេ។

* តើអ៉ីស្រាអែល និង Hezbollah នឹងដើរទៅរកសង្រ្គាមទ្រង់ទ្រាយធំ ឬ?
ភាពតានតឹងរវាងអ៉ីស្រាអែល និងក្រុម Hezbollah សព្វថ្ងៃ បានបង្ហាញថាគូសត្រូវទាំង២ កំពុងដើរទៅរកសង្រ្គាមទ្រង់ទ្រាយធំ ហើយការព្រួយបារម្ភកើនឡើងរឹតតែខ្លាំង ក្រោយបទសម្ភាសន៍របស់ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីស្រាអែល Channel 14 កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា លោក Netanyahu បាននិយាយថា អ៉ីស្រាអែលនឹងបិទបញ្ចប់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំក្នុងតំបន់ហ្កាហ្សាឆាប់ៗនេះ ហើយនឹងផ្ដោតលើការធ្វើប្រតិបត្តិការដោយកំណត់គោលដៅជាក់លាក់ប្រឆាំងនឹងក្រុមហាម៉ាស។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក Netanyahu ក៏បានបង្ហើបដែរថាជំហានបន្ទាប់របស់យោធាអ៉ីស្រាអែល នោះគឺការដាក់ពង្រាយកងទ័ពឡើងវិញទៅកាន់តំបន់ព្រំដែនភាគខាងជើង ជាទីដែលយោធា អ៉ីស្រាអែល និងក្រុម Hezbollah កំពុងបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកស្ទើររាល់ថ្ងៃ។

ការកត់សម្គាល់បែបនេះរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាយោធាអ៉ីស្រាអែលបានអនុម័តហើយលើផែនការវាយលុកលើលីបង់។ សម្រាប់ក្រុមអ្នកវិភាគ សង្រ្គាមថ្មី ណាមួយជាមួយក្រុម Hezbollah គឺមានន័យថាអ៉ីស្រាអែលនឹងត្រូវធ្វើសង្រ្គាមក្នុងសមរភូមិ២ ក្នុងពេលតែមួយ ហើយដែលសង្រ្គាមរបៀបនេះអាចនឹងធ្វើឱ្យអ៉ីស្រាអែលខាតបង់ធ្ងន់ធ្ងរ ទោះជាឈ្នះ ក៏ដោយ។ ម្យ៉ាងសង្រ្គាមនៅហ្កាហ្សាសព្វថ្ងៃ បាន និងកំពុងបង្កផលវិបាកដល់អ៉ីស្រាអែលរួចទៅហើយ តួយ៉ាងធ្វើឱ្យខាតបង់សេដ្ឋកិច្ច និងរំខានដល់ការវិនយោគរបស់បរទេស ព្រមទាំងវិស័យមួយចំនួន ទៀតដូចជាសំណង់ជាដើម។ រីឯម្យ៉ាងទៀត ការស្លាប់របស់ជនស៊ីវិលក្នុងតំបន់ហ្កាហ្សា ក៏កំពុងធ្វើឱ្យអ៉ីស្រាអែលឯកោនៅលើឆាកអន្តរជាតិ និងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក ដែលជា សម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួនផងដែរ។ លើសពីនេះទៅទៀត ជម្លោះនៅតំបន់ព្រំដែនរវាងអ៉ីស្រាអែល និងលីបង់ បានបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេអស់ជាច្រើនខែ មកហើយ ទាំងនៅខាងលីបង់ និងអ៉ីស្រាអែល។ ដូច្នេះជម្លោះ ឬសង្រ្គាមទ្រង់ទ្រាយធំនឹងធ្វើឱ្យស្ថានការណ៍នេះកាន់តែអាក្រក់ថែមទៀត។

សម្រាប់ក្រុម Hezbollah សង្រ្គាមជាមួយអ៉ីស្រាអែល គឺជាការប្រថុយប្រថាននយោបាយមួយដ៏គ្រោះថ្នាក់ ជាពិសេសក្នុងពេលដែលសេដ្ឋកិច្ចរបស់លីបង់កំពុងជួបវិបត្តិ ចាប់តាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ដោយធ្វើឱ្យ ៣ភាគ៤នៃប្រជាជនលីបង់សព្វថ្ងៃរស់នៅក្នុងភាពក្រីក្រ។ Hezbollah បានទទួលការគំាទ្រយ៉ាងសម្បើមនៅក្នុងប្រទេសលីបង់ តែការធ្វើអន្តរាគមន៍នៅក្នុងប្រទេសស៊ីរី បានធ្វើឱ្យចលនា មួយនេះមានសត្រូវច្រើន ហើយអាចនឹងកាន់តែបាត់បង់ការគាំទ្រដែរ ប្រសិនបើត្រូវបានគេមើលឃើញថាជាអ្នកអូសឱ្យលីបង់ធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ក្នុងពេលប្រទេសជាតិកំពុងមានវិបត្តិសេដ្ឋកិច្ច ស្រាប់ផងនោះ។

ចំណែក សម្រាប់អ៉ីរ៉ង់វិញ Hezbollah ប្រៀបដូចជាទ្រព្យសម្បត្តិដ៏មានតម្លៃមួយដែលខ្លួនមិនអាចខ្វះបាន ដើម្បីបាចសាចឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ និងបំផ្លាញផលប្រយោជន៍របស់ អាមេរិកនៅក្នុង តំបន់មជ្ឈិមបូព៌ា។ ម្លោះហើយ ទ្រព្យសម្បត្តិបែបនេះអាចនឹងរងការខាតបង់ធ្ងន់ធ្ងរក្នុងសង្រ្គាមមួយមានរយៈពេលវែង ស្របពេលអ៉ីរ៉ង់ក៏មិនទាន់ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់សង្រ្គាមនោះដែរ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង