Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ស៊ុយស៊ូ មេនូហេ្វកឆឺរីង (ខេមបូឌា)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 564

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា
សមាជិក សមាជិការាជរដ្ឋាភិបាល
ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា,
លោក KASHITANI Ichiro អគ្គនាយកក្រុមហ៊ុន TOYOTA TSUSHO Manufacturing (CAMBODIA)
គណៈធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកាអង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោនស្សរីករាយ ដែលបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ក្នុង ពិធីសម្ពោធដាក់ឱ្យដំណើរការ​រោងចក្រដំឡើង រថយន្តតូយ៉ូតា របស់ក្រុមហ៊ុន TOYOTA TSUSHO Manufacturing (CAMBODIA) នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នាពេលនេះ ។

ក្នុងឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរជាមួយថា្នក់ដឹកនាំ និង បុគ្គលិករបស់ក្រុមហ៊ុន TOYOTA TSUSHO Manufacturing (CAMBODIA) ដែលបានពង្រីកធុរកិច្ចរបស់ខ្លួន ជាមួយនឹងទំនុកចិត្ត និង ការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការដាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន ពីលើ​ការនាំ​ចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង មកជាការដំឡើងរថយន្តទាំងពីរប្រភេទ​ក្នុង​ស្រុក ជាមួយនឹងការវិនិយោគ និង ដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្ងៃនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកប​ដោយសក្តានុពល ខ្ពស់នៅកម្ពុជា ។

តាមរយៈ ឯកឧត្តមឯកអគ្គរាជ​ទូត, ខ្ញុំសូមថ្លែងអំណរគុណរដ្ឋាភិបាល និង ប្រជាជនជប៉ុន ដែលកន្លងមកបានគាំទ្រ និង ស្ថិតនៅជាមួយរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ស្ទើរតែគ្រប់ដំណាក់កាលនៃការវិវត្ត និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង នយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា, ជាពិសេស ក្នុងដំណាក់កាលជាង ៣០ ឆ្នាំកន្លងមកនេះ, ពោល គឺចាប់ពីដំណាក់កាលជាប្រទេសផ្តល់ជំនួយដ៏ធំមួយរបស់កម្ពុជា, រៀងមកក្លាយជាប្រទេសដែលខិតខំកៀរគរ, ជ្រោមជ្រែងប្រមូល និង បង្កើនបរិមាណទុនវិនិយោគជប៉ុន ជាបន្តបន្ទាប់ មកបោះទុនវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមអរគុណ ឯកឧត្តមឯកអគ្គរាជទូតផ្ទាល់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការជួយជ្រោមជ្រែង ឱ្យគម្រោងបង្កើតរោងចក្រនេះ លេចជាសមិទ្ធផលជាក់ស្តែងនាពេលនេះ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ខ្ញុំនិងឯកឧត្តម(ឯកអគ្គរដ្ឋទូត) UENO Atsushi បានជួបគ្នាច្រើនដង តាំងពីរាជរដ្ឋាភិបាលថ្មីបានកើត ហើយជួបគ្នានេះ ម្ដងៗ គឺតែងតែមានសមិទ្ធផលថ្មី។ ម្សិលមិញ យើងជួបគ្នានៅកំពង់ផែក្រុងព្រះសីហនុ នៅក្នុងដំណាក់កាលអបអរការកំពុងកសាងបន្ថែមនូវកំពង់ផែនៅទីនោះ និងរៀបចំទៅអនាគតជាផែតំបន់ និងមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ ដែលមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលជប៉ុន។ ថ្ងៃនេះ យើងសម្ពោធរោងចក្រដំឡើងនិងបង្គុំរថយន្តតូយូតា ដែលជាការវិនិយោគពីវិស័យឯកជនជប៉ុន។ យើងជួបគ្នាបន្ត បានសមិទ្ធផលថ្មី។ ខ្ញុំសង្ឃឹមថា បានជួបគ្នាច្រើនដងទៀតនៅកម្ពុជា។

[បញ្ចប់សេចក្ដីអធិប្បាយ១]

ខ្ញុំក៏សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តី និង បុគ្គលិកគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាល ដែលបានចូលរួមបំពេញការងារ និង សម្របសម្រួលដល់ការវិនិយោគមួយនេះ បង្កើតបានជាផ្លែផ្ការោងចក្រថ្មីមួយនេះឡើង។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

ជំនួបផ្លូវការរបស់ខ្ញុំជាមួយនឹងថ្នាក់ដឹកនាំជប៉ុន រួមមានឯកឧត្តមនាយករដ្ឋមន្រ្តី Kishida Fumio និងថ្នាក់ដឹកនាំវិស័យឯកជនជាច្រើនរបស់ជប៉ុន ទាំងនៅជប៉ុនទាំងនៅកម្ពុជា គឺសំដៅលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគរបស់ជប៉ុនជាច្រើន បន្តវិនិយោគ និងមានវិនិយោគបន្ថែមទៀតនៅកម្ពុជា។ កិច្ចការនេះ គឺជាការខិតខំបន្តពីប្រឹងប្រែងរបស់សម្ដេចតេជោ ដែលបានដឹកនាំពីអាណត្តិមុនៗ នៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនង​ជាមួយជប៉ុន និងការលើកទឹកចិត្តទៅដល់ការវិនិយោគជប៉ុននៅកម្ពុជា​។ ជាក់ស្ដែង យើងមានក្រុមហ៊ុនជប៉ុនជាច្រើន ដែលមានលក្ខណៈធំ ដូចជាក្រុមហ៊ុន Minebea (Cambodia), ក្រុមហ៊ុនផ្សារទំនើប Aeon រួមជាមួយថ្ងៃនេះ គឺក្រុមហ៊ុនតូយូតា ក៏បានដាក់ទុនជាច្រើននៅកម្ពុជា និងពង្រីកនូវការវិនិយោគបន្ថែម ដែលជាអ្វីដែលយើងចង់បាន។

[បញ្ចប់សេចក្ដីអធិប្បាយ២]

តាមរបាយការណ៍របស់ ឯកឧត្តម ហែម វណ្ណឌី, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង នវានុវត្តន៍ អម្បាញ់មិញ, រោងចក្រដំឡើងរថយន្តនេះ បានបោះទុនវិនិយោគប្រមាណ ៣៦,៨ លានដុល្លាអាមេរិក និង មានបុគ្គលិកសរុបចំនួន ១៥០ នាក់ ជាមួយនឹងមានសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១ ៣២០ គ្រឿង សម្រាប់ឆ្នាំ ២០២៤, ក្នុងនោះ ទី១- ប្រភេទ SUV ម៉ាក Toyota Fortuner ចំនួន ២៩០ គ្រឿង និង ទី២- ប្រភេទមួយបាំងកន្លះ Pick-up truck ម៉ាក Toyota Hilux ចំនួន ១០៣០ គ្រឿង។ ដែលជារថយន្តពីរប្រភេទ ដែលមានតម្រូវការ ឬមួយប្រជាប្រិយនៅក្នុងការប្រើប្រាស់នៅកម្ពុជា។ ការណ៍នេះ, មិនត្រឹមតែជាវឌ្ឍនភាពថ្មីដ៏ល្អវិសេសមួយ សម្រាប់វិស័យឧស្សាហកម្ម នៅកម្ពុជាយើងប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជាសញ្ញាដ៏វិជ្ជមានមួយ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(១) តូយ៉ូតា និមិត្តរូបនៃភាពជោគជ័យ កក់ក្តៅ នៅជាមួយ បង្កើតនិងបង្កើនការវិនិយោគ

នេះគឺជាការវិនិយោគដែលកម្ពុជាចង់បាន។ និមិត្តរូបក្រុមហ៊ុនតូយូតា បានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩០ ហើយបានចាប់ផ្ដើមផ្ដល់សេវានៅឆ្នាំ ១៩៩៣ (មានរយៈពេល)៣១ឆ្នាំគត់។ ចាប់ផ្ដើមពីក្រុមហ៊ុនដែលផ្ដល់ត្រឹមតែសេវាជួសជុល ដោយសារកាលនោះមានឡានតូយូតាច្រើនជា ត្រូវបាន អ៊ុនតាក់ ប្រើប្រាស់។ ឥឡូវយើងបានឈានដល់ការបង្កើតរោងចក្របង្គុំនិងផលិត(រថយន្ត)។ នេះជានិមិត្តរូបដែលកម្ពុជាចង់បាន និងជាអ្វីដែលថារាជរដ្ឋាភិបាល ខិតខំទាក់ម៉ូយ(ការវិនិយោគ)មកថ្មី ថាជាកិច្ចការសំខាន់ ប៉ុន្តែ អ្វីដែលសំខាន់ជាងទៀត គឺធ្វើឱ្យអ្នកដែលសំរេចចិត្តមកហើយ មានភាពជោគជ័យ មានភាពកក់ក្ដៅ នៅជាមួយកម្ពុជាយូរ និងសម្រេចចិត្តបង្កើតការវិនិយោគ និង​តម្លើងការវិនិយោគ ដោយសារមានការទុកចិត្តមកលើកម្ពុជា។ នេះគឺជានិមិត្តរូបសំខាន់។ ខ្ញុំសូមអរគុណចំពោះក្រុមហ៊ុនតូយូតា ដែលបានសម្រេចចិត្តធ្វើបែបនេះ។

[បញ្ចប់សេចក្ដីអធិប្បាយ៣]

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាព​ និង ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ។ ទន្ទឹមនឹងនេះ, ដើម្បីទាញយកប្រយោជន៍ជាអតិបរមា និង ជំរុញឱ្យអស់សក្តានុពលនូវប្រភពធនធាន ដែលមានបច្ចុប្បន្ន និង ប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា, រាជរដ្ឋាភិបាល​បានគិតគូរគ្រប់ជ្រុងជ្រោយ​ ដោយផ្តល់​ការលើកទឹកចិត្ត​ខ្ពស់​ដល់ការវិនិយោគ​ក្នុងវិស័យ​អាទិភាព​ តាមរយៈច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការដាក់ចេញជាបន្តបន្ទាប់នូវច្បាប់, គោល​នយោបាយ និង ផែនការយុទ្ធសាស្រ្តចាំបាច់នានា ដែលមានភាពប្រទាក់ក្រឡាគ្នា សំដៅបង្កើត និង បង្កើនការងារដែលមានតម្លៃបន្ថែមខ្ពស់ និង ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និង សកល ដើម្បីបង្កើនល្បឿន និង ធានាចីរភាពនៃកំណើនរយៈពេលវែង។ ជាការពិត, រោងចក្រដំឡើងរថយន្ត Toyota មួយនេះ, បានលេចចេញជារូបរាងឡើង គឺដោយ​សារ​ការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ និង កិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធ រវាងកម្ពុជាជាមួយ​ភាគី​មិត្ត​ជប៉ុន ។ ​

ក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី និងក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តីបន្តវេន ខ្ញុំនឹងបន្តពង្រីកនិងពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ ហើយជាពិសេស ខិតខំធ្វើយ៉ាងណាដើម្បីឱ្យមានការប្រទាក់ក្រឡាគ្នារវាងវិស័យឯកជន រវាងប្រទេសយើងទាំងពីរ ប្រជាជននិងប្រជាជនទាំងពីរ ឱ្យកាន់តែរឹងមាំបន្ដទៅទៀត។ ការបង្កើតរោងចក្រនៅទីនេះ ជានិមិត្តរូបនៃការបន្តរួបរួមរបស់ជប៉ុន ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាក ដែលជប៉ុនចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការចរចាស្វែងរកសន្ដិភាពនៅកម្ពុជា, កម្ពុជាជាប្រទេសទី ១ ដែលទទួលវត្តមានទ័ពជប៉ុននៅក្រៅប្រទេសជប៉ុន ក្នុងបេសកកម្មទ័ពមួកខៀវ បន្ទាប់ពីសង្គ្រាមលោកលើកទី ២។

ជប៉ុនបានប្រែក្លាយពីប្រទេសផ្ចុងផ្តើមផ្តល់ជំនួយអន្តរជាតិមកកម្ពុជា, ជាប្រទេសផ្តល់ជំនួយឧបត្ថម្ភគាំទ្រ, ទាំងថវិកា និង បច្ចេកទេសច្រើនជាងគេ ក្នុងការស្តារ និង អភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការខ្ទេចខ្ទាំដោយសង្រ្គាមជាង ២ ទសវត្សរ៍, មកជាប្រទេសវិនិយោគ កើនឡើងឥតឈប់, និង បន្តបន្ទាប់ទៀត។ ជប៉ុនពីប្រទេសផ្ចុងផ្តើមផ្តល់ជំនួយអន្តរជាតិមកកម្ពុជា ជាប្រទេសផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ទាំងថវិកា និង បច្ចេកទេសច្រើនជាងគេ ក្នុងការស្តារ និង អភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការខ្ទេចខ្ទាំដោយសង្រ្គាមជាង ២ ទសវត្សរ៍, មកជាប្រទេសវិនិយោគ កើនឡើងឥតឈប់ និង បន្តបន្ទាប់ទៀត !

តាមរបាយការណ៍របស់ ឯកឧត្តម ហែម វណ្ណឌី គិតត្រឹមពេលនេះ កម្ពុជាមានរោងចក្រដំឡើងរថយន្ត សរុប៦ក្នុងនោះ ៤ កំពុងដំណើរការ និង ចំនួន ២ ទៀត ក្នុងដំណាក់កាលសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង, ខេត្តកណ្តាល និង រាជធានីភ្នំពេញ ។

ខ្ញុំពិតជាមានសុទិដ្ឋិនិយម និង ក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលសុខសន្តិភាព,ស្ថិរភាព នយោបាយ, ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និង កម្លាំងពលកម្មជំនាញវ័យក្មេង ប្រកបដោយជវភាពរបស់កម្ពុជា និង ភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា យើងនឹងបន្តទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះ ជាបន្តបន្ទាប់ទៀត ។ ក្នុងន័យនេះ កម្ពុជាក៏ត្រូវបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ដែលបម្រើទៅដល់ការ វិនិយោគ និង ការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្ម ជាបន្តឥតដាច់ផងដែរ ។

ខ្ញុំសូមគូសបញ្ជាក់ថា ចក្ខុវិស័យររបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នេះ គឺជំរុញកែប្រែ និង ធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្នែកលើជំនាញ ស្របតាម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់ ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និង បរិយាប័ន្ន ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលសមស្រប និង ជីវភាពកាន់តែប្រសើរ ឡើងជូនបងប្អូនប្រជាពលរដ្ឋយើង ។

ជាមួយនេះ ព្រះរាជាណាចក្រកម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និង បរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និង សកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិកម្ពុជា ។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា បានកំណត់វិធានការគន្លឹះជាអាទិភាពតាមផ្នែកចំនួន ៥ រួមមាន ១- យុទ្ធសាស្រ្ត និង ការសម្របសម្រួលអន្តរស្ថាប័ន ២- ធនធានមនុស្ស និងន​វានុវត្តន៍ ៣- ហេដ្ឋារចនាសម្ព័ន្ធ ៤- កិច្ចសម្រួលពាណិជ្ជកម្ម និង ៥- បរិយាកាសធុរកិច្ច និង ការវិនិយោគ ។

ក្នុងស្មារតីបុរេសកម្ម និង ការឆ្លើយតបទៅនឹងចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញ យន្តការគាំទ្រមួយចំនួនពាក់ព័ន្ធនឹងវិធានការគន្លឹះខាងលើ ដែលមានរំលេចក្នុង យុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី ១ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា អនុក្រឹត្យស្តីពីការបង្កើត និង ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជនយុវនារីមកពីគ្រួសារជួបការលំបាក និង គ្រួសារងាយរងហានិភ័យនៅ ទូទាំងប្រទេស មូលនិធិអភិវឌ្ឍជំនាញ ព្រមទាំងគោលនយោបាយ និង យុទ្ធសាស្រ្តពាក់ព័ន្ធផ្សេងទៀត ។

ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និង ជាដៃគូសំខាន់ ក្នុងការបង្កើតការងារ, ការបង្កើតគំនិតច្នៃប្រតិដ្ឋ, ការលើកកម្ពស់ផលិតភាព និង ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងទីផ្សារតំបន់ និង សកលលោក ។ ទន្ទឹមនេះ, ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា របស់ក្រុមហ៊ុន TOYOTA TSUSHO Manufacturing (CAMBODIA) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នាពេលនេះ គឺជាការរួមចំណែកដ៏សំខាន់មួយទៀត របស់វិស័យឯកជន ក្នុងការអភិវឌ្ឍឧស្សាហកម្ម ក៏ដូចជា សេដ្ឋកិច្ចជាតិ តាមរយៈការចូលរួមបង្កើនភាពប្រកួតប្រជែង, ការលើកកម្ពស់ការធ្វើពិពិធកម្ម និង ទំនើបកម្មឧស្សាហកម្ម ក៏ដូចជា ការផ្តល់ឱកាស និង ជម្រើស ការងារ ប្រកបដោយជំនាញ កាន់តែច្រើនដល់ប្រជាជន ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

(២) ផ្ទេរជំនាញបច្ចេកវិទ្យាតាមពីរទម្រង់៖ ហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងយន្ត និងការបណ្តុះបណ្តាលធនធានមនុស្ស

ការបង្កើតរោងចក្របច្ចេកវិទ្យាខ្ពស់បែបនេះ នាំមកនូវការបង្កើតការងារគឺជារឿងមួយ តែរឿងមួយទៀតគឺផ្ដល់លទ្ធភាពក្នុងការផ្ទេរបច្ចេកវិទ្យាពីជប៉ុនមកកម្ពុជា ពីក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់ផ្ទែរមកកម្ពុជា។ ការផ្ទេរបច្ចេកវិទ្យាធ្វើឡើងក្នុងទម្រង់ពីរ។ ទម្រង់ទីមួយ គឺហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងយន្ដ។ ទម្រង់ទីពីរគឺមនុស្ស។ ថ្ងៃនេះ យើងមាន ១៥០នាក់។ ថ្ងៃក្រោយ យើងអាចមានច្រើនថែមទៀត។ បងប្អូនទាំងអស់នេះ សុទ្ធតែទទួលបានការបណ្ដុះបណ្ដាលជាជំហាន និងត្រូវទទួលនូវការផ្ទេរនូវជំនាញបន្ថែមទៀតពីបទពិសោធការងារនៅទីនេះ។ ទី២ គឺផ្ដល់ឱកាសបណ្ដុះបណ្ដាលបន្ថែម។ ខ្ញុំសូមលើកទឹកចិត្តឲ្យក្រុមហ៊ុនរៀបចំចក្ខុវិស័យរបស់ខ្លួននៅក្នុងការធ្វើថ្នាលបណ្ដុះបណ្ដាល។ សូមឲ្យក្រុមហ៊ុនបើកឱកាសឲ្យយុវជនរបស់កម្ពុជាអាចចូលមកធ្វើកម្មសិក្សា ឬហាត់ការនៅទីនេះ ដោយសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​ដែលកំពុងរៀបចំនិងដាក់ចេញនូវកម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យើងចង់បានការធ្វើការងារជាក់ស្ដែងជាជាងទ្រឹស្ដី ហើយក្នុងនោះការផ្ដល់ឱកាសដែលមានគ្រឿងសម្ភារៈ ឧបករណ៍ទំនើបបែបនេះ គឺជាឱកាសសំខាន់ណាស់ ព្រោះយើងមិនអាចធ្វើតែនៅលើក្រដាសទេ។ យើងមកធ្វើដោយមានឧបករណ៍ជាក់ស្ដែង។

(៣) បង្កើតឱកាសនិងប្រភេទការងារ ដើម្បីប្រែក្លាយផលិតភាពនិងសក្តានុពល

ខ្ញុំធ្លាប់ឮ កាលពីទសវត្សរ៍ទី៨០ យើងបញ្ជូនអ្នកបច្ចេកទេសទៅរៀននៅក្រៅប្រទេស។ មកវិញ នៅទីនេះ យើងអត់មាន(មូលដ្ឋាន)បច្ចេកទេស/បច្ចេកវិទ្យា។ ឥឡូវ យើងរៀននៅក្នុងឬក្រៅប្រទេសក៏ដោយ តែមកវិញមាន(មូលដ្ឋានផលិត)ធ្វើនៅក្នុងស្រុកយើង បញ្ជា robot នៅស្រុកយើង។ នេះជាមោទនភាព។ អញ្ចឹង សូមផ្ដល់ឱកាសបន្ថែមទៀត។ មិនត្រឹមតែដល់បុគ្គលិករបស់ក្រុមហ៊ុនទេ តែសូមបើកឱកាសដើម្បីយុវជនផ្សេងទៀត អាចចូលរួមហាត់ការនៅទីនេះ រយៈពេលខ្លី រយៈពេលមធ្យម ដើម្បីជាការបង្កធនធានមនុស្ស។ ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រចំពោះគោលគំនិតក្នុងការបង្កើតថ្នាលបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុននៅផ្នែក Automotive នេះ។ ផ្នែកគ្រឿងយន្តគឺជាអាទិភាពសំខាន់ចំពោះមុខ។ យើងប្រែក្លាយផលិតភាព​ និងសក្ដានុពលរបស់ប្រជាជនយើង មិនត្រឹមតែបង្កើតនូវឱកាសការងារមួយមុខនោះទេ តែប្រភេទនៃការងារគឺត្រូវការជាចាំបាច់។ យើងប្រែក្លាយពីកសិ​កម្មផ្អែកទៅលើសត្វពាហនៈ គោក្របី ទៅជាកសិ-ឧស្សាហកម្ម ឬកសិកម្មផ្អែកលើគ្រឿងយន្ត។ យើងឈានមកដល់ការជំរុញវិស័យកម្មន្តសាល វិស័យទេសចរណ៍ វិស័យឧស្សាហកម្មធុនស្រាល។

(៤) កម្ពុជាត្រូវមានសមត្ថភាពនាំចេញផលិតនិងនាំចេញនូវផលិតផលពាក់កណ្តាលសំរេច និងផលិតផលសំរេច

ថ្ងៃក្រោយយើងអាចរៀបចំក្នុងការផលិតធុនធ្ងន់។ ពេលដែលយើងមានធនធានមនុស្ស យើងនឹងធានាបាននិរន្តរភាព ក៏ដូចជាលើកស្ទួយនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។ យើងមិនមែនជាប្រទេសដែលត្រូវតែនាំចេញតែវត្ថុធាតុដើមប៉ុណ្ណោះទេ។ យើងត្រូវមានសមត្ថភាពក្នុងការផលិតជាផលិតផលពាក់កណ្ដាលសម្រេច និងផលិត​ផលសម្រេចដើម្បីនាំចេញ ដើម្បីធានាតម្លៃនៅកម្ពុជាឲ្យបានច្រើន ចែកជូនប្រជាជនកម្ពុជា។ នេះជាគោលដៅរបស់យើង។ យើងមិននាំចេញវត្ថុធាតុដើម ហើយនាំចូលផលិតផលសម្រេចនោះទេ។ យើងមានសិទ្ធិផលិត និងផ្គត់ផ្គង់ទីផ្សារខ្លួន​ឯង នូវផលិតផលសម្រេច ដូចជា Toyota បែបនេះ។ យើងមិនទាន់មានលទ្ធភាពបង្កើតជាខ្សែច្រវាក់ផលិតតាំងពីដំណាក់កាលដើម ដូចជាស្លរដែកមកមែន តែយើងអាចផ្គុំនិងដំឡើងនៅទីនេះបាន។ អញ្ចឹងទាមទារនូវការបណ្ដុះបណ្ដាលសមត្ថភាពរបស់យើង។

(៥) មានធនធានមនុស្សយល់ពីឧស្សាហកម្មគ្រឿងយន្ត អាចទាក់ទាញការវិនិយោគបានបន្ថែមទៀត

គេថា ពងមាន់ និងមាន់ មួយណាកើតមុន? …បណ្ដុះបណ្ដាលបរិមាណ និងគុណភាពមនុស្សកាន់តែរីក ដើម្បីទាក់ទាញវិនិយោគបន្ថែមទៀត។ បើសិនជាក្រុមហ៊ុនវិនិយោគមួយ ទៅវិនិយោគនៅប្រទេសមួយដែលត្រូវការចំណាយពេលវេលា ធនធាន បណ្ដុះបណ្ដាលមនុស្ស គាត់គិត(ពិតជាត្រូវគន់គូរហើយ)។ បើសិនជាសម្រេចមកកម្ពុជា ឬប្រទេសមួយទៀតដែលមានធនធានស្រាប់ តើទៅមួយណា? ក្រុមហ៊ុនត្រូវការគិតពីការចំណាយពេលវេលា និងថវិកា។ បើសិនជាកម្ពុជាមានធនធានមនុស្សអាចចេះបញ្ជា robot យល់អំពីឧស្សាហកម្មគ្រឿងយន្តនេះបាន ថ្ងៃក្រោយអាចទាក់ទាញបន្ថែមទៀត ព្រោះមានធនធានមនុស្សស្រាប់ហើយ មិនចាំបាច់ចំណាយពេលរើសមនុស្សបណ្ដុះបណ្ដាលថ្មីទេ។ អញ្ចឹង ផលិតភាព ផលិតផល តម្លៃនៃការផលិត និងការសម្រេចចិត្តក្នុងការវិនិយោគគឺជាកិច្ចការធំ។ ក្រុមហ៊ុនដែលផលិត/ដំឡើងរថយន្តនៅទីនេះ មិនដើរតួតែជាក្រុមហ៊ុនសម្រាប់ផលិតនិងយកផលនៅទីនេះទេ ប៉ុន្តែបណ្ដុះបណ្ដាលធនធានមនុស្ស និងជំរុញលើកទឹកចិត្តបង្កលក្ខណៈឲ្យវិស័យនេះអាចរីក​ធំធាត់នៅកម្ពុជា។

(៦) ពន្ធគយធ្លាក់ចុះពន្ធដារកើន ទទួលបានការបណ្តុះបណ្តាលនិងបៀវត្សរ៍ មានរថយន្តផលិតក្នុងស្រុក

អ្វីដែលជាការធ្លាក់ចិត្តបន្តិច គឺខ្ញុំបានសួរក្រៅផ្លូវការថា(ពន្ធគយយ៉ាង)ម៉េចទៅ? ឯកឧត្ដម គុណ ញឹម ថាឥឡូវចំ​ណូលពន្ធមួយ(ចំនួនធំបាន)ពី(ការនាំចូល)រថយន្ត។ តែឥឡូវចំណូលមួយផ្នែកត្រូវធ្លាក់ដោយសាររថយន្តមួយចំនួនបានមកបើកផលិតកម្មនៅក្នុងស្រុក ដូចនេះមិនមានត្រូវបង់ពន្ធនាំចូល។ អត់អីទេ។ ធ្លាក់ពន្ធគយពីរថយន្តនាំចូលបន្តិចចុះ ប៉ុន្តែ​លុយចេញពីហោប៉ៅឆ្វេងចូលហោប៉ៅស្ដាំទេ។ ពេលដែលគាត់មកបង្កើតក្រុមហ៊ុននៅក្នុងស្រុក ទីមួយរីកចម្រើន បង្កើតការងារ ចំណូលចូលមកពន្ធដារ ហោប៉ៅស្ដាំ។(ទីពីរ) ពេលដែលគាត់មកបណ្ដុះបណ្ដាលមនុស្ស បៀវត្សរ៍ទៅប្រជាពលរដ្ឋយើង ប្រជាពលរដ្ឋគាត់មានលទ្ធភាព​កើនជីវភាពរស់នៅ ទៅទិញ​អ្វីបន្ត អញ្ចឹងវាចូលមកសេដ្ឋកិច្ចយើងដដែលទេ។ ទីបី ការផលិតរថយន្តនៅទីនេះ អាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរ(រកបានរថយន្តដែលផលិត)នៅក្នុងទីផ្សារខ្មែរ។ ជាពិសេសរថយន្ត ២ គ្រឿង រថយន្តពីរម៉ូដ Hilux និង Fortuner នេះ។ និយាយត្រង់ រថយន្តខ្ញុំមុនដំបូងគេគឺ Vigo ហើយបើកបរបានដល់ឥឡូវ ជាង ១០ ឆ្នាំហើយ។ នៅរឹងមាំ​។ Vigo​ ហ្នឹងមានបទពិសោធន៍ជាមួយខ្ញុំច្រើនតាំងពីជំនាន់ប៉ះគ្នានៅព្រំដែន។ ខ្ញុំបើកបរតែខ្លួនឯងហ្នឹង។ វាមាំ វាស្រួល។ គ្រាន់តែរលាក់បន្តិច។ ខ្ញុំចូលចិត្តបើក ព្រោះជិះខាងក្រោយរលាក់ពេក។ បើកខ្លួនឯងមិនសូវរលាក់។

(៧) ប្រជាពលរដ្ឋនឹងមានលទ្ធភាពទិញរថយន្តតូយ៉ូតាថ្មី ផលិតក្នុងស្រុក ក្នុងស្រុកតម្លៃសមរម្យ

រថយន្តមួយទៀត ដែលខ្ញុំស្រឡាញ់ តែទិញមិនបានពេលនោះ គឺ Fortuner។ វាជា Vigo ដែលបិទបាំង។ ខ្ញុំបញ្ជាទិញនៅពេលនោះ ចំពេលដែលមាន​ទឹកលិចនៅថៃ រោងចក្របិទ។ អញ្ចឹងខ្ញុំគ្មានវាសនាជិះ Fortuner ទេ។ មិនមែននិយាយអញ្ចឹងថាខ្ញុំចង់សុំ មិនមែនទេ មិនចង់បានទេ។ ឥឡូវបានមកបង្កើតនៅស្រុកខ្មែរ​ ខ្ញុំឃើញថាទំនើប។ ​ឥឡូវរថយន្តកាន់តែទំនើបទៀត ធន់។ រថយន្ត Vigo របស់ Toyota គឺធន់ ហើយថ្លៃជួសជុលក៏ធូរ។ មានក្រុមហ៊ុននៅទីនេះផ្ដល់សេវាជួសជុល ផ្ដល់គ្រឿងបន្លាស់។ រថយន្តខ្លះពិបាក។ ខូចខ្ចៅមួយ ទាល់តែកុម្ម៉ង់ ៣ខែ។ រថយន្តតូយ៉ូតានេះផលិតនៅក្នុងពន្ធអនុគ្រោះ ផលិតផលសម្រេចដោយគុណភាពមិនមែនរថយន្តកូពីទេ រថយន្តប្រកាសដោយក្រុមហ៊ុន Toyota បង្កើតនៅទីនេះ អត់យកពន្ធនាំចូល ដែលប្រជាពលរដ្ឋយើងមានលទ្ធភាពទិញរថយន្តថ្មីផលិតក្នុងស្រុកតម្លៃសមរម្យ។ នេះគឺជាអ្វីដែលខ្ញុំនិយាយថា កុំខ្លាច។ ឯកឧត្ដម គុណ ញឹម កុំអន់ចិត្ត​ គង់តែចូលមក ឯកឧត្ដម គង់ វិបុល ទេ។ ពេលដែលរថយន្តដើរ លក់ផលិតផល ប្រជាជនយើងទិញច្រើន ចំណូលទៅក្រុមហ៊ុនៗចូលមក(រដ្ឋតាមរយៈពន្ធលើប្រាក់ចំណូល)វិញ​។

(៨) ពីនាំចូលគ្រប់មុខនិងផ្គត់ផ្គង់ខោអាវ កម្ពុជាឈានដល់ផលិតរថយន្តមានគុណភាពខ្ពស់ តម្លៃសមរម្យ

នេះគឺជាអ្វីដែលយើងចង់លើកទឹកចិត្ត ជាពិសេសជំរុញការផលិត មិនមែនត្រឹមតែរថយន្តទេ។ យើងមានក្រុមហ៊ុនផលិតមុនគេដូចជាម៉ូតូ ផលិតអីផ្សេងៗនៅទីនេះ ​ផលិត(សម្រាប់ផ្គត់ផ្គង់)ក្នុងស្រុក។ កន្លែងខ្លះផលិតនាំចេញទៅក្រៅប្រទេស។ នេះជាមហិច្ឆតារបស់កម្ពុជា។ ពីធ្លាប់ជាប្រទេសដែលនាំចូលគ្រប់មុខ ឥឡូវយើងផលិតបានខ្លួនឯង។ ពីមុន យើងផ្គត់ផ្គង់ភេសជ្ជៈ ខោអាវ ឥឡូវយើងឈានដល់ទៅផលិតរថយន្តផ្គត់ផ្គង់ទីផ្សារ។ ទោះបីជាមិនមែនជាក្រុមហ៊ុនក្នុងស្រុកក៏ដោយ ប៉ុន្តែជាក្រុមហ៊ុនដែលធ្វើផលិតផលក្នុងប្រទេស មានគុណភាពខ្ពស់ តម្លៃសមរម្យ ជូនប្រជាពលរដ្ឋយើង។ នេះជាអ្វីដែលយើងចង់បាន។ ការបង្កើនជីវភាពរស់នៅរបស់ប្រជាជន មិនមែនបង្កើនតែប្រាក់បៀវត្សគាត់ទេ តែត្រូវរក្សានូវថ្លៃដើម្បីការចំណាយតិច មានលទ្ធភាពទិញបានច្រើន ហើយសល់លុយសម្រាប់ធ្វើអីផ្សេង​។

(៩) វត្តមានរោងចក្រតម្លើងរថយន្តតូយ៉ូតា ហុចផលដល់សេដ្ឋកិច្ចជាតិ និងប្រ​ជាពលរដ្ឋ លើកកម្ពស់ផលិតភាព និងកិត្យានុភាព និងជាមោទនភាពជាតិនិងប្រជាជន

អញ្ចឹង ការរក្សាអតិផរណាទីផ្សារ​ក្នុងមួយឆ្នាំៗ ប៉ុន្មានភាគរយសំខាន់ណាស់។ បើសិនជាមួយឆ្នាំៗ តម្លៃទំនិញឡើង ៣០-៤០% វាពិបាក។ យើងគិតគូរបៀវត្សរ៍ក្នុងការដំឡើងតាមលទ្ធភាព ខិតខំទាញកាត់បន្ថយតម្លៃផលិត និងធ្វើជាផលិតផលជូនប្រជាពលរដ្ឋ។ បើយើងនិយាយអំពីការអភិវឌ្ឍមិនមែនគិតតែពីមួយជ្រុងទេ ដើម្បីផ្គុំគ្នាចេញជាលទ្ធផលជូនប្រជាពលរដ្ឋ។អញ្ចឹង ការសម្ពោធនៅថ្ងៃនេះនឹងបានផលជាច្រើនដល់សេដ្ឋកិច្ចជាតិ និងប្រ​ជាពលរដ្ឋ សំខាន់លើកកម្ពស់ផលិតភាព និងលើកកម្ពស់នូវកិត្យានុភាពរបស់កម្ពុជា ជាមោទនភាពរបស់ជាតិផង របស់ប្រជាជនខ្មែរយើងផង។ យកទឹកក្រូចមួយកំប៉ុងមក ដែលមួយនាំចូល និងមួយជាផលិតផលនៅកម្ពុជា មិនដឹងថាបងប្អូនយល់យ៉ាងម៉េចទេ តែឃើញអក្សរខ្មែរលើកំប៉ុង​ថាផលិតនៅស្រុកខ្មែរ ខ្ញុំមានមោទនភាពណាស់ … នេះហើយគឺជាអ្វីដែលល្អ។ យើងប្រឹងជំរុញបន្តទៀតនូវសមត្ថភាពដកដង្ហើម សមត្ថភាពម្ចាស់ការខ្លួនឯងលើច្រើនវិស័យ។​ រាជរដ្ឋាភិបាលនឹងខិតខំជំរុញការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបង្កើនសមត្ថភាពទាក់ទងវិនិយោគបន្ថែមទៀត។ខ្ញុំសូមស្វាគមន៍មិត្តជប៉ុនបន្តចូលរួមអភិវឌ្ឍប្រទេសជាមួយគ្នា។ ក្រុមហ៊ុន Toyota បានមានវត្តមាន ៣១ ឆ្នាំជាមួយគ្នា។ សង្ឃឹមថា(នៅខួបទី) ១៣០ ឆ្នាំ នឹងមាននាយករដ្ឋមន្រ្តីពេលនោះ មកសម្ពោធកាន់តែធំជាងនេះ។ ធ្វើដំណើរទៅមុខជានិច្ច។ (ក្នុងប្រវត្តិនៃ)ទំនាក់ទំនងការទូតយើងសម្ពោធសមិទ្ធផលជាច្រើននៅខួបទី ៧១។ យើងនឹងបន្តធ្វើតទៅទៀត បន្តបើកឱកាសវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីរួមគ្នានិងបង្កើនសមត្ថភាព។

[បញ្ចប់សេចក្តីអធិប្បាយ៤]

ទី១-ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា របស់ក្រុមហ៊ុន TOYOTA TSUSHO Manufacturing (CAMBODIA) នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញនាពេលនេះ គឺជាសក្ខីភាពមួយទៀត បង្ហាញនូវទំនុកចិត្ត និង សក្តានុពល នៃប្រទេសកម្ពុជា ជូនវិនិយោគិននានា ដែលកំពុងចាប់អារម្មណ៍ និង ធ្វើការសម្រេចចិត្ត ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]

ក្រុមហ៊ុន Toyota មកពង្រីកនៅកម្ពុជាជាការទាក់ម៉ូយធំណាស់

ក្រុមហ៊ុន តូយ៉ូតា ជាក្រុមហ៊ុនយក្ស។ តែយក្សហើយ ទៅណាគេឆាប់មើលឃើញ។ ប៉ុន្តែ មុននឹងយក្សធ្វើអ្វី យក្សគិតគូរច្បាស់ណាស់ ព្រោះយក្សមិនអាចចេះតែទៅទេ។ អញ្ចឹងបើយក្សមកកម្ពុជា ពង្រីកនៅកម្ពុជា មានភាពជឿទុកចិត្ត ខ្ញុំថាក្រុមហ៊ុនផ្សេងទៀតប្រាកដជាមានទំនុកទុកចិត្តហើយ។ នេះគឺជាការទាក់ម៉ូយធំណាស់។

[បញ្ចប់សេចក្តីអធិប្បាយ៥]

ទី២ ជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលប្រជាជន និង វិនិយោគិនជប៉ុន ព្រមទាំង វិនិយោគិន ដែលជឿជាក់ និង មានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោះទុន វិនិយោគ និង សហការក្នុងភាពជាដៃគូមិនអាចខ្វះបាន រវាងរដ្ឋ និង ឯកជន ដល់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម នៅព្រះរាជាណាចក្រកម្ពុជា ។ ខ្ញុំជឿជាក់ថា រដ្ឋាភិបាល និង វិនិយោគិន ជប៉ុន នឹងបន្តជំរុញការវិនិយោគបន្ថែមទៀត។

ទី៣­ លើកទឹកចិត្តដល់ក្រុមហ៊ុន TOYOTA TSUSHO Manufacturing (CAMBODI A) ឱ្យបន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត, ជាពិសេស ទន្ទឹមនឹងការនាំចូលនូវសម្ភារ: ឧបករណ៍ សម្រាប់ដំឡើងយានយន្ត, សូមពិនិត្យលទ្ធភាពពង្រីកការប្រើប្រាស់ផលិតផល និង វត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក (Local products and contents)។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៦]

(១០) ពិនិត្យលទ្ធភាពបង្កើត backwards linkage ផ្តល់ឱកាសឱ្យក្រុមហ៊ុន/សិប្បកម្មក្នុងស្រុក

(សុន្ទរកថា៖ … សូមពិនិត្យលទ្ធភាពពង្រីកការប្រើប្រាស់ផលិតផល និង វត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក (Local products and contents) ចាប់ផ្តើមដំបូង យើងយកធាតុផ្សំពីក្រៅច្រើនមកតម្លើង។ ប៉ុន្តែក្រុមហ៊ុនរថយន្តមួយ ត្រូវការគ្រឿងបន្លាស់រាប់ពាន់មុខ។ សូមពិនិត្យមើលពីការបង្កើតរោងចក្រដែលជា backwards linkage ភ្ជាប់មកខាងក្រោយ។ យើងអាចឈានទៅដល់បើកឱកាសឲ្យក្រុមហ៊ុនផលិតខ្ចៅសម្រាប់ផ្គត់ផ្គង់ ផលិតគ្រឿងពូក ធ្វើពូករថយន្ត មិនបាច់នាំមកពីក្រៅ។ បង្កើតការងារទៅដល់សិប្បកម្មផ្សេងៗទៀត … អញ្ចឹងក្នុងប៉ុន្មានរយមុខ អាចមានផលិតផលដែលអាចរុញទៅឲ្យសិប្បកម្មផ្សេងៗ … ក្រុមហ៊ុនមិនចាំបាច់ធ្វើគ្រប់មុខខ្លួនឯងទេ។ ចាប់ដៃគូជាមួយក្រុមហ៊ុននៅក្នុងស្រុកឬសិប្បកម្មក្នុងស្រុក។ ជួនកាល ការផលិតពូសម្រាប់រថយន្តហ្នឹង អាចមើលក្រុមហ៊ុនណាដែលគាត់ធ្វើបាន។ កិច្ចការដែលខ្ញុំនិយាយនេះ មិនត្រឹមតែពង្រីកធនធានមនុស្សទេ តែអាចពង្រីកជា eco system សម្រាប់នៅទីនេះ ទាំងការបណ្តុះបណ្តាលទាំងថ្នាលបណ្តុះបណ្តាល បូកជាមួយនឹងការផ្តល់ឱកាសឱ្យក្រុមហ៊ុនជាដៃគូតូចៗ ជួយផ្គត់ផ្គង់។

(១១) គិតគូរពីគោលនយោបាយភ្ជាប់ខ្សែសង្វាក់ផលិតកម្ម និងលើកទឹកចិត្តក្រុមហ៊ុន

កម្ពុជាយកចិត្តទុកដាក់លើ SMES ហើយដែល SMES នេះ មានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់ខ្សែសង្វាក់(ផលិត​កម្ម)។ ឥឡូវយើងមានក្រុមហ៊ុន តូយ៉ូតា ធំ និងក្រុមហ៊ុន ៥ ទៀត។ យើងអាចបង្កើតជា Supply chain។ សូមឱ្យក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ដែលទទួលបន្ទុកលើ SMES ជួយពិចារណាបង្កើតនិងដាក់ជាគោលនយោបាយបែបណា ដើម្បីយើងអាចភ្ជាប់(ខ្សែសង្វាក់ផលិតកម្មនេះ)។ យើងឱ្យគោលនយោបាយពន្ធ គោលយោបាយលើកទឹកចិត្តសម្រាប់ក្រុមហ៊ុន តូយ៉ូតា ដើម្បីលើកទឹកចិត្ដដល់ក្រុមហ៊ុនតូចៗ ឱ្យតភ្ជាប់ជា Supply chain នៅក្នុងស្រុកទៀត ដែលឯកឧត្តម គុណ ញឹម (ខាងពន្ធគយ) ឯកឧត្តម គង់ វិបុល (ខាងពន្ធដារ) និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគួរគិតគូរបែបនេះ។ យើងមើលហោប៉ៅឆ្វេងហោប៉ៅស្តាំ។ នៅតែជាហោប៉ៅរបស់យើងដដែលទេ។ តែហោប៉ៅនេះយកទៅណា? យកទៅអភិវឌ្ឍប្រទេសជួយប្រជាពលរដ្ឋ។ អញ្ចឹងមិនចាំបាច់រដ្ឋធ្វើទាំងអស់ទេ។ បើកឱកាសឱ្យវិស័យឯកជនជាអ្នកជួយចិញ្ចឹម ជួយផ្គត់ផ្គង់ ជួយផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ តាមពេលខ្លះរយៈរដ្ឋសុខចិត្តបន្ថយការចូលហោប៉ៅបន្តិច តែឱ្យវិស័យឯកជនដើរតួនាទីជួយបង្កើតការងារ ជួយតម្លើងសេដ្ឋកិច្ចឱ្យល្អជាង។ នេះជាអ្វីដែលរដ្ឋាភិបាលបានធ្វើច្រើនអាណត្តិមកហើយ។ យើងនឹងបន្តធ្វើទៅទៀតតាមការដាក់ចេញនូវគោលនយោបាយផ្សេងៗ និងកម្មវិធីជាក់ស្តែងមួយចំនួន ដើម្បីលើកទឹកចិត្តវិស័យឯកជនឱ្យរីកចម្រើន។

(១២) ផ្តល់ភាពអនុគ្រោះដល់ក្រុមហ៊ុនដែលអាចផ្គុំគ្នារុញផលិតកម្ម Automotive លើកទឹកចិត្តឱ្យផលិតវត្ថុមានគុណភាពក្នុងស្រុក

យើងគិតការអនុគ្រោះពន្ធ ជាច្រវ៉ាក់នៃការផលិតតែម្តង។ បើរថយន្តផលិតទៅដើម្បីមានតម្លៃថោក ជួនកាលមិនមែនតែពន្ធអនុគ្រោះមករថយន្តកន្លែងរោងចក្រនោះទេ តែថោកតាំងពីគ្រឿងបង្គុំ។ ឡានមួយៗ ដើម្បីលក់(ក្នុងតម្លៃណាមួយ) ត្រូវគិតពីផលិតផលសម្រេច។ ផលិតផលសម្រេច មានទាំងថ្លៃពូក ថ្លៃព្រំ ថ្លៃកង់ឡាន ថ្លៃគ្រឿងបន្លាស់។ បើសិនជាយើងជួយផ្នែកទាំងនោះឱ្យបានដើរ វាធូរ។ ឯកឧត្តម គុណ ញឹម ខាងគយ យើងពិនិត្យមើលកត្តាហ្នឹងថាជា Supply chain តែម្តង ក្នុងការអនុគ្រោះ ដើម្បីធ្វើឱ្យធាតុផ្សំចុងក្រោយមានតម្លៃសមរម្យ អាចប្រ​កួតប្រជែងបាន។ អញ្ចឹង មិនមែនតែឱ្យអនុគ្រោះដល់ក្រុមហ៊ុន តូយ៉ូតា ទេ តែក៏ក្រុមហ៊ុនណាដែលអាចផ្គុំគ្នារុញ(ផលិតកម្ម) Automotive នេះ។ យើងអាចគិតគូរកម្មវិធីពិសេសកម្រិតណា ដើម្បីធានាបាន(ការផ្គត់ផ្គង់) ជាជាងទៅយកពីក្រៅ។ លើកទឹកចិត្តឱ្យផលិតវត្ថុដែលមានគុណភាពនៅក្នុងស្រុក។ ឥឡូវកម្ពុជាមានលទ្ធភាពត្រឹមផលិតពូក ផលិតកៅអី នាំទៅអ៊ីតាលី … ទៅបាវិតថ្ងៃមុន ខ្ញុំឃើញក្រុមហ៊ុនមួយធ្វើនៅបាវិតហ្នឹង។ គាត់នាំចេញទៅអ៊ីតាលី ហើយផលិតផលអ៊ីតាលីនេះគឺថ្លៃជាងគេ។​​អញ្ចឹងបានន័យថា ទឹកដៃកូនខ្មែរ សមត្ថភាពកូនខ្មែរអាចធ្វើបានហើយយើងអាចជួយបង្កលក្ខណៈឱ្យទឹកដៃទាំងនោះចូលជាមួយនឹងការវិនិយោគនៅក្នុងប្រទេស ផ្គុំជាមួយនឹងក្រុមហ៊ុនធំបែបនេះ។

(១៣) ធានាខ្សែច្រវ៉ាក់ផលិតកម្ម ធ្វើឱ្យថ្លៃផលិតទាប ផ្តល់ឱកាសធុរកិច្ច ការងារនិងបៀវត្សរ៍តាមក្រុមហ៊ុនសម្ព័ន្ធដែលផ្គត់ផ្គង់សម្ភារៈនិងគ្រឿងបំពាក់ឱ្យក្រុមហ៊ុន តូយ៉ូតា

កន្លងទៅយើង បានផលិតកង់នាំទៅអឺរ៉ុប។ យើងខិតខំ ដើម្បីទៅថ្ងៃក្រោយទាញយកផលិតផល ភាពបង្គុំនៅក្នុងប្រទេសឱ្យបានច្រើន។ បន្តិចទៀត យើងត្រូវរុញទៅក្រៅ ដោយគេទាមទារភាពបង្គុំ។ រោងចក្រផលិតកង់ឡានមក យើងធ្វើម៉េចភ្ជាប់ជាមួយសមាគមន៍កៅស៊ូ។ ជួយបានប៉ុន្មានអីប៉ុន្មានយកកៅស៊ូក្នុងប្រទេស។ អញ្ចឹងត្រូវគិតគូរពីការបង្កើតខ្សែច្រវ៉ាក់ និងការលើកទឹកចិត្តគ្រប់ខ្សែច្រវ៉ាក់នៃផលិតកម្មនេះ … កិច្ចការនេះ ស្ថិតក្នុងក្របខណ្ឌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការគោលនយោបាយ … យើងបន្តគិតគូរពីខ្សែច្រវ៉ាក់តែមួយតែម្តង ជាប្រព័ន្ធ Eco system តែម្តង ដើម្បីធានាបាននូវខ្សែច្រវ៉ាក់ផលិតកម្ម លើកទឹកចិត្តឱ្យមានការផលិតគ្រឿងបង្គុំមកកម្ពុជាកាន់តែច្រើន។ ពិតណាស់ យើងមិនអាចផលិតដែកបានទេ យើងមិនអាចស្លរដែកកម្រិតយកមកធ្វើរថយន្តនៅពេលនេះបានទេ តែអ្វីដែលយើងអាចធ្វើភ្លាមគឺផ្នែកផ្សេងៗ ទៀតនៃរថយន្ត តូយ៉ូតា។ អញ្ចឹង ឡានមួយគ្រឿងនេះ មិនត្រឹមតែ(មានថ្លៃ)ផលិតថោក កម្មករនៅទីនេះបានប្រាក់ខែ ឬរោងចក្រមកផលិតនៅយើងទេ ប៉ុន្តែវាអាចផ្តល់ឱកាសសម្រាប់ធុរកិច្ចផ្សេងៗទៀតនៅកម្ពុជា ផ្ដល់ឱកាសការងារនិងបៀវត្សរ៍តាមក្រុមហ៊ុនតូចតាចមួយចំនួនទៀត ដែលអាចផ្គត់ផ្គង់សម្ភារៈនិងគ្រឿងបន្លាស់មកឱ្យក្រុមហ៊ុនរបស់យើងនៅទីនេះ។ សូមក្រ​សួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងពាក់ព័ន្ធ យកចិត្តទុកដាក់លើការងារនេះ។

(១៤) បង្កើនសមត្ថភាពផលិត ដើម្បីក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់មួយក្នុងតំបន់

យើងដើរទៅមុខហើយ អ្នកខ្លះគេសើចជំហានគីង្គក់។ សម្ដេចតេជោតែងតែមានប្រសាសន៍ពីជំហានគីង្គក់។ អ្នកខ្លះថាជំហានគីង្គក់ ប៉ុន្តែកុំភ្លេចថាអ្នកឯងរវល់តែសើច គីង្គក់លោតបាន ១០ ជំហានបាត់ហើយ។ អ្នកឯងកំពុងតែសើចចំអកថែមទៀត … គីង្គក់ក៏នៅតែលោតទៅមុខដែរ។ កុំឱ្យនៅហ្នឹងកន្លែង។ ជើងត្រដក់វែង តែបើមិនដើរទៅមុខ (វាមិនដូរទីទេ)។ យើងនាំចូលគ្រប់គ្រឿងបង្គុំមកផ្គុំនៅយើង។ ទៅមុខទៀត យើងនាំចូលភាគតិច យើងផលិតក្នុងស្រុកភាគច្រើន។ ថ្ងៃក្រោយ យើង(មាន)សមត្ថភាព(ផលិត)បាន អាចក្លាយជាមជ្ឈមណ្ឌលនៃការផ្គត់ផ្គង់ផ្នែកណាមួយនៅក្នុងតំបន់ផង។ ឧទារហណ៍ វៀតណាម ថៃ ឧស្សាហកម្មកើន ប៉ុន្តែក៏មានឧស្សា​ហកម្មខ្លះត្រូវ outsource។ យើងក៏អាចមានលទ្ធភាពផលិតផ្គត់ផ្គង់ ព្រោះកន្លែងខ្លះក៏អាចផលិតជាធាតុបង្គុំរុញទៅក្រុមហ៊ុនផលិតនៅជប៉ុន និងប្រទេសផ្សេង។ ប្រទេសបូកមួយ ជាយុទ្ធសាស្ត្ររបស់យើង។ មិនចាំបាច់ផលិតទាំងមូលនៅកម្ពុជាទេ។ យើងអាចចាប់ផ្ដើមផលិតពីផ្នែកណាមួយនៃធាតុផ្សំនោះ។ កម្ពុជាអត់ចាំបាច់ផលិតឧត្ថម្ភាគចក្រ(ទាំងមូល)ទេ តែមួយផ្នែកណាមួយនៃឧត្ថម្ភាគចក្រផលិតនៅកម្ពុជា។ សូម្បីតែពូកមួយឬខ្សែក្រវ៉ាត់ក៏អាចបង្កើនផលិតភាពរបស់យើង។ រថយន្តដូចគ្នា។ នេះគឺជាគោលដៅយុទ្ធសាស្ត្រដែលយើងបានដាក់ចេញនៅក្នុងគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម។ យើងនឹងបន្តកែសម្រួលទៅទៀត។ កិច្ចការនេះ រាជរដ្ឋាភិបាលបានសម្រួចច្រើនអាណត្តិមកហើយ តាំងពីយុទ្ធសាស្ត្រចតុកោណ ឥឡូវបញ្ចកោណ ដោយយើងនឹងជំរុញការងារនេះបន្ថែមទៀត ជាពិសេសខាងវិស័យបច្ចេកវិទ្យាទំនើបឌីជីថលបន្ថែមទៀត។

[បញ្ចប់សេចក្ដីអធិប្បាយ៦]

ខ្ញុំសូមជំរុញឱ្យក្រសួង-ស្ថាប័ន, អាជ្ញាធរមានសមត្ថកិច្ច និង អង្គភាពផ្តល់សេវាសាធារណៈ ពាក់ព័ន្ធ, សូមបន្តយកចិត្តទុកដាក់ ផ្តល់កិច្ចសហការ និង ការគាំទ្រឱ្យបានល្អ ដល់កិច្ចដំណើរការរោងចក្រនេះ, ក៏ដូចជា ផ្តល់ការគាំទ្រ និង ថែបំប៉នដល់ការវិនិយោគនានានៅកម្ពុជា ។

ជាមួយគ្នានេះ ខ្ញុំសូមលើកទឹកចិត្តបងប្អូនជានយោជិតបម្រើការនៅរោងចក្រនេះ, សូមខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព និង ព្យាយាមក្រេបជញ្ជក់យកចំណេះដឹង បច្ចេកវិទ្យា និង បទពិសោធន៍ការងារល្អៗ ដើម្បីបំណិនជីវិត និង ឈានទៅបង្កើនជំនាញឱ្យកាន់តែខ្ពស់ថែមទៀត ។ សូមចូលរួមថែរក្សានូវបរិយាកាសការងារ និង រួមចំណែកលើកកម្ពស់នូវការជឿជាក់លើកម្លាំងពលកម្មក្នុងស្រុក ក៏ដូចជា បង្ហាញសមត្ថភាព និង ផលិតភាពការងារដ៏ខ្លាំងពូកែរបស់កូនខ្មែរយើង ។

ជាទីបញ្ចប់, ជាមួយនឹងការ​ប្រកាសបើកដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់ក្រុមហ៊ុន TOYOTA TSUSHO MANUFACTURING (CAMBODIA) ចាប់ពីពេលនេះតទៅ, ខ្ញុំសូមជូនពរ ឯកឧត្តមឯកអគ្គរាជរ​ដ្ឋទូត, ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ, ជាពិសេស ជូនដល់បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និង ពរ ទាំង ៥ ​​​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​ បដិភាណ កំបីឃ្លៀងឃ្លាត ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៧]

ថ្ងៃនេះផងដែរចំពោះបុគ្គលិក កម្មករ ១៥៣នាក់ ម្នាក់ៗថវិកា៥ម៉ឺនរៀល, ជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា៣លានរៀល ផងដែរ។ សូមអរគុណ៕

អត្ថបទទាក់ទង