Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យ​ច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ

ដោយ៖ Morm Sokun ​​ | 52 នាទីមុន ព័ត៌មានជាតិ 1005
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យ​ច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យ​ច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ការណ៍ដែលសម្តេចឆ្លើយតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែនេះជាការបញ្ជាក់ឱ្យ​ច្បាស់លើបញ្ហាទឹកដីជូនប្រជាពលរដ្ឋ។
ការបញ្ជាក់បែបនេះរបស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនបានសំដៅលើលោក អ៊ុំ សំអាន នោះទេ អ្វីដែលជាគោលដៅធំ គឺចលនារបស់គាត់ក្នុងការវាយប្រហារនេះជាគោលដៅ ចង់លោក អ៊ុំ សំអាន ឬលោក-ក លោក-ខ វាអត់សំខាន់ សំខាន់ត្រូវតែបង្ហាញថាចលនាវាយប្រហារ ហ្នឹងតើមានភស្តុតាង មានមូលដ្ឋានអ្វីខ្លះ»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គោលដៅសំខាន់បំផុត គឺទំនុកចិត្ត ខណៈការផ្សព្វផ្សាយបញ្ហាព្រំដែន បានបង្កការព្រួយបារម្ភក្នុងស្រទាប់ប្រជាពលរដ្ឋ ស្របពេលដែលក្រុមលោក អ៊ុំ សំអាន តែងតែផ្សព្វផ្សាយបញ្ហាព្រំដែនដោយគ្មានមូលដ្ឋានច្បាស់លាស់។ ដូច្នេះ លោក អ៊ុំ សំអាន ត្រូវហ៊ានបង្ហាញភស្តុតាងពីបញ្ហាព្រំដែននេះឱ្យច្បាស់លាស់ ជាមួយរាជរដ្ឋាភិបាល ពោលគឺមិនមែនជាការប្រកួតប្រជែង ដើម្បីចាញ់ឈ្នះនោះទេ ប៉ុន្តែ បង្ហាញការពិតឱ្យប្រជាជនបានស្ងប់ចិត្ត។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោក អ៊ុំ សំអាន យល់ថាខ្លួនឡើងតម្លៃ ក្រវីទង់ស្រាតខោ ក្នុងការឆ្លើយតបជាមួយសម្តេច។ ត្រង់ចំណុចនេះ ត្រូវសម្តេចបន្ថែមថា ជាអ្នកនយោបាយ បើប្រជាពលរដ្ឋបាត់ទំនុកចិត្ត គឺចប់ហើយ និងបានចាត់ទុកការចោទរបស់លោក អ៊ុំ សំអាន ពាក់ព័ន្ធដីព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ កំពុងស្រាតខោឱ្យប្រជាពលរដ្ឋបានឃើញថា លោក អ៊ុំ សំអាន ចោទរាជរដ្ឋាភិបាល ទាំងខ្លួនមិនមានភស្តុតាងច្បាស់លាស់។

«ខ្ញុំឃើញ ខ្ញុំវាហួសចិត្តមិនដឹងយុទ្ធសាស្ត្រយ៉ាងម៉េច? ម្ង៉ៃៗ ចាប់ផ្តើមដោះអាវ ស្រាតខោខ្លួនឯង និយាយច្រើនពេក និងយាយហើយអត់ដឹងខ្លួនទៀតថាខ្លួនកំពុងតែស្រាតខោ​ដោះអាវ​ កំពុងតែហូចអាវឱ្យខ្ញុំ នូវអ្វីដែលខ្ញុំចង់បានគាត់វាយតម្លៃខុស ថាខ្ញុំចង់បានគាត់អត់ទេ ខ្ញុំចង់បានអ្វីដែលគាត់មានបង្ហាញឱ្យប្រជាជន គឺភាពជឿទុកចិត្តនេះ តើអ្នកណាពិតប្រាកដ»។ នេះជាការលើកឡើងបន្ថែបរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោក អ៊ុំ សំអាន អួតថាខ្លួនឡើងតម្លៃ ពាក់ព័ន្ធនឹងការឡើងពីបញ្ហាព្រំដែន ប៉ុន្តែ លោក អ៊ុំ សំអាន បានបង្ហាញការពិតឱ្យប្រជាជនបានមើលឃើញថា ការអួតក្តែងៗថាខ្លួនមានឯកសារគ្រប់គ្រាន់លើរឿងព្រំដែន គឺជាការមិនពិតទាល់តែសោះ។ ចំពោះការដែលហៅឱ្យលោក អ៊ុំ សំអាន ចូលមកប្រទេសកម្ពុជា គឺដើម្បីឱ្យលោក អ៊ុំ សំអាន យកឯកសារទាំងនេះមកតតាំងជាមួយជាមួយរាជរដ្ឋាភិបាល និងបញ្ជាក់ឱ្យប្រជាជនបានដឹង​ និងភាពជឿជាក់។

ទន្ទឹមនឹងដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បើសម្តេចជាលោក អ៊ុំ សំអាន ហើយមានឯកសារច្បាស់លាស់ពាក់ព័ន្ធព្រំដែនចន្លោះបង្គោល៥២ និង៥៩មែននោះ សម្តេចនឹងចូលមកកម្ពុជា។ ចូលមកនឹងចំណេញច្រើនទី១ បានបង្ហាញឱ្យពលរដ្ឋឃើញជាក់ស្តែង ទី២ បើសម្តេចមិនគោរពអ្វីដែលបានធានាអះអាងមែននោះ នឹងធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត។ ការជជែកជាមួយក្រុមការងារដែលលោក អ៊ុំ សំអាន បញ្ជូនមក គឺជជែកលើរឿងដែកព្រំដែនចន្លោះបង្គោលលេខ៥២ និង៥៩ មិនជជែករឿងនយោបាយនោះទេ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការភូតភរច្រើនចាញ់អាត្មា លោក អ៊ុំ សំអាន ដែលតែងតែបញ្ឆេះបញ្ហាព្រំដែន គឺមានក្រុមអង្គការចាត់តាំង មានចរិតនយោបាយ នៅក្រៅស្រុក បានបំភ្លៃហើយបំភ្លៃទៀត ដើម្បីតែកេងចំណេញនយោបាយ សុខចិត្តវ៉ៃបំបែកបំបាក់ផ្ទៃក្នុងខ្លួនឯងឱ្យប្រជាជន មានមន្ទិលសង្ស័យ ឱ្យមានបញ្ហាការគិតគូរលែងមូលគ្នា ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែតាំងព្យាយាមដោះស្រាយបញ្ហាដោយទទួលខុសត្រូវ៕

អត្ថបទទាក់ទង