Grand News Asia Close

សម្ដេចធិបតី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ​ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1015
សម្ដេចធិបតី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ​ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» សម្ដេចធិបតី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ​ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ។

មានប្រសាន៍ទៅកាន់អង្គពិធី​, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើត​ការងារ, បង្កើនចំណូលគ្រួសារ, ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ, កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលយើងអាចចាត់ទុកថាជា MSMEs សរុបចំនួន ៧៥ ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣ លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ ១,៨ លាននាក់។ លទ្ធផលជំរឿននេះ បានបង្ហាញថា MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។

សម្ដេចធិបតី​បានបន្ថែមទៀត​ថា​ រាជរដ្ឋាភិបាលកំពុងរៀប​ចំ និង​ដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការ​បន្ទាន់មួយចំនួន​ក្នុង​រយៈពេលខ្លីខាងមុខ ក្នុង​នោះ​រួមមាន៖ ការ​បង្កើត​អង្គភាពសម្រប MSMEs ដែលនឹងដើរតួជាមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ សម្រាប់ការចុះបញ្ជី និងការស្នើសុំអាជ្ញាបណ្ណ, ការគ្រោងដាក់ឱ្យអនុវត្តគម្រោងសាកល្បងនៃការស្នើសុំចុះបញ្ជី និងការផ្តល់អាជ្ញាបណ្ណ​ និងលិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងៗ ជាកញ្ចប់ តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីជាអតិបរមា​ តាមថ្នាល CamDX, និង​ ការរៀប​ចំ​សេចក្ដីព្រាង​ «អនុក្រឹត្យសំខាន់ចំនួនពីរ» បន្ថែមទៀត គឺ៖ «អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម» ដែលកំណត់អំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងវដ្តអាជីវកម្ម ដោយគិតចាប់ពីការចាប់ផ្តើម, ការធ្វើប្រតិបត្តិការ និងការបិទអាជីវកម្ម និងមានបញ្ចូលនីតិវិធីនៃការចាត់ថ្នាក់ (Classification) សហគ្រាស ជាសហគ្រាសធុនតូច និងមធ្យម និង «អនុក្រឹត្យទី២ ស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម» ដែលផ្តល់ការលើកទឹកចិត្ត ទាំងផ្នែកសារពើពន្ធ និងទាំងផ្នែកមិនមែនសារពើពន្ធ ។ ទន្ទឹមនឹង​នោះ,​​ សម្តេចធិបតីក៏​បាន​ណែនាំឱ្យគ្រប់អង្គភាព និងមន្ត្រីជាអ្នកផ្តល់សេវាសាធារណៈទាំងអស់ឱ្យផ្លាស់ប្តូរផ្នត់គំនិត និងអភិក្រមនៃការផ្តល់សេវាសាធារណៈ ដោយត្រូវកាត់បន្ថយនីតិវិធីស្មុគស្មាញ និងត្រូវប្រកាន់ខ្ជាប់នូវស្មារតី «ជួយគាំទ្រដល់សហគ្រាស» ជាជាងដើម្បីតែចាប់កំហុស, ដាក់ទោសទណ្ឌ និងផាកពិន័យ។

សម្ដេចធិបតី បានមានប្រសាសន៍បន្តថា ជោគជ័យ​នៃ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុន មីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» មិនអាចសម្រេចបានដោយស្ថាប័នណាមួយ ឬជាជោគជ័យរបស់ស្ថាប័នណាមួយដោយឡែកនោះទេ ប៉ុន្តែជាសមិទ្ធផលរបស់ជាតិ​យើង​ទាំង​មូល។ នៅពេលដែល MSMEs យើងរឹងមាំ, សេដ្ឋកិច្ច​ជាតិ​យើង​ក៏រឹងមាំ និងមានភាពធន់ ហើយប្រជាជន​យើងមានការងារធ្វើ, មានចំណូលសមរម្យ និងរស់នៅប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ ឆ្ពោះទៅសម្រេចបាន​នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលដែលគាំទ្រអាជីវកម្ម, គាំទ្រការផលិត, គាំទ្រការវិនិយោគ ហើយយើងនឹងបន្តរួមសុខរួមទុក្ខជាមួយធុរជន ពិសេស MSMEs ដោយគាំទ្របងប្អូន និងដើរទៅមុខជាមួយគ្នា ក្នុងស្មារតី «គិតជាមួយគ្នា, ធ្វើជាមួយគ្នា និងទទួលខុសត្រូវរួមគ្នា» ដើម្បីកសាងសង្គមសេដ្ឋកិច្ចមួយដែលរុងរឿង។

ជាទីបញ្ចប់, ពាក់ព័ន្ធ​នឹងករណីលោកអ៊ុ សំអាន​, សម្ដេចធិបតី មានប្រសាស៍ថា សម្ដេចមាន​ភាពចាំបាច់ក្នុងការបកស្រាយឱ្យបានច្បាស់លាស់អំពីករណីនេះជូនប្រជាពលរដ្ឋទាំង​ក្នុង​ប្រទេស​ និងក្រៅប្រទេស។ សម្ដេចបានបញ្ជាក់ គោលបំណង​ គឺមិនមែនដើម្បី​ចង់ឈ្នះ ចាញ់ជាមួយ​អ្នកណា ឬក្រុមណាទេ តែ​សុំ​ឱ្យខ្មែរគ្រប់និន្នាការនយោបាយ​រក្សភាពស្ងៀមស្ងាត់, រួមសាមគ្គីគ្នា​​ និងទុកឱកាសឱ្យរាជរដ្ឋាភិបាល​ជាអ្នក​បន្តដោះស្រាយ​លើបញ្ហាព្រំដែន។ សម្ដេច បានបន្តថា រាជរដ្ឋាភិបាល និងមន្ត្រីជំនាញខាងកិច្ចការព្រំដែនមិនបានកាត់ទឹកដីឱ្យប្រទេសណាមួយឡើយ, ផ្ទុយទៅវិញ រាជរដ្ឋាភិបាល និងមន្ត្រីជំនាញខាងកិច្ចការព្រំដែនជាអ្នកការពារទឹកដីយ៉ាងពិតប្រាកដ និងជាអ្នកទទួលខុសត្រូវ​ ជាប្រវត្តិសាស្ត្រចំពោះទឹកដី និងបូរណភាពជាតិ។ ក្នុងន័យនេះ,​ សូម​បងប្អូនប្រជាពលរដ្ឋមេត្តាជឿទុកចិត្តលើការបំពេញការងាររបស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញកិច្ចការព្រំដែន៕

 

អត្ថបទទាក់ទង