Grand News Asia Close

(វីដេអូ) សុន្ទរកថាទាំងស្រុងរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធាន នៃរដ្ឋសភា, ប្រធាន និងអនុប្រធាន គណៈកម្មការជំនាញនៃរដ្ឋសភា: និងផ្តល់សេចក្តីទុកចិត្ត ចំពោះរដ្ឋាភិបាលកម្ពុជា.

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 573

សុន្ទរកថាទាំងស្រុងរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធាន នៃរដ្ឋសភា, ប្រធាន និងអនុប្រធាន គណៈកម្មការជំនាញនៃរដ្ឋសភា: និងផ្តល់សេចក្តីទុកចិត្ត ចំពោះរដ្ឋាភិបាលកម្ពុជា. រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

******

CMF:

  • លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា;
  • ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា;
  • ឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា;
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន;
  • សម្ដេចចៅហ្វាវាំង គង់ សំអុល;
  • សម្ដេចក្រឡាហោម ស ខេង;
  • សម្តេចពិជ័យសេនា ទៀ បាញ់;
  • សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន;
  • សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា នៃរដ្ឋសភា ជាទីមេត្រី !

ថ្ងៃនេះ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី ៧ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តជ្រើសតាំងសមាសភាពនៃថ្នាក់ដឹកនាំរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះសមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។

ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបាននូវសេចក្ដីទុកចិត្ត ពីសំណាក់រដ្ឋសភានៅពេលនេះ, ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដែលជានិច្ចកាល ព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវការគាំទ្រ និងការលើកទឹកចិត្តដ៏កក់ក្តៅបំផុត ចំពោះរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល តាមគន្លងប្រកបដោយគតិបណ្ឌិត និងសុភនិច្ឆ័យរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ, ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ទូលព្រះបង្គំជាខ្ញុំ សូមប្រសិទ្ធពរជ័យបវរមហាប្រសើរ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គទ្រង់បានប្រកបដោយព្រះសុខភាពល្អបរិបូរ និងព្រះកាយពលមាំមួន ដើម្បីបន្តគង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅ ចៅទួតរបស់ព្រះអង្គ ជ្រកកោន ជាយូរអង្វែង តរៀងទៅ។

ខ្ញុំក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានបំពេញតួនាទីជាព្រឹទ្ធសមាជិករដ្ឋសភា ប្រកបដោយប្រសិទ្ធភាព និងដោយជោគជ័យ ព្រមទាំងសូមថ្លែងអំណរគុណជូនចំពោះ សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ ទាំងអស់ ជាថ្នាក់ដឹកនាំ និង សមាជិក-សមា​ជិកានៃស្ថាប័ននីតិប្បញ្ញត្តិដ៏ឧត្តុង្គឧត្តមនេះ ដែលបានបោះឆ្នោតផ្តល់ការទុកចិត្ត ដល់រាជរដ្ឋាភិបាលកម្ពុជា នីតិកាល ទី ៧ នៃរដ្ឋសភា ដោយមានរូបខ្ញុំជាប្រមុខ។

ជាមួយគ្នានេះដែរ, ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងក្នុងនាមសហការីទាំងអស់ នៅក្នុងសមាសភាពនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ខ្ញុំសូមយកឱកាសដ៏កម្រនេះ សម្តែងនូវអំណរគុណ និងការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេច, ឯកឧត្តម, លោកជំទាវ ជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលបានផ្ដល់នូវការជឿទុកចិត្ត និងភារកិច្ចដ៏ឧត្ដុង្គឧត្តមដល់យើងខ្ញុំទាំងអស់គ្នា ឱ្យបន្តវេននៅក្នុងការបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លាបំផុតនេះ ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ក៏ដូចជាឆន្ទៈគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់ ចំពោះគោលនយោបាយ និងការដឹកនាំប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជា។ ជាការពិត, ការតស៊ូលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន និងការប្រឹងប្រែងយកអស់កម្លាំងកាយ, ចិត្ត, ប្រាជ្ញា និងស្មារតី ដើម្បីបុព្វហេតុនៃការរំដោះជាតិ និងប្រជាជនពីក្រញាំបិសាចនៃរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង; ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី; ការនាំមកនូវសុខសន្តិភាព, ការឯកភាពជាតិ, ការបង្រួបបង្រួមជាតិពេញលេញ; ការការពារអាយុជីវិត និងការធានាលំនឹងជីវភាពរបស់ប្រជាជន; ព្រមទាំងការជំរុញនូវកិច្ចអភិវឌ្ឍឈានឡើងឥតឈប់ឈរ ជូនមាតុប្រទេសនៃយើង; គឺជាគំរូវីរភាពដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្តម សម្រាប់យើងខ្ញុំទាំងអស់គ្នា ជាអ្នកបន្តវេនជំនាន់ក្រោយយកតម្រាប់តាម។

ច្បាស់ណាស់ថា គតិបណ្ឌិតដ៏ភ្លឺស្វាង, បទពិសោធន៍ដ៏សម្បូរបែប, ភាពប្រាកដនិយម, ភាពប៉ិនប្រសប់, ភាពឈ្លាសវៃគ្មានគូប្រៀប និងភាពមុតស្រួច នៅក្នុងរាល់ចំណាត់ការនានា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជារបស់ សម្តេច, ឯកឧត្តម និងលោកជំទាវ ថ្នាក់ដឹកនាំឯទៀត នៅក្នុងការដឹកនាំប្រទេសជាតិ គឺជា កំពូលឯតទគ្គកម្មខាងសិល្បៈនៃការដឹកនាំ ដែលយើងខ្ញុំទាំងអស់គ្នាជាអ្នកបន្តវេន ពិតមិនអាចនឹងប្រៀបផ្ទឹមបាននោះឡើយ។ ក៏ប៉ុន្តែ គំរូវីរភាព និងសមត្ថភាព ដឹកនាំដ៏ខ្ពង់ខ្ពស់ ព្រមទាំងការជឿទុកចិត្តមកលើយើងខ្ញុំទាំងអស់គ្នានេះ នឹងដើរតួជាកត្តាអចិន្ត្រៃយ៍នៅក្នុងសម្បជញ្ញៈ និងមនសិការរបស់យើងខ្ញុំ ដែលនឹងជួយដាស់តឿន, ដុស សំលៀង និងពង្រឹងជាប់ជាប្រចាំ នូវឆន្ទៈមោះមុតឥតរាថយ និងការប្តេជ្ញាចិត្តឥតងាករេ ព្រមទាំងនឹងជួយជំរុញយើងខ្ញុំឱ្យប្រឹងប្រែងអស់ពីលទ្ធភាព, ជាមួយនឹងថាមពលយុវវ័យ និងសមត្ថភាពខាងចំណេះវិជ្ជា និងជំនាញ ដែលខ្លួនមាន, ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមនេះ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ស័ក្តិសមទៅនឹងបំណងប្រាថ្នា និងអាណត្តិកិច្ច ដែលប្រជាពលរដ្ឋខ្មែរដ៏ច្រើនកុះករនៅទូទាំងប្រទេស ប្រគល់ជូន។

  • សម្ដេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !

ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គឺជាការបោះឆ្នោតមួយ ដែលមានលក្ខណៈសេរី, យុត្តិធម៌, ត្រឹមត្រូវ និងមានតម្លាភាព ដោយមានប្រជាពលរដ្ឋចូលរួមរហូតដល់ជាង ៨ លាន ២ សែន នាក់, ត្រូវជាប្រមាណ ៨៤,៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតរបស់ គជប ហើយក្នុងនេះ សម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានរហូតដល់ទៅប្រមាណ ៨២,៣%។ ជាការពិត, នេះ គឺជាអត្រាមួយដ៏ខ្ពស់ធៀបទៅនឹងប្រវត្តិថ្មីៗនៃការចូលរួមបោះឆ្នោតនៅកម្ពុជាខ្លួនឯង ក៏ដូចជានៅក្នុងប្រទេសជាច្រើនផ្សេងទៀតលើសកលលោក។ អត្រានៃការចូលរួមដ៏ខ្ពស់នេះ បានបង្ហាញឱ្យឃើញច្បាស់នូវឆន្ទៈដ៏ស្រួចស្រាល់របស់ប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ ក្នុងការអនុវត្តសិទ្ធិជាពលរដ្ឋរបស់ខ្លួន ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ដើម្បីជ្រើសរើសគណបក្សនយោបាយ និងឥស្សរៈជននយោបាយ ដឹកនាំប្រទេស តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ប្រការនេះក៏ជាសក្ខីកម្មដ៏ប្រចក្ស, គូសរំលេចយ៉ាងត្រដែត, នូវទឹកចិត្តរបស់ប្រជាជាតិកម្ពុជាទាំងមូល ដែលស្រឡាញ់សុខសន្តិភាព និងគោរពគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការបដិសេដយ៉ាងដាច់អហង្ការ សំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប, ចំពោះទង្វើអគតិរបស់ក្រុមជនមួយចំនួន ដែលបានខិតខំទាក់ទាញប្រជាជាតិកម្ពុជា ឱ្យចាកចេញពីគន្លងនៃមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយញុះញង់, អុជអាល, បំផុសប្រជាពលរដ្ឋ ឱ្យលុះទៅនឹងមហិច្ឆតាផ្ទាល់ខ្លួនរបស់ពួកគេដែលប្រកបទៅដោយពិសពុល និងគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។

បន្ថែមលើនេះ, លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញផងដែរ នូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹង និងដ៏មោះមុត ពីសំណាក់ប្រជាពលរដ្ឋភាគច្រើនលើសលុប និងពីគ្រប់មជ្ឈដ្ឋាន ទៅលើភាពចាំបាច់ក្នុងការបន្តកិច្ចដឹកនាំកសាងប្រទេសនៅលើមាគ៌ានៃសុខសន្តិភាព, ការអភិវឌ្ឍ និងការកែទម្រង់ក្នុងគ្រប់វិស័យ ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាព កាន់តែរុងរឿង។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា មានកាតព្វកិច្ចបន្តបេសកកម្មដ៏ឧត្ដុង្គឧត្តម ជាប្រវត្តិសាស្ត្រ, ក្នុងការប្តេជ្ញាចិត្តឥតរាថយ និងក្នុងភាពកាន់តែស្វាហាប់, ដើម្បីពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញអនុវត្ត ការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ។ គឺនៅក្នុងស្មារតីនេះហើយ ដែលរាជរដ្ឋាភិបាលបានរៀបចំឡើង នូវ “កម្មវិធីនយោបាយ» របស់ខ្លួន ដោយផ្អែកលើកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆាំ្ន ២០២៣-២០២៨» ដែលគណបក្សប្រជាជនកម្ពុជា បានប្រកាសដាក់សុំការគាំទ្រពីជនរួមជាតិ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នាខែកក្កដា កន្លងទៅ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមដាក់ជូនអង្គរដ្ឋសភាជាទីគោរព នូវ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា” ជាលាយលក្ខណ៍អក្សរ និងសូមការអនុញ្ញាត កត់ត្រាឯកសារដ៏មានសារៈសំខាន់នេះ ក្នុងកំណត់ហេតុផ្លូវការនៃសម័យប្រជុំពេញអង្គរបស់រដ្ឋសភា ដោយអនុគ្រោះ។

ខ្លឹមសារនៃ “កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្ហាញជូនរដ្ឋសភា, និងតាមរយៈរដ្ឋសភា, ជូនដល់ជនរួមជាតិ និងសាធារណៈមតិទូទៅ នាពេលនេះ, ឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និងប្រជាជន ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញច្បាស់អំពីចក្ខុវិស័យ និងគោលនយោបាយលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដើម្បីបន្តការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាជន។

ជារួម, ខ្ញុំសូមអនុញ្ញាតយកឱកាសនេះ គូសបញ្ជាក់អំពីការធានា ៥ យ៉ាង របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនជនរួមជាតិយើងទាំងអស់ តាមរយៈការដឹកនាំអនុវត្ត “កម្មវិធីនយោបាយ» នេះ សម្រាប់ដំណើរទៅមុខរបស់កម្ពុជា នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នោះគឺ៖

ទី១-ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសុវត្ថិភាព សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស; ព្រមទាំងការការពារឯករាជ្យ, អធិបតេយ្យ, និងបូរណភាពទឹកដី ឱ្យបានគង់វង្សចីរកាល មិនឱ្យកម្លាំងណាមកបំពាន ឬបំផ្លាញបានឡើយ។

ទី២-ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាពលើ៖ ការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ រួមបញ្ចូលផងដែរ នូវការពង្រឹងគោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុងសង្គម ព្រមទាំងការបង្កើនប្រសិទ្ធភាព និងការលើកកម្ពស់គុណភាពសេវាសាធារណៈ; ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់ដល់កំណើនខ្ពស់ ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌; ការបន្តផ្តល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស ដោយផ្តោតលើការកែទម្រង់វិស័យអប់រំ និងវិស័យសុខាភិបាល; ការលើកកម្ពស់ និងការបង្កើនការវិនិយោគ, ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន, លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា, ទាំងផ្នែករឹង ទាំងផ្នែកទន់, ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្តីត្រូវការគ្រប់ផ្នែករបស់ប្រជាជន; ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើតបរិយាកាសអំណោយផលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចថ្មី ឱ្យរីកលូតលាស់; ការលើកកម្ពស់ភាពជាដៃគូ រវាងរដ្ឋ និងវិស័យឯកជន; ការបង្កើនភាពស៊ីជម្រៅ និងការពង្រឹងភាពធន់ហិរញ្ញវត្ថុ ព្រមទាំងការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ រួមបញ្ចូលនូវការរៀបចំ និងការកែលម្អក្របខ័ណ្ឌ និងយន្តការហិរញ្ញប្បទាន ព្រមទាំងការធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុ សំដៅរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ; និងការជំរុញធ្វើបរិវត្តកម្មឌីជីថល, ទាំងក្នុងសង្គម និងសេដ្ឋកិច្ច ។ល។

ទី៣-ការធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជន នូវការអប់រំ និងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ; ការជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីពជូនកម្មករ-និយោជិត; ការបន្តដំឡើងបៀវត្សអប្បបរមា និងប្រាក់សោធននិវត្តន៍ ជូនមន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន គួបផ្សំជាមួយនឹងការរៀបចំប្រព័ន្ធបៀវត្ស និងប្រព័ន្ធលើកទឹកចិត្តក្នុងវិស័យសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណាធិបតេយ្យ សំដៅលើកកម្ពស់ផលិតភាពការងារ, សមិទ្ធកម្ម និងជីវភាពមន្ត្រីសាធារណៈ ឱ្យមានសង្គតិភាព ជាមួយកំណើនសេដ្ឋកិច្ច និងលទ្ធភាពនៃថវិកាជាតិ។ល។

ទី៤-ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងនាបច្ចុប្បន្ន ក៏ដូចជាទៅអនាគត, តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម, ដែលរួមបញ្ចូលនូវរបបជំនួយសង្គម និងរបបសន្តិសុខសង្គម, ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។

ទី៥-ការធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការប្រើប្រាស់ឱ្យបានប្រសើរបំផុត នូវផលលាភប្រជាសាស្ត្រ និងការពង្រឹងភាពធន់នៃប្រជាសាស្ត្ររបស់កម្ពុជា; ការលើកកម្ពស់សមភាពយេនឌ័រ; ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព; ការខិតខំបង្កើនហិរញ្ញប្បទានចីរភាព សំដៅជំរុញការវិនិយោគបៃតង និងសេដ្ឋកិច្ចបៃតង; ការជំរុញការវិនិយោគសាធារណៈ ដែលមានភាពធន់នឹងអាកាសធាតុ និងមានការបញ្ចេញកាបូនទាប; និងការធានាចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ, ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា, ខ្ញុំក៏សូមសន្យា និងធ្វើការប្ដេជ្ញាជាឱឡារិក ជូនបងប្អូនជនរួមជាតិទូទាំងប្រទេសថា ខ្ញុំនឹងប្ដូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ, ធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល” ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជាជូនដល់ប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត, ហើយដែលខ្ញុំបានដាក់ជូនអង្គរដ្ឋសភាដ៏ឧត្តុង្គឧត្តមនាពេលនេះ, ពិសេស ដោយផ្តោតការយកចិត្តទុកដាក់លើ កម្មវិធីគោលនយោបាយ ជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្ដើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣ នេះ រួមមាន៖

(១). ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល;

(២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស;

(៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន;

(៤). ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ;

(៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និង

(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

  • សម្ដេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, លោក, លោកសី្រ !

ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមអំពាវនាវដល់អង្គរដ្ឋសភាទាំងមូល, និងតាមរយៈរដ្ឋសភា, សូមអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់ស្រទាប់, ទាំងនៅក្នុង និងក្រៅប្រទេស; ហើយក៏ឆ្លៀតក្នុងឱកាសនេះដែរ សូមអំពាវនាវដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៅតាមបណ្តាក្រសួង និងស្ថាប័ននានា នៃអង្គនីតិប្បញ្ញត្តិ, អង្គនីតិប្រតិបត្តិ, អង្គតុលាការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, និងស្ថាប័នថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់, ព្រមទាំងដៃគូ និង តួអង្គអភិវឌ្ឍន៍ទាំងអស់ ដែលក្នុងនោះរួមមាន ដៃគូទ្វេភាគី និងពហុភាគី, វិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល, មេត្តាផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្ម នូវ «កម្មវិធីនយោបាយ» នេះ ឱ្យទៅជាចលនារួមដ៏ខ្លាំងក្លា, ប្រកបដោយជវភាព, សំដៅសម្រេចឱ្យបាននូវជោគជ័យជាផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជា។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលនឹងដាក់ចេញ ព្រមទាំងនឹងជំរុញអនុវត្តឱ្យបានជោគជ័យនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១” ដែលជា របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃ «កម្មវិធីនយោបាយ» នេះ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។

ជាថ្មីម្តងទៀត, រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងនូវសេចក្តីគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានឃើញយ៉ាងច្បាស់នូវសច្ចភាពនៃការរស់ឡើងវិញ និងការរីកចម្រើនរបស់ប្រទេសជាតិ ហើយបានផ្ដល់ជំនឿ និងការគាំទ្រដ៏ធំធេង ចំពោះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល។ ដោយផ្អែកលើមូលដ្ឋាននៃការគាំទ្ររបស់ប្រជាជន, រាជរដ្ឋាភិបាលប្ដេជ្ញាប្រមូលផ្តុំកម្លាំង ប្រឹងប្រែង ជំរុញអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រ នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ឱ្យបានសម្រេចជោគជ័យដ៏ត្រចះត្រចង់។

ជាទីបញ្ចប់, ខ្ញុំសូមគោពជូនពរ សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, ប្រធាន, អនុប្រធានរដ្ឋសភា ព្រមទាំងសមាជិក-សមាជិកានៃរដ្ឋសភាទាំងមូល, បានសមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ, វណ្ណៈ, សុខៈ, ពលៈ និងសូមសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ។ សូមអរគុណ។

https://grandnewsasia.com/wp-content/uploads/2023/08/230823-KH-HE_Hun_Manet_Introducing_RGC_P_Platform_to_the_First_NA_Meeting.pdf


 

 

អត្ថបទទាក់ទង