Grand News Asia Close

(វីដេអូ) សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី “អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម”

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 979

CNV:

ឯកឧត្ដម លី ប៉ាវតុង (Li Baodong) អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី
ឯកឧត្តម ប្រមុខរដ្ឋ និងរដ្ឋាភិបាល
ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន
ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី!
ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ​ដែលបាន​ថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាបូអាវ​សម្រាប់អាស៊ី ក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ ជាមួយនឹងវត្តមានជាង ២០ ឆ្នាំកន្លងមកនេះ វេទិកាបូអាវ​សម្រាប់អាស៊ី ត្រូវបាន​ទទួលស្គាល់ថាជា​វេទិកាប្រកបដោយ​ឥទ្ធិពលមួយ​ សម្រាប់ការរៀបចំរបៀបវារៈថ្នាក់តំបន់ និងសកលលោក ដោយ​បានពាំនាំ​​​នូវសំឡេង និងបញ្ញាញាណ​របស់អាស៊ី នៅ​ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏លំបាក​នានា នៅក្នុងកិច្ចខិតខំប្រឹងប្រែង​កសាង​ពិភពលោកមួយដែល​មាន​​សន្តិភាព និងឈានទៅរក​​ភាពកាន់តែ​​ប្រសើរ ​សម្រាប់ទាំងអស់​គ្នា។

ជាបឋម ខ្ញុំសូម​អបអរសាទរខួបលើកទី ៧៥ នៃការបង្កើត​សាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាការបញ្ចប់ប្រកបដោយជោគជ័យនៃ «មហាសន្និបាតទាំងពីរ» ពោល​គឺ សម័យប្រជុំពេញអង្គប្រចាំ​ឆ្នាំនៃសភាជាតិ​ប្រជាជន និងសន្និសីទប្រឹក្សាយោបល់​នយោបាយប្រជាជនចិន ដែលបានកំណត់វិធានការសំខាន់ៗ ដើម្បីជំរុញទំនើបកម្មរបស់ចិន ផ្អែកលើ​បរិបទ និង​ចរិតលក្ខណៈរបស់ចិន​។ ការសង្កត់ធ្ងន់លើនវានុវត្តន៍​បច្ចេកវិទ្យា និងឧស្សាហកម្ម ជាពិសេស តាមរយៈការអភិវឌ្ឍនៃ «កម្លាំងផលិតភាពថ្មី» ក៏ដូចជាការផ្តល់សារសំខាន់ទៅលើ​បរិស្ថាន និងនិរន្តរភាព គឺសុទ្ធតែបាន​បង្ហាញថា ចិនព្យាយាម​ផ្ដោត​លើ​កត្តា​គុណភាពជាជាងការសម្រេច​​កំណើនដាច់ខាត។ សម្រាប់តំបន់ និងពិភពលោក យើងមានសេចក្តីរីករាយ នៅពេលដែលចិនបន្តអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបើកចំហ និង​បង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន នៅ​ក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ តាមរយៈការលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!
បច្ចុប្បន្ននេះ​ តំបន់ជាច្រើននៃពិភពលោកមិនទាន់មានភាពធូរស្បើយពីសង្គ្រាម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ​ ដែលបាន​កើតមាន​ទៅលើជនស៊ីវិលស្លូតត្រង់ ក៏ដូចជាលើសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ​នោះទេ។ សង្គ្រាមនៅអ៊ុយក្រែនបាន​ឈានចូលដល់ឆ្នាំទីបី ហើយជាអកុ​សល យើងមិនទាន់បាន​ឃើញពន្លឺនៃសន្តិភាពនោះឡើយ។ រីឯសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏នៅតែបន្តបង្កឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។

ខ្ញុំ​ពិត​ជាមាន​ក្តីរីករាយ ​ចំពោះសកម្មភាពសម្រុះសម្រួល​ឆ្លងប្រទេស​​យ៉ាង​សកម្ម​របស់​ចិន ​ដើម្បី​​ស្វែងរក​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន។ យើងជឿជាក់ថា សកម្មភាពបែបនេះ នឹងក្លាយ​ជា​គំរូដ៏ល្អសម្រាប់តួអង្គដែលមានការទទួល​ខុ​សត្រូវផ្សេងទៀតនៃ​សហគមន៍អន្តរជាតិ នៅ​ក្នុងការជួយ​ពន្លឿនការចរចា និង​ឈានទៅ​សម្រេចបានបទឈប់បាញ់នៅក្នុងអ៊ុយក្រែន ក៏ដូចជានៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម និងជម្លោះ ​។ តំបន់របស់យើង​ក៏មាន​ចំណុច​រំញោច​ជាច្រើនដែលអាច​ធ្វើ​ឱ្យ​ជម្លោះផ្ទុះឡើង ប្រសិនបើមេដឹកនាំនៅ​អាស៊ីមិនពិគ្រោះយោបល់​ និងប្រាស្រ័យទាក់ទងគ្នា ដើម្បី​ដោះស្រាយ​ភាពខ្វែងគំនិត​គ្នា​ ប្រកបដោយ​ខ្លឹមសារ និង​ការទទួលខុសត្រូវ។

ក្តីបារម្ភរបស់ខ្ញុំ​នាបច្ចុប្បន្ន គឺទៅលើទិដ្ឋភាព​ដែល​ភូមិសាស្ត្រនយោបាយ នៅតែ​បន្ត​គ្របដណ្តប់​ទៅលើ​របៀបវារៈសេដ្ឋកិច្ចសកល។​ ព័ត៌មាននៃការធ្លាក់ចុះសេដ្ឋកិច្ច ឬវិបត្តិតាមវិស័យ​នៅ​ក្នុងប្រទេសមួយ បាន​ក្លាយជាហេតុផលប្រកាសជ័យជម្នះ សម្រាប់​តំបន់ផ្សេងទៀតក្នុងពិភពលោក។ ការបោះឆ្នោតប្រជាធិបតេយ្យ បានក្លាយជាឱកាស ដើម្បីធ្វើការសន្យាជ្រុលនិយម ធ្វើ​​សកម្មភាពប្រទូស្តប្រឆាំង​ និងជំរុញ​​ផលប្រយោជន៍អាត្មានិយម ដោយ​មិនបាន​គិតគូរដល់​ផលប្រយោជន៍សកល និងសណ្តាប់ធ្នាប់អន្តរជាតិដែល​ផ្អែកលើ​វិធាន​ច្បាប់។ លើសពីនេះ ការសើរើរចនាសម្ព័ន្ធនៃខ្សែច្រវាក់​ផ្គត់ផ្គង់នាពេលបច្ចុប្បន្ន មិនបានលើកទឹកចិត្តឱ្យ​មាន​ការទទួលបាន​នូវវិបុលភាព​ និង​ការ​ផ្ទេរបច្ចេកវិទ្យាដោយបើកចំហ មិនរើសអើង និងមាន​សមធម៌នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ បានជំរុញ​ឱ្យ​មាន​ការបង្រួមកាន់តែតូចទៅនៃ​រង្វង់ប្រទេសមួយ​ក្រុម​ ដែលចង់ធ្វើ​​ឱ្យ​ប្រទេសផ្សេងទៀត​ធ្លាក់ចុះខ្សោយ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ការទទួលខុសត្រូវរួមរបស់យើង​ទាំងអស់គ្នា នៅក្នុងតំបន់អាស៊ី គឺ​ការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃ​ការកាត់បន្ថយភាពក្រីក្រមិនវិលត្រឡប់ថយ​ក្រោយ និងការធានា​ជំរុញ​ឱ្យ​កាន់តែប្រសើរឡើងនូវ​ការអភិវឌ្ឍអនាគតដើម្បីវិបុលភាពរួមគ្នា។ អាស៊ីបានសម្រេចនូវការអភិវឌ្ឍយ៉ាងខ្លាំងក្លា​ ហើយបានដើរតួ​ជាក្បាលម៉ាស៊ីនដឹកនាំ​កំណើន ជាពិសេស ក្នុងអំឡុងពេលដ៏លំបាកមួយ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កំរិតខ្សោយបំផុត បើប្រៀបធៀប​​ជារួម នៅក្នុង​​រយៈកាល​ ៣ ទសវត្សរ៍ចុងក្រោយ​។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់អាស៊ី និងឋានៈ​ជាមជ្ឈមណ្ឌលផលិត​កម្ម និងពាណិជ្ជកម្មរបស់ពិភពលោក បានផ្តល់ឱ្យអាស៊ីនូវតួនាទីសកលដ៏សំខាន់មួយ។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានកំណើនទាប​ និងត្រូវប្រឈម​នឹង​ការសើរើ​រចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់​នាពេលថ្មីៗនេះក៏ដោយ​ ក៏សេដ្ឋកិច្ច​អាស៊ីទាំងមូលត្រូវបានគេរំពឹងថា នឹងអាច​រួមចំណែក ៦០% ដល់​កំណើន ផ.ស.ស.​ ជាក់ស្តែង​របស់ពិភពលោកក្នុងឆ្នាំខាងមុខនេះ។

ក្នុងន័យនេះ តំបន់​របស់​យើង​មាន​ភាពចាំបាច់ត្រូវ​ធ្វើការរួមគ្នា ដើម្បីរក្សាបាននូវសម្ទុះ​វិជ្ជមាន។ សកម្ម​ភាពរបស់យើងត្រូវតែដឹកនាំ​ដោយ​​គោលការណ៍​ពហុភាគីនិយម ដែល​ផ្អែកលើ​វិធានច្បាប់​ ដែលបម្រើ​ឱ្យ​យើងទាំងអស់គ្នា មិនមែនសម្រាប់តែក្រុមប្រទេសណាមួយនោះទេ។ យើងត្រូវ​តែបន្តខិតខំធ្វើសមាហរណកម្មឱ្យ​កាន់តែស៊ីជម្រៅ និងជំរុញ​ការតភ្ជាប់ឱ្យ​​កាន់តែប្រសើរ ជាជាងជំរុញ​ការកាត់ផ្តាច់ និងការរាំងស្ទះ។ យើងត្រូវតែទទួលស្គាល់ថា គោលការណ៍ពហុភាគីនិយម គឺជាគោលការណ៍ដែល​បានគាំទ្រដល់​សកលភាវូបនីយកម្ម ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព និងការកាត់បន្ថយភាពក្រីក្រ ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ពិភពលោកយើង​មកដល់ពេលនេះ។

ខ្ញុំសូមឆ្លៀតឱកាសនេះ កោតសរសើរប្រទេសចិន ចំពោះការទទួលបន្ទុក ក៏ដូចជាការទទួល​ខុសត្រូវដ៏ធ្ងន់ នៅ​ក្នុងតួនាទីជាអ្នកដឹកនាំសកល ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់បណ្តាប្រទេស ចាប់ពីទ្វីបអាស៊ី អាហ្វ្រិក រហូតដល់អាមេរិកឡាទីន។ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ​​សាធារណៈនៅក្នុងបណ្តា​ទ្វីបនានា។ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទាំង​នេះ គឺជាផ្នែកមួយមិនអាចខ្វះបាន សម្រាប់​កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃបណ្តាប្រទេសដែលជាភាគីទទួលផល​ រាប់ទាំង​ប្រទេសកម្ពុជាផង។ យើងត្រូវតែទទួលស្គាល់ថា ម៉ូឌែលនៃការរីកចម្រើន និងការអភិវឌ្ឍរបស់ចិន បានអនុញ្ញាត​ឱ្យប្រទេសផ្សេងទៀត ទទួល​បាន​វិបុល​ភាព​ជាមួយ​គ្នា ពោលគឺមិនមែន​បោះបង់​ប្រទេសដទៃ ដើម្បីកំណើនរបស់ខ្លួននោះឡើយ។

នេះ​គឺ​ជាការទទួល​ខុសត្រូវរួមរបស់យើងទាំងអស់​គ្នា ក្នុងការលើកកម្ពស់កំណើនរួម ដោយមាន​សណ្ដាប់ធ្នាប់អន្តរជាតិពហុភាគី ​ផ្អែកលើវិធានច្បាប់​ ដែលផ្តល់ឱ្យគ្រប់ប្រទេសទាំងអស់ មិនថាតូច ឬធំ អាច​មានឱកាសលេចធ្លោ​ មាន​ការរីកចម្រើន និងមាន​សំឡេងទទួលស្គាល់​នៅលើឆាកអន្តរជាតិ​។ យើងត្រូវខិតខំការពារពហុភាគីនិយម ដែលគាំទ្រដល់ផលប្រយោជន៍សហគមន៍ នៃប្រជាជាតិទាំង​មូល ដើម្បីឱ្យប្រជាជនទូទាំងពិភពលោក ទទួលបានសន្តិភាព និងគុណភាពជីវិតកាន់តែល្អ​ប្រសើរ។

ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំ ដោយសូមជូនពរឱ្យវេទិកាបូអាវសម្រាប់អាស៊ី បន្តទទួលបានជោគ​ជ័យ ហើយ​ការពិភាក្សាក៏​ទទួលបាន​ផ្លែផ្កា ដើម្បីជាប្រយោជន៍សម្រាប់​ពិភពលោក។

សូមអរគុណ!


 

អត្ថបទទាក់ទង