(វីដេអូ) សម្តេចអធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជាភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៤ថ្ងៃទៅកាន់រដ្ឋធានីប៉េកាំង និងអញ្ជើញចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាន់នីង តំបន់ស្វយ័តក្វាងស៊ី ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧កញ្ញា។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ-០០០១ បានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង កាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១៤កញ្ញា ម៉ោងនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម ណុង រ៉ុង អនុរដ្ឋមន្រ្តីការបរទេសចិន លោកជំទាវ ខែកកែវម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពិសេសការទទួលបាច់ផ្កាដ៏ស្រស់ស្អាតពីកុមារា កុមារីចិន-កម្ពុជា ចំនួន៤រូប រួមទាំងការស្វាគមន៍ពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។