Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន បន្តចុះ​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ទៀត នៅស្រុកគងពិសី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 304

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត នៅតំបន់រោងចក្រវីនស្តាស៊ូ ផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៩,៥០ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ និយោជិត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះ ១ដងរួចមកហើយកាលពីថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាស ចំនួន២៤។
សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅថ្ងៃនេះមានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។
បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ បានឱ្យដឹងថា រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិតស្បែកជើងចំនួន១០ និងផលិតកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។
ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្តរក្សាបានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍលើគ្រប់វិស័យ សង្គម និងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនគួរជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧ភាគរយ ជាង ២ទស្សវត្សរ៍ លើកលែងតែក្នុងអំឡុងដំណាក់កាលនៃ ការរីករាលដាលជំងឺកូវីដ-១៩។
ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០.៨លាននាក់។ បច្ចុប្បន្នសហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧,២៥៦សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១.៥លាននាក់។
សូមបញ្ជាក់ថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែលមានកម្មករនិយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។
មកដល់ត្រឹមឆ្នាំ២០២៣ នេះ រោងចក្រ សហគ្រាស មានចំនួនសរុបជាង ១៧,០០០ ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួនប្រមាណ ១.៥លាននាក់។ ដោយឡែកនៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរ បានកើនចំនួន ១,៣២៦ មានកម្មករនិយោជិតចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់) ការនាំចេញមានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក ទិន្នន័យឆ្នាំ២០២២។ ក្នុងនោះ រាជធានីភ្នំពេញមានចំនួន ៧២៧រោងចក្រ មានកម្មករ និយោជិតប្រមាណ ៣៤ម៉ឺននាក់ (ស្រី ២៦ម៉ឺននាក់)។
ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ច វិនិយោគ និងឱកាសការងារនិងមុខរបរ ឱ្យកាន់តែប្រសើរឡើង ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចគេជោ បានជួបសំណេះសំណាលជុំទី១ ជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណ ១លាននាក់ និងបានផ្តល់អនុសាសន៍ចំនួន ១០ចំណុច។
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ បានចុះសំណេះសំណាលជុំទី២ ហើយមកដល់ថ្ងៃនេះបានចំនួន ៥លើក ដែលមានកម្មករ និយោជិតសរុបប្រមាណ ៩ម៉ឺន ៥ពាន់នាក់ និងនៅសល់កម្មវិធីបន្តចំនួន ១៤លើកទៀត ដែលនឹងជួបកម្មករនិយោជិតសរុបប្រមាណ ២៤ម៉ឺននាក់ទៀត៕

 

អត្ថបទទាក់ទង