Grand News Asia Close

សង្ក្រាន្តមានន័យម្តេច

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 683
សង្ក្រាន្តមានន័យម្តេច សង្ក្រាន្តមានន័យម្តេច

តើ​ពាក្យ​ថា សង្ក្រាន្ត មាន​ប្រភព​មក​ពីណា​? មាន​ប្រវត្តិ​ដូចម្ដេច​នៅ​កម្ពុជា​? ហើយ​សង្ក្រាន្ត​មាន​ន័យ​ថា ចូល​ឆ្នាំ​ថ្មី មែន​ឬ​ទេ​? លោក​សាស្ត្រាចារ្យ ហ៊ុន ឈុនតេង អ្នក​ស្រាវជ្រាវ និង​ជា​អ្នក​ជំនាញ​សិលាចារឹក​ខ្មែរ​បាន​ពន្យល់​តាមរយៈ​អត្ថបទ​របស់​លោក​ដូច្នេះ​ថា​៖

មុន​ដែល​ប្រជាជន​ខ្មែរ​បាន​ឮ បាន​ស្គាល់​អំពី​អង្គរ​សង្ក្រាន្ត ឬ​សង្ក្រាន្ត​ផ្សេងៗ យើង​ធ្លាប់​ឮ​តែ​ពាក្យ «​មហាសង្ក្រាន្ត​» បើ​ទោះ​បី​ជា​តាម​រយៈ​បទ​ចម្រៀង​ក្តី ឬ​តាម​ឯកសារ​ផ្សេងៗ ក្ដី​។ តើ «​សង្ក្រាន្ត​» និង «​មហាសង្ក្រាន្ត​» ខុស​គ្នា​ឬ​ទេ​?

ជា​ដំបូង យើង​នាំ​គ្នា​ពិនិត្យ​មើល​ប្រភព​ឯកសារ​ដែល​យើង​និយម​ប្រើប្រាស់​ទាំងអស់​គ្នា​ជា​មុន​សិន​។ វចនានុក្រម​ខ្មែរ បោះពុម្ព​ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​លើក​ទី​៥ បាន​បង្ហាញ​ថា «​សង្ក្រាន្ត​» ជា​ពាក្យ​មក​ពី​ភាសា​សំស្ក្រឹត​ថា «​សង្ក្រាន្ត​» មាន​ន័យ​ថា ដំណើរ​ឃ្លាត​ចាកទី ការ​ឈាន​ចូល​ដល់ ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់​ទី​ជួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម និង​ចុង​នៃ​រាសិចក្រ​ជួប​គ្នា ពេញ​គ្រប់​ជា​មួយ​ឆ្នាំ (​ដំណើរ​ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី​) ពិធី​ចូល​ឆ្នាំ​ថ្មី (សង្ក្រាន្ត​មាន​បី​ថ្ងៃ​គឺ ថ្ងៃ​ទី​១ ជា​ថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី​២ ជា​ពារ​កណ្ដាល ឬ​ហៅថា វ័នបត(ថ្ងៃខ្វាក់) ថ្ងៃទី៣ ជា​ពារ​ឡើង​ស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅ​ថ្ងៃ​នេះ​ឯង​។

គួរ​កត់​សម្គាល់​ថា ពាក្យ «​សង្ក្រាន្ត​» ក្ដី ក៏​ដូច​ជា​ពិធី​ទាក់​ទង​នឹង «​សង្ក្រាន្ត​» ក្តី គឺ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​។ ដូច្នេះ​ជា​បន្ទាប់ យើង​ត្រូវ​ទៅ​មើល​ឥណ្ឌា​ម្ដង​។ ក្នុង​ភាសា​សំស្ក្រឹត ពាក្យ «​សង្ក្រាន្ត​» មក​ពី​បុព្វបទ «​សំ​» (​ជាមួយ​) + «​ក្រាន្ត​» (​ឈាន​ហើយ​) មាន​ន័យ​ថា​ឆ្លង​ពី មួយ​ទៅ​មួយ ឈាន​ពី​កន្លង​មួយ​ទៅ​កន្លែង​មួយ​។ ចំណែក​នៅ​ក្នុង​តារាសាស្ត្រ «​សង្ក្រាន្ត​» ឬ «​សង្ក្រាន្តិ​» សំដៅ​ដល់​ដំណើរ​ផ្លាស់​ទី​របស់​ព្រះអាទិត្យ ពី​រាសី​មួយ​ទៅ​កាន់​រាសី​មួយ​ទៀត​។ ល្វែង​របស់​រាសី​មួយ​មាន​គម្លាត​៣០​អង្សា នាំ​ឱ្យ​គេ​ចែក «​សង្ក្រាន្ត​» នេះ​ចែក​ជា១២ តាម​រាសី​ទាំង​១២​នោះ​ដែរ​។ ដូច្នេះ មួយ​ជុំ​ល្វែង​រាសី​មាន​៣៦០​អង្សា​។ តាម​ជំនឿ និង​ហេតុផល​ដោយ​ឡែក​ពី​គ្នា ប្រជាជន​នៅ​តំបន់​ផ្សេងៗ បាន​ជ្រើសរើស​យក «សង្ក្រាន្តិ» ណា​មួយ​ក្នុង​ចំណោម​១២ ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​។ នៅ​ប៉ែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា គេ​ជ្រើសរើស​យក «មករា​សង្ក្រាន្ត» ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ និង​មាន​ពិធី​បង្ហោះ​ខ្លែង​ផង​ដែរ​។ កន្លែង​ខ្លះ​ជ្រើសរើស កក្កដា​សង្ក្រាន្ត ឬ​ធ្នូ​សង្ក្រាន្ត ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​។ នៅ​ភាគ​ខ្លះ នៅ​ឥណ្ឌា និង​ដែន​អាស៊ី​អាគ្នេយ៍ គេ​ជ្រើសរើស «មេសរាសី» ឬ «មេសសង្ក្រាន្ត» ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ ដោយ​យល់​ថា​ពេល​នោះ​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើ​គ្នា​។ ដូច្នេះ​យើង​ឃើញ​ថា ពាក្យ «សង្ក្រាន្ត» ឬ​ពាក្យ «សង្ក្រាន្តិ» មិន​មែន​ជា​ពាក្យ​កំណត់​ថា​ជា​ពេល​ចូល​ឆ្នាំ​នោះ​ឡើយ ដ្បិត​ក្នុង​មួយ​ឆ្នាំ​មាន​១២សង្គ្រាន្ត​ឯណោះ​។

បើ​មើល​តាម​រយៈ​ឯកសារ​សិលា​ចារឹក​វិញ កាល​ពី​បុរាណ​ពាក្យ​នេះ​មាន​សំណេរ​បី បែប​គឺ «សំក្រាន្ត, សង់ក្រាន្ដ និង​សង្ក្រាន្ត»។ ពាក្យ “សង្ក្រាន្ត” ដែល​ចាស់​ជាង​គេ​ទំនង​មាន​ក្នុង​សិលា​ចារឹក​ប្រាសាទ​ភិមានអាកាស (K.291) ផ្ទាំង​ខាង​ជើង បន្ទាត់​ទី​៣១-៣២ ចារ​នៅ មហាសករាជ ៨៣២ ត្រូវ​នឹង​គ្រិស្តសករាជ ៩១០ ក្នុង​រាជ្យ​ព្រះបាទ​ហស៌វរ្ម​ទី​១ នៅ​ត្រង់​ចំណុច​រៀបរាប់​ពី​ដង្វាយ​ប្រចាំ​ថ្ងៃ​សង្ក្រាន្ត​។ ទោះ​បី​ជា​សំណេរ​បែប​ណា​មួយ​ក៏​ដោយ ក៏​ពាក្យ​នេះ​ពុំ​បាន​បង្ហាញ​ពី​ការ​ចូល​ឆ្នាំ​នោះ​ឡើយ ប៉ុន្តែ​សំដៅ​ដល់​ការ​ផ្លាស់​រាសី​មួយ​ចូល​រាសី​មួយ​ទៀត​ប៉ុណ្ណោះ​។

សិលា​ចារឹក​ប្រាសាទ​បេង (K.989) បាន​រៀបរាប់​ពី​ដង្វាយ​សម្រាប់​ថ្ងៃ​ពិសេសៗ ដូច​មាន​ឃ្លា​ថា […] (រៀងរាល់​) ថ្ងៃ​សូរ្យគ្រាស ចន្ទ្រគ្រាស សង្ក្រាន្ត បញ្ចោត្សវ(បុណ្យ​ទាំង​៥ប្រចាំ​ឆ្នាំ​) មហោត្សវ(បុណ្យ​ធំ) ថ្ងៃ​ពិសេស ត្រូវ​រៀប​ដង្វាយ​គ្រូ​ដល់​បុរោហិត​វៃស្ណវៈ មាន​សំលៀក​ផ្លាស់​១បន្លាស់ ដង្វាយ​បូជា​ជា​ស្រូវ​១កញ្ជើ […]។

ចំណែក​ឯ​សិលា​ចារឹក​ភ្នំ​សណ្ដក (K.195) សរសេរ​ថា […] (កាល)ធ្វើ​អាស្រម គប្បី​ថ្វាយ​គ្រឿង​ដង្វាយ ដល់​ព្រះ​មាន​ព្រះ​ចរុ១ ប្រចាំ​ថ្ងៃ​សង្ក្រាន្ត​១ដើ […]។

ឥឡូវ​យើង​មក​មើល​សិលា​ចារឹក​ដែល​មាន​ប្រើ​ពាក្យ «សង្ក្រាន្ត» ដែល​ភ្ជាប់​ជាមួយ​កាល​បរិច្ឆេទ​ម្តង​។ សិលា​ចារឹក​ទេព​ប្រណម្យ (K.290) សរសេរ​ថា […] ឆ្នាំ ៩២៧ នៃ​មហាសករាជ ២កើត ខែ​ពិសាខ ថ្ងៃ​សៅរ៍ ថ្ងៃ​សង្ក្រាន្ត […] ។

សិលាចារឹកទេពប្រណម្យ K.290
សិលាចារឹកទេពប្រណម្យ K.290

សិលា​ចារឹក (K.391) សរសេរ​ថា […] ឆ្នាំ ១០០៤ មហាសករាជ ថ្ងៃ​ពេញ បូណ៌មី ខែ​កត្តិក ឫក្សកតិកា ថ្ងៃ​សង្ក្រាន្ត ថ្ងៃ​សុក្រ​។

សិលាចារឹកប្រាសាទភ្នំវ៉ាន់ K.391

សិលា​ចារឹក (K.392) ពុំ​មាន​ចុះ​កាល​បរិច្ឆេទ ប៉ុន្តែ​មាន​ខែ​ថ្ងៃ មាន​សេចក្ដី​សម្រួល​ថា […] ថ្ងៃ​ទី​១៣កើត​ ខែ​មិគសិរ ថ្ងៃ​សៅរ៍ ថ្ងៃ​សង្ក្រាន្ត […] ។

សិលាចារឹក

ចំណែក​ឯ សិលា​ចារឹក​កំផែង​ណៃ (K.374) មាន​ប្រើ​ពាក្យ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​គឺ «វិសុវសំក្រាន្ដ» ដែល​សម្គាល់​ដល់​វេលា​ដែល​យប់ និង​ថ្ងៃ​មាន​ពេល​ស្មើ​គ្នា​។ សិលា​ចារឹក​នោះ មាន​សេចក្ដី​សម្រួល​ថា […] ឆ្នាំ ៩៦៤ មហាសករាជ ពីរ​កើត ខែ​ចេត្រ ថ្ងៃ​វិសុវសង្គ្រាន្ត […] ។

សិលាចារឹកកំផែងណៃ K.374

តាម​រយៈ​ការ​បង្ហាញ​ខាង​លើ យើង​ឃើញ​ថា​កាល​ដើម​ឡើយ​ខ្មែរ​យើង​ពុំ​បាន​ប្រើ​ពាក្យ «សង្ក្រាន្ត» ដើម្បី​សម្គាល់​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ឡើយ​។ បើ​យើង​យល់​ថា​ពាក្យ «សង្ក្រាន្ត» ដែល​មាន​ភ្ជាប់​នឹង​កាល​បរិច្ឆេទ​ខាង​លើ​ត្រូវ​គ្នា​នឹង​ចូល​ឆ្នាំ​នោះ ហេតុ​អ្វី​ក៏​ម្ដង​​ចូល​ឆ្នាំ​ខែ​នេះ ម្តង​ចូល​ឆ្នាំ​ខែ​នោះ​ទៅ​វិញ​។ ដូច​បាន​ជម្រាប​មក​ហើយ​ថា ពាក្យ​នេះ​គ្រាន់​តែ​សំដៅ​ដល់​ការ​ដូរ​រាសី​តាម​តារាសាស្ត្រ​ប៉ុណ្ណោះ​។ បន្ថែម​ពី​នេះ ក៏​ដូចជា​គ្មាន​ឯកសារ​សិលា​ចារឹក​ណា មួយ​និយាយ​ពី​រឿង​ចូល​ឆ្នាំ​នេះ​ដែរ។

ឥឡូវ​យើង​មក​មើល​ពាក្យ «មហាសង្ក្រាន្ត» វិញ​ម្ដង​។ ពុំ​មាន​ឯកសារ​តាម​រយៈ​សិលា​ចារឹក​និយាយ​ពី​ពាក្យ​នេះ​ឡើយ ប៉ុន្តែ​យើង​ឃើញ​មាន​ឯកសារ​ចាស់ៗ​មួយ​ចំនួន​បាន បង្ហាញ​ពី​ពាក្យ​នេះ ដូចជា​សៀវភៅ «សូរ្យ​យាត្រ​ឡើង​ស័ក-ប្រក្រតិទិន» ឬ​សៀវភៅ «មហាសង្ក្រាន្ត» តាម​ឆ្នាំ​នីមួយៗ ជាដើម ដែល​មាន​ចេញ​ផ្សាយ​ជា​រៀងរាល់​ឆ្នាំ​។

អត្ថបទក្នុងសៀវភៅ សុរ្យយាត្រឡើងស័ក-ប្រក្រតិទិន របស់លោក ពូវ អ៊ុម

បើ​គិត​តាម​ការ​ពន្យល់​ខាង​លើ យើង​អាច​យល់​បាន​យ៉ាង​ងាយ​អំពី​ពាក្យ​នេះ ហើយ​ហេតុ​អ្វី​ចាស់​បុរាណ ប្រើ​ពាក្យ​នេះ​។ «មហា» មាន​ន័យ​យ៉ាង​សាមញ្ញ​ថា «ធំ​»។ ដូច្នេះ «មហាសង្ក្រាន្ត» មាន​ន័យ​ថា សង្ក្រាន្ត​ធំ​។ ហេតុ​អ្វី​គេ​បាន​ជា​ធំ​? ដ្បិត​គេ​កំណត់​ថា​ថ្ងៃ​សង្ក្រាន្ត​ណា ដែល​រាប់​ថា​ជា​ថ្ងៃ ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី គឺ​រាប់​ថា​ជា «មហាសង្ក្រាន្ត» ហើយ​។ ពាក្យ «មហាសង្ក្រាន្ត» ហាក់​ចាប់​ផ្ដើម​សាប​បន្តិច​ម្ដងៗ​ពី​សង្គម​ខ្មែរ ម្យ៉ាង​ដោយសារ​មាន​ការ​ជំនួស​ដោយ​ព្រឹត្តិការណ៍​ធំ​ៗ​នានា នៅ​ពេល​ចូល​ឆ្នាំ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ប្រភព៖ Troryorng

សម្រួល​ចេញ​ពី​អត្ថបទ​របស់​សាស្ត្រាចារ្យ ហ៊ុន ឈុនតេង

អត្ថបទទាក់ទង