Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីរដ្ឋាភិបាលអារ៉ាប់ភាគច្រើន មិនឈរនៅខាងក្រុមហាម៉ាស?​

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 478
វិភាគអន្តរជាតិ៖ ហេតុអ្វីរដ្ឋាភិបាលអារ៉ាប់ភាគច្រើន មិនឈរនៅខាងក្រុមហាម៉ាស?​ វិភាគអន្តរជាតិ៖ ហេតុអ្វីរដ្ឋាភិបាលអារ៉ាប់ភាគច្រើន មិនឈរនៅខាងក្រុមហាម៉ាស?​

(វ៉ាស៊ីនតោន)៖ នៅក្នុងកិច្ចប្រជុំពិសេសមួយកាលពីខែវិច្ឆិកា ឆ្នាំមុន បណា្តប្រទេសជាសមាជិកទាំង ២២នៃសម្ព័នអារ៉ាប់ និងអង្គការកិច្ចសហប្រតិបត្តិការអ៉ីស្លាម ឬហៅកាត់ OIC ដែលមាន ប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន ៥៧ជាសមាជិក បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យមានបទឈប់បាញ់មួយជាបន្ទាន់ក្នុងតំបន់ហ្កាហ្សា ទាមទារឱ្យ លុបចោលការបិទខ្ទប់លើតំបន់ហ្កាហ្សា និងជំរុញឱ្យមានការហាមឃាត់ការបញ្ជូនអាវុធឱ្យអ៉ីស្រាអែល។ ប៉ុន្តែដូចសព្វដង សេចក្ដីថ្លែងការណ៍របស់ពួកគេមិនបានធ្វើឱ្យអ៉ីស្រាអែលស្ដាប់ចូល ត្រចៀកនោះទេ ហើយក្រុមអ្នករិះគន់វិញចាត់ទុកថាកិច្ចប្រជុំរបស់អារ៉ាប់គ្រាន់តែជាការជួបជុំគ្នាដើម្បីតែជជែកគ្នាលេងប៉ុណ្ណោះ ជាជាងស្វែងរកការចាត់វិធានការសកម្មភាពជាក់ស្ដែង។

មេដឹកនាំអារ៉ាប់ជាច្រើនបានថ្កោលទោសលោកខាងលិចថាមានស្ដង់ដារ២ ចំពោះប៉ាឡេស្ទីន តែព្រមពេលជាមួយគ្នា ពួកគេខ្លួនឯងក៏មិនបានចាត់វិធានការសកម្មភាពអ្វីដើម្បីដាក់សម្ពាធលើ អ៉ីស្រាអែលនោះដែរ ខណៈជនជាតិប៉ាឡេស្ទីនស្លាប់ក្នុងតំបន់ហ្កាហ្សា កើនឡើងលើស ៣០ ០០០នាក់ទៅហើយ។ ម្យ៉ាងទៀត ក្នុងពេលដែលមេដឹកនាំអារ៉ាប់ទាំងនោះអំពាវនាវឱ្យលុបចោល ការបិទខ្ទប់លើតំបន់ហ្កាហ្សា អេហ្ស៉ីបវិញបានជួយអ៉ីស្រាអែលក្នុងការបិទខ្ទប់តំបន់ហ្កាហ្សាអស់រយៈពេលជិត ២ទសវត្សរ៍មកទល់នឹងសព្វថ្ងៃ ហើយកាន់តែអស្ចារ្យទៅទៀត ខណៈគ្មានប្រទេស ជាសមាជិក OIC ណាមួយលក់អាវុធឱ្យអ៉ីស្រាអែល តែរដ្ឋជាសមាជិក OIC ខ្លះបែរជាទិញអាវុធពីអ៉ីស្រាអែល។

ភាពផ្ទុយគ្នារវាងប្រតិកម្ម និងការធ្វើសកម្មភាពជាក់ស្ដែងចំពោះសង្រ្គាមក្នុងតំបន់ហ្កាហ្សា នោះគឺមានមួយផ្នែកធំ ដោយសារតែបណ្ដាប្រទេសអារ៉ាប់ភាគច្រើន ក៏ចង់ឱ្យអ៉ីស្រាអែលកម្ចាត់ ក្រុមហាម៉ាស ព្រោះវាប្រៀបដូចជាការដកបន្លារនៅក្នុងកែវភ្នែករបស់ពួកគេដូច្នោះដែរ។ សម្រាប់ប្រទេសអារ៉ាប់ ដូចជាអារ៉ាប៊ីសាអូឌីត ដែលគាំទ្រអាជ្ញាប៉ាឡេស្ទីនក្នុងតំបន់ West Bank ក្រុមហាម៉ាសដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក គឺជាឧបសគ្គមួយរារាំងដល់ការស្វែងរកសន្តិភាពរបស់អារ៉ាប់ ឬដំណោះស្រាយរដ្ឋ២ រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ហើយក៏មិនចង់ឱ្យចលនាប្រដាប់ អាវុធជាតួអង្គតំណាង ឬ proxy របស់អ៉ីរ៉ង់រីកធំធាត់នោះដែរ។ ពួកគេមិនចង់លូកដៃជ្រៅពេកដែលអាចធ្វើឱ្យខ្លួនឯងត្រូវកៀបចំកណ្ដាលក្នុងជម្លោះណាមួយ ដែលនឹងបំផ្លាញដល់សេដ្ឋកិច្ចរបស់ ពួកគេឡើយ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសអារ៉ាប់ ជាពិសេសអារ៉ាប៊ីសាអូឌីត បានលើកកម្ពស់នូវការបើកទំព័រថ្មីមួយរបស់តំបន់មជ្ឈិមបូព៌ាដែលផ្តោតលើសេដ្ឋកិច្ច ជាជាងមនោគមន៍វិជ្ជា ដូច្នេះ ហើយទើបពួកគេបារម្ភខ្លាចថាសង្រ្គាមយូរអង្វែងក្នុងតំបន់ហ្កាហ្សានឹងបំផ្លាញដល់ផែនការសេដ្ឋកិច្ចរបស់ពួកគេ។ ក្នុងកិច្ចប្រជុំកំពូលអារ៉ាប់កាលពីខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានជំរុញឱ្យបណ្ដាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមបញ្ជូនអាវុធឱ្យប៉ាឡេស្ទីន។ តែការអំពាវនាវនេះមិនត្រូវបានអើពើទេ ហើយការជំរុញរបស់អ្នកចូលរួមផ្សេងទៀត ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតប្រឆាំងអ៉ីស្រាអែលក៏ត្រូវបានទាត់ចោលផងដែរ។

ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន មកទល់នឹងពេលនេះ មានប្រទេសអារ៉ាប់តិចតួចបំផុតបានកោះហៅឯកអគ្គរដ្ឋទូតរបស់ពួកគេត្រឡប់ទៅស្រុកវិញ ហើយប្រទេសអារ៉ាប់ ដែលមានទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ក៏មិនមានបំណងផ្ដាច់ទំនាក់ទំនងការទូតនោះដែរ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានច្រានចោលទៀតផងចំពោះការប្រើប្រាស់ប្រេងជាអាវុធ ដូចដែលពួកគេធ្លាប់បានធ្វើកាលពីឆ្នាំ១៩៧៣ នៅពេលដែលអង្គការ OPEC ដាក់ទណ្ឌកម្មហាមឃាត់ការនាំចេញប្រេងទៅកាន់បណ្ដាប្រទេសដែលគាំទ្រអ៉ីស្រាអែលក្នុងសង្រ្គាម Yom Kippur។ «នេះមិនមែនជាជម្រើសស្ថិតនៅតុក្នុងថ្ងៃនេះទេ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីវិនិយោគអារ៉ាប៊ីសាអូឌីត Khalid al-Falih ក្នុងសន្និសីទសារព័ត៌មានកាលពីខែវិច្ឆិកកន្លងទៅ។

អារ៉ាប៊ីសាអូឌីត ត្រូវការស្ថិរភាពប្រាក់ចំណូលបានមកពីការលក់ប្រេង ក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីផ្ដល់ហិរញ្ញវត្ថុដល់ផែនការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ហើយអ្វីដែលពួកគេចង់បាន នៅពេលនេះ គឺចង់ឱ្យបណ្ដាប្រទេសលោកខាងលិចជួយជំរុញល្បឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ងាកចេញពីការពឹងផ្អែកខ្លាំងពេកលើប្រេង។ និយាយឱ្យងាយស្ដាប់ អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ ផ្សេងទៀត កំពុងប្រឹងប្រែងធ្វើយ៉ាងណាការពារផលប្រយោជន៍ផ្ទាល់ខ្លួនឱ្យបាន។ ជាក់ស្ដែង អារ៉ាប៊ីសាអូឌីតបានរៀបចំព្រឹត្តិការណ៍កម្សាន្តប្រចាំឆ្នាំ Riyadh Season តាមការគ្រោងទុកដែលនាំឱ្យ មានការរិះគន់ថាព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន ចង់ប្រជាជនក្នុងទីក្រុងរីយ៉ាដ សប្បាយរីករាយ ខណៈប្រជាជនប៉ាឡេស្ទីនកំពុងស្លាប់សឹងតែគ្មានដីកប់។ ការរិះគន់របៀបនេះ បានបង្កភាពក្ដៅក្រហាយដល់ប្រជាជនអារ៉ាប៊ីសាអូឌីត ដែលមានអារម្មណ៍ថាត្រូវបានរិះគន់ដោយសារតែពួកគេជប់លៀងសប្បាយតែម្នាក់ឯង ខណៈតំបន់ទាំងមូលកំពុងកាន់ទុក្ខ។

ប៉ុន្តែ តាមពិត មិនមែនមានតែអារ៉ាប៊ីសាអូឌីតម្នាក់ឯងទេ ពោលគឺបណ្ដាប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា ក៏បាន និងកំពុងព្យាយាមធ្វើសកម្មភាពធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង ដោយ ក្នុងនោះសូម្បីតែអ៉ីរ៉ង់ក៏មិនបានធ្វើសកម្មភាពណាមួយ ដែលរឹតត្បិតដល់ការធ្វើសកម្មភាពរបស់ខ្លួនដែរ។ ជាឧទាហរណ៍ ទោះជាចលនាប្រដាប់អាវុធដែលអ៉ីរ៉ង់គាំទ្រ បើកការវាយប្រហារលើ កងទ័ពអាមេរិក និងអ៉ីស្រាអែលក៏ដោយ ក៏ទីក្រុងតេហេរ៉ង់នៅតែដាក់កំហិតមិនឱ្យសម្ព័ន្ធមិត្តដូចជាក្រុម Hezbollah ក្នុងប្រទេសលីបង់ វាយប្រហារទ្រង់ទ្រាយធំ ឬធ្វើសង្រ្គាមជាមួយអ៉ីស្រាអែល ដើម្បីបង្ហាញការគាំទ្រពេញទំហឹងដល់ប៉ាឡេស្ទីនឡើយ។

គួរបញ្ជាក់ថា នៅក្រៅកិច្ចប្រជុំអារ៉ាប់ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីនសាល់ម៉ាន បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Raisi ក្នុងជំនួបទល់មុខជាលើកដំបូងបំផុត នាឱកាសនៃការធ្វើទស្សនកិច្ចដំបូងបំផុតនៅអារ៉ាប៊ីសាអូឌីត ដោយប្រធានាធិបតីអ៉ីរ៉ង់ម្នាក់ចាប់តាំងពីឆ្នាំ២០២២មក។ ជំនួបនេះហាក់ចង់បង្ហាញថាភាពធូរស្រាល ក្រោយការស្ដារទំនាក់ទំនងការទូត ឡើងវិញកាលពីមីនា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលពីចិន នៅតែមាន ហើយគ្មាននរណាម្នាក់ចង់ឱ្យសង្រ្គាមក្នុងតំបន់ទាំងមូលផ្ទុះឡើងនោះទេ។

តែទោះជាយ៉ាងណាក៏ដោយ កិច្ចចរចាសន្តិភាពគឺជាក្ដីសង្ឃឹមមួយរបស់បណ្ដាប្រទេសអារ៉ាប់។ សហរដ្ឋអាមេរិកធ្លាប់បានជំរុញឱ្យអារ៉ាប់ប្ដេជ្ញាចិត្ត ចំពោះការបង្កើតកងកម្លាំងចម្រុះជាតិសាសន៍មួយ ដើម្បីដឹកនាំតំបន់ហ្កាហ្សាក្រោយសង្រ្គាមបញ្ចប់។ តែរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំអារ៉ាប់ថា «ឈប់សួរអារ៉ាប៊ីសាអូឌីតពីផែនការ សម្រាប់តំបន់ហ្កាហ្សាក្រោយសង្រ្គាមបញ្ចប់។ ពីព្រោះជំហររួបរួមគ្នា និងតែមួយគត់នៅពេលអនាគតរបស់អារ៉ាប់ នោះគឺបទឈប់បាញ់មួយជាបន្ទាន់ ហើយដរាបណាសង្រ្គាមកាន់តែអូសបន្លាយ នោះវានឹងពិបាកស្មានបំផុតថានឹងមានអ្វីកើតឡើងបន្ទាប់»៕ ប្រភព៖ Fresh News

រូបភាពពី AFP

អត្ថបទទាក់ទង