Grand News Asia Close

សម្ដេចធិបតី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកភាពពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 234
សម្ដេចធិបតី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកភាពពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន សម្ដេចធិបតី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកភាពពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី បានឯកភាពពង្រឹងទំនាក់ទំនងដ៏យូរលង់ រវាង ប្រទេសទាំងពីរ ឱ្យកាន់ តែស៊ី ជម្រៅថែមទៀតទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និង តំបន់។
ការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញ តាមរយៈ សន្និសីទ រួមគ្នា រវាង សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ដាតុស៊េរី អាន់វ៉ាអ៊ី ប្រាហ៊ឹម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាស ដំណើរ ទស្សនកិច្ច ផ្លូវការ របស់ សម្ដេច ធិបតី ទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

ក្នុងឱកាសសន្និសីទនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែល បាន សម្របសម្រួលជួយមើលថែដល់ពលករកម្ពុជា និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និង សិក្សា នៅ ប្រទេស ម៉ាឡេស៊ី។

សម្ដេចធិបតី បានលើឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដែល កម្ពុជា ម៉ាឡេស៊ី បានចូលរួមក្នុងកិច្ចការរក្សាសន្ដិភាព ជាមួយអង្គការសហប្រជាជាតិ (UN)។ ទន្ទឹម ជាមួយ គ្នា នោះ សម្ដេចធិបតី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនង លើវិស័យ មូស្លីម រវាង ប្រទេស ទាំង ពីរ ផងដែរ។ សម្ដេចធិបតី បានជំរុញលើការពង្រឹងទំនាក់ទំនងលើវិស័យនេះបន្ថែមទៀត។

ចំពោះ កិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្ម នាយករដ្ឋមន្រ្ដី នៃ ប្រទេស ទាំងពីរ បាន ឯកភាព ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែល ផ្តល់ ប្រយោជន៍ ទៅ វិញ ទៅ មក ដល់ ប្រទេស ទាំង ពីរ រួម មាន នយោបាយ-សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារ ហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពលជាដើម។

បន្ទាប់ មក នាយករដ្ឋមន្ត្រីទាំងពីរក៏បានអញ្ជើញជាអធិបតី ក្នុង ពិធី ចុះហត្ថ លេខា លើ អនុស្សរណៈ នៃ ការ យោគយល់ គ្នា រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី ស្ដីពីកិច្ច សហប្រតិបត្តិការ ផ្នែក នវានុវត្តន៍ ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះសម្តេចធិបតី ក៏នឹង អញ្ជើញ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដោយថ្លែងសុន្ទរកថាគន្លឹះ និងធ្វើជាសាក្សី ក្នុង ពិធី ចុះហត្ថ លេខា លើ អនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ពាក់ព័ន្ធនឹងកិ ច្ច សហប្រតិបត្តិការ ពាណិជ្ជកម្ម រវាង សភា ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។

សូមជម្របថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះសម្ដេចធិបតីនឹងចូលក្រាបបង្គំគាល់ព្រះចៅ ស៊ុលតង់ ស៊ីកានដា ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី នៅព្រះបរមរាជវាំង និងមានជំនួប ជាមួយ ប្រធាន ព្រឹទ្ធសភា និងប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានរដ្ឋសភាផងដែរ។ ជារួម តាម រយៈ ដំណើរ ទស្សន កិច្ច ផ្លូវ ការ របស់ សម្ដេចធិបតី ទៅកាន់ប្រទេសម៉ាឡេស៊ីនា ពេលនេះ បាន រួម ចំណែក ក្នុង ការ ធ្វើ ឱ្យទំនាក់ ទំនង ដ៏ យូរ លង់ រវាង កម្ពុជា និងម៉ាឡេស៊ីកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផល ប្រយោជ ន៍ របស់ប្រទេសទាំងពីរ និងតំបន់៕ អត្ថបទ៖ វ៉ន ដារ៉ា

 

អត្ថបទទាក់ទង