សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់មតិណែនាំពាក់ព័ន្ធ នឹងប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧស្សាហកម្មច្នៃប្រឌិត និងឧស្សាហកម្មវប្បធម៌យើង មានលក្ខណៈក្មេងខ្ចី និងមិនទាន់មានបទពិសោធន៍ទូលំទូលាយ និងមិនទាន់បានធ្វើពិពិធកម្មបានសមស្របតាមបរិយាកាសសេដ្ឋកិច្ចសង្គមនៅឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់មតិណែនាំពាក់ព័ន្ធ នឹងប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចតទៅ៖
ទី១- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបង្កើនកិច្ច សហការដោយផ្ទាល់ជាមួយមជ្ឈដ្ឋានជំនាញសិល្បៈលើកទឹកចិត្តឧបត្ថម្ភជាជំនួយសម្ភារៈបច្ចេកទេសដល់ក្រុមយុវជនដែលផ្តោតលើការស្រាវជ្រាវ និងបង្កើតស្នាដៃថ្មីៗ ដោយរក្សាឱ្យបាននូវអត្តសញ្ញាណ ក្រមសីលធម៌វិជ្ជាជីវៈនិងមានលក្ខណៈប្រកួតប្រជែង។
ទី២- ជំរុញយុវជនឱ្យផ្តោតលើការងារពង្រឹងគុណភាព ប្រណិតភាព ម៉ាកយីហោផលិតផលជៀសវាងការលួចចម្លងនូវរាល់ផលិតផលសិល្បៈនានាទាំងបុរាណនិងសម័យ និងផលិតផលច្នៃប្រឌិតថ្មីដើម្បីលើកកម្ពស់ការផលិត និងពង្រឹងការទទួលស្គាល់ទំនុកចិត្តទីផ្សារ។
ទី៣- លើកទឹកចិត្តយុវជនជំនាន់ក្រោយដើម្បីមានឱកាសកាន់តែធំចូលរួមក្នុងការបណ្តុះបណ្តាលស្រាវជ្រាវចង ក្រង និងផ្សព្វផ្សាយវប្បធម៌ជាតិ ជាពិសេសការងារសិល្បៈ និងទម្រង់សិល្បៈសំលៀកបំពាក់ប្រពៃណី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤» នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤៕