Grand News Asia Close

លិខិតមិត្តអ្នកអាន! ខួបអនុស្សាវរីយ៍លើក៤៥ឆ្នាំ ថ្ងៃជ័យជំនះ ៧ មករា៖ យុវជនជាស្ពានភ្ជាប់ចំណងមិត្តភាព

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 361
លិខិតមិត្តអ្នកអាន! ខួបអនុស្សាវរីយ៍លើក៤៥ឆ្នាំ ថ្ងៃជ័យជំនះ ៧ មករា៖ យុវជនជាស្ពានភ្ជាប់ចំណងមិត្តភាព លិខិតមិត្តអ្នកអាន! ខួបអនុស្សាវរីយ៍លើក៤៥ឆ្នាំ ថ្ងៃជ័យជំនះ ៧ មករា៖ យុវជនជាស្ពានភ្ជាប់ចំណងមិត្តភាព

(ភ្នំពេញ)៖ ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយសម្រាប់ឆ្នាំ២០២៤នេះ គឺស្ថិតក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី ៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយកម្ពុជា ក្លាយជាវាលពិឃាតដ៏ខ្មៅងងឹត អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

កម្ពុជា ដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុំមព័ទ្ធ និងដាក់ឱ្យនៅឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ប៉ុន្តែឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។ ទាំងអស់នេះសរបញ្ជាក់ឱ្យឃើញថាក្រោយថ្ងៃរំដោះថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ និងការអនុវត្តនយោបាយ ឈ្នះឈ្នះ បាននាំឱ្យកម្ពុជា សម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ បាននាំមកនូវការរីកចម្រើន និងការអភិវឌ្ឍជាបន្តបន្ទាប់។ រាជរដ្ឋាភិបាល ក៏បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការនៅកម្ពុជាផងដែរ។

ទម្រាំបានដូចសព្វថ្ងៃប្រទេសកម្ពុជា បានដើរលើផ្លូវដ៏សែនលំបាក និងគ្រោះថ្នាក់បំផុត ប៉ុន្តែវាជាផ្លូវដ៏ត្រឹមត្រូវដើម្បីធានាបាននូវភាពរីកចម្រើនយូរអង្វែង និងប្រកបដោយវិបុលភាពសម្រាប់មាតុភូមិកម្ពុជា ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រកម្ពុជា និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំអស់រយៈពេល៣៨ឆ្នាំ ដែលបានដឹកនាំនាវាកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ, បើកដំណើរការប្រទេសឡើងវិញ និងការស្តារសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស។

ភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ភាពជោគជ័យនៃមហាសន្និបាត AIPA លើកទី៤៣ ដែលបានរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងរក្សាបាននូវមជ្ឈភាពអាស៊ាន ក៏ដូចជាលើកកម្ពស់កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់កម្ពុជាទាំងក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។

ការទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២។ ការទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាពិសសជាងនេះទៅទៀត គឺការឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រទេសកម្ពុជា ដែលបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មី ក្នុងរយៈជិត៤ទសវត្សរ៍កន្លងទៅ។ នេះបានបង្ហាញឱ្យឃើញថា កម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម សាមគ្គីភាព ភាពរុងរឿង និងស្ថិរភាព បើទោះបីជាបច្ចុប្បន្នស្ថានភាពពិភពលោក និងតំបន់កំពុងតែមានភាពប្រែប្រួលយ៉ាងខ្លាំង និងប្រកបដោយភាព ស្មុគស្មាញក៏ដោយហើយជាពិសេសផលប៉ះពាល់ នៃវិបត្តិដោយសារជំងឺកូវីដ១៩ ជម្លោះនិងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចធំៗក្នុងពិភពលោក សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន វិបត្តិនៅឧបទ្វីបកូរ៉េ វិបត្តិនៅមីយ៉ាន់ម៉ា និងសង្គ្រាមនៅកាហ្សាជាដើមក៏ដោយ។

បើទោះបីជាមានបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតមានក្តី ប៉ុន្តែរាជរដ្ឋាភិបាលនីតិកាលថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាអនុប្រជានគណបក្សប្រជាជនកម្ពុជា នៅតែមានជំនឿចិត្តយ៉ាងមុតមាំ និងបានដាក់ចេញគោលនយោបាយអាទិភាពរបស់ខ្លួន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងយកឆ្នាំ២០២៣ ជាចំណុចចាប់ផ្តើមរបស់ខ្លួន ដើម្បីឈានទៅសម្រេចគោលដៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០ ៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមរំលឹកផងដែរថា នៅឆ្នាំ១៩៧៥ បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃសង្គ្រាមវៀតណាម (Vietnam War) ដែលមានប្រទេសកម្ពុជា ជាអ្នកដែលបានរួមចំណែកជួយគាំទ្រដល់វៀតណាមខាងជើង ក្នុងការធ្វើសង្គ្រាមបង្រួបបង្រួមទឹកដីវៀតណាម ហើយទទួលបានជ័យជំនះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ប៉ុន្តែប្រជាជនក៏ដូចជាប្រទេសកម្ពុជា បែរជាត្រូវបានធ្លាក់ទៅក្នុងសោកនាដកម្មទៅវិញ។ ក្រោយការដួលរលំរបប លន់ នល់ នៅកម្ពុជា នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ របប ប៉ុល ពត បានដាក់ប្រទេស និងប្រជាជនកម្ពុជាឱ្យធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ដ៏អាក្រក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពួកគេបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់។

ទម្រាំបានដូចសព្វថ្ងៃ គឺយើងពិតជាមិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ថ្លៃថ្លារបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ជាច្រើនម៉ឺននាក់ តាមការអំពាវនាវបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីជួយសង្គ្រោះប្រទេស និងប្រជាជនកម្ពុជា ដែលកំពុងធ្លាក់ក្នុងរបបប្រល័យពូជសាសន៍។

កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយ ជាមួយកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានធ្វើការវាយលុកចូលមកជួយសង្គ្រោះប្រជាជនកម្ពុជា និងបានផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានដោយជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយទទួល បានជោគជ័យដ៏ សែនត្រចះត្រចង់នេះ កងទ័ពស្ម័គ្រចិត្តវៀតណាម បាននៅបន្តជួយបណ្តុះបណ្តាល និងដឹកនាំរហូតដល់កងទ័ពកម្ពុជាមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រឆាំង ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាន៍ដែលបានរត់ទៅជ្រកកោនតាម បន្ទាត់ព្រំដែនកម្ពុជា-ថៃ អាចវិលត្រឡប់មកវិញ ជាលើកទីពីរបានទើបកងទ័ពស្ម័គ្រចិត្តវៀតណាម សម្រេចដកចេញពីកម្ពុជាទាំងស្រុងវិញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨៩។

ចាប់តាំងពីក្រោយការដកស្ម័គ្រចិត្តវៀតណាមចេញពីកម្ពុជាទាំងស្រុងទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម បានផ្លាស់ប្តូរជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ន និងបានអភិវឌ្ឍន៍កាន់តែខ្លាំងឡើងលើវិស័យជាច្រើន ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម មិនត្រឹមតែជាទំនាក់ទំនងតាមបែបប្រពៃណី ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នាប៉ុណ្ណោះទេ គឺថែមទាំងជាទំនាក់ទំនងក្នុងនាមជាបងប្អូនរួមសុខរួមទុក្ខជាមួយគ្នាក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ រួមគ្នាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរហូតមកទល់សព្វថ្ងៃនេះ។ ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបន្តថែរក្សា និងពូនជ្រំជាបន្តបន្ទាប់ និងត្រូវបានយុវជនជំនាន់ ក្រោយនៃប្រទេសទាំងពីរ បន្តកសាងស្ពានមិត្តភាពនេះបន្តទៀត ក្រោមបាវចនា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង»។

នៅក្នុងសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ អង្គមហាសន្និបាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបណ្ដាប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាជូនចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានឆ្លើយតបទៅនឹងការអំពាវនាវ របស់រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

តួយ៉ាង ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ និងក្នុងជំនួបដោយឡែកជាមួយគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា និងសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ភាគីទាំងពីរបានផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់សមាគមមិត្តភាព និងយុវជន ក្នុងក្របខ័ណ្ឌការទូតប្រជាជន ដែលជួយជំរុញការផ្លាស់ប្តូរវប្បធម៌ សកម្មភាពមនុស្សធម៌ និងធុរកិច្ច។ ភាគីទាំងពីរបានផ្លាស់ប្តូរ យោបល់អំពីទិសដៅអនាគត ដើម្បីបន្តរក្សា និងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព និងការយោគយល់រវាង ប្រជាជនប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ និងដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ សហគ្រិនភាព អប់រំ ទេសចរណ៍ជាដើម។

ចំណែកក្នុងជំនួបរវាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយគណៈប្រតិភូគណៈកម្មាធិការជាតិសម្រាប់យុវជនវៀតណាម ដឹកនាំដោយលោក Bui Quang Huy ប្រធានគណៈកម្មាធិការជាតិសម្រាប់យុវជនវៀតណាម នៅទីស្នាក់ការកណ្តាល ស.ស.យ.ក. កាលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ភាគីទាំង២ អបអរសាទរគ្នាទៅវិញទៅមក ចំពោះសមិទ្ធផលដែលស្ថាប័នទាំង២ បានសម្រេចបានក្នុងរយៈពេលកន្លងទៅ។

លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវឱ្យភាគីវៀតណាមបន្តលើកទឹកចិត្តដល់វិនិយោគិនឱ្យមកធ្វើការបណ្តាក់ទុន កាន់តែច្រើនដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសទាំង២។ ជាមួយគ្នានេះភាគីទាំង២បានប្តេជ្ញាចិត្តក្នុងការរិតចំណងសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូយុវជនទៅវិញទៅមក និងការស្វែងរកកាលានុវត្តភាព សម្រាប់គម្រោងរួមគ្នាបន្ថែមទៀត។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១១ ដល់១២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកសម្ដេចធិបតី ជាថ្នាក់ដឹកនាំវ័យក្មេងដ៏ឆ្នើម ដែលកំពុងដឹកនាំនាវាកម្ពុជា បន្តឆ្ពោះទៅរកការអភិវឌ្ឍ និងសមិទ្ធផលថ្មីបន្ថែមទៀត សំដៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សច្ចភាពប្រវត្តិសាស្ត្រខ្មែរជួយបង្រួបបង្រួមវៀតណាម និងវៀតណាមជួយកម្ពុជារំដោះប្រទេសពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត មិនអាចក្រុមប្រតិកិយាណាមកកែខៃកាឡៃបាននោះឡើយ។ យើងត្រូវ អប់រំ និងផ្សព្វផ្សាយឱ្យប្រជាជនយើងទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ បានយល់ដឹង ជ្រូតជ្រាបអំពី សច្ចភាព ប្រវត្តិសាស្ត្រនេះ ក៏ដូចជាសារសំខាន់ និងគុណតម្លៃនៃទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម។

មិនចំពោះតែក្នុងដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសវៀតណាម ដែលជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ បន្ទាប់ពីប្រទេសចិននោះទេ ទោះបីជាក្នុងដំណើរទៅចូលរួមកិច្ចប្រជុំនៅក្រៅប្រទេសនានា ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី មកប្រមុខដឹកនាំកម្ពុជាតែងទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជននានា ដើម្បីធ្វើការផ្សព្វផ្សាយ ចែករំលែក ពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងការដាក់ចេញនូវចក្ខុវិស័យ ដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីធ្វើយ៉ាងណាកៀគរវិនិយោគទុនបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសសហគ្រិនវ័យក្មេង។

ដូច្នេះនេះជាសច្ចភាពនៃការបន្តរក្សា និងបង្កើនស្មារតី សាមគ្គីភាព មិត្តភាព និងការយោគយល់រវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេសយុវជនជំនាន់ក្រោយ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ សហគ្រិនភាព អប់រំ ទេសចរណ៍ ដើម្បីជួយជ្រោមជ្រែង ឃឿនសេដ្ឋកិច្ចកម្ពុជាឱ្យបន្តឆ្ពោះទៅរកការអភិវឌ្ឍ និងសម្រេចបានសមិទ្ធផលថ្មីបន្ថែមទៀតក្រោមបាវចនា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង»៕

ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។ ប្រភពៈ Fresh News

 

អត្ថបទទាក់ទង