Grand News Asia Close

វិភាគអន្តរជាតិ៖ បើ DPP ឈ្នះក្នុងការបោះឆ្នោតសកលតៃវ៉ាន់ តើចិននឹងធ្វើបែបណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 259
វិភាគអន្តរជាតិ៖ បើ DPP ឈ្នះក្នុងការបោះឆ្នោតសកលតៃវ៉ាន់ តើចិននឹងធ្វើបែបណា? វិភាគអន្តរជាតិ៖ បើ DPP ឈ្នះក្នុងការបោះឆ្នោតសកលតៃវ៉ាន់ តើចិននឹងធ្វើបែបណា?

(ហុងកុង)៖ កោះតៃវ៉ាន់ នឹងត្រូវរៀបចំការបោះឆ្នោតសកលដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតមួយស្ថិតក្រោម ការតាមដានយ៉ាងយកចិត្តទុកដាក់ពីចិន និងសហរដ្ឋអាមេរិក។ ទាំងចិន និងសហរដ្ឋអាមេរិកសុទ្ធតែមានបេក្ខជននៅក្នុងដួងចិត្តដែលពួកគេចង់ឱ្យឈ្នះ បើទោះជាមិននិយាយ ចេញមកក្រៅក៏ដោយ។

ខុសប្លែកពីអាណត្តិមុនៗដែលការបោះឆ្នោតផ្ដោតលើបេក្ខជនសំខាន់២រូប ការបោះឆ្នោតសកលនៅតៃវ៉ាន់ក្នុងអាណតិ្តនេះ គឺជាការប្រកួតប្រជែងរវាងបេក្ខជនសំខាន់ៗ៣រូប រួមមានលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ហៅកាត់ថា DPP ជាបក្សកាន់អំណាចនៅតៃវ៉ាន់សព្វថ្ងៃ និងមានទំនោរគំាទ្រឯករាជ្យរបស់តៃវ៉ាន់ ត្រូវ តទល់ជាមួយលោក Hou Yu-ih មកពីគណបក្ស Kuomintang (KMT) និងលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP)។ ទីក្រុងប៉េកាំងត្រូវបាន រាយការណ៍ថាចង់ឱ្យគណបក្ស Kuomintang ជាអ្នកទទួលបានជ័យជម្នះ។ ប៉ុន្តែចុះបើគណបក្ស DPP និងលោក Lai ជាអ្នកឈ្នះ តើចិននឹងធ្វើបែបណា? ការស្ទង់មតិ ចុងក្រោយចេញផ្សាយកាលពីដើមខែមករាកន្លងទៅ នៅតែបង្ហាញថា លោក Lai Ching-te និងគណបក្ស DPP អាចនឹងទទួលបានជ័យជម្នះ។

បើគេនៅចាំមិនភ្លេចទេ ជាប្រតិកម្មឆ្លើយតបទៅនឹងការធ្វើដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២ ចិនបានប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដោយបញ្ជូនយន្ដហោះចម្បាំង និងនាវាចម្បាំងធ្វើដំណើរឆ្លងកាត់ខ្សែបន្ទាត់កណ្ដាល ច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកក្រៅផ្លូវការរវាងចិន និងតៃវ៉ាន់ បាញ់មីស៊ីលហោះរំលងតៃវ៉ាន់ អនុវត្តការបិទខ្ទប់បណ្ដោះអាសន្ន និងបាញ់មីស៊ីលធ្លាក់ចូលតំបន់សេដ្ឋកិច្ច ផ្ដាច់មុខរបស់ជប៉ុន។ បន្ថែមពីលើនេះ មុនការបោះឆ្នោតជិតមកដល់ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានរាយការណ៍ដែរពីវត្តមានបាឡុងចិនជាច្រើនគ្រឿងហោះឆ្លងកាត់ ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងនាវាផ្ទុកយន្ដហោះចម្បាំង Shandong ក៏បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដ៏សើបនេះដែរ។

ប៉ុន្តែ លោកស្រី Bonnie Glaser មកពីវិទ្យាស្ថាន German Marshall Fund of the United States យល់ថាចិននឹងមិនធ្វើសកម្មភាពដដែលៗនោះទេ ដោយប៉េកាំងអាច នឹងធ្វើខ្លាំងជាងនេះ ដូចជាការគ្រប់គ្រងរយៈពេលខ្លី ឬកាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់ឆ្ពោះទៅកាន់កោះតូចមួយរបស់តៃវ៉ាន់ដែលស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីចិន ឬក៏អាចនឹង ប្រមូលផ្ដុំកងទ័ពនៅក្បែរខេត្ត Fujian ស្ថិតនៅទល់មុខតៃវ៉ាន់។ ចិនក៏នឹងបន្តធ្វើសង្រ្គាមចិត្តសាស្ត្រដែរបន្ថែមពីការសម្លុតគំរាមខាងយោធា ក្នុងនោះរួមមានការផ្ដាច់ខ្សែកាប អ៉ិនធើណិតភ្ជាប់ទៅកាន់តៃវ៉ាន់ ហើយរឿងបែបនេះធ្លាប់ត្រូវបានមន្ត្រីតៃវ៉ាន់ទម្លាក់កំហុសលើចិន នៅពេលកោះ Matsu ដាច់សេវាអ៉ិនធើណិតកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ព្រមទាំងបង្កើនការបង្ហោះយន្ដហោះដ្រូន។

កាលពីខែសីហា ឆ្នាំ២០២២ ចិនបានបង្ហោះយន្ដហោះដ្រូនជាច្រើនគ្រឿងលើទីប្រជុំកោះ Quemoy ឬ Kinmen ដោយកាមេរ៉ាលើយន្ដហោះដ្រូននេះបានថតសកម្មភាព ទាហានតៃវ៉ាន់២នាក់ រើសដុំថ្មគប់យន្ដហោះដ្រូនរបស់ចិន។ សកម្មភាពនេះនាំឱ្យមានការរិះគន់យ៉ាងខ្លាំងលើរដ្ឋាភិបាល និងក្រសួងការពារជាតិតៃវ៉ាន់ ហើយបានជំរុញឱ្យ ទីក្រុងតៃប៉ិ ផ្ដល់ការអនុញ្ញាតឱ្យទាហានរបស់ខ្លួនបាញ់ទម្លាក់យន្ដហោះដ្រូនដែលបំពានចូលទឹកដីតៃវ៉ាន់។ ជាជម្រើសមួយសម្រាប់ចិនដែរ នោះគឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក្នុងនោះរួមមានទាំងការព្យួរផ្នែកខ្លះនៃកិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (Economic Cooperation Framework Agreement) រវាងចិន និងតៃវ៉ាន់ ត្រូវបានចុះហត្ថលេខានៅក្រោមរដ្ឋាភិបាលដឹកនាំដោយគណបក្ស Kuomintang កាលពីឆ្នាំ២០១០។ គិតត្រឹម៩ខែដំបូង ក្នុងឆ្នាំ២០២៣ ចិនរ៉ាប់រង៣៥.៣ភាគរយនៃ ការនាំចេញរបស់តៃវ៉ាន់។ នៅក្រោយទស្សនកិច្ចរបស់លោកស្រី Pelosi ទីក្រុងប៉េកាំងបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនតៃវ៉ាន់ចំនួន២ និងហាមឃាត់ការនាំចូល ផ្លែឈើ ត្រី និងនំ biscuits ជាដើមដោយសំអាងពីការរកឃើញសារធាតុកខ្វក់ និងពាក់ព័ន្ធជាមួយកូវីដ១៩។

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអាចកាត់បន្ថយហានិភ័យនៃការគណនាខុសខាងយោធា ហើយអាចបង្ខំឱ្យក្រុមអ្នកជំនួញដាក់សម្ពាធលើអ្នកនយោបាយតៃវ៉ាន់ និងគូសបញ្ជាក់ពី អំណាចសេដ្ឋកិច្ចដ៏ធំធេងរបស់ចិន។ ចំណែក ការរារាំងកប៉ាលមិនឱ្យចូលទៅកាន់កោះតៃវ៉ាន ក៏ជាជម្រើសរបស់ប៉េកាំងផងដែរ។ កាលពីខែមេសា ឆ្នាំ២០២៣ ជាការឆ្លើយតបទៅនឹងជំនួបរវាងអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy ជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងរដ្ឋ California រដ្ឋបាលដែនសមុទ្រនៃខេត្ត Fujian របស់ចិនបានប្រកាសពីផែនការធ្វើការត្រួតពិនិត្យលើកប៉ាល់ដឹកទំនិញ អំឡុងការធ្វើប្រតិបត្តិការល្បាតពិសេសរយៈពេល៣ថ្ងៃ ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។

លោកស្រី Glaser បាននិយាយថាការធ្វើបែបនេះរបស់ចិនបានទាញចំណាប់អារម្មណ៍ពីមនុស្សជាច្រើន។ លោកស្រីបន្ថែមថាចិនអាចនឹងសម្រេចចិត្តបង្ខំឱ្យកប៉ាល់ដឹកទំនិញ ត្រូវធ្វើដំណើរទៅកាន់ចិនដីគោកសិន មុននឹងលើកទំនិញចុះនៅឯកំពង់ផែតៃវ៉ាន់។ ការធ្វើបែបនេះគឺចិនចង់បញ្ជាក់ពីអធិបតេយ្យរបស់ខ្លួនលើតៃវ៉ាន់ តែអាចបង្កការខាតបង់ ដោយធ្វើឱ្យធានារ៉ាប់រងក្នុងការដឹកនាំទំនិញឡើងថ្លៃ។ ភូមិសាស្ត្រតៃវ៉ាន់ដែលជាដែនកោះគឺងាយរងគ្រោះបំផុតចំពោះតាក់ទិកដាក់សម្ពាធមួយនេះ ដ្បិត៩០ភាគរយនៃ ពាណិជ្ជកម្មរបស់តៃវ៉ាន់ត្រូវឆ្លងកាត់តាមកំពង់ផែសំខាន់ទាំង៤របស់ខ្លួន។ តាក់ទិកនេះមិនមែនជាការបិទខ្ទប់ដែលនៅក្នុងភាសាទំនាក់ទំនងអន្តរជាតិចាត់ទុកថាជាសកម្មភាព សង្រ្គាមនោះទេ ប៉ុន្តែវាជាការបញ្ជូនសារមួយទៅកាន់មេដឹកនាំតៃវ៉ាន់បន្ទាប់ ត្រូវតែមានការប្រុងយ័ត្នខ្ពស់។ ចុងក្រោយគេ ចិននឹងបន្តលេងល្បែងយូរអង្វែង នៅតៃវ៉ាន់ជាមួយ សហរដ្ឋអាមេរិក ក្នុងបរិបទដែលយោធាចិនកាន់តែរីកធំធាត់យ៉ាងលឿនរហ័ស ប្រជាធិបតេយ្យកាន់តែចុះខ្សោយ រីឯអ្នកតំណាងរាស្ត្រអាមេរិករឹងរូសមួយចំនួនមកពី គណបក្សសាធារណរដ្ឋកាលពេលថ្មីៗនេះចាប់ផ្ដើមចោទសួរពីផលវិបាកនៃការធ្វើអន្តរាគមយោធាជួយតៃវ៉ាន់។

ជាឧទាហរណ៍ ចិនបានសាកល្បងទាញយកផលពីការភ័យខ្លាចរបស់តៃវ៉ាន់ ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន គឺខ្វល់ខ្វាយតែពី «បន្ទះឈីប» ប៉ុណ្ណោះ ហើយនឹងមិនលូកដៃ ជួយតៃវ៉ាន់ទេ ប្រសិនបើប៉េកាំងប្រើប្រាស់កម្លាំងយោធា។ ការស្ទង់មតិក៏បានបង្ហាញដែរថាការគាំទ្រចំពោះសហរដ្ឋអាមេរិកបានធ្លាក់ចុះអស់ ១០ភាគរយ ក្រោយ ទីក្រុងវ៉ាស៊ីនតោនមិនព្រមលូកដៃដោយផ្ទាល់ជួយអ៊ុយក្រែន។

គួរបញ្ជាក់ថា ចិនបានចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ និងបានបញ្ជាក់ជារឿយៗថាការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់គឺជារឿងចៀសមិនរួច ហើយថាប៉េកាំង នឹងប្រើកម្លាំងបាយដើម្បីសម្រេចគោលដៅនេះនៅក្នុងករណីចាំបាច់។ ព្រមពេលជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោនក៏បានបង្កើនការគាំទ្រដល់ទីក្រុងតៃប៉ិផងដែរ ដោយលោក ចូ បៃដិន ផ្ទាល់បាននិយាយជាច្រើនលើកច្រើនសារថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ការពារតៃវ៉ាន់ ប្រសិនបើមានការវាយប្រហារពីចិន។ តែសេតវិមានក៏តែងតែចេញមុខ បញ្ជាក់បន្ថែមពីការលើកឡើងរបស់លោក បៃដិនដែរថាវ៉ាស៊ីនតោននៅតែប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ។

ទោះបីជាការស្ទង់មតិបង្ហាញថាលោក DPP និងលោក Lai កំពុងមានប្រៀបក៏ដោយ ក៏វាមិនអាចកំណត់១០០ភាគរយថារូបលោកនឹងទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសកល នៅថ្ងៃទី១៣ ខែមករានោះដែរ។ គណបក្ស DPP ខ្លួនឯងកំពុងបាត់បង់ប្រជាប្រិយភាពខ្លះៗដែរដោយសាររឿងអាស្រូវពុករលួយ ណាមួយជាទម្លាប់ តៃវ៉ាន់មិនដែលបោះឆ្នោតឱ្យ គណបក្សតែមួយកាន់អំណាច ៣អាណត្តិជាប់ៗគ្នានោះទេ ចាប់តាំងពីការបោះឆ្នោតសកលតាមបែបប្រជាធិបតេយ្យលើកដំបូងក្នុងឆ្នាំ១៩៩៦មក៕ ប្រភពៈ Fresh News

អត្ថបទទាក់ទង