អត្ថបទអប់រំ៖ ពលរដ្ឋល្អ

ថ្ងៃព្រហស្បតិ៍ ទី ២៧ តុលា ២០១៦​
34459

នៅក្នុងសង្គមជាតិនីមួយៗ គេតែងតែសង្កេតឃើញថា ពលរដ្ឋប្រៀបបានដូចជាកោសិកាមួយយ៉ាងសំខាន់ ក្នុងការបំពេញនូវលក្ខណៈសម្បត្តិសម្រាប់ប្រទេសជាតិមួយ ហើយវាក៏ជាផ្នែកមួយដែលធ្វើឱ្យមានការរីកចម្រើន ការអភិវឌ្ឍ និងភាពសុខដុមរមនាក្នុងនោះផងដែរ។ ពាក្យថា ពលរដ្ឋមានន័យថា គឺជាប្រជាជនទាំងប្រុសទាំងស្រីដែលទុកជាកម្លាំងស្នូលរបស់ប្រទេសជាតិមួយ ហើយពលរដ្ឋម្នាក់ៗ មានភារកិច្ច និងកាតព្វកិច្ចដូចគ្នា និងស្មើគ្នាក្នុងការចូលរួមគ្រប់រូបភាព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិរបស់ខ្លួន។

តើដើម្បីក្លាយខ្លួនទៅជា «ពលរដ្ឋល្អ» បានបុគ្គលម្នាក់ៗត្រូវធ្វើយ៉ាងដូចម្ដេចខ្លះ? គួរជៀសវាងអ្វីខ្លះ? អ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ?
ជាក់ស្ដែង ដើម្បីក្លាយខ្លួនទៅជា «ពលរដ្ឋល្អ» បាន លុះត្រាតែបុគ្គលម្នាក់ៗ ត្រូវតែគោរព ត្រូវតែជៀសវាង និងត្រូវតែដឹងថា អ្វីគួរធ្វើ អ្វីមិនគួរធ្វើ ដូចមានការរៀបរាប់បញ្ជាក់ខាងក្រោមនេះ៖
•ត្រូវធ្វើជាកូនល្អក្នុងសង្គមគ្រួសារ សិស្សល្អក្នុងសាលា និងពលរដ្ឋល្អក្នុងសង្គម។
•ត្រូវចូលរួមក្នុងសកម្មភាពសង្គម ដូចជាមនុស្សធម៌ជាដើម។
•ត្រូវចូលរួមគោរពច្បាប់ ព្រោះថាច្បាប់ជាកត្តាសំខាន់ក្នុងការរក្សានូវសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងសង្គមមនុស្សឱ្យមានរបៀបរៀបរយ។
•ត្រូវធ្វើខ្លួនឱ្យទៅជាធនធានមួយល្អ ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិរបស់ខ្លួន។
•ត្រូវលើកស្ទួយ និងលើកតម្កើងវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណជាតិរបស់ខ្លួន ទាំងក្នុងប្រទេស ទាំងលើឆាកអន្ដរជាតិ ព្រោះថាអ្វីៗទាំងអស់ត្រូវចាប់ផ្ដើមចេញពីខ្លួនឯងជាមុខសិន ទើបអ្នកដទៃគេលើកតម្កើង និងឱ្យតម្លៃជាក្រោយ។
•ត្រូវមានមនសិការ និងការសាមគ្គីគ្នាជាធ្លុងមួយ ក្នុងនាមជាជាតិសាសន៍តែមួយ ដូចពាក្យស្លោកមួយលើកឡើងថា ចង្កឹះមួយអាចកាច់បាក់ តែចង្កឹះមួយបាច់មិនអាចកាច់បាក់បានឡើយ។
•មិនត្រូវឱ្យមានជាដាច់ខាត និងត្រូវតែលុបបំបាត់រាល់ទម្រង់ទាំងឡាយណាដែលជាសញ្ញាណនៃការរើសអើង ការប្រកាន់វណ្ណៈ និងការប្រកាន់បក្ខពួក ព្រោះថាកត្តាទាំងនេះជាផ្នែកមួយក្នុងការធ្វើឱ្យសង្គម មិនអាចរីកចម្រើនទៅមុខបាន។
•ត្រូវជៀសវាងឱ្យបាននូវការប្រព្រឹត្តអំពើអបាយមុខទាំងឡាយ ដូចជាការជួញដូរ និងសេបគ្រឿងញៀន ការលួច ការឆក់ ការប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសការប្រព្រឹត្តអំពើល្មើសផ្សេងៗជាច្រើនទៀត ដែលច្បាប់ហាមប្រាណ និងបានចែងជាធរមានថា អំពើនោះ គឺជាបទល្មើស។
•ត្រូវតែគោរពសិទ្ធិ-សេរីភាពចំពោះគ្នានិងគ្នា ជាពិសេសពលរដ្ឋរូបណាដែលគ្រប់អាយុបោះឆ្នោត គឺចាំបាច់ត្រូវទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។
•ត្រូវបដិសេធ និងមិនត្រូវចូលរួមជាដាច់ខាតនូវរាល់អំពើទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងចេតនាបង្កឱ្យមានវឹកវរដល់សង្គមជាតិ។
•ត្រូវតែចងចាំនូវប្រវត្តិសាស្ដ្រនៃសង្គមជាតិមួយ ដែលបានឆ្លងកាត់ ដោយប្រៀបធៀបទៅនឹងបច្ចុប្បន្នភាព។
ជាការពិតណាស់ថា ការធ្វើខ្លួនឱ្យទៅជា «ពលរដ្ឋល្អ» គឺជារឿងមួយដ៏ប្រពៃសម្រាប់ខ្លួនឯងផ្ទាល់ ជាពិសេសសម្រាប់ប្រទេសជាតិ ព្រោះថាកាលណាប្រទេសជាតិមួយ ដែលសម្បូរទៅដោយ «ពលរដ្ឋល្អ» (ដូចមានក្នុងការបញ្ជាក់នូវចំណុចខាងលើ) មានន័យថាប្រទេសជាតិនោះនឹងមានភាពរឹងមាំ ភាពខ្លាំង និងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និងមានធនធានមនុស្សចម្រុះ។
ដូច្នេះ គេអាចសន្និដ្ឋានបានថា ប្រទេសជាតិនានាក្នុងពិភពលោក គឺមិនអាចខ្វះបានជាដាច់ខាត និងតែងតែត្រូវការជានិច្ចនូវកោសិកាមួយដែលគេហៅថា «ពលរដ្ឋល្អ» ក្នុងប្រទេសរបស់ខ្លួន ព្រោះថានៅពេលណាដែលសម្បូរទៅដោយ «ពលរដ្ឋល្អ» នៅពេលនោះអ្វីៗដែលល្អ ដែលសម្បូរបែបនឹងកើតមានឡើងក្នុងប្រទេសនោះជាក់ជាមិនខាន៕
អត្ថបទ៖ GNN

photo_2016-10-26_23-30-35photo_2016-10-26_23-30-40

ចែករំលែក

បញ្ចេញយោបល់