Grand News Asia Close

ក្រសួង​វប្បធម៌បង្កើន​ការ​តវ៉ា​កាន់តែខ្លាំង​ចំពោះ​​ថៃដែល​បន្ដរៀបចំសកម្មភាព​បំពានច្បាប់​នៅប្រាសាទ​តាក្របី​របស់​កម្ពុជា​

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1015
ក្រសួង​វប្បធម៌បង្កើន​ការ​តវ៉ា​កាន់តែខ្លាំង​ចំពោះ​​ថៃដែល​បន្ដរៀបចំសកម្មភាព​បំពានច្បាប់​នៅប្រាសាទ​តាក្របី​របស់​កម្ពុជា​ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦នេះ ​អាជ្ញាធរ​ថៃ​នៅតែ​បន្ត​រៀបចំ​ការជួបជុំ​សាធារណៈ សម្របសម្រួល​ការ​ទស្ស​នា និង​អនុវត្ត​សកម្មភាព​ផ្សេងៗ​នៅ​ទីតាំង​ប្រាសាទ​។​ រូបថត សារព័ត៌មានថៃ​

​ភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា បាន​បន្ត​បង្ហាញ​ការតវ៉ា​យ៉ាងខ្លាំង​ក្លា ចំពោះ​អ្វីដែល​ខ្លួន​ហៅថា ជាការ​បង្កើន​ភាព​តានតឹង​តាម​ព្រំដែន​ដោយ​ភាគី​ថៃ តាមរយៈ​ការបង្កើត «បង្កើតស្ថានភាពជាក់ស្តែងនៅលើដី​» (fait accompli) នៅប្រាសាទ​តាក្របី​ និង​តំបន់​ជុំវិញ​ ខណៈ​មាន​ការតវ៉ា​ទូត​ជាថ្មី​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​គ្មាន​ការអនុញ្ញាត​នៅ​តំបន់​នោះ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែមេសា ក្រសួង​បាន​បញ្ជាក់ថា ខ្លួន «​បន្តធ្វើ​ការតវ៉ា​យ៉ាងខ្លាំង​ក្លា​បំផុត​» ចំពោះ​វត្តមាន និង​សកម្មភាព​បន្ត​របស់​អាជ្ញាធរ​ថៃ និង​បុគ្គល​ពាក់ព័ន្ធ​នៅ​តំបន់​នេះ ដែល​កម្ពុជា​អះអាងថា​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យភាព​របស់ខ្លួន​។​

​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា ទោះបី​មាន​លិខិតផ្លូវការ​ចុះ​ថ្ងៃទី​៣០ ខែមករា ថ្ងៃទី​១៣ ខែមេសា និង​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦ ក៏ដោយ ក៏​អាជ្ញាធរ​ថៃ​នៅតែ​បន្ត​រៀបចំ​ការជួបជុំ​សាធារណៈ សម្របសម្រួល​ការ​ទស្ស​នា និង​អនុវត្ត​សកម្មភាព​ផ្សេងៗ​នៅ​ទីតាំង​ប្រាសាទ​។​

សេចក្តីថ្លែងការណ៍បាន​ឱ្យដឹងថា​៖ «​សកម្មភាព​ទាំងនេះ​គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​ជា​សកម្មភាព​ខុសច្បាប់»​។​

​ក្រសួង​វប្បធម៌ ​ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អភិវឌ្ឍន៍​ថ្មីៗ រួមមាន​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​វត្តមាន​បន្ត​របស់​អាជ្ញា​ធរ​ថៃ ដោយ​ព្រមាន​ថា សកម្មភាព​ទាំងនេះ​កំពុង​​បង្កើតស្ថានភាពជាក់ស្តែងនៅលើដី​។​

​តាម​ក្រសួង សកម្មភាព​ទាំងនេះ​រំលោភ​លើ​ក្របខណ្ឌ​ច្បាប់​ជាច្រើន ដែល​គ្រប់គ្រង​ព្រំដែន​កម្ពុជា​–​ថៃ រួមមាន សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកំណត់ និង​ខណ្ឌសីមា​ព្រំដែន ដូចជា ផែនទី​មាត្រដ្ឋាន 1:200,000 និង​កំណត់ហេតុ​នៃ​គណៈកម្មការ​ពាក់ព័ន្ធ​។​

​កម្ពុជា​ក៏បាន​លើកឡើង​ពី​ការរំលោភ​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ បែបបទ​បច្ចេកទេស និង​ផែនការមេ​ឆ្នាំ​២០០៣ សម្រាប់​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) ព្រមទាំង​គោលការណ៍​នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។​

​សេចក្តីថ្លែងការណ៍​បាន​បន្ត​រិះគន់​វត្តមាន​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ថៃ រួមមាន​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ប្រាសាទ​តា​ក្របី ក៏ដូចជា​សកម្មភាព​ដែល​បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​២២ ខែមេសា។

ក្រសួងបាន​បញ្ជាក់​ថា​៖ «វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្ម​ភាព​​ខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមការចរចា»។

​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ភ្លាមៗ​នូវ​សកម្មភាព​ទាំងអស់​នៅ​ទីតាំង​នេះ ដកចេញ​នូវ​បុគ្គល​ទាំងអស់ និង​ជៀសវាង​សកម្មភាព​ណាមួយ​ដែល​អាចធ្វើឱ្យ​ស្ថានការណ៍​តានតឹង​កាន់តែខ្លាំង​ឡើង​។​

​ទោះបី​មាន​សំឡេង​តវ៉ា​ខ្លាំងក្លា​ក៏ដោយ រាជ​រដ្ឋាភិបាល​កម្ពុជា​​បានបញ្ជាក់​ឡើងវិញ​ពី​ការប្តេជ្ញាចិត្ត ក្នុងការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី តាមរយៈ​យន្តការ​ទ្វេភាគី​ដែលមាន​ស្រាប់ ជាពិសេស​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC)​។​

​ការតវ៉ា​លើកចុងក្រោយ​នេះ បង្ហាញ​ពី​ភាព​តានតឹង​កើន​ឡើងលើ​បញ្ហា​ព្រំដែន​ដែលមាន​មក​យូរហើយ ខណៈ​ប្រាសាទ​តា​ក្របី​កំពុង​ក្លាយជា​ចំណុចក្តៅ​ថ្មី​មួយ​ក្នុង​ទំនាក់ទំនង​កម្ពុជា​–​ថៃ ទោះបី​ភាគី​ទាំងពីរ​នៅតែ​រក្សា​យន្ត​ការចរចា​ផ្លូវការ​ក៏ដោយ​៕

អត្ថបទទាក់ទង