ក្នុងឳកាសមុនបុណ្យចូលឆ្នាំចិន-វៀតណាម រដ្ឋបាលខេត្តត្បូងឃ្មុំ ចុះចែកមួកសុវត្ថិភាព និងអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់អ្នកធ្វើដំណើរ

ថ្ងៃពុធ ទី ១០ កុម្ភៈ ២០២១​
45

ត្បូងឃ្មុំ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងឈានចូលនាពេលខាងមុខនេះ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ បានដឹកនាំប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នគរបាលចរាចរ ព្រមទាំងអាជ្ញាធរក្រុងសួង ចុះផ្សព្វផ្សាយស្វែងយល់ពីច្បាប់ចរាចរណ៍ បិទស្ទីកឃ័រ និងចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវនៅក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមការរៀបចំដោយមន្ទីរសាធារណៈការខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ លោកអភិបាលរង បានអំពាវនាវដល់អ្នកដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានម៉ឺងម៉ាត់ទាំងអស់គ្នា ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យចុះមកកម្រិតទាបបំផុត ក្រោមពាក្យស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។

លោកបានក្រើនរំលឹកដល់អ្នកធ្វើដំណើរទាំងអស់ ត្រូវរួមគ្នាគោរព និងបង្កើនការយល់ដឹងពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ គំនូសសញ្ញា ផ្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ ដោយរាល់ពេលឡើងយានជំនិះបើកបរ ត្រូវពិនិត្យរថយន្តឲ្យមានសុវត្ថិភាព និងត្រូវពាក់ខ្សែក្រវ៉ាត់ ចំណែកម៉ូតូត្រូវដាក់កញ្ចក់ និងពាក់មួកសុវត្ថិភាព រាល់ពេលធ្វើដំណើរ។

ជាពិសេសត្រូវខ្លាចគ្រោះថ្នាក់ចរាចរណ៍ ឲ្យដូចខ្លាចជំងឺផ្លូវដង្ហើមប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណា ព្រោះថា កម្ពុជាមិនទាន់មានអ្នកស្លាប់ដោយសារវីរ៉ុសនេះនៅឡើយទេ តែយើងនាំគ្នាខ្លាចរអារ ប៉ុន្តែត្រង់គ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតប្រជាជនកម្ពុជា ដែលជាមច្ចុរាជលេខ១ បែរជាពលរដ្ឋកម្ពុជាមើលរំលង ដោយយើងគ្រប់គ្នាត្រូវ យកចិត្តទុកដាក់លើរឿងនេះទាំងអស់គ្នា ខណៈថ្ងៃនេះដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមផងដែរ។

ក្នុងយុទ្ធនាការនេះ មានការអប់រំផ្សព្វផ្សាយអប់រំណែនាំដល់អ្នកបើកបរយានយន្ត ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕

ចែករំលែក

បញ្ចេញយោបល់