ទាក់ទងនឹងភស្តុតាងដែលបង្ហាញពីទីតាំងពិតប្រាកដ របស់ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
ទាក់ទងនឹងភស្តុតាងដែលបង្ហាញពីទីតាំងពិតប្រាកដ របស់ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងភស្តុតាងដែលបង្ហាញពីទីតាំងពិតប្រាកដ របស់ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ
ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
សំណួរទី១៖ តើអ្វីជាមូលដ្ឋានដែលកម្ពុជាប្រើប្រាស់ក្នុងការអះអាងថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន?
ចម្លើយ៖ កម្ពុជាអះអាងអធិបតេយ្យភាពលើប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ដោយផ្អែកលើមូលដ្ឋានផ្លូវច្បាប់ និងភស្តុតាងបច្ចេកទេសដែលមានភាពច្បាស់លាស់។ ចំពោះប្រាសាទខ្នារ កម្ពុជាផ្អែកលើអនុសញ្ញា សន្ធិសញ្ញាបារាំង–សៀម ផែនទីមាត្រដ្ឋាន ១:២០០,០០០ កំណត់ហេតុបោះបង្គោលព្រំដែន និងឯកសារផ្លូវការពាក់ព័ន្ធ។ លើសពីនេះ សូម្បីតែផែនទីមាត្រដ្ឋាន ១:៥០,០០០ ដែលថៃគូសជាឯកតោភាគីដោយគ្មានការទទួលស្គាល់ ក៏បង្ហាញថា ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជាដែរ។
ចំណែកប្រាសាទតាមាន់ធំ កម្ពុជាផ្អែកលើផែនទីមាត្រដ្ឋាន ១:២០០,០០០ កំណត់ហេតុ (PV) ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩ ព្រមទាំងផែនទី L7017 មាត្រដ្ឋាន ១:៥០,០០០ ដែលថៃគូសដោយខ្លួនឯងជាឯកតោភាគី។ ឯកសារទាំងនេះសុទ្ធតែបង្ហាញថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយបញ្ជាក់ថា ការកាន់កាប់របស់ភាគីថៃគឺខុសច្បាប់។
សំណួរទី២៖ តើថៃអាចបន្តកាន់កាប់ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ដោយខុសច្បាប់ ដោយមិនអើពើលើឯកសារភស្តុតាងផ្លូវច្បាប់បានដែរឬទេ?
ចម្លើយ៖ មិនអាចទេ។ តាមគោលការណ៍នៃច្បាប់អន្តរជាតិ ការកាន់កាប់ទឹកដីដោយប្រើកម្លាំង មិនអាចបង្កើតសិទ្ធិស្របច្បាប់ ឬផ្លាស់ប្តូរស្ថានភាពផ្លូវច្បាប់នៃទឹកដីបានឡើយ។ ដូច្នេះ ការដែលកងកម្លាំងថៃបន្តមានវត្តមាន ឬកាន់កាប់ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ មិនអាចលុបចោល ឬបដិសេធចោលនូវភស្តុតាងប្រវត្តិសាស្ត្រ ផែនទី និងឯកសារខណ្ឌសីមាព្រំដែនដែលមានស្រាប់បានឡើយ។ កម្ពុជាបន្តប្រកាន់ជំហរថា អធិបតេយ្យភាពលើទីតាំងទាំងពីរ ត្រូវកំណត់ដោយមូលដ្ឋានច្បាប់ និងឯកសារផ្លូវការ មិនមែនដោយការកាន់កាប់ជាក់ស្តែងដោយយោធានោះទេ។
សំណួរទី៣៖ តើអ្វីជាជំហររបស់កម្ពុជា ចំពោះការបន្តឈ្លានពានដោយខុសច្បាប់ ពីសំណាក់យោធាថៃ នៅលើទឹកដីកម្ពុជា ជាពិសេសតំបន់ប្រាសាទខ្នារ និងតាមាន់ធំ?
ចម្លើយ៖ កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការបន្តឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃនៅតំបន់ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ។ រាល់សកម្មភាពដែលកម្ពុជាចាត់ទុកថារំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី ត្រូវបានធ្វើការតវ៉ាជាផ្លូវការ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ ព្រមទាំងគោរពកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ ទន្ទឹមនឹងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការទូត និងយន្តការច្បាប់អន្តរជាតិ ដោយបន្តការពារសិទ្ធិ អធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌របស់ខ្លួនដោយឥតងាករេ៕







