Grand News Asia Close

វិភាគអន្តរជាតិ៖ ជួបគ្នាអស់ ៤ម៉ោង៖ តើលោក ចូ បៃដិន និងលោក ស៊ី ជីនពីង សម្រេចបានអ្វីខ្លះ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 270
វិភាគអន្តរជាតិ៖ ជួបគ្នាអស់ ៤ម៉ោង៖ តើលោក ចូ បៃដិន និងលោក ស៊ី ជីនពីង សម្រេចបានអ្វីខ្លះ? វិភាគអន្តរជាតិ៖ ជួបគ្នាអស់ ៤ម៉ោង៖ តើលោក ចូ បៃដិន និងលោក ស៊ី ជីនពីង សម្រេចបានអ្វីខ្លះ?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឈានដល់កិច្ចព្រមព្រៀងមួយចំនួន នៅអំឡុងកិច្ចប្រជុំកំពូល ដ៏មានសារៈសំខាន់មួយ មានគោលដៅធ្វើឱ្យទំនាក់ទំនងរវាងមហាអំណាចទាំង២ មានស្ថិរភាពឡើងវិញ។ លោក បៃដិន និងលោក ស៊ី ជីនពីង បានចាយពេលជាង ៤ម៉ោង នៅក្នុងជំនួបទល់មុខគ្នាដោយផ្ទាល់កាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា នាឱកាសដែលមេដឹកនាំទាំង២ ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក រៀបចំឡើងក្នុងរដ្ឋកាលីហ្វ័រញ៉ា។

នេះជាជំនួបទល់មុខគ្នាលើកដំបូងបំផុតក្នុងរយៈពេល១ឆ្នាំមកនេះចាប់តាំងពីលោក បៃដិន និងលោក ស៊ី ជីនពីងជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលីប្រទេស ឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ តាមក្រុមអ្នកវិភាគ ទាំងលោក បៃដិន និងលោក ស៊ី ជីនពីង មានហេតុផលរៀងៗខ្លួនដើម្បីជំរុញឱ្យទំនាក់ទំនងអាមេរិក-ចិន មានភាពធូរស្រាល និងស្ថិរភាព។ លោក ស៊ី ជីនពីងកំពុងប្រឹងប្រែងដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅក្នុងស្រុក ខណៈក្រុមអ្នកវិនិយោគកំពុងមានព្រួយបារម្ភពីទំនាក់ទំនង មិនច្បាស់លាស់រវាងចិនជាមួយអាមេរិក។ ចំណែក លោក បៃដិន វិញកំពុងព្យាយាមបន្ថយកម្ដៅបរិយាកាសនយោបាយសកល ​នៅមុនការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៤ ចូលមកដល់ ហើយដូចគ្នាទៅនឹងលោក ស៊ីដែរ ការមានទំនាក់ទំនងស្ថិរភាពជាមួយចិន គឺអាចទុកពេលឱ្យលោក បៃដិនផ្តោតលើការដោះស្រាយបញ្ហា នៅក្នុងស្រុក។

តែទោះជាយ៉ាងណាក៏ដោយ លោក ចូ បៃដិន និងលោក ស៊ី ជីនពីង មិនមែនមានគំនិតដូចគ្នាលើបញ្ហាទាំងអស់នោះទេ។ តួយ៉ាង ចិនបានប្រាប់សហរដ្ឋអាមេរិកឱ្យឈប់ បំពាក់អាវុធឱ្យតៃវ៉ាន់ ហើយថាការបង្រួបបង្រួមជាតិរបស់ចិនជាមួយតៃវ៉ាន់ គឺគ្មានអ្វីដែលអាចមករារាំង ឬក៏បញ្ឈប់បានឡើយ។ ក្រុមមន្តីអាមេរិ កក៏បានដាក់សម្ពាធលើ សមភាគីចិនឱ្យលើកយកសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសទៅពិភាក្សាជាមួយអ៉ីរ៉ង់ និងជំរុញឱ្យទីក្រុងតេហេរ៉ង់កុំលូកដៃ ឬធ្វើសកម្មភាពទាំងឡាយណា ដែល នាំឱ្យសង្រ្គាមផ្ទុះរាលដាលកាន់តែធំ។ និយាយជារួម ដូចទៅនឹងអ្វីដែលក្រុមអ្នកវិភាគបានសន្និដ្ឋាន នោះគឺសហរដ្ឋអាមេរិក និងចិន អាចសហការគ្នាបានលើបញ្ហាណា ដែលមានប្រយោជន៍រួម ហើយមិនប៉ះពាល់ដល់ប្រយោជន៍របស់ពួកគេប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាកិច្ចព្រមព្រៀងសំខាន់ៗរវាងលោក បៃដិន និងលោក ស៊ី ជីនពីង៖

* រួមគ្នាប្រឆាំងថ្នាំញៀន Fentanyl

សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងគ្នាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ជាពិសេសគឺប្រភេទថ្នាំញៀន Fentanyl។ ចិនបានឯកភាពថានឹងបង្រ្កាបការនាំចេញថ្នាំញៀន Fentanyl រីឯលោក បៃដិន បានយល់ព្រមលើការសម្របសម្រួលគោលនយោបាយ និងសកម្មភាពការអនុវត្ត ច្បាប់។ សហរដ្ឋអាមេរិកបាននិយាយថាកិច្ចប្រឹងប្រែងនឹងផ្តោតលើការប្រយុទ្ធប្រឆាំងជាសកល លើការផលិត និងជួញដូរគ្រឿងញៀនខុសច្បាប់ប្រឆាំងនឹងថ្នាំញៀន Fentanyl។ បើតាមមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក ថ្នាំញៀន Fentanyl បានដុតបញ្ឆេះវិបត្តិសុខាភិបាលសាធារណៈដោយមនុស្សប្រហែល ១៥០នាក់បានស្លាប់ជារៀងរាល់ថ្ងៃក្នុងសហរដ្ឋអាមេរិក ដោយសារតែការប្រើប្រាស់ថ្នាំញៀនប្រភេទនេះលើសកម្រិត។

* សា្តរបណ្ដាញទំនាក់ទំនងយោធាឡើងវិញ

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានឯកភាពគ្នាសា្តរបណ្ដាញទំនាក់ទំនងរវាងយោធា និងយោធាឡើងវិញ ហើយមេដឹកនាំនៃប្រទេសទំាង ២ក៏បានសន្យាផងដែរថា នឹងរក្សាការបើកចំហបណ្ដាញទំនាក់ទំនង។ នៅក្រោមផែនការនេះ ការពិគ្រោះយោបល់ជាប្រចាំរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីចិន រួមទាំងកិច្ចពិភាក្សាសម្របសម្រួលខាងគោលនយោបាយអាមេរិក-ចិន និងកិច្ចព្រមព្រៀងពិគ្រោះយោបល់ដែនសមុទ្រយោធាអាមេរិក-ចិន នឹងត្រូវដំណើរការឡើងវិញ។ បន្ថែមពីលើនេះ ក្រុមមន្ត្រីអាមេរិកបាននិយាយថាការផ្លាស់ប្ដូរទាំងនេះក៏មានន័យដែរថាកិច្ចប្រជុំ និងកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេបញ្ជាការយោធានឹងត្រូវចាប់ផ្ដើម ឡើងវិញ សំដៅកាត់បន្ថយការយល់ច្រឡំ។

ចិនបានកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២។ ក្រៅពីបញ្ហាទាំងនេះ សហរដ្ឋអាមេរិក និងចិនបានឯកភាពលើបញ្ហាមួយចំនួនទៀតដូចជា​កិច្ចសន្ទនាស្ដីពី បញ្ញាសប្បនិម្មិត ការបង្កើនជើងហោះហើរនៅដើមឆ្នាំក្រោយ ការផ្លាស់ប្ដូរការសិក្សា វប្បធម៌រវាងប្រជាជន និងប្រជាជន និងកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំ នៃប្រទេសទាំង២។

* ពាក្យមេដឹកនាំផ្ដាច់ការនៅតែជាស្រមោលអាក្រក់

នៅក្រោយកិច្ចប្រជុំកំពូលជាមួយលោក ស៊ី ជីនពីង លោក ចូ បៃដិន បានប្រកាសថាកិច្ចប្រជុំនេះបានប្រព្រឹត្តទៅប្រកបលក្ខណៈស្ថាបនា និងផ្លែផ្កា។ ប៉ុន្តែ មិនទាន់ដល់មួយ ថ្ងៃស្រួលបួលផង លោក បៃដិន ស្រាប់តែបាននិយាយថាលោកនៅតែជឿជាក់ថាលោក ស៊ី ជីនពីង គឺជាមេដឹកនាំផ្ដាច់ការម្នាក់ ហើយដែលការកត់សម្គាល់បែបនេះបង្ហាញពី «ដែនកំណត់នៃកិច្ចសហការគ្នារវាងសហរដ្ឋអាមេរិក និងចិន ហើយវានឹងនៅតែជាស្រមោលអាក្រក់នៃទំនាក់ទំនងអាមេរិក-ចិន។ ជាការឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន CNN ម្នាក់ដែលបានសួរថាតើរូបលោកនៅតែចាត់ទុកលោក​ប្រធានាធិបតី ស៊ី ជីនពីង ជាមេដឹកនាំផ្ដាច់ការទៀតដែរឬក៏យ៉ាងណា? លោក បៃដិន បានឆ្លើយទៅវិញដូច្នេះថា «លោក ស៉ី គឺជាមេដឹកផ្តាច់ការមែន។ លោក ស៉ី គឺប្រៀបដូចជាជនផ្តាច់ការ ត្រង់ថាលោកគឺជាមេដឹកនាំម្នាក់ គ្រប់គ្រងប្រទេសមួយជាប្រទេសកុម្មុយនិស្ត ដែលឈរលើប្រព័ន្ធរដ្ឋាភិបាលខុសស្រឡះពីយើង»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក បៃដិន ហៅលោក ស៊ី ជីនពីងជាមេដឹកនាំផ្ដាច់ការ ដោយកាលពីខែមករា ឆ្នាំ២០២២ និងចុងក្រោយបំផុត កាលពីខែមិថុនា ឆ្នាំ២០២៣ លោក បៃដិនក៏ធ្លាប់ហៅលោក ស៊ី ជិនពីងជាមេដឹកនាំផ្ដាច់ការម្នាក់ផងដែរ នៅពេលដែលលោកនិយាយពាក់ព័ន្ធនឹងរឿងយោធាអាមេរិកបាញ់ ទម្លាក់បាឡុងមួយរបស់ចិនក្នុងដែនអាកាសអាមេរិក៕ ប្រភព៖ Fresh News

 

អត្ថបទទាក់ទង