Grand News Asia Close

វិភាគអន្តរជាតិ៖ ខណៈសង្រ្គាម២ ផ្ទុះឡើង ចិនកំពុងធ្វើតេស្ដអាមេរិកនៅអាស៊ី?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 245
វិភាគអន្តរជាតិ៖ ខណៈសង្រ្គាម២ ផ្ទុះឡើង ចិនកំពុងធ្វើតេស្ដអាមេរិកនៅអាស៊ី? វិភាគអន្តរជាតិ៖ ខណៈសង្រ្គាម២ ផ្ទុះឡើង ចិនកំពុងធ្វើតេស្ដអាមេរិកនៅអាស៊ី?

(​វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមកំពុងផ្ទុះឡើងនៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាមេរិកត្រូវបានព្រមានថាមិនមានលទ្ធភាពប្រឈមមុខនឹងវិបត្តិ ភូមិសាស្ត្រនយោបាយ ឬសង្រ្គាមណាមួយផ្សេងទៀតផ្ទុះឡើងនោះទេ។ ជាក់ស្ដែង កាលពីខែតុលាកន្លងទៅនេះ លោកប្រធានាធិបតី ចូ បៃដិន បានព្រមានចិន ត្រង់ៗកុំឱ្យបើកការវាយប្រហារណាមួយលើហ្វីលីពីន បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងម៉ានីលប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ជាបន្តបន្ទាប់ នៅក្នុងតំបន់ សមុទ្រចិនខាងត្បូង។ «ការប្ដេជ្ញាចិត្តយោធារបស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីន គឺរឹងមាំដូចដែកថែប។ ដូច្នេះការវាយប្រហារណាមួយលើយន្ដហោះចម្បាំង នាវា ឬកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នោះវានឹងជំរុញដំណើរការនៃសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក»។ នេះជាការលើកឡើងរបស់លោក បៃដិន។

ការសន្យាបែបនេះរបស់លោក បៃដិន បានបង្ហាញយ៉ាងច្បាស់ពីការកើនឡើងភាពតានតឹងនៅក្នុងគោលនយោបាយការបរទេសអាមេរិក ដែលកំពុងបង្កភាព រសើបដល់បណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ចាប់តាំងពីឡើងកាន់អំណាចមក លោក បៃដិនបានព្យាយាមស្ដារទំនុកចិត្តពីសម្ព័ន្ធមិត្តឡើងវិញ។ នៅ អឺរ៉ុប NATO កាន់តែមានការរួបរួមគ្នាក្នុងការឆ្លើយតបទៅនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។ នៅអាស៊ីវិញ សម្ព័ន្ធភាពអាមេរិកជាមួយ អូស្ត្រាលី ជប៉ុន ហ្វីលីពីន និងកូរ៉េខាងត្បូងក៏កាន់តែមានភាពស៊ីជម្រៅឡើងផងដែរ។ ក្នុងបរិបទនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់លោក បៃដិន ក្រុមមន្ត្រី អាមេរិកតែងតែលើកឡើងជារឿយៗពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ។

ប៉ុន្តែ បញ្ហាគឺស្ថិតនៅត្រង់ថាសហរដ្ឋអាមេរិក កំពុងទាមទារឱ្យទំនាក់ទំនាក់របៀបនេះកាន់តែមានទម្ងន់ភូមិសាស្ត្រនយោបាយ។ ត្រូវការសម្ព័ន្ធភាពរឹងមាំ នោះ គឺដោយសារតែក្នុងពេលឥលូវ សហរដ្ឋអាមេរិកលែងអាចដោះស្រាយបញ្ហាសកលតែម្នាក់ឯងបានទៀតនោះឡើយ ជាពិសេសនៅចំពោះមុខការកើនឡើង ឥទ្ធិពលចិន។ ការណ៍នេះធ្វើឱ្យសហរដ្ឋអាមេរិកត្រូវប្រឈមមុខនឹងជម្រើសដ៏លំបាក២៖ ម្យ៉ាងសម្ព័ន្ធមិត្តងាយរងគ្រោះដូចជាហ្វីលីពីន ត្រូវការជាចាំបាច់នូវ ការធានាយ៉ាងរឹងមាំ និងសកម្មភាពជាក់ស្ដែង។ រីឯម្យ៉ាងទៀត គូប្រជែងដូចជាចិននឹងស្វែងរកឱកាសដើម្បីធ្វើតេស្តលើការប្ដេជ្ញាចិត្តនៃប្រព័ន្ធសម្ព័ន្ធមិត្តអាមេរិក ដូចដែលចិនកំពុងធ្វើនាពេលសព្វថ្ងៃជាមួយហ្វីលីពីន សំដៅបាចសាចការសង្ស័យចំពោះភាពគួរឱ្យទុកចិត្តបានរបស់វ៉ាស៊ីនតោន។

ភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ត្រូវបានផ្តោតជាសំខាន់លើការប៉ុនប៉ងរបស់ហ្វីលីពីនក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារៈចំាចាច់នានាទៅ ឱ្យទាហានរបស់ខ្លួនដែលកំពុងឈរជើងនៅលើខ្មោចកប៉ាល់សល់ពីសម័យសង្រ្គាមលោកលើកទី២មានឈ្មោះថា BRP Sierra Madre។ ហ្វីលីពីនមានចេតនា ចតកប៉ាល់នេះចោលនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដើម្បីអះអាងពីអធិបតេយ្យរបស់ខ្លួន ប្រជែងជាមួយចិន។ ឧប្បដិហេតុរវាងចិន និងហ្វីលីពីន ក្នុងតំបន់ថ្មប៉ប្រះទឹកពាក់ព័ន្ធនឹងខ្មោចកប៉ាល់ BRP Sierra Madre បានកើតឡើងជាច្រើនលើក ក្នុងនោះរួមមានទាំងការបុកទង្គិចគ្នារវាង នាវាចិន និងទូកហ្វីលីពីនដែលព្យាយាមដឹកសម្ភារៈទៅឱ្យទាហានឈរជើងលើខ្មោចកប៉ាល់នេះកាលពីខែតុលាកន្លងទៅ។

ភាពតានតឹងទាំងនេះឯង បានជំរុញឱ្យប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos កាន់តែបោះដៃទៅរកសហរដ្ឋអាមេរិក ដោយសឹងតែបោះបង់ចោល នូវគោលនយោបាយគាំទ្រទីក្រុងប៉េកាំង របស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ កាលពីខែកុម្ភៈដើមឆ្នាំកន្លងទៅ លោក Marcos បានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីនចំនួន៤បន្ថែម ហើយនៅខែមេសា ឆ្នាំដដែល ម៉ានីល និងវ៉ាស៊ីនតោនបានដឹកនាំការធ្វើ សមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមិនធ្លាប់មាន។ ភ្លាមៗ ក្រោយមានកិច្ចព្រមព្រៀងស្ដីពីមូលដ្ឋានទ័ពហ្វីលីពីន លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានបរិហារ សហរដ្ឋអាមេរិកថាកំពុងបន្តអនុវត្តនយោបាយគ្រប់គ្រង ឬ containment ឡោមព័ទ្ធ និងគាបសង្កត់លើចិន នៅក្រោមដំណើរការមួយដែលលោក ស៊ី ជិនពីង មើលឃើញហ្វីលីពីនដើរតួនាទីយ៉ាងសំខាន់។

ការពិតណាស់ ការពង្រឹងទំនាក់ទំនងជាមួយហ្វីលីពីន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់លោក បៃដិន។ ប៉ុន្តែខណៈសម្ព័ន្ធភាពកាន់តែរឹងមាំ វាក៏ នឹងកាន់តែជំរុញផងដែរឱ្យគូប្រជែងរបស់សហរដ្ឋអាមេរិក ដូចជាចិនសាកល្បងធ្វើតេស្ដ។ លោក Marcos បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន កាលពីខែ ឧសភា ​និងបានត្រឡប់ទៅកាន់ហ្វីលីពីនវិញជាមួយសេចក្ដីថ្លែងការណ៍រួមដែលបានគូសបញ្ជាក់ច្បាស់ៗពីការធានារបស់សហរដ្ឋអាមេរិក។ «ការវាយប្រហារ ដោយប្រដាប់អាវុធណាមួយលើកងកម្លាំង នាវា ឬយន្ដហោះចម្បាំងរបស់ហ្វីលីពីននៅក្នុងតំបន់ប៉ាស៊ីហ្វិក ក្នុងនោះរួមទាំងនៅសមុទ្រចិនខាងត្បូង នឹងជំរុញ ដំណើរការសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក»។ នេះជាការបញ្ជាក់របស់សេចក្ដីថ្លែងការណ៍រួម ដែលការបញ្ចូលបញ្ហាសមុទ្រចិនខាងត្បូង និងការលើកឡើងពី នាវាហ្វីលីពីនដូចជា Sierra Madre គឺកើតឡើងដោយសារការព្យាយាមបញ្ចុះបញ្ចូលរបស់ទីក្រុងម៉ានីលចង់ឱ្យមានការបញ្ជាក់ឱ្យច្បាស់ៗពីអ្វីដែល ទីក្រុងវ៉ាស៊ីនតោនត្រូវធ្វើ។

ប៉ុន្តែ ព្រមពេលជាមួយគ្នា យុទ្ធសាស្ត្រចម្បងមួយរបស់ចិន នោះគឺធ្វើតេស្ដ និងការរកឱ្យឃើញពីចន្លោះប្រហោងសម្ព័ន្ធមិត្តរបស់អាមេរិក ហើយតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal គឺជាកន្លែងស័ក្តិសមសម្រាប់ការធ្វើតេស្ដ ពីព្រោះថា «Sierra Madre» គឺជានាវាហ្វីលីពីនដែលសហរដ្ឋអាមេរិកមានកតាព្វកិច្ច ត្រូវការពារ។ នៅត្រង់នេះ ទីក្រុងប៉េកាំងបានបង្កើតសំណួរមួយសម្រាប់ហ្វីលីពីន គឺ«តើអ្នកប្រាកដទេថាទីក្រុងវ៉ាស៊ីនតោននឹងស្ថិតនៅទីនោះ ដើម្បីជួយអ្នក នៅពេលអ្នកត្រូវការពួកគេ»? សំណួរនេះនឹងបង្កបញ្ហាដូចគ្នាសម្រាប់សហរដ្ឋអាមេរិក។ ពោលគឺប្រសិនបើសហរដ្ឋអាមេរិកផ្ដល់ការគាំទ្រតិចពេកដល់សម្ព័ន្ធមិត្ត របស់ខ្លួននៅអាស៊ី នោះវាអាចនឹងបំផ្លាញទំនុកចិត្ត និងសមត្ថភាពកំញើញ។ តែបើសហរដ្ឋអាមេរិក ធ្វើខ្លាំងពេកវិញ នោះទីក្រុងប៉េកាំងអាចនឹងយករឿងនេះទៅ ប្រាប់គេឯងថាទីក្រុងវ៉ាស៊ីនតោនជាអ្នកបង្កអស្ថិរភាព និងការគំរាមកំហែងក្នុងតំបន់។ ការរក្សាតុល្យភាពនៃសកម្មភាព ក្នុងពេលបច្ចុប្បន្នគឺជារឿងមួយដ៏ស្មុគស្មាញ ជាពិសេសក្នុងពេលដែលប្រព័ន្ធសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកំពុងតែត្រូវបានធ្វើតេស្ដទាំងនៅអឺរ៉ុបផង និងនៅមជ្ឈិមបូព៌ាផង។

ក្នុងន័យនេះបើទោះជាសហរដ្ឋអាមេរិក កំពុងគ្រប់គ្រងការធ្វើសកម្មភាពប្រកបដោយតុល្យភាពបានយ៉ាងល្អប្រសើរក៏ពិតមែន ប៉ុន្តែវាមិនមែនមានន័យថាការសង្ស័យ នៅក្នុងចំណោមសម្ព័ន្ធមិត្តត្រូវរលាយបាត់នោះទេ ឬក៏អាចនឹងកាន់តែឡើងផងក៏ថាបានក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ លោក Paul Kennedy ជាអ្នកប្រវត្តិសាស្ត្រម្នាក់ និងជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា The Rise and Fall of the Great Powers បានលើកឡើងថានៅក្នុង ពិភពលោកមួយសព្វថ្ងៃដែលមាន «ប៉ូល» កាន់តែច្រើន ចង់ ឬមិនចង់វានឹងបង្ខំឱ្យសហរដ្ឋអាមេរិកត្រូវបង្ខំចិត្តផ្ដោតទៅលើសម្ព័ន្ធមិត្តណាដែលមានប្រយោជន៍សម្រាប់ «យុទ្ធសាស្ត្រស្នូល» របស់ខ្លួនតែប៉ុណ្ណោះ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង