បទវិភាគ៖ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជាឧក្រិដ្ឋកម្មទាន់សម័យ ចូរកុំអង្គុយចោទគ្នា គួររួមគ្នាដោះស្រាយ!
AKP | ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ — ឧក្រិដ្ឋកម្មសាយប័រក្តី ឬ ឧក្រិដ្ឋកម្មអនឡាញក្តី ឬឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្តី ឬការបោកប្រាស់តាមទូរស័ព្ទក្តី ឬការក្លែងបន្លំតាមអនឡាញក្តី គឺជាឧក្រិដ្ឋកម្មដែលគេបកប្រែផ្សេងៗគ្នា ពីភាសាអង់គ្លេស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាសឹងតែដូចគ្នា ហើយយើងអាចចាត់ទុកថា គឺជាឧក្រិដ្ឋកម្មទាន់សម័យ ដែលកំពុងតែរីកដុះដាលនៅលើពិភពលោក ដែលមិនគួរមានករណីអង្គុយចោទគ្នាទៅវិញទៅមកឡើយ គួរតែរួមគ្នាដោះស្រាយ ហើយរួមគ្នាប្រយុទ្ធប្រឆាំងទើបប្រសើរជាង។
ឧក្រិដ្ឋកម្មប្រភេទនេះជាឧក្រិដ្ឋកម្មស៊ីវិល័យនៅក្នុងយុគសម័យ នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងឌីជីថល ហើយវាកើតមានឡើង និងរីករាលដាលជុំវិញពិភពលោក។ វាគឺជាឧក្រិដ្ឋកម្មដែលគ្មានព្រំដែន ដោយសារតែក្រុមឧក្រិដ្ឋជនអាចប្រពឹត្តនៅទីណាក៏បានឱ្យតែមានអ៊ីនធឺណិត។ ហើយសូម្បីតែថៃខ្លួនឯងក៏មានសេចក្តីរាយការណ៍ជាហូរហែថាមានជាប់ពាក់ព័ន្ធនឹងបញ្ហានេះ និងត្រូវបានគេស្គាល់ដែរថាជាទីសុវត្ថិភាព ក្នុងតំបន់ ដែលមានប្រព័ន្ធអ៊ីនធឺណិតហូរហៀរ សម្រួលដល់បណ្តាញឧក្រិដ្ឋជនឆបោក និងការជួញដូរមនុស្សក្នុងការធ្វើសកម្មភាពខុសច្បាប់ទាំងក្នុងប្រទេសរបស់ខ្លួន ហើយបានរាលដាលដល់ប្រទេសជិតខាងថែមទៀត ក្នុងនោះអ្នករងគ្រោះក៏មានកម្ពុជាផងដែរ។
នៅពេលនេះ បើយើងរវល់តែអង្គុយចាប់កំហុសគ្នាដូចជាអ្វីដែលអាជ្ញាធរថៃបាននិងកំពុងតែធ្វើ ហើយព្យាយាមលាបពណ៌បំប្លែងបំផ្លើស ដាក់បន្ទុកមកកម្ពុជា ដើម្បីបិទបាំងកំសោយនៃភាពដឹកនាំ ខ្វះការអនុវត្តច្បាប់ និងវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបង្វែរចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិលើរឿងសម្រេចបិទព្រំដែនជាឯកតោភាគី គឺជារឿងដែលមិនគួរកើតមាននោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ដែលធ្លាប់បានសារភាពខ្លួនឯងថា ធ្លាប់ប៊ិះនឹងរងគ្រោះដោយសារតែឧក្រិដ្ឋជនលួចក្លូនសម្លេងថ្នាក់ដឹកនាំបរទេសកន្លងមកនោះ បានបង្ហាញពីការខ្វះការទទួលខុសត្រូវ និងគ្មានក្រមសីលធម៌ក្នុងការដឹកនាំ ដោយលោកជំទាវ បានគេចវេសដោយគ្មានភាពអាម៉ាសសូម្បីបន្តិច ចេញពីបញ្ហាដែលទាហានថៃខ្លួនបានបង្កើតឡើង គឺការបាញ់មកលើទាហានខ្មែរបណ្តាលឱ្យស្លាប់ ការបិទព្រំដែនដោយឯកតោភាគី និងបញ្ហាជាច្រើនទៀតដែលភាគីថៃបានបង្កឡើង ជុំវិញរឿងព្រំដែនជាមួយកម្ពុជា ហើយបែរជាយកបញ្ហានេះទៅភ្ជាប់នឹងឧក្រិដ្ឋកម្មឆបោក ខណៈប្រទេសថៃខ្លួនឯងត្រូវបានរាយការណ៍ក្នុងសារព័ត៌មានអន្តរជាតិជាហូរហែថាមានជាប់ពាក់ព័ន្ធនឹងបញ្ហាឆបោកនេះ ក៏ដូចជាអំពើជួញដូរមនុស្សផ្សេងៗផងដែរនោះទៅវិញ។
ភាពតានតឹងនៅព្រំដែនដែលផ្តើមចេញពីកំសោយនៃរចនាសម្ព័ន្ធដឹកនាំ និងបញ្ជា រហូតដល់រាជរដ្ឋាភិបាលថៃបោះបង់សិទ្ធិសម្រេចស្របច្បាប់ស្របតាមរដ្ឋធម្មនុញ្ញ ដោយប្រគល់សិទ្ធិសម្រេចឱ្យយោធាត្រឹមកម្រិតភូមិភាគ បានធ្វើឱ្យសភាពការណ៍នៃការផ្ទុះអាវុធនៅតំបន់មុំបីកាន់តែរីកធំ ឈានចេញពីសម្ពាធយោធា រហូតដល់សេដ្ឋកិច្ច និងការទូត ប៉ុន្តែអាជ្ញាធរថៃបែរជាមិនខ្វល់ ហើយប្រឌិតរឿងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមកបិទបាំងទៅវិញ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល និងអាជ្ញាធរថៃ បានអោបដៃឈរមើល និងអនុញ្ញាតឱ្យសារព័ត៌មានថៃ និងអ្នកបង្កើតមាតិកាបណ្តាញសង្គមក្នុងប្រទេសខ្លួនមួយចំនួន បង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងរាយការណ៍ព័ត៌មានដោយបំភ្លៃការពិតអំពីស្ថានភាព និងព្រឹត្តិការណ៍ដែលកើតឡើងពាក់ព័ន្ធនឹងរឿងព្រំដែន ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មកទល់ពេលនេះ ដោយពុំមានដាក់ចេញវិធានការណាមួយ ដើម្បីធានាការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញសង្គមឡើយ។ ក្នុងន័យនេះ ប្រទេសថៃ ដែលធ្លាប់ត្រូវបានគេទទួលស្គាល់ថាជាប្រទេសគោរពវិជ្ជាជីវៈសារព័ត៌មាន បែរជាប្រែស្រឡះពេលនេះបានក្លាយជាប្រទេសដែលខ្វះក្រមសីលធម៌ដោយសារតែសារព័ត៌មានរបស់ខ្លួនផ្សាយព័ត៌មានគ្មានវិជ្ជាជីវៈ រាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា-ថៃ តាមចិត្តនឹកឃើញ ដោយប្រើការបញ្ចេញបញ្ចូលអារម្មណ៍ផ្ទាល់ខ្លួន ប្រាសចាកពីនិយាមវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យមតិជាតិខ្លួន និងអន្តរជាតិអស់ជំនឿ។
ងាកមកផ្តោតលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតវិញ ទាំងអង្គការសហប្រជាជាតិ តួអង្គជាតិ-អន្តរជាតិ សុទ្ធតែបានទទួលស្គាល់ភាពស្មុគស្មាញចាក់ស្រេះនៃបញ្ហានេះ ដែលជាឧក្រិដ្ឋកម្មឆ្លងដែនសកល ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នាការឆ្លើយតបជាសកល។ នោះក៏ព្រោះតែឧក្រិដ្ឋកម្មទាន់សម័យនេះ វាពិតជាពិបាកទប់ស្កាត់លើសពីឧក្រិដ្ឋកម្មជាប្រពៃណី ដែលមានដូចជា ការជួញដូរគ្រឿងញៀន អំពើជួញដូរមនុស្ស ការលាងលុយកខ្វក់… ទៅទៀត។
ពិតណាស់ ឧក្រិដ្ឋកម្មប្រភេទនេះត្រូវបានប្រព្រឹត្តនៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដ៏ស្មុគស្មាញ ដែលរួមផ្សំគ្នាដោយបដិវត្តន៍ឌីជីថល និងការចាប់ផ្តើមនៃយុគសម័យបញ្ញាសិប្បនិម្មិត ហើយវាបាន និងកំពុងតែកើតមានសឹងតែគ្រប់ទិសទី រួមបញ្ចូលទាំងនៅប្រទេសថៃផងដែរ។ វាគឺជាអំពើឧក្រិដ្ឋកម្មដែលទាមទារការធ្វើការជាមួយគ្នា ហើយប្រទាក់ក្រឡាគ្នាតាមគ្រប់យន្តការ តាំងពីថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ នៅក្នុងកម្រិតប្រទេស រហូតដល់ថ្នាក់តំបន់ឆ្លងព្រំដែន ពីប្រទេសមួយទៅប្រទេសមួយ។
កម្ពុជាគឺជាប្រទេសដែលរងគ្រោះដោយសារឧក្រិដ្ឋកម្មឆ្លងដែននេះ តែមិនមែនជាសំបុក នៃការឆបោកដូចការចោទប្រកាន់នាពេលថ្មីនេះឡើយ។ កម្ពុជា ជាប្រទេសមួយសកម្ម ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននេះ ដោយបានចាត់វិធានការណ៍សមស្របនានា ដើម្បីទប់ស្កាត់ និងបង្រ្កាបទង្វើខុសច្បាប់ទាំងឡាយ ដែលបានកើតឡើងនៅលើទឹកដីកម្ពុជា ចាប់តាំងពីអំឡុងពេលមុនកូវីដ១៩ បានរីករាលដាលខ្លាំង រហូតមកទល់ពេលនេះ និងបន្តអនុវត្តតទៅទៀត ព្រោះរាជរដ្ឋាភិបាលកម្ពុជាពុំដែលព្រងើយកន្តើយឡើយចំពោះបទល្មើសឆបោក ក៏ដូចជាទង្វើខុសច្បាប់ដទៃទៀតផងដែរ។
ជាក់ស្តែង កម្ពុជាបានចេញបម្រាម និងបិទអាជ្ញាបណ្ណល្បែងអនឡាញតាំងពីឆ្នាំ២០១៩ ហើយកម្ពុជាក៏បានចាប់ និងឃាត់ខ្លួនឧក្រិដ្ឋជនបរទេសជាច្រើន ដោយមួយចំនួនបានសហការជាមួយនឹងភាគីចិនបញ្ជូនឧក្រិដ្ឋជនទៅកាន់ប្រទេសចិនវិញក៏មាន រហូតដល់មានមតិរិៈគន់កម្ពុជារឿងសិទ្ធិមនុស្សផងដែរពាក់ព័ន្ធនឹងករណីនេះ។
សម្រាប់ថៃគឺទើបតែបែកសំបុកឧក្រិដ្ឋកម្មនេះតែប៉ុណ្ណោះ ពោលគឺក្រោយពេលដែលតារាសម្តែងចិនឈ្មោះ វ៉ាង ស៊ីង (Wang Xing) ដែលត្រូវបានជនឆបោកជួញដូរពីអាកាសយានដ្ឋានសុវណ្ណភូមិទៅកាន់ទីតាំងប្រតិបត្តិការឧក្រិដ្ឋកម្មដែលនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃទេសចរចិនមកកាន់ប្រទេសថៃកាលពីខែមករា ដើមឆ្នាំ។
ក្រោយរឿងនេះផ្ទុះ ចំនួនទេសចរចិនបានធ្លាក់ចុះរហូតដល់បច្ចុប្បន្ននេះ ទើបអាជ្ញាធរថៃស្ទុះស្ទារចោទគេចោទឯង រួមទាំងកម្ពុជាផងដែរ។ ថ្មីៗនេះទៀត អង្គការសហប្រជាជាតិបានចេញលិខិតមួយផ្ញើទៅកាន់រាជរដ្ឋាភិបាលថៃ ដើម្បីឱ្យបំភ្លឺលើចំណាត់ការខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន និងក្រុមឧក្រិដ្ឋកម្មអនឡាញ ដែលកំពុងតែរីកស្គុះស្គាយក្នុងតំបន់មួយចំនួនក្នុងប្រទេសខ្លួនទៀតផង។
សរុបទៅ ឧក្រិដ្ឋកម្មសាយប័រក្តី ឬ ឧក្រិដ្ឋកម្មអនឡាញក្តី ឬឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្តី ឬការបោកប្រាស់តាមទូរស័ព្ទក្តី ឬការក្លែងបន្លំតាមអនឡាញក្តី គឺជាទម្រង់នៃឧក្រិដ្ឋកម្មស៊ីវិល័យដែលទាមទារនូវកិច្ចសហការគ្នាជាប្រព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ សូម្បីការបង្រ្កាបឧក្រិដ្ឋកម្មជាប្រពៃណី ក៏មកទល់ពេលនេះ គ្មានប្រទេសណាមួយបានទទួលជោគជ័យ១០០ ភាគរយនៅឡើយដែរ ចុះទម្រាំជាឧក្រិដ្ឋកម្មដ៏ទំនើប និងស្មុគស្មាញបែបនេះ មិនមែនជារឿងងាយនោះឡើយ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ទាមទារកិច្ចសហការជាប្រព័ន្ធ ទូលំទូលាយ ហើយស្មោះត្រង់ និងប្រយុទ្ធប្រឆាំងដោយតម្លាភាព មិនមែនយកវាទៅផ្សារភ្ជាប់នឹងបញ្ហាផ្សេងនោះ ហើយចោទដាក់គេឯងនោះទេ។ ទង្វើដែលថៃបានធ្វើ មិនមែនជាភាពដឹកនាំប្រកបដោយក្រមសីលធម៌ បែបស៊ីវីល័យដែលគួរឱ្យគោរពនោះឡើយ។ សូមបង្កើនកិច្ចសហការគ្នាជាជាងបង្កើនជម្លោះ ហើយអង្គុយរិះគន់គ្នា ហើយគួរតែរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងវាទាំងអស់គ្នាទើបមានប្រសិទ្ធភាព ក្រោមទិសស្លោក “ យើងរួមគ្នាបោសសម្អាតសំរាម (ឧក្រិដ្ឋជន Online Scams) ពីក្នុងផ្ទះ “!៕
ដោយ AKP

