Grand News Asia Close

អ្នកវិភាគនៅកម្ពុជា គាំទ្រអភិក្រម “រៀនឱ្យចប់ ចេះ មានការងារធ្វើ”របស់នាយករដ្ឋមន្ត្រី ខណៈដែលក្រសួងការងារបានត្រៀមលក្ខណៈសម្បតិ្តរួចជាស្រេចដើម្បីគាំទ្រ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 180
អ្នកវិភាគនៅកម្ពុជា គាំទ្រអភិក្រម “រៀនឱ្យចប់ ចេះ មានការងារធ្វើ”របស់នាយករដ្ឋមន្ត្រី ខណៈដែលក្រសួងការងារបានត្រៀមលក្ខណៈសម្បតិ្តរួចជាស្រេចដើម្បីគាំទ្រ អ្នកវិភាគនៅកម្ពុជា គាំទ្រអភិក្រម “រៀនឱ្យចប់ ចេះ មានការងារធ្វើ”របស់នាយករដ្ឋមន្ត្រី ខណៈដែលក្រសួងការងារបានត្រៀមលក្ខណៈសម្បតិ្តរួចជាស្រេចដើម្បីគាំទ្រ

អ្នកវិភាគសង្គម​មួយរូបនៅកម្ពុជា លោកបណ្ឌិត យ៉ង់ ពៅ បានគាំទ្រ និងវាយ​តម្លៃខ្ពស់​ចំពោះ​អភិក្រម “រៀនឱ្យចប់ ចេះ មានការងារធ្វើ”របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថាជាប្រទីប​យ៉ាងសំខាន់ ដើម្បី​ការ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​គ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យសម្រេចបានជោគជ័យ និងផ្លែផ្កា។

លោកបណ្ឌិតបានគូសបញ្ជាក់ថា «ដូចអ្វីដែលយើងដឹងហើយថា … បើការ​បណ្តុះ​បណ្តាល​មាន​គុណ​ភាព​នោះ គឺផ្តល់សារសំខាន់ណាស់ដល់សង្គមជាតិ និងជួយស្រោចស្រង់ និងលើកកម្ពស់​ជីវភាព​ពលរដ្ឋក្នុងគោលដៅនាពេលអនាគត»។

សម្រាប់បណ្ឌិតរូបនេះ អភិក្រមសម្រាប់ការបណ្តុះបណ្តាលដែលគូស​បញ្ជាក់​ដោយ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​នា​ពេលនេះ នឹងនាំឱ្យកម្ពុជាប្រែក្លាយ​ពី​កម្លាំង​អតិពលកម្ម​ក្នុង​ទីផ្សារ​ទៅ​ជា​ទីផ្សារ​ដែល​ពោ​ពេញដោយជំនាញដែលកំពុងមានតម្រូវការខ្ពស់ពីវិស័យឯកជន។

លោកថា៖ «ប្រសិនបើយើងជោគជ័យ នោះវាជាការប្រសើរខ្លាំងមែនទែន។ ដើម្បីឱ្យគោល​នយោបាយ​នេះ​ជោគជ័យ ត្រូវមានការចូលរួមពីវិស័យឯកជនជាចាំបាច់ ដើម្បីឲ្យកូន​សិស្ស​ដែល​បញ្ចប់​ការ​សិក្សាហើយ អាចទទួលបាន​ឱកាស​ការងារ​នៅ​តាម​បណ្តា​ក្រុម​ហ៊ុន​ឯកជន​ទាំង​នោះ​ស្រាប់​»។

សូមបញ្ជាក់ថា សម្តេចធិបតីកាលពីថ្ងៃទី២ ខែវិច្ឆិកានេះ បានណែនាំឱ្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា ត្រូវអនុវត្តឱ្យបាននៅអភិក្រមចំនួន៣ “រៀនឱ្យចប់ ចេះ មានការងារធ្វើ” លើការ​បណ្តុះ​បណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមគោលដៅមកពីគ្រួសារក្រីក្រ និង​ងាយរង​គ្រោះ​ដែល​ប្រមុខរដ្ឋាភិបាលនឹងប្រកាសដាក់ចេញនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។

ទន្ទឹមនឹងការណែនាំអភិក្រមលើការបណ្តុះបណ្តាលនេះ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជាក្រសួងសមីក្នុងការធានាបណ្តុះបណ្តាល បានត្រៀមខ្លួនរួច​ជា​ស្រេច ដើម្បី​អនុវ​ត្ត​ឱ្យ​បានជោគជ័យនៅការណែនាំរបស់ប្រមុខរដ្ឋាភិបាល។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួន​រួ​ច​ជា​ស្រេច​ក្នុង​ការ​បណ្តុះ​បណ្តាល​យុវជន​ក្រុម​គោលដៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្នុងនោះក្រសួង​បាន​ត្រៀម​វិស័យ​ចំនួន​១០ និងមុខជំនាញជាង៣០ ដើម្បីបណ្តុះបណ្តាល។ បើតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាព នៃ​ការ​បណ្តុះបណ្តាល ក្រសួង បានបណ្តុះបណ្តាល​វិក្រឹត្យការ​ ជំនាន់ទី១ ជូន​គ្រូឧទ្ទេសចំនួន ២៤៥ នាក់ មក​ពីទូទាំងប្រទេស ដើម្បីត្រៀមគាំទ្រការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និង​ងាយ​រង​គ្រោះលើជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យជោគជ័យ។

យ៉ាងណាក៏ដោយ លោកបណ្ឌិតយ៉ង់ ពៅ បានគូសបញ្ជាក់ថា អភិក្រមនេះ មានតម្លៃលុះត្រាណា​តែ​សិក្ខាកាមមានសមត្ថភាព មានការងារធ្វើ ដែលវិស័យឯកជនសរសើរទើបជាជោគជ័យ៕ ប្រភព៖ BTV Cambodia

 

 

អត្ថបទទាក់ទង