Grand News Asia Close

 វិភាគអន្តរជាតិ៖ ហេតុអ្វីអេហ្ស៉ីប និងប្រទេសអារ៉ាប់ដទៃ មិនចង់ទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 193
 វិភាគអន្តរជាតិ៖ ហេតុអ្វីអេហ្ស៉ីប និងប្រទេសអារ៉ាប់ដទៃ មិនចង់ទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន?  វិភាគអន្តរជាតិ៖ ហេតុអ្វីអេហ្ស៉ីប និងប្រទេសអារ៉ាប់ដទៃ មិនចង់ទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន?

 

(គែរ)៖ ខណៈប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា កំពុងព្យាយាមស្វែងរកទីជម្រកជ្រកកោន និងគេចចេញពីយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ ពីសំណាក់អ៉ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា​ មានសំណួរដ៏សំខាន់មួយត្រូវបានចោទសួរឡើងថាតើ ហេតុអ្វីអេហ្ស៉ីប និងបណ្ដាប្រទេសអារ៉ាប់ដទៃទៀតក្នុងតំបន់​ តួយ៉ាងដូចជាហ្ស៊កដានី មិនព្រមទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន?

 

អេហ្ស៉ីបដែលមានព្រំដែនជាប់តំបន់ហ្កាហ្សា និងហ្ស៊កដានីដែលមានព្រំដែនជាប់តំបន់ West Bank បានបដិសេធទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនបន្ថែម បើទោះជាពួកគេយល់ព្រមបើកច្រកផ្លូវសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ក៏ដោយ។ ហ្ស៊កដានី បានទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនក្នុងចំនួនដ៏ច្រើន រួចទៅហើយ។ ប្រធានាធិបតីអេហ្ស៉ីប លោក អាប់ដែល ហ្វាតាស់ អាល់ស៊ីស៊ី (Abdel Fattah el-Sissi) បានធ្វើការកត់សម្គាល់ច្បាស់ៗកាលពីថ្ងៃពុធ ទី១៨ ខែតុលាថាសង្រ្គាមបច្ចុប្បន្ន មិនត្រឹមតែមានគោលដៅប្រយុទ្ធជាមួយក្រុមហាម៉ាសដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប៉ុនប៉ងបណ្ដេញ ជនភៀសខ្លួន…ចូលទៅកាន់ប្រទេសអេហ្ស៉ីបដែរ ហើយរឿងបែបនេះគឺមានតែបំផ្លាញសន្តិភាពក្នុងតំបន់តែប៉ុណ្ណោះ។

 

ចំណែក ព្រះមហាក្សត្រហ្ស៊កដានី ព្រះអង្គ អាប់ឌុលឡោះទី២ (Abdullah II) ក៏បានធ្វើការកត់សម្គាល់ដូចគ្នានេះដែរដោយនិយាយថា «គ្មានទៀតឡើយ ជនភៀសខ្លួនក្នុងប្រទេសហ្ស៊កដានី និងគ្មានទៀតឡើយជនភៀសខ្លួនក្នុងប្រទេសអេហ្ស៉ីប»។ តាមពិតទៅ ការបដិសេធនេះគឺមានហេតុផលចម្បងមួយ នោះគឺ មេដឹកនាំអារ៉ាប់ខ្លាចក្រែងថាអ៉ីស្រាអែលចង់បណ្ដេញប្រជាជនប៉ាឡេស្ទីនឱ្យទៅរស់នៅក្នុងប្រទេសរបស់ពួកគេជាអចិន្ត្រៃយ៍ និងលុបបំបាត់ចោលនូវក្ដីស្រមៃ ចង់បង្កើតប្រទេសប៉ាឡេស្ទីន។ លោក អាល់ស៊ីស៊ី បានលើកឡើងថាការបណ្ដេញប្រជាជនប៉ាឡេស្ទីនទ្រង់ទ្រាយធំ ក៏អាចនាំឱ្យមានលំហូរក្រុមសកម្មប្រយុទ្ធ ចូលទៅក្នុងឧបទ្វីបស៊ីណៃ (Sinai) របស់អេហ្ស៉ីបផងដែរ ជាទីដែលពួកគេអាចបើកការវាយប្រហារលើអ៉ីស្រាអែល និងបំផ្លាញសន្ធិសញ្ញាសន្តិភាពរវាង អេហ្ស៉ីប និងអ៉ីស្រាអែលមានអាយុកាលជាង៤០ឆ្នាំមកនេះ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ គួរដឹងពីចេតនានៃជំហររបស់អេហ្ស៉ីប និងហ្ស៊កដានី៖

 

* ប្រវត្តិនៃការបណ្ដេញប្រជាជនប៉ាឡេស្ទីន

ការបណ្ដេញចេញគឺជាប្រធានបទដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រប៉ាឡេស្ទីន។ ក្នុងសង្រ្គាមបង្កើតរដ្ឋអ៉ីស្រាអែលឆ្នាំ១៩៤៨ មានប្រជាជនប៉ាឡេស្ទីន ៧០០,០០០នាក់ ត្រូវបានបណ្ដេញចេញ ឬរត់ភៀសខ្លួនចេញពីទឹកដីដែលពួកគេធ្លាប់រស់នៅ និងបច្ចុប្បន្នជាទឹកដីអ៉ីស្រាអែល។ ប្រជាជនប៉ាឡេស្ទីនបានហៅ ព្រឹត្តិការណ៍នេះជាភាសាអារ៉ាប់ថាណាក់បា (Nakba) ដែលមានន័យថា «គ្រោះមហន្តរាយ»។ រហូតដល់សង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ ឬគេស្គាល់ថាសង្រ្គាម ៦ថ្ងៃ ពោលជាពេលដែលអ៉ីស្រាអែល ក្រោមការគាំទ្រពីសហរដ្ឋអាមេរិក បានដណ្ដើមគ្រប់គ្រតំបន់ West Bank និង Gaza បានបង្ខំឱ្យប្រជាជនប៉ាឡេស្ទីន ជាង ៣០០,០០០នាក់បន្ថែមទៀត រត់ភៀសខ្លួន ក្នុងនោះភាគច្រើនឆ្ពោះទៅកាន់ប្រទេសហ្ស៊កដានី។

 

សព្វថ្ងៃ ចំនួនជនភៀសខ្លួនប៉ាឡេស្ទីនមានដល់ទៅជិត ៦លាននាក់ ក្នុងនោះមានភាគច្រើនកំពុងរស់នៅក្នុងជំរំជនភៀសខ្លួន និងសហគមន៍នានា ក្នុងតំបន់ West Bank, Gaza, លីបង់ (Lebanon), ស៊ីរី (Syria) និងហ្ស៊កដានី (Jordan) ខណៈជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួនទៀតកសាងជីវិតថ្មី ក្នុងបណ្ដា ប្រទេសអារ៉ាប់ និងនៅលោកខាងលិច។ ក្រោយសង្រ្គាមបញ្ចប់ក្នុងឆ្នាំ១៩៤៨ អ៉ីស្រាអែលបានបដិសេធអនុញ្ញាតឱ្យជនភៀសខ្លួនប៉ាឡេស្ទីន ត្រឡប់ទៅកាន់ ទឹកដី និងផ្ទះសម្បែងរបស់ពួកគេវិញ ហើយចាប់តាំងពីពេលនោះមកដែរ អ៉ីស្រាអែលតែងតែបដិសេធការទាមទាររបស់ប៉ាឡេស្ទីន ដែលចង់ឱ្យមានការធ្វើ មាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ដោយអះអាងថាការធ្វើបែបនេះនឹងគំរាមកំហែងដល់ប្រទេសរបស់ជនជាតិជ្វីហ្វ ភាគច្រើន។ ម្លោះហើយ អេហ្ស៉ីប និងបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀត តែងតែព្រួយបារម្ភជានិច្ចថាខ្លាចជាន់ដានប្រវត្តិសាស្ត្រ ហើយណាមួយការទទួលយក ជនភៀសខ្លួនប៉ាឡេស្ទីនក្នុងចំនួនដ៏ច្រើនក៏ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលរបស់ពួកគេដែរ។

 

* គ្មានឡើយការធានាមាតុភូមិនិវត្តន៍

គ្មានការធានាមាតុភូមិនិវត្តន៍នេះ ក៏ជាហេតុផលមួយដែរ ពីព្រោះមិនមាននោះទេសេណារីយ៉ូជាក់លាក់ថាតើសង្រ្គាមនឹងបញ្ចប់ទៅដោយរបៀបណា? អ៉ីស្រាអែល បានប្ដេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ជាការសងសឹកទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ ប៉ុន្តែ អ៉ីស្រាអែលមិនបាននិយាយអ្វីសោះឡើយថាតើនឹងមាន អ្វីកើតឡើង ហើយថាតើនរណានឹងជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សា នៅបន្ទាប់ពីសង្រ្គាមបញ្ចប់ ស្របពេលមានការព្រួយបារម្ភថាអ៉ីស្រាអែលអាចនឹងកាន់កាប់តំបន់ ហ្កាហ្សាសាជាថ្មី ឬក៏បង្រួមទឹកដីហ្កាហ្សាឱ្យកាន់តែតូច ខណៈការធ្វើបែបនេះបើកើតឡើងមែន ត្រូវបានគេរំពឹងថាអាចនឹងធ្វើឱ្យជម្លោះរាលដាលកាន់តែធំ។ យោធា អ៉ីស្រាអែលបាននិយាយថាប្រជាជនប៉ាឡេស្ទីនដែលបានធ្វើតាមការបង្គាប់របស់ខ្លួន ក្នុងការភៀសខ្លួនចេញពីភាគខាងជើងនៃតំបន់ហ្កាហ្សា ឆ្ពោះទៅកាន់ ភាគខាងត្បូង នឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ នៅពេលសង្រ្គាមបិទបញ្ចប់។ ប៉ុន្តែត្រឹមពាក្យសម្ដីមួយម៉ាត់នេះ មិនអាចធ្វើឱ្យអេហ្ស៉ីប ឬប្រទេសអារ៉ាប់ផ្សេងស្ងប់ចិត្តទេ។

 

លោក អាល់ស៊ីស៊ី បាននិយាយថាការវាយប្រយុទ្ធគ្នា អាចនឹងមានរយៈពេលច្រើនឆ្នាំ ប្រសិនបើអ៉ីស្រាអែល អះអាងថាខ្លួនមិនទាន់អាចកម្ទេចក្រុមហាម៉ាសបាន។ ដូច្នេះប្រធានាធិបតីអេហ្ស៉ីបរូបនេះបានស្នើឱ្យអ៉ីស្រាអែលទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ឱ្យស្នាក់នៅក្នុងតំបន់វាលខ្សាច់ Negev Desert ដែលស្ថិតនៅក្បែរ តំបន់ហ្កាហ្សា រហូតដល់អ៉ីស្រាអែលបញ្ចប់ប្រតិបត្តិការយោធា។ បើតាមអង្គការសហប្រជាជាតិ អេហ្ស៉ីបដែលកំពុងព្យាយាមដោះស្រាយវិបត្តិសេដ្ឋកិច្ច បានទទួល យកជនភៀសខ្លួនជាង ៩លាននាក់ឱ្យជ្រកកោន ក្នុងនោះរួមមានទាំងជនភៀសខ្លួនស៊ូដង់ជាង ៣០០,០០០នាក់ ដែលបានទៅដល់អេហ្ស៉ីប ក្រោយពួកគេរត់គេច ចេញពីសង្រ្គាមនៅក្នុងប្រទេសរបស់ពួកគេក្នុងឆ្នាំ២០២៣នេះ។

 

បណ្ដាប្រទេសអារ៉ាប់ និងប្រជាជនប៉ាឡេស្ទីនភាគច្រើន ក៏កំពុងសង្ស័យដែរថាអ៉ីស្រាអែលអាចនឹងប្រើឱកាសនេះ ដើម្បីកែប្រែប្រជាសាស្ត្រជាអចិន្ត្រៃយ៍ ក្នុងកម្រិត មួយដែលអាចលុបបំបាត់ចោលនូវក្ដីស្រមៃចង់បង្កើតប្រទេសរបស់ប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា West Bank និងហ្ស៊េរុយសាឡិមខាងកើត ដែលសុទ្ធតែត្រូវបាន អ៉ីស្រាអែលដណ្ដើមកាន់កាប់ក្នុងឆ្នាំ១៩៦៧។ លោក H.A. Hellyer ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Carnegie Endowment for International Peace បានគូសបញ្ជាក់ថា «ប្រវត្តិសាស្ត្រកន្លងមក បានបង្ហាញរួចទៅហើយថានៅពេលដែលប្រជាជនប៉ាឡេស្ទីន ត្រូវបានបង្ខំឱ្យចាកចេញពីទឹកដីរបស់ពួកគេ ពួកគេ នឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញនោះទេ»។

 

ការព្រួយបារម្ភ និងការសង្ស័យបែបនេះរបស់បណ្ដាប្រទេសអារ៉ាប់ បានផ្ទុះឡើងកាន់តែខ្លាំងរួចទៅហើយ នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលស្ដាំនិយមជ្រុលរបស់ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលមានទំនោរគាំទ្របណ្ដេញប្រជាជនប៉ាឡេស្ទីន។ ជាក់ស្ដែង ចាប់តាំងពីមានការវាយប្រហាររបស់ ក្រុមហាម៉ាសមក គំនិតបណ្ដេញប្រជាជនប៉ាឡេស្ទីន កាន់តែត្រូវបានលើកយកមកជជែកយ៉ាងបើកចំហ ដោយមានអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយស្ដាំនិយម ជ្រុលអ៉ីស្រាអែលមួយចំនួន ​បានអំពាវនាវឱ្យយោធាអ៉ីស្រាអែល កម្ទេចតំបន់ហ្កាហ្សា និងបណ្ដេញប្រជាជនប៉ាឡេស្ទីនចេញឱ្យអស់ ហើយក្នុងនោះសមាជិកសភា អ៉ីស្រាអែលម្នាក់បាននិយាយត្រង់ៗថាអ៉ីស្រាអែលគួរតែបង្កើត «ព្រឹត្តិការណ៍ Nakba» ថ្មីមួយទៀត លើតំបន់ហ្កាហ្សា។

 

* បារម្ភពីក្រុមហាម៉ាស

ព្រមពេលជាមួយគ្នា អេហ្ស៉ីបបាននិយាយថាការបណ្ដេញប្រជាជនប៉ាឡេស្ទីនទ្រង់ទ្រាយធំចេញពីតំបន់ហ្កាហ្សា អាចនឹងបើកឱកាសឱ្យក្រុមហាម៉ាស ឬក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីនដទៃទៀត ចូលទៅក្នុងទឹកដីរបស់ខ្លួន។ បើរឿងបែបនេះកើតឡើងពិតមែន នោះអស្ថិរភាពអាចនឹងកើតឡើងក្នុងឧបទ្វីបស៊ីណៃ ជាទីដែលយោធា អេហ្ស៉ីប បានប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលអេហ្ស៉ីបចោទថាគាំទ្រដោយហាម៉ាស។

 

គួរបញ្ជាក់ថា អេហ្ស៉ីបបានគាំទ្រការបិទខ្ទប់របស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីក្រុមហាម៉ាសឡើងកាន់អំណាចគ្រប់គ្រងតំបន់ហ្កាហ្សា ក្នុងឆ្នាំ២០០៧មក ព្រមទាំងបានរឹតត្បិតការគ្រប់គ្រងច្រកចេញចូលព្រំដែន។ អេហ្ស៉ីបក៏បានបំផ្លាញផងដែរបណ្ដាញផ្លូវក្រោមដី នៅក្រោមតំបន់ព្រំដែនដែលក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដទៃប្រើប្រាស់ដើម្បីដឹកជញ្ជូនអាវុធ៕ ប្រភពៈ Fresh News

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង