Grand News Asia Close

វិភាគអន្តរជាតិ៖ មេរោគ Nipah កំពុង​ផ្ទុះ​ឆ្លង​រាល​ដាល​នៅ​ឥណ្ឌា៖ តើមានអ្វីខ្លះដែលអ្នកគួរដឹងពីមេរោគកាចសាហាវនេះ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 190
វិភាគអន្តរជាតិ៖ មេរោគ Nipah កំពុង​ផ្ទុះ​ឆ្លង​រាល​ដាល​នៅ​ឥណ្ឌា៖ តើមានអ្វីខ្លះដែលអ្នកគួរដឹងពីមេរោគកាចសាហាវនេះ? វិភាគអន្តរជាតិ៖ មេរោគ Nipah កំពុង​ផ្ទុះ​ឆ្លង​រាល​ដាល​នៅ​ឥណ្ឌា៖ តើមានអ្វីខ្លះដែលអ្នកគួរដឹងពីមេរោគកាចសាហាវនេះ?

(ញូដេលី)៖ រដ្ឋកេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា បានបិទសាលារៀន ការិយាល័យការងារ និងសេវាដឹកជញ្ជូនសាធារណៈមួយចំនួន ខណៈអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគនីប៉ាហ៍ (Nipah) ដែលអាចបំផ្លាញខួរក្បាល បន្ទាប់ពីបានសម្លាប់មនុស្សចំនួន ២នាក់។

ក្រុមមន្ត្រីសុខាភិបាលរដ្ឋកេរ៉ាឡា បាននិយាយថា មនុស្សពេញវ័យ និងកុមារម្នាក់ដែលឆ្លងមេរោគនេះកំពុងបន្តទទួលការព្យាបាល ហើយមនុស្សជាង ១៣០នាក់ ត្រូវបានធ្វើតេស្តរកមេរោគ បន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយសារធាតុរាវក្នុងរាងកាយរបស់សត្វប្រចៀវ ជ្រូក ឬមនុស្សដែលមានមេរោគនេះ។

រដ្ឋមន្ត្រីសុខាភិបាលប្រចាំរដ្ឋ លោកស្រី វីណា ចច (Veena George) បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងផ្តោតលើការតាមដានទំនាក់ទំនង របស់អ្នកឆ្លងមុនៗ និងដាក់ពួកគេឲ្យនៅដាច់ដោយឡែកពីអ្នកដែលមានរោគសញ្ញា។ ជាមួយគ្នានេះ សកម្មភាពនៅទីសាធារណៈត្រូវបានដាក់កម្រិត នៅក្នុងផ្នែកខ្លះនៃរដ្ឋ ដើម្បីទប់ស្កាត់វិបត្តិផ្នែកវេជ្ជសាស្ត្រ»។ កាលពីឆ្នាំ២០១៨ អ្នកឆ្លងមេរោគ Nipah ២១នាក់បានស្លាប់ ក្នុងរដ្ឋការ៉ាឡានេះ។ ដោយឡែក នៅឆ្នាំ២០១៩ និងឆ្នាំ២០២១ បានឆក់យកជីវិតមនុស្ស ២នាក់ទៀត។

* អ្វីទៅជាមេរោគ Nipah?
បើតាមមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក មេរោគ Nipah ត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ អំឡុងពេលមានការផ្ទុះជំងឺ ក្នុងចំណោមអ្នកចិញ្ចិមសត្វជ្រូក និងអ្នកដទៃទៀតដែលបានប៉ះពាល់ជាមួយសត្វទាំងនោះ នៅក្នុងប្រទេសម៉ាឡេស៉ី និងសិង្ហបុរី ដោយមានមនុស្សធ្លាក់ខ្លួនឈឺជិត ៣០០នាក់ ហើយក្នុងនោះជាង១០០នាក់បានស្លាប់។ ការផ្ទុះឡើងនៃមេរោគនេះបានបង្កការខាតបង់ យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅពេលនោះ ខណៈសត្វជ្រូកជាង១លានក្បាលត្រូវបានសម្លាប់ ដើម្បីគ្រប់គ្រងការឆ្លងរាលដាល។

ករណីឆ្លងមេរោគ Nipah មិនត្រូវបានគេរាយការណ៍ឡើយ ក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ចាប់តាំងពីឆ្នាំ១៩៩៩មក ប៉ុន្តែករណីឆ្លងមេរោគនេះត្រូវ បានរកឃើញជាប្រចាំឆ្នាំនៅតាមផ្នែកមួយចំនួននៃតំបន់អាស៊ី ជាពិសេសនៅបង់ក្លាដែស និងឥណ្ឌាតែម្ដង។ បើតាមការពន្យល់មួយរបស់ CDC អាមេរិក ក្នុងឆ្នាំ២០២០ Nipah គឺជាអម្បូរមេរោគ zoonotic ដែលនេះមានន័យថាវាអាចចម្លងជំងឺពីសត្វទៅមនុស្ស ហើយសត្វដែលមានផ្ទុកមេរោគនេះគឺ សត្វជ្រឹង។ មេរោគនេះអាចចម្លងជំងឺពីសត្វជ្រឹង សត្វជ្រូកទៅកាន់មនុស្ស និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយផ្ទាល់ នឹងទឹកមាត់ ឬទឹកនោមអ្នកដែលមានបន្ទុកមេរោគនេះ។ ចំណែក អ្នកឆ្លងមេរោគនេះអាចមានអាការៈដូចជាអាចមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ និងអាចកើត ជំងឺរលាកខួរក្បាលអាចបណ្ដាលឱ្យសន្លប់បាត់ស្មារតីក្នុងរយៈពេល ២៤ទៅ ៤៨ម៉ោង។ អត្រាស្លាប់នៃជំងឺរលាកខួរក្បាលមានចន្លោះពី ៤០ ដល់ ៧៥ភាគរយ។ នេះបើតាមទិន្នន័យអង្គការសុខភាពពិភពលោក WHO។

អ្នកដែលរស់រានមានជីវិតពីជំងឺរលាកខួរក្បាល ឬ Encephalitis អាចជាសះស្បើយ ប៉ុន្តែបញ្ហាប្រព័ន្ធប្រសាទរយៈពេលវែងត្រូវបានរាយការណ៍នៅលើ អ្នករស់រានមានជីវិតមួយចំនួន ដូចជាមានអាការៈប្រកាច់ និងផ្លាស់ប្ដូរចរិតលក្ខណៈ។

* តើគេអាចបង្ការមេរោគ Nipah បានដោយរបៀបណា?
មកទល់នឹងបច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងប្រឆាំង និងបង្ការមេរោគ Nipah នៅឡើយទេ។ ផ្អែកលើបទពិសោធន៍ និងព័ត៌មាន អំឡុងការផ្ទុះឡើងនៃមេរោគ Nipah ការសម្អាត ឬការរក្សាអនាម័យនៅតាមកសិដ្ឋានចិញ្ចឹមជ្រូក គឺជាវិធីសាស្ត្រមួយមានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ការឆ្លងមេរោគនេះ។ ម្យ៉ាងវិញទៀត ក្នុងករណីសត្វធ្លាក់ខ្លួនឈឺ ឬក៏មានការសង្ស័យឆ្លងមេរោគ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹមសត្វគួរតែធ្វើចត្តាឡីស័កជាបន្ទាន់។ អង្គការសុខភាពពិភពលោក WHO ក៏បានណែនាំផងដែរដល់ការសម្លាប់សត្វដែលឆ្លងមេរោគ Nipah ឬត្រួតពិនិត្យការកប់សាកសពសត្វទាំងនោះឱ្យបានត្រឹមត្រូវ។ ដូច្នេះដោយសារតែមិនមាន វ៉ាក់សាំងប្រឆាំងមេរោគ Nipah ជាពិសេស ការលើកកម្ពស់ការយល់ដឹង និងការអប់រំពីកត្តាហានិភ័យឆ្លង បន្ថែមពីលើវិធានការសុវត្ថិភាពត្រឹមត្រូវតាមស្ដង់ដារ ជាវិធានការមានប្រសិទ្ធភាពតែមួយគត់ ក្នុងការកាត់បន្ថយ ឬបង្ការការឆ្លងជំងឺពីមនុស្សទៅមនុស្ស៕

អត្ថបទទាក់ទង