Grand News Asia Close

វិភាគអន្តរជាតិ៖​ តើវ៉េណេស៊ុយអេឡា អាចពឹងសម្ព័ន្ធមិត្តឱ្យជួយបានទេ ប្រសិនបើអាមេរិកវាយប្រហារ?

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ទស្សនៈ-Opinion 1052
វិភាគអន្តរជាតិ៖​ តើវ៉េណេស៊ុយអេឡា អាចពឹងសម្ព័ន្ធមិត្តឱ្យជួយបានទេ ប្រសិនបើអាមេរិកវាយប្រហារ? វិភាគអន្តរជាតិ៖​ តើវ៉េណេស៊ុយអេឡា អាចពឹងសម្ព័ន្ធមិត្តឱ្យជួយបានទេ ប្រសិនបើអាមេរិកវាយប្រហារ?

(វ៉ាស៊ីនតោន)៖ ជួលកងអង្គរក្សជាជនជាតិគុយបា ទិញរ៉ាដាពីចិន ទូកប្រយុទ្ធពីអ៉ីរ៉ង់ និងមីស៊ីលពីរុស្ស៉ី រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានចំណាយលុយរាប់ពាន់លានដុល្លារជាច្រើនឆ្នាំមកនេះលើការទិញអាវុធ និងសេវាសន្តិសុខពីក្រុមប្រទេសជាសត្រូវរបស់សហរដ្ឋអាមេរិក ខណៈកំពុងប្រឈមភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែ បច្ចុប្បន្នការសម្លុតគំរាមរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែល កំពុងបង្កើនការប្រឈមមុខដាក់គ្នា បាន និងកំពុងធ្វើឱ្យសម្ព័ន្ធភាពនេះស្ថិតនៅក្រោមការធ្វើតេស្ដ។ សហរដ្ឋអាមេរិកបានប្រមូលផ្ដុំកងទ័ព ១៥ ០០០នាក់ ក៏ដូចជាដាក់ពង្រាយនាវាចម្បាំង និងយន្ដហោះចម្បាំង ទំនើបៗរបស់ខ្លួនទៅកាន់តំបន់ Caribbean ជាមួយការប្រកាសចាត់ទុកប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូជាមេដឹកនាំខុសច្បាប់របស់វ៉េណេស៊ុយអេឡា និងជាមេកើយពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលរដ្ឋបាលលោក ត្រាំ ចាត់ទុកជាអង្គការភេរវករ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡាបានបង្កជាការព្រួយបារម្ភពីហានិភ័យនៃការផ្ទុះជម្លោះរវាងប្រទេសទាំង២។ ដូច្នេះប្រសិនបើលោក ត្រាំ សម្រេចវាយប្រហារលើវ៉េណេស៊ុយអេឡាពិតមែន តើទីក្រុងការ៉ាកាសអាចពឹងផ្អែកលើសម្ព័ន្ធមិត្តរបស់ខ្លួនបានដែរឬទេ?

ពិតមែនទៅ មានមនុស្សតិចតួចណាស់ ឬសឹងតែមិនមានអ្នកជឿនោះទេថាយោធាវ៉េណេស៊ុយអេឡាអាចតតាំងជាមួយយោធាអាមេរិកដែលជាកំពូលមហាអំណាចផុតលេខនាពេលសព្វថ្ងៃ ក្នុងករណីលោក ត្រាំ សម្រេចចិត្តបើកការវាយប្រហារមែននោះ។ ក្នុងន័យនេះច្បាស់ណាស់ ដើម្បីអាចប្រយុទ្ធជាមួយកងទ័ពអាមេរិក វ៉េណេស៊ុយអេឡាត្រូវការការជួយពីសម្ព័ន្ធមិត្ត។ តែក្រុមអ្នកវិភាគ និងប្រភពស្និទ្ធនឹងរដ្ឋាភិបាល វ៉េណេស៊ុយអេឡាជឿថាមិនមានសម្ព័ន្ធមិត្តណាមួយរបស់វ៉េណេស៊ុយអេឡាមានសមត្ថភាព ឬឆន្ទៈនយោបាយ ក្នុងការបង្កើនការគាំទ្ររបស់ពួកគេក្នុងទម្រង់ដែលអាចឱ្យជម្លោះណាមួយអំណោយផលចំពោះ វ៉េណេស៊ុយអេឡានោះទេ។

សម្ព័ន្ធមិត្តរបស់វ៉េណេស៊ុយអេឡា មិនថាជាចិន ឬរុស្ស៉ី តែងតែផ្តោតជាសំខាន់លើផលចំណេញសេដ្ឋកិច្ចដែលពួកគេអាចទាញយកពីវ៉េណេស៊ុយអេឡា មិនមែនផ្តោតលើការផ្សាភ្ជាប់មនោគមន៍វិជ្ជាគ្នាយ៉ាងរឹងមាំ ឡើយ បើទោះជាពួកគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យលោក ម៉ាឌូរ៉ូ និងអតីតប្រធានាធិបតី លោក Hugo Chavez​ ងើបចេញពីវិបត្តិក៏ដោយ។ ដោយមានកម្ចីពីចិនរាប់ពាន់លានដុល្លារ លោក Chavez​ និងលោក ម៉ាឌូរ៉ូ អាចបន្តរក្សាអំណាចដឹកនាំរដ្ឋាភិបាល ក្រោយវ៉េណេស៊ុយអេឡាជាប់ទណ្ឌកម្មលោកខាងលិច។ រុស្ស៉ីក៏បានដើរតួនាទីយ៉ាងសំខាន់ដែរក្នុងការជួយវ៉េណេស៊ុយអេឡាអាចបន្តនាំចេញ ប្រេងដែលជាប្រភពចំណូលដ៏សំខាន់មិនអាចខ្វះបាន ចាប់តាំងពីលោក ត្រាំ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមួយនេះកាលពីអាណត្តិទី១។ ចំណែក ក្រុមវិស្វករអ៉ីរ៉ង់វិញបានជួយកុំឱ្យឧស្សាហកម្មប្រេង របស់វ៉េណេស៊ុយអេឡាដួលរលំទាំងស្រុង អំឡុងវិបត្តិកសេដ្ឋកិច្ច ខណៈក្រុមគ្រូពេទ្យ និងបុគ្គលិកគុយបារាប់ម៉ឺននាក់បានផ្ដល់សេវាសង្គមក្នុងគ្រាដែលប្រជាជនវ៉េណេស៊ុយអេឡានាំគ្នាធ្វើកូដកម្ម និងបាតុកម្មតវ៉ា ទ្រង់ទ្រាយធំប្រឆាំងលោក Chavez​។ តែទោះជាបែបនេះក្ដី តម្លៃនៃប្រយោជន៍យុទ្ធសាស្ត្ររបស់វ៉េណេស៊ុយអេឡានៅក្នុងក្រសែភ្នែកសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្លាក់ចុះ ទៅជាមួយផលិតផលក្នុងស្រុកសរុប GDP ចាប់តាំងពីឆ្នាំ២០១៤។ នៅត្រង់នេះនិយាយឱ្យងាយស្ដាប់ ការខ្សត់ខ្សាយធនធានសេដ្ឋកិច្ចរបស់លោក ម៉ាឌូរ៉ូ កំពុងធ្វើឱ្យរូបលោកក្លាយជាកូនបំណុលម្នាក់ដែលជំពាក់លុយគ្មានលុយសង ហើយគួបផ្សំនឹង ការប្រែប្រួលស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោក វាកាន់តែបន្ថែមបញ្ហាលើទំនាក់ទំនងរបស់វ៉េណេស៊ុយអេឡាជាមួយសម្ព័ន្ធមិត្ត។

ណាមួយតាមក្រុមអ្នកវិភាគ រដ្ឋាភិបាលនៅគុយបា រុស្ស៉ី និងអ៉ីរ៉ង់ សុទ្ធតែកំពុងរវល់ការងារខ្លួនឯងរៀងៗខ្លួន ដោយខ្លះប្រឈមវិបត្តិសេដ្ឋកិច្ច ឬកំពុងជាប់ដៃធ្វើសង្រ្គាមដែលនេះធ្វើឱ្យពួកគេពិបាក ឬសឹងតែមិន អាចបង្វែរធនធានរបស់ពួកគេដើម្បីបាចសាចអំណាចនៅក្រៅប្រទេសបានឡើយ។ មិនតែប៉ុណ្ណោះ ប្រទេសជាច្រើនក្នុងនោះរួមមានទាំងសម្ព័ន្ធមិត្តរបស់វ៉េណេស៊ុយអេឡាសុទ្ធតែកំពុងព្យាយាមរក្សាទំនាក់ទំនង ល្អជាមួយលោក ត្រាំ ហើយពួកគេក៏ទំនងជាមិនសុខចិត្តបំផ្លាញផលប្រយោជន៍ខ្លួនឯងដើម្បីទៅជួយសម្ព័ន្ធមិត្តម្នាក់ដែលទឹកឡើងជិតដល់ច្រមុះនោះដែរ។ ជាក់ស្ដែងនៅក្នុងទំនាក់ទំនងរបស់លោក ម៉ាឌូរ៉ូ ជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ វិមានក្រឹមឡាំងបានឆ្លើយតបទៅនឹងការកើនឡើងសម្ពាធលើវ៉េណេស៊ុយអេឡាតាមរយៈការផ្ដល់សច្ចាប័នលើសន្ធិសញ្ញាភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការមួយដែល ពោរពេញដោយភាពស្រពេចស្រពិលកាលពីខែតុលាកន្លងទៅនេះ។ ប៉ុន្តែរុស្ស៉ីមិនបានបង្ហាញពីការប្ដេជ្ញាចិត្តផ្ដល់ធនធានថ្មីណាមួយទៅឱ្យសម្ព័ន្ធមិត្តមួយរបស់ខ្លួនក្នុងតំបន់អាមេរិកខាងត្បូងទេ។

ក្រុមអ្នកវិភាគរុស្ស៉ីបាននិយាយថាការសម្រេចចិត្តរបស់ទីក្រុងមូស្គូជ្រើសរើសនៅស្ងៀមសិន ដោយសារតែសម្ព័ន្ធមិត្តរបស់ខ្លួនដូចជារបបដឹកនាំរបស់អតីតប្រធានាធិបតីស៊ីរី លោក បាស្ហា អាល់អាសាដដួលរលំ ហើយអ៉ីរ៉ង់កំពុងរវល់ដោះស្រាយបញ្ហាក្នុងស្រុក ក្រោយធ្វើសង្រ្គាមរយៈពេលខ្លីជាមួយអ៉ីស្រាអែល ដែលនេះបង្ហាញពីដែនកំណត់នៃឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់រុស្ស៉ី។ កាលពីថ្ងៃទី៣០ ខែតុលា បើតាម ទិន្នន័យតាមដានការហោះហើរ យន្ដហោះដឹកជញ្ជូនចំណាស់មួយគ្រឿងរបស់រុស្ស៉ីបានចុះចតនៅទីក្រុងការ៉ាកាស។ តែគេពុំច្បាស់ថាតើយន្ដហោះនេះដឹកជំនួយយោធា ឬបុគ្គលិកយោធាឬយ៉ាងណានោះទេ។

កាលពីឆ្នាំ២០១៩ យន្ដហោះយោធារុស្ស៉ីក៏ធ្លាប់ចុះចតនៅទីក្រុងការ៉ាកាសដែរ ជាពេលដែលលោក ម៉ាឌូរ៉ូកំពុងប្រឈមនឹងការគំរាមកំហែងភ្លាមៗនៃការបាត់បង់អំណាច។ លោក Ruslan Pukhov ជាអ្នកជំនាញម្នាក់មានមូលដ្ឋានក្នុងទីក្រុងមូស្គូស្ដីពីពាណិជ្ជកម្មអាវុធរុស្ស៉ី បាននិយាយថា «យន្ដហោះដឹកជញ្ជូនយោធារុស្ស៉ីនោះប្រហែលជាអាចចុះចតនៅការ៉ាកាសដើម្បីដោះស្រាយបញ្ហាអ្វីមួយ ឬដឹកគ្រឿងបន្លាសមួយចំនួន។ តែលោកគិតថាសារចម្បងដែលរុស្ស៉ីចង់ផ្ញើ នោះគឺវ៉េណេស៊ុយអេឡាត្រូវតែដោះស្រាយបញ្ហាដោយខ្លួនឯង។ យ៉ាងណាក៏ដោយ អ្នកជំនាញខ្លះជឿថាសម្ព័ន្ធមិត្តរបស់លោក ម៉ាឌូរ៉ូ បានជួយជំរុញសមត្ថភាពរបស់លោក ម៉ាឌូរ៉ូ រួចទៅហើយដែរដើម្បីបន្តរក្សាអំណាចតាមរយៈការជួយឱ្យវ៉េណេស៊ុយអេឡាចូលទៅកាន់ទីផ្សារបរទេស និងទទួលបានបច្ចេកវិទ្យាយោធាដែលអាចសម្លាប់ កងទ័ពអាមេរិក ទោះមិនអាចយកឈ្នះបានក៏ដោយ។ ខណៈបដិសេធផ្ដល់កម្ចីថ្មីសម្រាប់វេណេស៊ុយអេឡា ចិននៅតែបើកចំហទីផ្សាររបស់ខ្លួនចំពោះប្រេងរបស់វ៉េណេស៊ុយអេឡា។ បច្ចុប្បន្ន ចិនបានទិញប្រេង ក្នុងចំនួនដ៏ច្រើនពីវ៉េណេស៊ុយអេឡា ដែលបានចូលរួមចំណែកដល់ការរកចំណូលរបស់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។

គុយបាវិញដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចនៅតែបន្តផ្ដល់ការគាំទ្រដល់វ៉េណេស៊ុយអេឡា ដូចជាចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់។ ចាប់តាំងពីសហរដ្ឋអាមេរិកបង្កើនវត្តមានយោធាក្នុងតំបន់ Caribbean លោក ម៉ាឌូរ៉ូបានបង្កើនការជួលកងអង្គរក្សាជាជនជាតិគុយបា ព្រមទាំងបង្កើនចំនួនមន្ត្រីប្រឆាំងចារកម្មជាជនជាតិគុយបានៅក្នុងជួរកងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡា ដើម្បីកាត់បន្ថយនៃការធ្វើរដ្ឋប្រហារ ដោយសារតែលោក ម៉ាឌូរ៉ូ និងក្រុមមនុស្សជំនិតរបស់លោកជឿថាចារកម្មគុយបាមានសមត្ថភាពខ្ពស់ និងបទពិសោធន៍ឆ្អិនឆ្អៅ។

គួរបញ្ជាក់ថា ក្រុមបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា បានអំពាវនាវឱ្យម្ដងហើយម្ដងទៀតឱ្យក្រុមមន្ត្រី និងយោធាវ៉េណេស៊ុយអេឡាងើបឡើងបះបោរទម្លាក់លោក ម៉ាឌូរ៉ូពីអំណាច។ អតីតក្រុមមន្ត្រីអាមេរិកខ្លះ បាននិយាយថាការបង្កើនវត្តមានយោធាអាមេរិកក្នុងតំបន់ Caribbean គឺជាសង្រ្គាមចិត្តសាស្ត្រមួយដែលមានគោលដៅបង្កការបែកបាក់ផ្ទៃក្នុងនៃកងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡា។ ប៉ុន្តែ ក្រុមមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីវ៉េណេស៊ុយអេឡាជឿថាការបែកបាក់ផ្ទៃក្នុងជួរយោធា និងកងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡាទំនងជានឹងមិនកើតឡើងទេ ដោយសាតែប៉ុន្មានឆ្នាំមកនេះ លោក ម៉ាឌូរ៉ូ បានបំបែកបំបាក់ និងបង្រ្កាបយ៉ាងចាស់ដៃលើក្រុមបក្សប្រឆាំង៕

-Fresh News-

 

អត្ថបទទាក់ទង