Grand News Asia Close

វិភាគអន្តរជាតិ៖ ប្រឈមមុខជាមួយចិន តើមេដឹកនាំតៃវ៉ាន់ថ្មី នឹងដោះស្រាយបែបណា? 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 272
វិភាគអន្តរជាតិ៖ ប្រឈមមុខជាមួយចិន តើមេដឹកនាំតៃវ៉ាន់ថ្មី នឹងដោះស្រាយបែបណា?  វិភាគអន្តរជាតិ៖ ប្រឈមមុខជាមួយចិន តើមេដឹកនាំតៃវ៉ាន់ថ្មី នឹងដោះស្រាយបែបណា? 

(ប៉េកាំង)៖ យោធាចិន នៅថ្ងៃទី២៣ ខែឧសភា បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារយៈពេល២ថ្ងៃ ឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te ស្បថចូលកាន់តំណែងជាផ្លូវការ និងអំពាវនាវឱ្យប៉េកាំងបញ្ឈប់រាល់ការសម្លុតគំរាមទាំងផ្នែកយោធា និងនយោបាយ។ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថា ទីបញ្ជាការប្រចាំភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន​ PLA បានធ្វើសមយុទ្ធនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅផ្នែកខាងជើង ភាគខាងត្បូង និងខាងកើតកោះតៃវ៉ាន់ រួមទាំងក្នុង តំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin ផងដែរ ដែលសុទ្ធសឹងស្ថិតនៅកៀកនឹងចិន។

អ្នកនាំពាក្យយោធាចិន លោក Li Xi បានប្រាប់ Xinhua ថាការធ្វើសមយុទ្ធរួមគ្នានេះដែលមានការចូលរួមពីកងទ័ពជើងគោក អាកាស ជើងទឹក និងកងកម្លាំងរ៉ុក្កែត គឺជាការដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅលើសកម្មភាពផ្ដាច់ខ្លួននៃកងកម្លាំងទាមទារឯករាជ្យសម្រាប់តៃវ៉ាន់ ហើយក៏ជាសារព្រមានមួយប្រឆាំងការលូកលាន់ និងការបង្ករឿងពីកងកម្លាំងខាងក្រៅផងដែរ។

លោក Lai Ching-te បានស្បថចូលកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ថ្មី កាលពីថ្ងៃទី២០ ខែឧសភា ជាមួយការអំពាវនាវឱ្យទីក្រុងប៉េកាំងបញ្ឈប់រាល់ការសម្លុតគំរាមលើតៃវ៉ាន់។ ចិនបាន ចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមជាតិ នៅក្នុងករណីចាំបាច់។ ដូច្នេះប្រឈមមុខជាមួយចិន តើលោក Lai Ching-te ត្រូវដោះស្រាយបែបណា?

*​ រក្សាស្ថានភាពដើម នៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់
បញ្ហាត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ មានជាប់ពាក់ព័ន្ធនឹងប្រវត្តិនយោបាយរបស់លោក Lai Ching-te ដោយលោកផ្ទាល់ធ្លាប់បាននិយាយថាវិបត្តិច្រកសមុទ្រតៃវ៉ាន់ឆ្នាំ១៩៩៦ គឺជាកត្តាមួយជំរុញឱ្យលោកបោះបង់ចោលអាជីពជាគ្រូពេទ្យ ដើម្បីឈានជើងចូលក្នុងនយោបាយ។ លោក Lai ក៏បានធ្លាប់បានលើកឡើងដែរថា «លោកគឺជាអ្នកធ្វើការប្រាកដប្រជាម្នាក់ ចំពោះឯករាជ្យរបស់តៃវ៉ាន់» ដោយបានធ្វើឱ្យចិនខឹងច្រឡោតតោតតូង និងចាត់ទុករូបលោកជា «ជនផ្ដាច់ខ្លួនម្នាក់ដ៏គ្រោះថ្នាក់» អាចបង្កឱ្យសង្រ្គាមរវាងចិន និងតៃវ៉ាន់ផ្ទុះឡើង។ ជំហរគាំទ្រឯករាជ្យរបស់តៃវ៉ាន់នេះ ក៏បានបង្កើតជាសំណួរមួយសម្រាប់សហរដ្ឋអាមេរិកដែរ នោះគឺថាតើលោក Lai អាចនឹងកាន់ចង្កូតដឹកនាំតៃវ៉ាន់បានដោយជោគជ័យ នៅក្នុងទំនាក់ទំនងត្រើយ ទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងអាចរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ បានដែរឬក៏អត់? ជាការឆ្លើយតបទៅនឹងបញ្ហានេះ លោក Lai បានបន្ទន់គោលជំហរ របស់លោកមក «ជាកណ្ដាល» ជាមួយការប្ដេជ្ញារក្សាស្ថានភាពដើម។ លោក Lai បានសរសេរក្នុងអត្ថបទមួយចុះផ្សាយដោយកាសែតអាមេរិក Wall Street Journal ដូច្នេះថា​ «ការប្ដេជ្ញាចិត្ត របស់ខ្ញុំ គឺការពារសន្តិភាព សមិទ្ធផលប្រជាធិបតេយ្យរបស់យើង ហើយធ្វើឱ្យស្ថានភាពដើមនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ កាន់តែរឹងមាំឡើង»។

មិនតែប៉ុណ្ណោះ លោកថែមទាំងបានឡើងជាច្រើនដងពីការដើរតាមគោលនយោបាយ ​និងគោលជំហររបស់អតីតមេដឹនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ដែលប្រកាន់ជំហរថា «តៃវ៉ាន់មាន អធិបតេយ្យរួចទៅហើយ និងជាប្រទេសឯករាជ្យមួយមានឈ្មោះសាធារណរដ្ឋចិន»។ តាមគោលជំហរនេះមានន័យថាតៃវ៉ាន់មិនចំាបាច់ត្រូវប្រកាសឯករាជ្យនោះទេ ដ្បិតគ្មានប្រទេសណាមួយ ប្រកាសឯករាជ្យដល់ទៅ ២ដងឡើយ។ លោក Lai បានធានាអះអាងថាលោកគ្មានផែនការដូរឈ្មោះតៃវ៉ាន់ ហើយក៏គ្មានយន្ដការដែលមានស្រាប់ដើម្បីប្រកាសឯករាជ្យនោះដែរ។ ជាមួយ ការប្រកាន់គោលជំហរបែបនេះ លោក Lai បានព្យាយាមបញ្ជូនសារទៅចិនផង និងសហរដ្ឋអាមេរិកផង។ ជាការបញ្ជូនសារសុឆន្ទៈរបស់លោកទៅកាន់ទីក្រុងប៉េកាំង លោក Lai បានកត់សម្គាល់ថាលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីងគឺជាមេដឹកនាំពិភពលោកមួយរូបដែលលោកចង់ទទួលទានបាយល្ងាចជាមួយជាទីបំផុត ហើយលោកបានកែប្រែពាក្យស្លោកពី «ការតស៊ូប្រឆាំងនឹងចិន និងការពារតៃវ៉ាន់ ទៅជាការការពារតៃវ៉ាន់ដោយសន្តិវិធី»។

ជាការបញ្ជូនសារទៅកាន់សហរដ្ឋអាមេរិក លោក Lai បានជ្រើសរើសលោកស្រី Hsiao Bi-khim ជាមេដឹកនំារង របស់លោក ដែលនេះត្រូវបានអ្នកវិភាគបកស្រាយថាជាកិច្ចប្រឹងប្រែងមួយ ដើម្បីធានាចំពោះសហរដ្ឋអាមេរិកថារូបលោកនឹងបន្តទទួលខុសត្រូវដោះស្រាយទំនាក់ទំនងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ហើយតៃវ៉ាន់ចង់រក្សាទំនាក់ទំនងល្អជាមួយវ៉ាស៊ីនតោន។ លោកស្រី Hsiao ធ្លាប់កាន់តំណែងជាអ្នកតំណាងតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិកពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលនេះបានផ្ដល់បទពិសោធន៍ឱ្យលោកស្រី ក្នុងការធ្វើការទាំងជាមួយរដ្ឋបាល លោក បៃដិន និងលោក ដូណាល់ ត្រាំ។

* ពង្រឹងសមត្ថភាពយោធាតៃវ៉ាន់ ឱ្យកាន់តែល្អប្រសើរឡើង
លោក Lai Ching-te និងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) យល់ឃើញថាការពង្រឹង និងអភិវឌ្ឍសមត្ថភាពយោធារបស់តៃវ៉ាន់ លើការការពារខ្លួនឯង គឺជាមធ្យោបាយដ៏មាន ប្រសិទ្ធភាព ដើម្បីការពារសន្តិភាពត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ ដូចដែលលោក Lai បាននិយាយថា «យើងមិនចង់មានសង្រ្គាមទេ ហើយយើងក៏នឹងមិនចាប់ផ្ដើមសង្រ្គាមមុន នោះដែរ។ ប៉ុន្តែតាមរយៈការត្រៀមលក្ខណៈសម្រាប់សង្រ្គាម ទើបយើងអាចការពារសន្តិភាពបាន»។ បន្ថែមពីលើការលើកឡើងរបស់លោក Lai លោកស្រី Hsiao វិញបានកត់សម្គាល់ថា «យើងបើកចំហទ្វារសម្រាប់កិច្ចសន្ទនាជានិច្ច ប៉ុន្តែយើងក៏ជឿដែរថាកិច្ចសន្ទនាដ៏មានន័យបំផុតអាចធ្វើទៅបាន លុះត្រាតែយើងមានភាពខ្លាំងក្លា ដូច្នេះហើយទើបយើងចាំបាច់វិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការកសាងភាពខ្លាំងរបស់យើង>។ ផ្អែកលើទស្សនៈនេះ អតីតរដ្ឋបាលលោកស្រី Tsai ក្នុងរយៈពេលជាង៧ឆ្នាំមកនេះ បានបង្កើនកញ្ចប់ថវិកាយោធារបស់តៃវ៉ាន់ពី ២ភាគរយ ទៅ ២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ហើយបន្ថែមរយៈពេលនៃការអនុវត្តកាតព្វកិច្ចយោធាពី៤ខែ ដល់១ឆ្នាំ និងបញ្ជាទិញអាវុធដូចជាមីស៊ីល ក៏ដូចជាអភិវឌ្ឍអាវុធ ក្នុងស្រុកដូចជាដ្រូន គ្រាប់មីន និងនាវាមុជទឹកជាដើម។ ការពង្រឹងសមត្ថភាពយោធាគឺជាសរសរស្ដម្ភមួយ ស្ថិតក្នុងចំណោមសរសរស្ដម្ភទាំង៣ផ្សេងទៀត នៃផែនការសន្តិភាពរបស់លោក Lai រួមមានដូចជាសន្តិសុខសេដ្ឋកិច្ចគឺជាសន្តិសុខជាតិ ចងមិត្តជាមួយប្រទេសប្រជាធិបតេយ្យនៅជុំវិញពិភពលោក និងធ្វើជាមេដឹកនាំម្នាក់ឈរលើគោលការណ៍ និងស្ថិរភាព។

* ពង្រឹងទំនាក់ទំនងជាមួយប្រទេសប្រជាធិបតេយ្យក្នុងលោក
លោក Lai បានចាត់ទុកថាសហរដ្ឋអាមេរិកជាដៃគូអន្តរជាតិដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ហើយទំនាក់ទំនងរឹងមាំរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់គឺជាគន្លឹះដ៏សំខាន់មួយដើម្បីធានាដល់សន្តិសុខ របស់តៃវ៉ាន់។ ក្រៅពីសហរដ្ឋអាមេរិក លោក Lai ក៏បានប្ដេជ្ញាដែរថានឹងពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អប្រសើរឡើងជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យដទៃក្នុងលោក តួយ៉ាងដូចជាជប៉ុន ជាដើម។ ទំនាក់ទំនងរឹងមាំជាមួយជប៉ុនមានសារៈសំខាន់ខ្លាំងណាស់សម្រាប់តៃវ៉ាន់ ពីព្រោះថាការចូលរួម និងការគាំទ្រក្នុងកម្រិតណាមួយរបស់ជប៉ុនដល់សហរដ្ឋអាមេរិក ក្នុងករណីជម្លោះតៃវ៉ាន់ផ្ទុះឡើង អាចក្លាយជាកតា្តកំណត់ថាតើសហរដ្ឋអាមេរិកអាចការពារតៃវ៉ាន់បានដោយជោគជ័យ ឬក៏អត់?

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងតៃវ៉ាន់ និងជប៉ុនត្រូវបានពង្រឹងគួរឱ្យកត់សម្គាល់ ហើយលោក Lai ផ្ទាល់ធ្លាប់បានលើកឡើងទៀតផងថាតៃវ៉ាន់ និងជប៉ុន ប្រៀបដូចជា «គ្រួសារតែមួយ»។ ជាសក្ខីភាព លោក Lai បានទៅចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កាលពីឆ្នាំ២០២២ ដោយធ្វើឱ្យលោកក្លាយជាមន្ត្រីជាន់ខ្ពស់ បំផុតរបស់តៃវ៉ាន់ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់តាំងទីក្រុងតៃប៉ិ និងទីក្រុងតូក្យូកាត់ផ្ដាច់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៧២។

គួរបញ្ជាក់ថា លោក Lai បានសន្យាដែរថានឹងបន្តកិច្ចសហប្រតិបត្តិការខាងសន្តិសុខជាមួយតូក្យូ និងបង្ហាញផងដែរពីចំណាប់អារម្មណ៍ចង់ចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា CPTPP ជាប្លុកពាណិជ្ជកម្មក្នុងតំបន់មានដែលជប៉ុនមានតួនាទីសំខាន់នៅក្នុងនោះ។ ចំណែក អាទិភាពមួយផ្សេងទៀតរបស់ លោក Lai នោះគឺកាត់បន្ថយការពឹងផ្អែកផ្អែកសេដ្ឋកិច្ចលើចិន ដោយលោកនឹងបន្តកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកស្ដីពីការធានាសុវត្ថិភាពខ្សែចង្វាក់ផ្គត់ផ្គង់៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង