នយោបាយប្រាកដនិយមរបស់ប្រទេសថៃ
#ទស្សនៈ
វាពិតជាចាំបាច់ណាស់ក្នុងការចងចាំថា សកម្មភាពនេះអនុវត្តឡើងក្នុងទម្រង់ជាល្បែងអុកសាកល ដែលមានលក្ខណៈយុទ្ធសាស្ត្រ ពហុវិមាត្រ និងមានទំនាក់ទំនងប្រទាក់ក្រឡាគ្នា ហើយការផ្លាស់ប្តូរពីអនុស្សរណៈនៃការយោគយល់គ្នានេះទៅកាន់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ គឺគ្រាន់តែជាការដើរជំហានមួយ ដែលដើរនៅក្នុងល្បែកអុកនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងប្រទេសថៃ និងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
និយាយបានម្យ៉ាងទៀតថា សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា គឺត្រឹមតែជាវិធីសាស្ត្រឆ្លើយតបតែមួយបែបប៉ុណ្ណោះ ចំពោះការសម្រេចចិត្តនាពេលថ្មីៗរបស់រដ្ឋាភិបាលថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា។ បន្ថែមពីលើសកម្មភាពជាក់លាក់របស់កម្ពុជា នៅមានព្រឹត្តិការណ៍ពាក់ព័ន្ធជាច្រើនទៀត ព្រមទាំងកាលៈទេសៈ និងជំហាននានាដែលភាគីទាំងពីរបាននិងកំពុងអនុវត្ត ពាក់ព័ន្ធនឹងច្បាប់សមុទ្រ ដែលព្រឹត្តិការណ៍ទាំងនោះបង្កជាឥទ្ធិពល និងជំរុញឱ្យមានការប្រែប្រួលចំពោះភាគីទាំងពីរទៅវិញទៅមក។
ជាឧទាហរណ៍ ការចល័ត និងការដាក់ពង្រាយកម្លាំងយោធានៅតាមបណ្ដោយព្រំដែន ព្រមទាំងការត្រៀមលក្ខណៈរួចជាស្រេចនៃកងកម្លាំងយោធាជាដើម សុទ្ធសឹងតែជាសកម្មភាពដែលជះឥទ្ធិពលដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ក្រៅពីការធ្វើសកម្មភាព ឬការឆ្លើយតបទៅនឹងភាគីម្ខាងទៀត ជួនកាលការសម្រេចចិត្តផ្សេងៗត្រូវបានធ្វើឡើង ដើម្បីដោះស្រាយ ឬឆ្លើយតបទៅនឹងបញ្ហាផ្ទៃក្នុង ឬផលប្រយោជន៍ជាតិរៀងៗខ្លួន។ នេះគឺជាជម្រើសមួយ ដែលអាចយកមកពិចារណាបានថា សកម្មភាពរបស់រដ្ឋាភិបាលថៃពាក់ព័ន្ធនឹងអនុស្សរណៈនៃការយោគយល់គ្នានេះ អាចមានមូលហេតុចម្បងមកពីការចង់បម្រើផលប្រយោជន៍ដល់ក្រុមឥស្សរជនជាន់ខ្ពស់របស់ថៃ ជាជាងកាលៈទេសៈដែលពាក់ព័ន្ធនឹងកម្ពុជា។
ករណីនេះទំនងជាអាចកើតមាន ឬប្រហែលជាបង្ហាញចេញយ៉ាងពិតជាក់ស្តែងតែម្តង តាមរយៈការឈ្លានពានដោយប្រើប្រាស់កម្លាំងយោធារបស់ប្រទេសថៃមកលើដែនអធិបតេយ្យភាពកម្ពុជា (ក្នុងអំឡុងពេលខិតជិតមកដល់នៃការបោះឆ្នោតថ្នាក់ជាតិរបស់ថៃនាពេលកន្លងទៅ)។ នៅពេលដែលយើងឈប់ផ្តោតការពិនិត្យមើលតែទៅលើសកម្មភាពរបស់រដ្ឋាភិបាលថៃដាច់ដោយឡែកពីអ្វីៗផ្សេងទៀតដែលកំពុងកើតឡើង ហើយចាប់ផ្តើមស្វែងយល់ថា សកម្មភាពទាំងនោះមានទំនាក់ទំនងប្រទាក់ក្រឡាគ្នា និងជាផ្នែកមួយនៃដំណើររឿងដ៏ទូលំទូលាយ ឬក៏អាចជាយុទ្ធសាស្ត្រដ៏ធំមួយ ពោលគឺជា «យុទ្ធសាស្ត្រក្តោបលើរាល់យុទ្ធសាស្ត្រ» ឬ «យុទ្ធសាស្ត្រប្រតិដ្ឋសាច់រឿង» របស់ប្រទេសថៃ (សូមអានអត្ថបទរបស់បណ្ឌិត ប៉ាតាជិត តាងស៊ិនមុនខុង ស្តីពី «ការរៀបចំក្របខ័ណ្ឌថ្មីនៃអំពើប្រល័យពូជសាសន៍៖ យុទ្ធសាស្ត្រប្រតិដ្ឋសាច់រឿង និងនីត្យានុកូលភាពនៃការគាំទ្ររបស់ថៃចំពោះខ្មែរក្រហម») ទើបយើងអាចមើលឃើញនូវ «ទិដ្ឋភាពទាំងមូលជាជាងផ្តោតតែទៅលើហេតុការណ៍ជាក់លាក់» ដូចភាសិតមួយថា មើលទិដ្ឋភាពព្រៃជារួម ជាជាងមើលទៅលើដើមឈើតែប៉ុន្មានដើម៕
ឆាំង យុ គឺជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦





