Grand News Asia Close

វិភាគអន្តរជាតិ៖ តើចិនជាការគំរាមកំហែងដល់ Greenland ដូចលោក ត្រាំ អះអាងឬ?

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 18:04 pm ទស្សនៈ-Opinion 1023
វិភាគអន្តរជាតិ៖ តើចិនជាការគំរាមកំហែងដល់ Greenland ដូចលោក ត្រាំ អះអាងឬ? វិភាគអន្តរជាតិ៖ តើចិនជាការគំរាមកំហែងដល់ Greenland ដូចលោក ត្រាំ អះអាងឬ?

(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថានឹងដណ្ដើមកាន់កាប់ដែនដី Greenland ពីដាណឺម៉ាកដែលជាសមាជិក NATO ដើម្បីការពារដែនដីយុទ្ធសាស្ត្រ ដ៏សំខាន់ក្នុងតំបន់អាក់ទិកមួយនេះពីកណ្ដាប់ដៃរបស់ចិន។ ក៏ប៉ុន្តែក្រុមអ្នកវិភាគយល់ឃើញពីផ្សេងគ្នាពីលោក ត្រាំ ដោយនិយាយថាចិនគ្រាន់តែជាតួអង្គបន្ទាប់បន្សំមួយនៅក្នុងតំបន់អាក់ទិកប៉ុណ្ណោះ និងបច្ចុប្បន្ន មិនអាចបង្កការគំរាមកំហែងដូចដែលលោក ត្រាំ បានអះអាងនោះទេ។ ខាងក្រោមនេះជាចំណុចសំខាន់ៗគួរដឹង៖

* តើ Greenland ត្រូវបានហ៊ុមព័ទ្ធដោយកប៉ាល់ចិនឬ?

លោក ត្រាំ បានអះអាងថានាវាពិឃាដ និងនាវាមុជទឹករបស់ចិនអាចនឹងមានវត្តមាននៅ Greenland ប្រសិនបើសហរដ្ឋអាមេរិកមិនធ្វើអន្តរាគមន៍ទេនោះ។ ប៉ុន្តែតាមពិតទៅ វត្តមានយោធារបស់ចិន ក្នុងតំបន់អាក់ទិកនៅមានកម្រិតនៅឡើយ មិនអាចបង្កការគំរាមកំហែងអ្វីឡើយ។ លោក Paal Sigurd Hilde មកពីវិទ្យាស្ថានន័រវែសសម្រាប់ការសិក្សាពីវិស័យការពារជាតិបាននិយាយថា «Greenland មិនមែនកំពុងត្រូវបានហ៊ុមព័ទ្ធដោយនាវាចិន និងរុស្ស៉ីនោះទេ»។ នៅមានកន្លែងជាច្រើនផ្សេងទៀតនៃតំបន់អាក់ទិកដែលវត្តមានយោធារបស់ចិនបាន និងកំពុងកើនឡើងនៅក្រោមកិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៉ី ចាប់តាំងសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២។

តាមអ្នកជំនាញរូបនេះ​ ផ្លូវតែមួយគត់របស់ចិនដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់អាក់ទិក គឺធ្វើឡើងតាមរយៈរុស្ស៉ី។ ប្រទេសទាំង២បានបង្កើនការធ្វើសកម្មភាពរួមគ្នាក្នុងតំបន់អាក់ទិក និងធ្វើប្រតិបត្តិការឆ្មាំសមុទ្រ ក្នុងនោះរួមមានទាំងប្រតិបត្តិការល្បាតនៃយន្ដហោះទម្លាក់គ្រាប់បែកនៅក្បែររដ្ឋ Alaska កាលពីឆ្នាំ២០២៤។ ចិនក៏កំពុងធ្វើប្រតិបត្តិការនាវាបំបែកទឹកកកមួយចំនួនតូចផងដែរបំពាក់ជាមួយនាវាមុជទឹកខ្នាតតូច មានសមត្ថភាពមុជបានជ្រៅ និងអាចគូសផែនទីបាតសមុទ្រដែលអាចនឹងមានប្រយោជន៍សម្រាប់ការដាក់ពង្រាយយោធា និងផ្កាយរណបតាមដានតំបន់អាក់ទិក។ ប៉េកាំងបាននិយាយថាប្រតិបត្តិការរបស់ខ្លួន មានលក្ខណៈស្រាវជ្រាវវិទ្យាសាស្ត្រតែប៉ុណ្ណោះ។

* តើឥទ្ធិពលរបស់ចិនកំពុងកើនឡើងឬ?

លោកស្រី Helena Legarda មកពីវិទ្យាស្ថាន Mercator សម្រាប់ការសិក្សាពីចិន ក្នុងទីក្រុងបែរឡាំង បានលើកឡើងថាសកម្មភាពទាំងនោះអាចនឹងបង្កការព្រួយបារម្ភខាងសន្តិសុខ ប្រសិនបើចិន បង្កើតវត្តមានយោធាអចិន្ត្រៃយ៍នៅក្នុងតំបន់។ លោកស្រីបន្ថែមថាចិនមានមហិច្ឆតាច្បាស់លាស់ក្នុងការពង្រីកឥទ្ធិពលនៅក្នុងតំបន់អាក់ទិកដែលចិនចាត់ទុកថាជាសង្វៀងមួយនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ ប៉េកាំងបានដាក់ចេញគម្រោងផ្លូវសូត្រតំបន់ប៉ូល ឬ Polar Silk Road កាលពីឆ្នាំ២០១៨ នៅតំបន់អាក់ទិកជាផ្នែកមួយនៃគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ហើយមានមហិច្ឆតាចង់ក្លាយជាមហាអំំណាចតំបន់ប៉ូល នៅឆ្នាំ២០៣០។ ចិនបានបង្កើតស្ថានីយស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងប្រទេសអ៉ីស្លង់ និងន័រវែស ខណ​ៈក្រុមហ៊ុនចិនបានវិនិយោគលើគម្រោងជាច្រើនដូចជាគម្រោងឧស្ម័នធម្មជាតិរាវជាមួយរុស្ស៉ី និងបណ្ដាញផ្លូវដែកមួយរបស់ស៊ុយអែត។ តាមលោកស្រី Legarda ការប្រកួតប្រជែងជាមួយចិនដើម្បីធនធាន និងការបើកផ្លូវពាណិជ្ជកម្ម ក្នុងតំបន់អាក់ទិកអាចគំំរាមកំហែងដល់ផលប្រយោជន៍របស់អឺរ៉ុប។ តែថ្មីៗនេះ ការប៉ុនប៉ងមួយចំនួនរបស់ចិនបានទទួលបរាជ័យ។ តួយ៉ាងសំណើចង់ទិញមូលដ្ឋានទ័ពជើងទឹកមួយត្រូវបានបោះបង់ចោលនៅ Greenland និងអាកាសយានដ្ឋានមួយនៅហ្វាំងឡង់បានទទួលបរាជ័យ ហើយសហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថាបានដាក់សម្ពាធលើបណ្ដាប្រទេសទាំងនោះឱ្យច្រានចោលសំណើរបស់ក្រុមហ៊ុនចិន។ កាលពីឆ្នាំ២០១៩ Greenland ក៏បានសម្រេចចិត្តប្រឆាំងនឹងការប្រើប្រាស់ បណ្ដាញ 5G របស់ក្រុមហ៊ុនចិន Huawei ផងដែរ លើកលែងតែរុស្ស៉ីដែលទទួលយកការវិនិយោគរបស់ចិនលើធនធាន និងកំពង់ផែនៅតាមបណ្ដោយឆ្នេរភាគខាងជើងរុស្ស៉ី។

* តើចិនចង់បានអ្វី?

Greenland មានរ៉ែកម្របម្រុងទុកធំបំផុតជាប់ចំណាត់ថ្នាក់ទី៨នៅលើពិភពលោក។ រ៉ែកម្រគឺជាសារធាតុដ៏សំខាន់សម្រាប់បច្ចេកវិទ្យាក្នុងនោះរួមមានរថយន្ដអគ្គិសនី បរិក្ខារយោធា។ នេះបើតាម ទីភ្នាក់ងារភូគព្ភសាស្ត្រអាមេរិក US Geological Survey។ ថ្វីបើកំពុងគ្រប់គ្រងលើការផលិតរ៉ែកម្ររបស់ពិភពលោក ការប៉ុនប៉ងរបស់ចិនដើម្បីទាញយកធនធានធម្មជាតិរបស់ Greenland សម្រេចបានផលតិចតួចនៅឡើយ។ ក្នុងនោះគម្រោងរុករករ៉ែមួយនៅឯតំបន់ Kvanefjeld ត្រូវបានផ្អាកដោយរដ្ឋាភិបាល Greenland ក្នុងឆ្នាំ២០២១ ដោយសារការបារម្ភពីផលប៉ះពាល់ដល់បរិស្ថាន។ មិនតែប៉ុណ្ណោះ គម្រោងផ្សេងទៀតនៅភាគខាងត្បួង Greenland ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនមួយមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ២០២៤ បន្ទាប់ពីមានការបញ្ចុះបញ្ចូលពីសហរដ្ឋអាមេរិក។

«យ៉ាងណាក៏ដោយ កាលពីជាងមួយទសវត្សរ៍មុន ដាណឺម៉ាក និងសហរដ្ឋអាមេរិកមានការព្រួយបារម្ភថាការវិនិយោគលើការរុករករ៉ែអាចនឹងធ្វើឱ្យចិនមានឥទ្ធិពលនៅ Greenland ប៉ុន្តែការវិនិយោគបែបនេះ មិនបានក្លាយជាការពិតឡើយ»។ នេះជាការលើកឡើងរបស់លោក Jesper Willaing Zeuthen ជាសាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យ Aalborg University ដោយបន្ថែមថាចិនមានការស្ទាក់ស្ទើរក្នុងការវិនិយោគ ក៏ព្រោះតែបារម្ភពីការខាតបង់ធ្ងន់ធ្ងរខាងការទូត។

* ការប្រែក្លាយទៅជាផ្លូវដឹកជញ្ជូន

គម្រោងផ្លូវសូត្រតំបន់ប៉ូលមានគោលដៅតភ្ជាប់ចិន ទៅកាន់តំបន់អឺរ៉ុប តាមរយៈផ្លូវតំបន់អាក់ទិក ខណៈការឡើងកម្ដៅបរិយាកាសផែនដីកំពុងធ្វើឱ្យសមុទ្រទឹកកកអាក់ទិករលាយសន្សឹមៗ។ ចិន និងរុស្ស៉ីបានឯកភាព កាលពីខែតុលា ឆ្នាំ២០២៥ ថានឹងអភិវឌ្ឍផ្លូវកាត់មួយឈ្មោះថា Northern Sea Route (NSR) នៅតាមបណ្ដោយព្រំដែនភាគខាងជើងរបស់រុស្ស៉ី។ កាលពីឆ្នាំមុនដែរ កប៉ាល់ចិនមួយគ្រឿងបានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេស ដោយចំណាយពេល ២០ថ្ងៃ ដោយធ្វើដំណើរកាត់តាមតំបន់អាក់ទិក ពោលគឺចំណេញពេលវេលាជាងពាក់កណ្ដាលធៀបទៅនឹងការធ្វើដំណើរកាត់តាមផ្លូវព្រែកជីកស៊ុយអេ។ ផ្លូវដឹកជញ្ជូនមួយនេះអាចនឹងកែប្រែការដឹកជញ្ជូនតាមកប៉ាល់របស់ពិភពលោក និងកាត់បន្ថយការពឹងផ្អែករបស់ចិនលើច្រកសមុទ្រ Malacca សម្រាប់ការធ្វើពាណិជ្ជកម្មរបស់ខ្លួន។

ប៉ុន្តែកប៉ាល់នីមួយៗត្រូវតែធ្វើការកែសម្រួលដើម្បីអាចធ្វើដំណើរឆ្លងកាត់ទឹកកកយ៉ាងក្រាស់ខ្មឹក និងអ័ព្ទដែលធ្វើឱ្យការធ្វើនាវាចរមានការលំបាក ហើយអាកាសធាតុក៏គ្រោះថ្នាក់ខ្លាំងណាស់ដែរ៕

-Fresh News-

អត្ថបទទាក់ទង