Grand News Asia Close

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្សល់ទុកអនុស្សាវរីយ៍ និងការចងចាំជាច្រើន ត្រូវបិទចាប់ពីយប់នេះ !

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ការកំសាន្ត | កីឡា | សុខភាព ចំណេះដឹងទូទៅ បច្ចេកវិទ្យា & ប្លែកៗ ព័ត៌មានជាតិ 1251
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្សល់ទុកអនុស្សាវរីយ៍ និងការចងចាំជាច្រើន ត្រូវបិទចាប់ពីយប់នេះ ! ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្សល់ទុកអនុស្សាវរីយ៍ និងការចងចាំជាច្រើន ត្រូវបិទចាប់ពីយប់នេះ !

(ភ្នំពេញ)៖ ឈរជើងប្រតិបត្តិការទទួលអ្នកដំណើរចេញ-ចូលកម្ពុជាជិត៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៩មក ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបិទដំណើរការទាំងស្រុង នៅម៉ោង០០៖០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ខណៈវាបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់អ្នកដំណើរទាំងជាតិ និងអន្តរជាតិ។

លាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចទីក្រុងភ្នំពេញ ក្នុងស្រុកពោធិ៍សែនជ័យ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាអាកាសយានដ្ឋាន ដំបូងគេរបស់កម្ពុជា និងជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ១៩៥៧ និងសម្ពោធដាក់ឱ្យដំណើរការទទួលអ្នកដំណើរផ្លូវអាកាស នៅថ្ងៃទី១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង។

ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺជាច្រកចូលអន្តរជាតិចម្បង និងជាព្រលានយន្តហោះដ៏សកម្មបំផុត នៅប្រទេសកម្ពុជា និងជាទីតាំងដ៏មានសារៈសំខាន់ ក្នុងប្រវត្តិសាស្ត្ររបស់វិស័យអាកាសចរណ៍កម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មិនត្រឹមតែជាច្រកចូលសំខាន់របស់រាជធានីទេ ប៉ុន្តែថែមទាំងជាគន្លងសេដ្ឋកិច្ចសំខាន់ ក្នុងការនាំចេញ និងនាំចូលផលិតផល ព្រមទាំងជាគន្លងដឹកជញ្ជូន សម្រាប់រដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងអង្គការអន្តរជាតិជាច្រើន។ លើសពីនេះទៅទៀត អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវអន្តរជាតិ និងថ្នាក់ដឹកនាំៗធំពីបណ្តាប្រទេសនានា រួមទាំងមហាអំណាចរបស់ពិភពលោកផងដែរ។

ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង មានដើមកំណើតនៃការចាប់ផ្តើមសាងសង់ដំបូង តាំងពីសម័យកាន់កាប់របស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ ដោយកាលនោះមានព្រលានយន្តហោះជាច្រើន រួមទាំងព្រលានយន្តហោះពោធិ៍ចិនតុងផងនោះ ត្រូវបានកសាងឡើងដោយការប្រើកម្លាំងពលកម្មបង្ខំ។ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៣ ព្រះករុណា សម្តេចព្រះបាទ នរោត្តម សីហនុ បានចាប់ផ្តើមកិច្ចខិតខំលើកស្ទួយវិស័យអាកាសចរណ៍ ដោយធ្វើការអភិវឌ្ឍលើទីតាំងពោធិ៍ចិនតុង។

ក្នុងសង្គ្រាមស៊ីវិលកម្ពុជា ព្រលានយន្តហោះពោធិ៍ចិនតុង បានក្លាយជាកន្លែងសំខាន់សម្រាប់អាកាសដឹកជញ្ជូនសម្រាប់ផ្នែកយោធា និងមនុស្សធម៌។ ចន្លោះខែតុលា ដល់ខែធ្នូ១៩៧៣ យន្តហោះ C-130 របស់កងទ័ពអាកាសអាមេរិក បានដឹកអង្ករប្រមាណ ៣,០០០ តោន មកភ្នំពេញតាមរយៈព្រលានយន្តហោះនេះ។ បន្ទាប់ពីខ្មែរក្រហមចាប់កាន់កាប់អំណាចនៅខែមេសា ១៩៧៥ ដំណើការព្រលានយន្តហោះនេះ ត្រូវបានដាក់កម្រិតយ៉ាងខ្លាំង មានតែភ្ញៀវអន្តរជាតិ មកពីប៉េកាំង និង ព្យុងយ៉ាងប៉ុណ្ណោះ ដែលបានចេញចូលធ្វើដំណើរតាមរយៈព្រលានយន្តហោះនេះ។

នៅឆ្នាំ១៩៩៥ ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានពង្រីកវិសាលភាព ដើម្បីឆ្លើយនឹងកំណើនអ្នកដំណើរ ដែលចេញចូលប្រទេសកម្ពុជា។ ក្នុងឆ្នាំ១៩៩៥ រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន SCA ដើម្បីអភិវឌ្ឍព្រលានយន្តហោះនេះ។ ក្រុមហ៊ុននេះ បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានការសាងសង់ផ្លូវដើរយន្តហោះថ្មី ចំណតយន្តហោះ អគារដឹកទំនិញ និងការដំឡើងប្រព័ន្ធចរាចរណ៍ទំនើប។ នៅឆ្នាំ២០០២ ព្រលានយន្តហោះនេះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត ដែលធ្វើឱ្យព្រលានយន្តហោះនេះ មានលទ្ធភាពទទួលអ្នកដំណើរ បាន ៥លាននាក់ក្នុង១ឆ្នាំ។ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០០៣ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

គិតមកដល់ឆ្នាំ២០២៥នេះ ព្រលានយន្តដ៏ចំណាស់មួយនេះ បានក្លាយជានិមិត្តរូបនៃការហោះហើររបស់កម្ពុជាជាច្រើនឆ្លងកាត់ជាច្រើនសម័យកាលមកហើយ ចាប់តាំងពីសម័យសង្រ្គាម មកទល់កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នាពេលបច្ចុប្បន្ននេះ៕

-Fresh News-

អត្ថបទទាក់ទង