Grand News Asia Close

(វីដេអូ) សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបអនុស្សាវរីយ៍វីរបុរសចិន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ទំព័រវីដេអូ ព័ត៌មានជាតិ 312

នៅថ្ងៃទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ ក្នុងរដ្ឋធានីប៉េកាំង សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវិរបុរសចិន នៅស្តុបអនុស្សាវរីយ៍វិរបុរសចិន មហាទីលានធានអានមិន។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការ សម្តេចធិបតីនាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត អញ្ជើញគោរពភ្លេងជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន ។

បន្ទាប់មកសម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត អញ្ជើញដាក់កម្រងផ្កាដែលមានចរឹកអក្សរពណ៌មាស នៃការគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវិញ្ញាណក្ខន្ធនៃវិរបុរសចិន ដែលបានបូជាអាយុជីវិត សាច់ស្រស់ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិចេញនឹមអាណានិគមរហូតទទួលបានឯករាជ្យទាំងស្រុង នាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩។

សូមបញ្ជាក់ថា នេះគឺជាដំណើរបំពេញទស្សកិច្ចផ្លូវការ ក្រៅប្រទេសជាលើកដំបូង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេចធិបតី បានស្បថចូលកាន់មុខដំណែងជានាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ ក្រោយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣។ តាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង ជាលើកដំបូងនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងអញ្ជើញជួបពិភាក្សាទ្វេភាគី និងជំនួបសំដែងការគួរសម ជាមួយមេដឹកនាំកំពូលៗរបស់ប្រទេសចិន ក្នុងនោះរួមមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីចិន។ ជាមួយគ្នានេះសម្តេចធិបតី និងលោកជំទាវបណ្ឌិត និងអញ្ជើញចូលក្រាបបង្គុំគល់ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីដែលព្រះអង្គទាំងទ្វេគង់ប្រាប់ពិនិត្យសុខភាព នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៥កញ្ញាស្អែក។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណអាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីងតំបន់ស្វយ័តក្វាងស៊ី។ ស្របពេលដែលកម្ពុជានិងចិនកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតនិងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ នឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើន ក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលផ្ដល់ប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិន។

សូមបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ត្រូវបានតម្លើងទៅជាដៃគូ កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជានិងចិន បានបានឯកភាពបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយមានវិស័យអាទិភាពចំនួន៦ រួមមាន១ កិច្ចសហប្រតិបត្តិកានយោបាយ ២គុណភាពនិងសមត្ថភាពផលិតកម្ម ៣កសិកម្ម ៤ថាមពល ៥សន្តិសុខ និង៦ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង និងអញ្ជើញចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាននីងតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងឯកឧត្តម ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រតិភូសភាពាណិជ្ជកម្មកម្ពុជា សរុបជាង៦០រូប។

អត្ថបទទាក់ទង