Grand News Asia Close

អ្នកវិនិយោគ៖ ព័ត៌មានពាក់ព័ន្ធសន្តិសុខ ធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកមាន​បំណងមកវិនិយោគ និងធ្វើការនៅកម្ពុជា 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ បច្ចេកវិទ្យា 505
អ្នកវិនិយោគ៖ ព័ត៌មានពាក់ព័ន្ធសន្តិសុខ ធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកមាន​បំណងមកវិនិយោគ និងធ្វើការនៅកម្ពុជា  អ្នកវិនិយោគ៖ ព័ត៌មានពាក់ព័ន្ធសន្តិសុខ ធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកមាន​បំណងមកវិនិយោគ និងធ្វើការនៅកម្ពុជា 

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ព័ត៌មាន ក៏​ដូច​ជាបញ្ហា​ពាក់ព័ន្ធសន្តិសុខក្នុងប្រទេសកម្ពុជា បានធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ និងទំនុកចិត្ត​របស់អ្នកមានបំណងមកវិនិយោគ និង​ធ្វើការនៅក្នុងប្រទេសកម្ពុជា។ ពួកគេបានស្នើឱ្យរាជរដ្ឋា​ភិ​បាលជួយដោះស្រាយលើបញ្ហាទាំងនេះ។

ការលើកឡើងនូវបញ្ហា ក៏ដូចជាស្នើសុំជួយដោះស្រាយពីរាជរដ្ឋាភិបាលនេះ បានធ្វើឡើងក្នុង​ពេល​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញ​ចុះ​ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣​កន្លង​ទៅ​នេះ។

នៅថ្ងៃទី១១ ខែកញ្ញា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បានធ្វើដំណើរទៅកាន់តំបន់​សេដ្ឋ​​កិច្ច​​ពិសេស​​​​ចំនួន៣នៅក្នុងខេត្តព្រះសីហនុ។ នេះជាបេសកកម្មលើកដំបូងរបស់លោក​ឧប​នាយក​រដ្ឋ​មន្ត្រីជាមួយតួនាទីថ្មី ក្នុងនីតិកាលថ្មីនៃរាជរដ្ឋាភិបាល។ ក្នុងបេសកកម្មនោះ លោក​ឧបនា​យក​រដ្ឋមន្ត្រី បានចុះទៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេជាង ហ្គ័រជី។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងជំនួបនោះ អ្នកវិនិយោគបានលើក​ឡើង​នូវ​​បញ្ហាមួយចំនួនដែលពួកគេកំពុងជួបប្រទេសមានដូចជាតម្លៃនៃការដឹកជញ្ជូនមានតម្លៃថ្លៃ ហើយ​​រួមទាំងបញ្ហាពាក់ព័ន្ធសន្តិសុខនៅក្នុងប្រទេសកម្ពុជាផងដែរ។

«ម្យ៉ាងវិញទៀតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានលើកឡើងពីបញ្ហាអ្នកវិនិ​យោគ គាត់មានការបារម្ភ ជាពិសេសបុគ្គលិកមានការបារម្ភ ដោយសារបានអានសារព័ត៌មាន ដែលព័ត៌មានខ្លះមិនពិតប្រាកដ។ គាត់អានទៅមានការខ្លាចមិនហ៊ានមកធ្វើការនៅកម្ពុជា​យើង»។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានក្រោយដំណើរទស្សនកិច្ចតាមតំបន់សេដ្ឋកិច្ចពិសេសទាំង​នោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា បញ្ហានេះទាមទារឱ្យមានកិច្ច​សហ​ការគ្នារវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងវិធាន​ការ​ទាំងឡាយរបស់រាជរដ្ឋាភិបាល កុំឱ្យប៉ះពាល់អារម្មណ៍ ឬភ័យខ្លាចដល់អ្នកមានបំណង​មក​វិនិយោគ និងធ្វើការនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហើបឱ្យដឹងផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជ្រាបពីបញ្ហានេះ ហើយក៏បានបង្កើតគណៈកម្មការរៀបចំដោះស្រាយ និងផ្សព្វផ្សាយពន្យល់ដើម្បីលាងមុខមាត់កម្ពុជា។ លោក ស៊ុន ចាន់ថុល បានបន្តថា បញ្ហានេះ ជារឿងមួយដែលទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធរួមគ្នាដោះស្រាយ។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ សមត្ថកិ្ចកម្ពុជា បានទទួលព័ត៌មានពាក់ព័ន្ធការចាប់​ជំរិត​តាមអនឡាញជាបន្តបន្ទាប់ ហើយបានឈានទៅបង្ក្រាបបទល្មើសទាំងអស់នោះជាហូរហែរ​ផងដែរ។ បញ្ហាទាំងអស់នេះ ត្រូវបានព័ត៌មានបរទេសមួយចំនួនបានចេញថា ជាដើមចមដែល​នាំ​ឱ្យអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរបារម្ភពីសុវត្ថិភាពរបស់ពួកគេក្នុងការចូលមកកម្ពុជា៕

អត្ថបទទាក់ទង