Grand News Close

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បង្ហោះសារពីគោលបំណងនៃទស្សនកិច្ចនៅកម្ពុជា ដោយនាំយកថ្នាក់ដឹកនាំធុរកិច្ចមកបើកទីផ្សារថ្មី និងសម្ពោធប្រាសាទមេបុណ្យខាងលិចជាមួយព្រះមហាក្សត្រខ្មែរ

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ព័ត៌មានជាតិ 1032
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បង្ហោះសារពីគោលបំណងនៃទស្សនកិច្ចនៅកម្ពុជា ដោយនាំយកថ្នាក់ដឹកនាំធុរកិច្ចមកបើកទីផ្សារថ្មី និងសម្ពោធប្រាសាទមេបុណ្យខាងលិចជាមួយព្រះមហាក្សត្រខ្មែរ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បង្ហោះសារពីគោលបំណងនៃទស្សនកិច្ចនៅកម្ពុជា ដោយនាំយកថ្នាក់ដឹកនាំធុរកិច្ចមកបើកទីផ្សារថ្មី និងសម្ពោធប្រាសាទមេបុណ្យខាងលិចជាមួយព្រះមហាក្សត្រខ្មែរ

(ភ្នំពេញ)៖ បន្ទាប់ពីបានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការ ដោយគូសបញ្ជាក់ពីគោលបំណងសំខាន់ៗនៃបេសកកម្មការទូត និងសេដ្ឋកិច្ចរបស់លោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា និងម៉ាឡេស៊ី។

នៅក្នុងសំណេរលើបណ្តាញសង្គម លោកប្រធានាធិបតីបារាំង បានលើកឡើងថា ការការពារការងារ និងអនាគតរបស់ប្រទេសបារាំង មិនត្រឹមតែធ្វើឡើងនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវធ្វើឡើងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីមាតុភូមិផងដែរ ដែលនោះគឺជាគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា និងម៉ាឡេស៊ី។

លោក ម៉ាក្រុង បានបញ្ជាក់ពីការភ្ជាប់ទំនាក់ទំនងធុរកិច្ចនៅកម្ពុជាយ៉ាងដូច្នេះថា៖ «នៅប្រទេសកម្ពុជា ខ្ញុំមកជាមួយថ្នាក់ដឹកនាំធុរកិច្ច ដើម្បីបើកទីផ្សារថ្មីៗ ដោយទាញយកប្រយោជន៍ពីពិភពនិយាយភាសាបារាំង ដែលនាំយើងឱ្យកាន់តែជិតស្និទ្ធ។ ជំនាញរបស់បារាំង និងការងារដែលកំពុងដំណើរការរួចហើយ កំពុងបង្កើតឱកាសជាក់ស្តែងជាច្រើន។ ឧទាហរណ៍ ប្រទេសកម្ពុជា ចង់ទាញយកជំនាញរបស់ Rungis ដើម្បីបង្កើតទីផ្សារលក់ដុំផ្ទាល់ខ្លួន»។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតីបារាំង ក៏បានរំលេចអំពីគោលដៅបន្ទាប់នៅប្រទេសម៉ាឡេស៊ី ដែលផ្តោតលើការធ្វើពិពិធកម្មការផ្គត់ផ្គង់រ៉ែដ៏កម្រ សម្រាប់បម្រើឱ្យការផលិតមេដែកក្នុងម៉ូទ័រអេឡិចត្រិច និងឧបករណ៍អេឡិចត្រូនិក ដើម្បីកាត់បន្ថយហានិភ័យនៃការបិទខ្សែសង្វាក់ផលិតកម្ម និងបង្កើនភាពប្រាកដប្រជាសម្រាប់ការវិនិយោគ និងផលិតកម្មនៅក្នុងប្រទេសបារាំង។

ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោក ម៉ាក្រុង បានសង្កត់ធ្ងន់យ៉ាងជ្រាលជ្រៅទៅលើទំនាក់ទំនងវប្បធម៌ និងមរតកប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ដោយបានគូសបញ្ជាក់ថា៖ «ប្រសិនបើយើងអាចចាប់ផ្តើមគម្រោងថ្មីៗជាមួយគ្នាដោយទំនុកចិត្តបែបនេះនៅថ្ងៃនេះ គឺដោយសារតែអ្នកផ្សេងទៀត មុនយើងយូរមកហើយ បានរៀនធ្វើការជាមួយគ្នា។ នៅអង្គរ ទំនុកចិត្តនោះអាចមើលឃើញសូម្បីតែនៅក្នុងថ្ម។ ជាមួយព្រះមហាក្សត្រ យើងនឹងសម្ពោធប្រាសាទមេបុណ្យខាងលិចដែលត្រូវបានជួសជុលឡើងវិញ៖ ការងាររយៈពេលដប់បួនឆ្នាំដោយក្រុមការងារកម្ពុជា និងបារាំង» ។

ជាកិច្ចបញ្ចប់នៃសំណេរ ប្រធានាធិបតីបារាំង បានបង្ហាញនូវទស្សនវិស័យការទូតរបស់ខ្លួនថា៖ «ដៃគូកាន់តែច្រើន ការពឹងផ្អែកកាន់តែតិច។ កិច្ចព្រមព្រៀងរបស់យើងបើកទ្វារ។ ភាសា វប្បធម៌ និងមិត្តភាព រក្សាទ្វារទាំងនោះឱ្យបើកចំហ។ នោះជាការល្អសម្រាប់ប្រទេសរបស់យើង» ៕

អត្ថបទទាក់ទង